លោក ទៀ បាញ់ ប្រកាស​មិន​ទទួល​យក​ទណ្ឌកម្ម​អាមេរិក​លើ​ក្រុមហ៊ុន​ចិន UDG

ដោយ មាន ឫទ្ធិ
2020-09-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់​ (ហ្វេសប៊ុក)។ មន្ដ្រី​កងទ័ពជើងទឹក​កម្ពុជា ចូលរួមពិធី​ក្រោយ​ពេលធ្វើ​សមយុទ្ធយោធារួច កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ​ឆ្នាំ២០១៦ (Reuters)។
រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់​ (ហ្វេសប៊ុក)។ មន្ដ្រី​កងទ័ពជើងទឹក​កម្ពុជា ចូលរួមពិធី​ក្រោយ​ពេលធ្វើ​សមយុទ្ធយោធារួច កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ​ឆ្នាំ២០១៦ (Reuters)។
ហ្វេសប៊ុក/Reuters

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ ប្រកាស​មិន​ទទួល​យក​ទណ្ឌកម្ម​អាមេរិក​លើ​ក្រុមហ៊ុន​ចិន UDG ដែល​អាមេរិក​រកឃើញ​ថា បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​អំពើ​ពុករលួយ។ លោក ទៀ បាញ់ ក៏​បាន​បដិសេធ​រឿង​ចិន​អាច​យក​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​យោធា​ផងដែរ។ ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​អាមេរិក​នេះ អ្នកជំនាញ​ មើលឃើញ​ថា ចំណាត់ការ​ក្តៅ​របស់​សហរដ្ឋ​អាមេរិក​​នា​រយៈពេល​ចុងក្រោយ​នេះ ក្នុង​ការបង្កើន​ការដាក់​ទណ្ឌកម្ម និង​ចេញ​មុខ​តទល់​ជាមួយ​មហាអំណាច​ចិន គឺ​ជា​រឿង​ល្អ​ ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​របស់​ប្រទេសមួយ​នេះ​នៅ​ក្នុង​តំបន់។

លោក ទៀ បាញ់ ចេញ​មុខ​ថ្លែង​ការពារ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា ក្រោយ​សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន ឈ្មោះ UDG រួច​មក។ លោក​ប្រាប់​អាស៊ីសេរី​ថា​ ក្រុមហ៊ុន​មួយ​នេះ កំពុង​វិនិយោគ​ត្រឹមត្រូវ​តាម​ច្បាប់​របស់​កម្ពុជា៖ «ថា​គេ​ពុករលួយ​ រំលោភ​សិទ្ធិ​មនុស្ស​អី​នោះ គឺ​គ្មាន​ទេ។ ក្រុមហ៊ុន​នោះ គេ​ធ្វើ​ការ​វិនិយោគ​ដោយ​ត្រឹមត្រូវ​តាមច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ គ្រប់​បែបយ៉ាង​ទាំងអស់ ហើយគេ​ទទួល​អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​ទាំងអស់ ដូច​ដែល​ក្រុមហ៊ុន​ដទៃទៀត​ដែល​ធ្វើ​ការវិនិយោគ​ដែរ»

ពលរដ្ឋ​ប្រមាណ ៦០នាក់​តំណាង​ឲ្យ​ជាង ២០០គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន (UDG) នៅ​ក្នុង​ស្រុក​គីរីសាគរ តវ៉ា​មុខ​សាលា​ខេត្ត​កោះកុង ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ
ពលរដ្ឋ​ប្រមាណ ៦០នាក់​តំណាង​ឲ្យ​ជាង ២០០គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន (UDG) នៅ​ក្នុង​ស្រុក​គីរីសាគរ តវ៉ា​មុខ​សាលា​ខេត្ត​កោះកុង ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

