ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​តាកែវ​ជាង​១​ពាន់​ស្លាក​ត្រូវ​បាន​ផ្លាស់ប្ដូរ​ថ្មី​រួច​រាល់

ដោយ វ៉ាន វណ្ណដេត
2017.08.28
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ តាកែវ ២០១៧ ៦២២ ស្លាក​សញ្ញា​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​ផ្លូវ​ជាតិ​លេខ​២ ស្ថិត​នៅ​ភូមិ​សំបួរ សង្កាត់​រកាក្នុង ក្រុង​ដូនកែវ ខែត្រ​តាកែវ។ រូបថត​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Van Vanndeth

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​តាកែវ ឲ្យ​ដឹង​ថា ស្លាក​គណបក្ស​ប្រឆាំង​ដែល​មាន​រូប​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​ប្រធាន​បច្ចុប្បន្ន លោក កឹម សុខា កាន់​ដៃ​គ្នា​ជា​និមិត្ត​សញ្ញា​នៃ​ការ​រួបរួម ត្រូវ​បាន​ផ្លាស់ប្ដូរ​រួច​រាល់​អស់​ហើយ​សម្រាប់​ខេត្ត​តាកែវ។ ការ​ផ្លាស់ប្ដូរ​ស្លាក​នេះ គឺ​ក្រោយ​ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​កំណត់​មិន​ឲ្យ​មាន​ទោស​ទណ្ឌ​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ ដែល​ច្បាប់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ច្បាប់​ដើម្បី​ផាត់​រូប​លោក សម រង្ស៊ី ចេញ​ពី​ឆាក​នយោបាយ​កម្ពុជា។

ផ្ទាំង​រូប​ចាប់​ដៃ​គ្នា​លើក​ឡើង​លើ​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​តាម​ផ្លូវ​ក្នុង​ខេត្ត​តាកែវ មាន​ចំនួន ១.១១០​ស្លាក ត្រូវ​បាន​ជំនួស​ដោយ​បដា (Banner) ថ្មី មាន​រូប​សញ្ញា​ព្រះអាទិត្យ​រះ ដោយ​ប្រើប្រាស់​ថវិកា​សរុប​ជាង ៥.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រធាន​ប្រតិបត្តិ​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​តាកែវ លោក ម៉ៅ សុផល ប្រាប់​ថា ក្រុម​ការងារ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​ភូមិ ឃុំ ស្រុក និង​ខេត្ត បាន​បក​បដា​ចាស់ៗ​ទៅ​ទុក​នៅ​ទីស្នាក់ការ​បក្ស និង​ផ្ទះ​សកម្មជន ហើយ​ជំនួស​ដោយ​បដា​ថ្មី​មាន​រូប​ព្រះអាទិត្យ​រះ និង​អក្សរ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​ផ្ទាំង​ចាស់​របស់​គណបក្ស ដែល​ដាក់​តាំង​នៅ​តាម​ដង​ផ្លូវ។ លោក​បន្ត​ថា ថវិកា​សម្រាប់​បដា​ថ្មី​នោះ គឺ​បាន​មក​ពី​សកម្មជន​គណបក្ស និង​សប្បុរសជន​នៅ​សហរដ្ឋ​អាមេរិក៖ «បាទ! ចឹង​យើង​គ្រាន់​តែ​ដូរ​បេនន័រ ( Banner) ទេ​បង។ គ្រាន់​តែ​ដូរ​បេនន័រ (Banner) ថ្មី​ទេ គឺ​ស្លាក​របស់​យើង​ទាំង​ដែក ទាំង​ជើង គឺ​នៅ​ដដែល គ្រាន់​តែ​ដូរ​បេនន័រ (Banner) ទេ»

ការ​ផ្លាស់ប្ដូរ​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១.១១០​ផ្ទាំង​នៅ​ខេត្ត​តាកែវ ធ្វើ​ឡើង​ក្រោយ​ពេល​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់​អំណាច ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ប្រមុខ​រដ្ឋ​ស្តីទី​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដាក់​ឲ្យ​ប្រើប្រាស់ ក៏ប៉ុន្តែ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ត្រូវ​បាន​អ្នក​វិភាគ​លើក​ឡើង​ថា ច្បាប់​នេះ​សម្រាប់​ចាត់ការ​លើ​លោក សម រង្ស៊ី ដែល​មាន​ទោស និង​មាន​បណ្ដឹង​រាប់​មិន​អស់​នៅ​តុលាការ​កម្ពុជា។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី​នេះ បាន​ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។ ចំពោះ​ទោស​ទណ្ឌ​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ​វិញ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​រហូត​ដល់ ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​ចោល​តែ​ម្ដង។

