លោក ស ខេង ប្រកាស​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​​ជន​​ណា​​ដែល​​ញុះញង់​​ឱ្យ​​ពលរដ្ឋ​​ធ្វើ​​​បដិវត្តន៍​​ជា​ថ្មី

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាស​ឱ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ចាត់វិធានការ​ជាបន្ទាន់ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​មាន​សកម្មភាព​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​បដិវត្ត​ទម្លាក់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​។ សកម្មជន​បក្ស​ប្រឆាំង ចាត់​ទុក​ការ​លើកឡើង​របស់​លោក ស ខេង នេះ ថា ជា​ការ​បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឱ្យ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​ពិធី​ប្រកាស​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០​នៅ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ លោក ស ខេង ដែល​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជិត​៣០​ឆ្នាំ​ហើយ​នោះ បន្ត​ចោទ​គណបក្ស​ប្រឆាំង​ថា នៅតែ​មាន​គម្រោង​ធ្វើ​បដិវត្ត​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នៅ​ឡើយ​ទេ។ លោក ស ខេង ដែល​ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ធ្លាប់​សរសើរ​ថា ប្រកាន់​នយោបាយ​កណ្ដាល មិន​តឹងតែង​និយម​ពេក​នោះ បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​ក្រោម​ឱវាទ​គ្រប់​ខេត្ត​រាជធានី ត្រូវ​ចាត់​វិធាន​ភ្លាមៗ ចំពោះ​ក្រុម​ជន​ទាំងឡាយ ដែល​មាន​សកម្មជន​ញុះញង់​ឱ្យ​ចូល​រួម​ធ្វើ​បដិវត្ត​ពណ៌ បង្ក​អសន្តិសុខ​នៅ​ក្នុង​សង្គម៖ «ខ្ញុំ​គិត​ថា យើង​ក៏​មិន​ត្រូវ​ភ្លេចខ្លួន ព្រោះថា​សកម្មភាព​បដិវត្តន៍​ពណ៌​នេះ​គឺ​គេ​តែង​ធ្វើ​អាជីវកម្ម​លើ​ចំណុចខ្សោយ​របស់​យើង បើ​គេ​រក​ចំណុចខ្សោយ​របស់​យើង​មិន​ឃើញ​ជា​ដុំកំភួន​ទេ គេ​ក៏​គ្មាន​លេស ដើម្បី​នឹង​ចលនា​កៀរគរ កម្លាំង​ប្រជាជន​ដើម្បី​ចូលរួម​ក្នុង​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នេះ​ដែរ»។

មន្ត្រី​គណបក្សប្រឆាំង​បាន​ប្រតិកម្ម​នឹង​ការ​លើកឡើង​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​រូប​នេះ​ថា ជា​ការ​ព្រួយបារម្ភ​ហួសហេតុ និង​គ្មាន​មូលដ្ឋាន។

សមាជិក​ក្រុមការងារ​ខេត្ត​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក សឹម សុភា ថ្លែង​ថា ពួក​លោក​នៅតែ​បន្ត​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​​ក្នុងស្រុក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ឯក​បក្ស​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ដដែល​។ លោក​បញ្ជាក់​ថា កន្លងទៅ​គណបក្សប្រឆាំង​តែង​គោរព​ច្បាប់ និង​គោល​ការណ៍​ប្រជាធិបតេយ្យ​ជានិច្ច ប៉ុន្តែ​រដ្ឋាភិបាល​ទៅវិញ​ទេ​ដែល​បំផ្លាញ​ប្រជាធិបតេយ្យ​នោះ ហើយ​បែរ​លាប​ពណ៌​គណបក្សប្រឆាំង និង​អ្នក​រិះគន់​ទៅវិញ​៖ «ពីព្រោះ​យើង​មិន​ទាន់​បាន​ការ​ផ្លាស់​ប្ដូរ​​ទេ ហើយ​ឥឡូវ​ហ្នឹង​ជិត​ដល់​បោះឆ្នោត​ឃុំ​សង្កាត់​ទៀតហើយ ហើយ​មិន​ទាន់​បាន​គណបក្ស​យើង​មកវិញ​ផង​ហ្នឹង ។ ជាក់ស្ដែង​តុលាការ​ដែល​កាត់ក្ដី​លោក​ប្រធាន កឹម សុខា ក៏​ជា​តុលាការ​សម្ដែង​ឆាកល្ខោន ដែល​ចេះតែ​អូស​បន្លាយ​ពេលវេលា។ ព្រោះ​ជា​គោលដៅ​របស់​គណបក្ស​ប្រជាជន​គាត់​ចង់​អូស​ដល់​ពេល​បោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ តែ​ក្នុងនាម​យើង​ជា​អ្នក​នយោបាយ​អត់​ចង់​ឱ្យ​ពន្យារពេល​ទៅ​មុខ​ទៀត​ទេ»។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើង​ថា សកម្មភាព​របស់​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង​កន្លងទៅ ពុំ​មែន​ជា​សកម្មភាព​ធ្វើ​បដិវត្តន៍​​ពណ៌​អ្វី​នោះ​ទេ ពីព្រោះ​ជា​ការ​សម្ដែង​មតិ ផ្នែក​នយោបាយ​ដោយ​ស្របច្បាប់ ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៖ «ពីព្រោះ​កាលណា​ការ​តស៊ូ​ផ្នែក​នយោបាយ​របស់​គេ​ដែល​គេ​គិត​ថា មាន​ភាព​​អយុត្តិធម៌​គេ អាច​មាន​សិទ្ធិ​ក្នុង​ការ​ទាមទារ​ទៅ​ផ្លូវច្បាប់ និង​ការ​តវ៉ា ដើម្បី​រកហេតុ​រក​ផល​របស់​គេ វា​ជា​រឿង​ធម្មតា​ក្នុង​ផ្នែក​នៃ​នយោបាយ​ប្រទេស​ប្រជាធិបតេយ្យ»។

លោក​បន្ថែម​ថា បញ្ហា​សកម្មជន​បក្ស​ប្រឆាំង​បន្ត​ភៀសខ្លួន​នយោបាយ​ទៅ​ក្រៅ​ប្រទេស​នោះ ទំនង​ដោយសារ​ពួកគេ​មិន​ពេញ​ចិត្តនឹង​រដ្ឋាភិបាល​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ប្រមូល​យក​តំណែង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​នេះ​ជាង ៥​ពាន់​អាសនៈ​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន កាលពី​ឆ្នាំ​២០១៧ ទៅ​ចែក​គ្នា​ដែល​ខុស​ពី​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​។ ម្យ៉ាង​វិញ​ទៀត​ ការ​ធ្វើទុក្ខបុកម្នេញ តាម​យាយី និង​តាម​ចាប់ខ្លួន​អ្នក​រិៈ​គន់​នោះ​ហើយ ទើប​បង្ខំ​ឱ្យ​ពួកគេ​រត់​ទៅ​សម្ងំ​នៅ​ក្រៅ​ប្រទេស​។

​ថ្មីៗ​នេះ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ប្រកាស​វិល​ចូល​ស្រុក​ជាថ្មី​ទៀត​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ដើម្បី​ដឹកនាំ​ប្រជាពលរដ្ឋ​ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។