ទោះបី​ជា​យ៉ាងណា លោក ទៀ បាញ់ ទទួលស្គាល់​ថា ក្នុងការ​វិនិយោគ​តែងតែ​មាន​ការប៉ះពាល់​ខ្លះ ក៏ប៉ុន្តែ លោកថា រដ្ឋាភិបាល​ និង​ខាង​ក្រុមហ៊ុន​បាន​ដោះស្រាយ​ផ្តល់​សំណង​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ហើយ​ក៏​កំពុង​ដោះស្រាយ​ជាមួយ​អ្នក​ដែល​នៅ​សេសសល់។ ចំពោះ​ករណី​ពាក់ព័ន្ធ​របស់​ឧត្ដមសេនីយ៍ គន់ គីម ប្រើប្រាស់​បណ្ដាញ​យោធា​ជួយ​កាង​អំណាច​ឲ្យ​ក្រុមហ៊ុន​ចិន​នេះ ដើម្បី​ច្បាម​យក​ដីធ្លី​ និង​ដុត​បំផ្លាញ​ផ្ទះសម្បែង​ប្រជាកសិករ​នៅ​ខេត្ត​កោះកុង​នោះ លោក ទៀ បាញ់ ថា​គ្រាន់​តែ​ជា​ការចោទប្រកាន់ ហើយ​លោក​នឹង​មិន​ចាត់​វិធានការ​ណាមួយ​ប្រឆាំង​នឹង​មន្ត្រី​យោធា​ទាំងនោះ​ទេ។ ការថ្លែង​ការពារ​របស់​លោក ទៀ បាញ់ យ៉ាង​ដូច្នេះ បើ​ទោះបី​ជា​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ កន្លងទៅ​ធ្លាប់​លើកឡើង​ថា គម្រោង​វិនិយោគ​នៅ​តំបន់​កោះកុង​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១ពាន់​គ្រួសារ រង​ការបណ្តេញ​ចេញ​ដោយ​បង្ខំ ហើយ​សហរដ្ឋ​អាមេរិក ក៏​រកឃើញ​ថា ក្រុមហ៊ុន​ចិន​នេះ​បាន​ប្រព្រឹត្តិ​អំពើ​ច្បាម​យកដីធ្លី និង​ដុត​បំផ្លាញ​លំនៅឋាន​របស់​ពលរដ្ឋ​ក៏ដោយ។

ក្រសួង​រតនាគារ​អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ Union Development Group ឬ​ UDG កាលពីថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ​២០២០។
ក្រសួង​រតនាគារ​អាមេរិក ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន ឈ្មោះ Union Development Group ឬ​ UDG កាលពីថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ​២០២០។ Screenshot

កាលពី​ថ្ងៃទី១៥ កញ្ញា ចំ​ទិវា​អន្តរជាតិ​ស្តីពី​ប្រជាធិបតេយ្យ សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ UDG ចូល​ក្នុង​បញ្ជី​ខ្មៅ ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ មាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស និង​អំពើពុករលួយ​នៅ​កម្ពុជា។ ក្រៅ​ពីនោះ​នៅ​ក្នុង​តំបន់ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ក៏​ទើប​តែ​បាន​ចាត់​វិធានការ​ប្រឆាំង​ក្រុមហ៊ុន​ចិន​សរុប​មិន​តិច​ជាង២០​ក្រុមហ៊ុន​ផងដែរ ដែល​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ CCCCហើយ​ភាគច្រើន​លួច​អនុវត្ត​គម្រោងការ​សម្ងាត់​ដើម្បី​ពង្រីក​ឥទ្ធិពល​យោធា​ឲ្យ​ចិន​នៅ​លើ​ឆាក​អន្តរជាតិ។