អ្នក​វិភាគ​មើល​ឃើញ​ថា ច្បាប់​ថ្មី​នេះ​បាន​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​គណបក្ស​នយោបាយ និង​ជា​ច្បាប់​មាន​ចរិត​នយោបាយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រប់​គណបក្ស​នយោបាយ និង​អភិបាលកិច្ច​ដែល​មិន​ឆ្លុះ​បញ្ចាំង​ច្បាប់​មួយ​សម្រាប់​អនុវត្ត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះ​ឡើយ។

ក្រៅ​ពី​បក្ស​ប្រឆាំង គណបក្ស​ពីរ​ផ្សេង​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន ក៏​រងគ្រោះ​ដោយ​ច្បាប់​ថ្មី​នេះ​ដែរ ខណៈ​ប្រធាន​របស់​ខ្លួន​កំពុង​ជាប់​បទ​ចោទ ដូចជា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ និង​គណបក្ស​អំណាច​ខ្មែរ របស់​លោក សួន សេរីរដ្ឋា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ម៉ៅ សុផាន់ណា ឲ្យ​អាស៊ីសេរី​ដឹង​ថា ក្រោយ​ពី​មាន​ការ​ឃាត់​ខ្លួន​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ រួច​មក គណបក្ស​នេះ​មាន​គោលការណ៍​ឲ្យ​ដក​រូប​លោក ញឹក ប៊ុនឆៃ ចេញ​ពី​ផ្ទាំង​គណបក្ស ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា​សកម្មជន​នៅ​មូលដ្ឋាន​បាន​ដក ឬ​នៅ​នោះ​ទេ៖ «មាន​អាច​កន្លែង​ខ្លះ​អាច​ដក​ខ្លះ​ហើយ មើល​ទៅ​តាម​មើល​ថា កន្លែង​ខ្លះ​មាន​ថវិកា​ចឹង​ទៅ​ណា»

ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ របស់​លោក សួន សេរីរដ្ឋា វិញ គឺ​លោក សួង សុភ័ណ្ឌ ប្រាប់​ថា គណបក្ស​កំពុង​ប្ដូរ​ស្លាក​គណបក្ស​មួយ​ចំនួន​ដែល​មាន​រូប​លោក សួន សេរីរដ្ឋា ចេញ​ពី​ផ្ទាំង​គណបក្ស។ លោក​បន្ដ​ថា គណបក្ស​អំណាច​ខ្មែរ កំពុង​ពិចារណា​ដូរ​ស្លាក​សញ្ញា ឬ​ឡូហ្គោ​របស់​គណបក្ស ហើយ​លោក​មិន​ជឿ​ថា ក្រោយ​ការ​ដក​រូប​លោក សួន សេរីរដ្ឋា គណបក្ស​អំណាច​ខ្មែរ នឹង​ធ្លាក់​ប្រជាប្រិយភាព​នោះ​ទេ៖ «យើង​អត់​ទាន់​បាន​ដឹង​ព័ត៌មាន​ទេ ប៉ុន្តែ​គ្រាន់​តែ​ថា​យើង​ត្រៀម​លុយ ១.៥០០ (ដុល្លារ) ដើម្បី​ដូរ​ទូទាំង​ប្រទេស។ តែ​ជាក់ស្ដែង​ក្នុង​រាជធានី​ភ្នំពេញ យើង​មិន​មាន​ច្រើន​ទេ ប៉ុន្តែ​ក្នុង​ខណ្ឌ​ខ្លះ​ចាប់​ផ្ដើម​ដូរ​បណ្ដើរៗ​ហើយ»

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ទុក​រយៈពេល ៩០​ថ្ងៃ ឬ​បី​ខែ​ដល់​គ្រប់​គណបក្ស​នយោបាយ ដើម្បី​កាត់​ផ្តាច់​ទំនាក់ទំនង​ចេញ​ពី​ទណ្ឌិត។ នៅ​មាន​រយៈពេល​ជាង ២​ខែ​ទៀត ឬ​ដល់​ចុង​ខែ​តុលា តុលាការ​នឹង​អនុវត្ត​ចាត់ការ​ទៅ​លើ​គណបក្ស​នយោបាយ​ណា​ដែល​មិន​ព្រម​ដក​សមាជិក​របស់​ខ្លួន​ជា​ទណ្ឌិត​ចេញ​ពី​គណបក្ស​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។