ដោយឡែក ក្រសួង​ការពារ​ជាតិ​អាមេរិក ក៏បាន​លើកឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​ដាក់​ជូន​ទៅ​រដ្ឋសភា​អាមេរិក កាល​ពី​ដើម​ខែ​កញ្ញា នេះ​ថា ក្រៅពី​ដាក់​មូលដ្ឋាន​យោធា​នៅ​ប្រទេស​ជីបូទី (Djibouti) នៅ​ទ្វីបអាព្រិក ប្រទេសចិន​ក៏​ទំនង​ជា​បាន​ពិចារណា​​ដាក់​មូលដ្ឋាន​យោធា​នៅ​ប្រទេសថៃ មីយ៉ាន់ម៉ា ឬភូមា និង​នៅ​តាមប្រទេស​ប្រមាណ១០ ផ្សេងទៀត នៅ​តំបន់​អាស៊ី អាព្រិក និង​មជ្ឈឹមបូព៌ា ខណៈ​នៅ​កម្ពុជា ទាំង​ប្រទេសចិន និង​កម្ពុជា​បាន​បដិសេធ​ជា​សាធារណៈ​អំពី​ព័ត៌មាន​នៃ​ការចុះ​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​ណាមួយ​អនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម។ ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក នៅតែ​លើកឡើង​ថា សហរដ្ឋ​អាមេរិក​មាន​សេចក្ដីរាយការណ៍​គួរ​ឲ្យ​ទុកចិត្ត​បាន​ថា គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​តារាសាគរ​នេះ អាច​ត្រូវ​យក​ទៅ​ប្រើប្រាស់​ជា​ទីតាំង​មូលដ្ឋាន​យោធា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ លោក​ព្រមាន​ថា ការណ៍​នេះ​នឹង​គំរាម​កំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក អាច​ប៉ះពាល់​ដល់​អធិបតេយ្យ​កម្ពុជា និង​សន្តិសុខ​របស់​សម្ព័ន្ធមិត្ត​អាមេរិក​ផងដែរ។

នាវិកកម្ពុជាធ្វើវន្ទនកិច្ចលើនាវាល្បាតចិនក្នុងអំឡុងពិធីប្រគល់ និងផ្ទេរនាវាល្បាតចិន៩គ្រឿងដល់កម្ពុជា នៅឯមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០០៧។
នាវិកកម្ពុជាធ្វើវន្ទនកិច្ចលើនាវាល្បាតចិនក្នុងអំឡុងពិធីប្រគល់ និងផ្ទេរនាវាល្បាតចិន៩គ្រឿងដល់កម្ពុជា នៅឯមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០០៧។ Reuters

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ទៀ បាញ់ ថា​នេះ​មិនមែន​ជា​រឿង​ថ្មី​ថ្មោង​នោះទេ ហើយ​កម្ពុជា​ពុំ​មាន​ការព្រួយ​បារម្ភ​ឡើយ។ លោក​ហៅ​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​ថា ជា «មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ»៖ «បើ​សួរ​ពី​រឿង​ព្រួយ​បារម្ភ​ គឺ​សម្រាប់​ខ្ញុំ​មិនមែន​ជា​រឿង​ថ្មី​ទេ ហើយ​នេះ​ក៏​មិនមែន​ជា​រឿង​ដែល​វា​ទើប​កើតឡើង​ពី​ឥឡូវ​នេះ​ដែរ។ និយាយ​មែនទែន គឺ​ការចោទ​ប្រកាន់ ការលើកឡើង ការរៀបរាប់​តាម​ការបញ្ជាក់​ថា ដ៏​គួរ​ឲ្យ​ជឿជាក់​បាន អីបាន​នោះ សុទ្ធសឹងតែ​ជា​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​ទេ។ យើង​ត្រូវ​យល់​ឲ្យ​ច្បាស់​អញ្ចឹង​ចុះ។ ខ្ញុំ​ក៏​មិន​ចង់​និយាយ​អី​វែងឆ្ងាយ​ទេ។ គ្មាន​រឿង​អី​ពិត​ប្រាកដ​ទាល់​តែសោះ។ ហើយ​រឿង​កន្លែង​ខ្លះ នឹង​ទៅ​ជា​អញ្ចេះ​ជា​អញ្ចោះ តាម​ការគិតគូរ​របស់​គេ នោះ​គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​ខាង​ភូមិសាស្ត្រ​នយោបាយ​តែ​ប៉ុណ្ណឹង​ឯង។ វា​គ្មាន​អី​ចម្លែក​ទេ គឺ​តាំង​ពី​ណាណី​ទៅ។ មូលដ្ឋាន​របស់​សហរដ្ឋ​អាមេរិក មាន​នៅ​ពាសពេញ​ពិភពលោក វា​អត់​មាន​នរណា​សួរ​ដេញដោល​ដល់​សហរដ្ឋ​អាមេរិក​ផង។ ចំណែក​កន្លែង​ផ្សេងៗ​មិនទាន់​ទាំង​មាន​អី​ផង មិនទាន់​ទាំង​ធ្វើ​អី​ផង ហើយ​តាំង​ថា ទុកចិត្ត​បាន ត្រូវ​ធ្វើ​អីចេះ អីចុះ។ ពិបាក​ពន្យល់​ណាស់ ខ្ញុំ​គ្មាន​អី​ពន្យល់​បាន​ទេ ហើយ​បើ​ថា ឲ្យ​មាន​ការកង្វល់ ឬ​ក៏​ការបារម្ភ​អី ក៏​មិន​ដឹង​ជា​ទៅ​បារម្ភ​កង្វល់​អី ក៏​វា​អត់​បាន​ការ​ដែរ ពីព្រោះ​មហាអំណាច​គេ​ចង់​ធ្វើ​អី គឺ​ធ្វើ​តាម​តែ​ចិត្ត​គេ​ទេ។ រឿង​មិនពិត​គេ​ប្រឌិត​ឲ្យ​ពិត​ក៏​ថា​បាន រឿង​គេ​ចង់​ដំណើរការ​អី គេ​ចេះ​តែ​ធើ​បាន​ទៅ​តាម​ឆន្ទៈ​របស់​គេ​ដែល​គេ​ចង់​បាន​តែ​ប៉ុណ្ណឹង។ ដូច្នេះ រឿង​នេះ​គឺ​ជា​រឿង​ដែល​យើង​មិនអាច​ទៅ​ពន្យល់ ឬ​ក៏​បកស្រាយ​អី​បាន​ទេ»

បើ​ទោះ​ជា លោក ទៀ បាញ់ ថា​មិនមាន​ការព្រួយ​បារម្ភ​ចំពោះ​វិធានការ​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក​នេះ​ក៏​ដោយ អ្នកជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ពន្យល់​ថា សហរដ្ឋ​អាមេរិក ដឹង​ច្បាស់​ថា​ចិន​កំពុង​គ្រប់គ្រង​កម្ពុជា​ទាំង​វិស័យ​សេដ្ឋកិច្ច នយោបាយ និង​យោធា។ ដូច្នេះហើយ​លោកថា ទើប​បាន​ជា​សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន UDG។ លោក​ប្រៀបធៀប​ទំនាក់ទំនង​ពិសេស​រវាង​ចិន និង​របប​លោក ហ៊ុន សែន ទៅ​នឹង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ឥតខ្ចោះ​មួយ ហើយ​ត្រូវ​សហរដ្ឋ​អាមេរិក​ចូល​មក​បំបែក​បំបាក់។ លោក​ពន្យល់​ថា របប​លោក ហ៊ុន សែន ពិត​ជា​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ប៉ះពាល់​ដល់​ទំនាក់ទំនង​អំណាច និង​លុយកាក់​រវាង​ខ្លួន ជាមួយ​នឹង​ប្រទេស​ចិន​នេះ​ទេ។

រីឯ អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើលឃើញ​ថា​វិធានការ​នា​រយៈពេល​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ទង្វើ​របស់​ចិន​ទាំង​នៅ​កម្ពុជា និង​ក្នុង​តំបន់ គឺជា​ការបង្កើន​ល្បឿន​ខ្លាំង​ជាង​មុន ​ក្នុង​ការណ៍​ដែល​ប្រទេស​មួយ​នេះ​ដើរ​តួ​ជា​អ្នក​ពង្រឹង​ច្បាប់​អន្តរជាតិ​ ជំនួស​មុខ​ឲ្យ​អង្គការ​សហប្រជាជាតិ ចាំ​ជួយ​ឃ្លាំមើល​ប្រទេស​តូចៗ​កុំឲ្យ​ចាញ់​បោក​ឥទ្ធិពល​របស់​ចិន៖ «និយាយ​ទៅ​សហរដ្ឋ​អាមេរិក​ហាក់​ដូចជា​ជួយ​អន្តរាគមន៍​គឺ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ ឬ​ក៏​ផ្តល់​កម្លាំង​ក្នុង​ការការពារ​ខាង​ផ្លូវច្បាប់ នយោបាយ​ការបរទេស​ ហើយ​នឹង​ទាំង​ហិរញ្ញវត្ថុ​ដើម្បី​កុំឲ្យ​ប្រទេស​តូចៗ​ហ្នុង​ហាក់​ដូចជា​ចាញ់​ឥទ្ធិពល​ចិន។ នេះ គឺ​ជា​លក្ខណៈ​មួយ​អំណោយផល​ដល់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ដែរ។ ក៏​ប៉ុន្តែ សម្រាប់​កម្ពុជា យើង​គិត​ថា​ទទួល​បាន​អត្ថប្រយោជន៍​តិចតួច​ណាស់​ប្រសិន​បើ​ផ្អែក​ទៅលើ​ជំហរ​នយោបាយ​បច្ចុប្បន្ន​នេះ»

លោក ឯម សុវណ្ណារ៉ា បន្ត​ថា ការណ៍​ដែល​សហរដ្ឋអាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន UDG នៅ​ក្នុង​ប្រទេស​កម្ពុជា គឺជា​សារ​មួយ​ប្រាប់​បណ្តា​ប្រទេស​ផ្សេងៗ​មិនត្រឹម​តែ​កម្ពុជា ឲ្យ​​ប្រុងប្រយ័ត្ន​​ក្នុងការ​ធ្វើ​នយោបាយ​ដែល​ខ្វះភាព​អព្យាក្រឹត្យ ព្រោះ​លោកថា ប្រទេសចិន និង​ក្រុមហ៊ុន​របស់​ប្រទេស​នេះ តែងតែ​បំពាន​គោលការណ៍​ច្បាប់។

ដោយឡែក ស្ថាបនិក​អង្គការ​មាតាធម្មជាតិ លោក អាឡិច ថា ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​មកលើ​ក្រុមហ៊ុន​ចិន UDG នាពេល​នេះ គឺ​ជា​សារ​ព្រមាន​មួយ​យ៉ាង​ច្បាស់​ទៅ​របប​លោក ហ៊ុន សែន ឲ្យ​ប្រញាប់​កាត់​បន្ថយ​ឥទ្ធិពល​របស់​ចិន និង​គិតគូរ​ឡើងវិញ​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ព្រោះ​បើ​មិន​ដូច្នោះ​ទេ មនុស្ស​ជា​ច្រើនទៀត​នៅ​ជុំវិញ​លោក ហ៊ុន សែន នឹង​ត្រូវ​រង​នូវ​ទណ្ឌកម្ម​ដូចគ្នា​នេះ​នា​ពេល​អនាគត៖ «ជា​សារ​មួយ​ដែល​ព្រមាន​ដល់​លោក ហ៊ុន សែន ថា​ប្រសិន​បើ​លោក ហ៊ុន សែន មិន​ថយ​ឥទ្ធិពល​របស់​ចិន ហើយ​មិន​ងាក​មក​មើល​រឿង​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក គឺ​នឹង​ថែម​នៅ​ក្នុង​ពេល​ណា​មួយ​អាច​នឹង​មាន លោក លី យ៉ុងផាត់ អាច​នឹង​មាន​មេធាវី​របស់​លោក ហ៊ុន សែន អាច​នឹង​មាន​ត្រកូល ហ៊ុន ម៉ាណា អាច​នឹង​មាន​ត្រកូល ហ៊ុន ម៉ាណែត ហើយ​អាច​នឹង​ឈាន​ដល់​លោក ហ៊ុន សែន ជាមួយ​នឹង​កូន​ៗ​របស់​គាត់​ប៉ុន្មាន​នាក់​ហ្នុង​ដាក់​ក្នុង​បញ្ជី​ខ្មៅ»

ជាការ​កត់សម្គាល់ មន្ត្រី​ជាន់​ខ្ពស់ រួមទាំង​ប្រមុខ​ការទូត​អាមេរិក សុទ្ធ​តែ​បាន​ចេញ​មុខ​មក​និយាយ​ជា​បន្តបន្ទាប់​ថា ប្រទេស​ចិន​កំពុង​ប្រើប្រាស់​វិធីសាស្ត្រ​បែប​បងធំ និង​មិន​ស្មោះត្រង់​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ជាមួយ​ក្រុម​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ជាក់ស្តែង រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ថ្មីៗ​នេះ សង្កត់​ធ្ងន់ថា សហរដ្ឋ​អាមេរិក​នឹង​មិន​អត់​អោន​ដល់​សកម្មភាព​ទាំងឡាយ​ណា ដែល​ប្រឆាំង​នឹង​ពលរដ្ឋ​ស្លូតត្រង់​នោះទេ។ រីឯ ក្រសួង​រតនាគារ​អាមេរិក​វិញ ក៏គូស​បញ្ជាក់​ដែរ​ថា សហរដ្ឋ​អាមេរិក កំពុង​ចាត់​វិធានការ​យ៉ាង​សកម្ម ដើម្បី​បង្អាក់​ការវិនិយោគ​ប្រកប​ដោយ​អំពើ​កេងប្រវ័ញ្ច​របស់​ចិន និង​ដើម្បី​ឈរ​នៅ​ជានិច្ច​ជាមួយ​ដៃគូ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

 

មិនត្រឹម​តែ​ប៉ុណ្ណោះ នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជាមួយ​អាមេរិក និង​កិច្ចប្រជុំ​លើកទីមួយ​នៃ​ភាព​ជា​ដៃគូ​រវាង​តំបន់​មេគង្គ និង​អាមេរិក សហរដ្ឋ​អាមេរិក បាន​ចោទ​ប្រកាន់​ជា​ចំហរ​ថា បក្ស​កុម្មុយនិស្ត​ចិន​បាន​សម្រេច​ជា​ឯកតោភាគី​រាំង​ខ្ទប់​ទឹក​នៅ​ខ្សែ​ទឹក​ខាង​លើ​ទន្លេមេគង្គ​បង្ក​ឲ្យ​មាន​គ្រោះ​រីងស្ងួត​ខ្លាំង​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​តំបន់​មេគង្គ។ សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​ប្រទេស​នានា​ក្នុង​តំបន់​មេគង្គ ទាមទារ​ឲ្យ​បក្ស​កុម្មុយនិស្ត​ចិន​គោរព​ការសន្យា​របស់​ខ្លួន​ក្នុងការ​ចែក​រំលែក​ព័ត៌មាន​អំពី​ទឹក​ជា​សាធារណៈ​រយៈពេល​ពេញ​មួយឆ្នាំ រួមទាំង​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​ការសាងសង់​ និង​ប្រតិបត្តិការ​ទំនប់វារី​អគ្គិសនី​ផងដែរ តាមរយៈ​ការប្រើប្រាស់​យន្តការ​គណៈកម្មការ​ទន្លេមេគង្គMRC៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល