ឯកអគ្គរដ្ឋទូត​អាមេរិក​និង​អឺរ៉ុប​ប្រចាំ​អ.ស.ប​នឹង​កោះ​​ប្រជុំ​ពិភាក្សា​អំពី​ការ​រំលាយ​បក្ស​ប្រឆាំង

ដោយ តាំង សារ៉ាដា
2017-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។
ប៉ូលិស​ដើរ​ល្បាត​ក្នុង​អំឡុង​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧។
AFP

ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក និង​ឯកអគ្គរដ្ឋទូត​នៃ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប) នៅ​ថ្ងៃ​អង្គារ ទី​១៩ ខែ​ធ្នូ នេះ នឹង​កោះ​ប្រជុំ​តំណាង​ប្រទេស​មួយ​ចំនួន រួម​ទាំង​តំណាង​របស់​ប្រទេស​ជប៉ុន ផង​ដែរ ដើម្បី​ពិភាក្សា​អំពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

សេចក្ដី​រាយការណ៍​របស់​ឯកអគ្គរដ្ឋទូត​ខ្មែរ​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក ទុយ រី ដែល​បាន​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ហើយ​ត្រូវ​បាន​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នោះ បាន​រៀបរាប់​ថា តំណាង​របស់​ប្រទេស​ជប៉ុន បាន​សម្រេច​ចិត្ត​បញ្ជូន​មន្ត្រី​កម្រិត​លេខា​ទី​១ ទទួល​បន្ទុក​សិទ្ធិមនុស្ស​មក​ចូល​រួម​ក្នុង​នាម​ជា​អ្នក​ចូលរួម​ធម្មតា​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ កន្លង​ទៅ​នេះ អនុ​គណៈកម្មាធិការ​រដ្ឋ​សភា​អាមេរិក ផ្នែក​កិច្ចការ​បរទេស បាន​បើក​សវនាការ​មួយ​ស្តាប់​សក្ខីកម្ម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

​ក្រុម​តំណាងរាស្ត្រ​របស់​សហរដ្ឋអាមេរិក នៃ​អនុ​គណៈកម្មាធិការ​នេះ បាន​សន្យា​ថា នឹង​ទាក់ទង​ប្រទេស​សម្ព័ន្ធមិត្ត​ដូចជា​សហគមន៍​អឺរ៉ុប និង​ប្រទេស​ជប៉ុន ដើម្បី​រក​វិធានការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

​រហូត​ម​ទល់​ពេល​នេះ ប្រទេស​ដែល​មិន​ទាន់​បង្ហាញ​ជំហរ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ដល់​រដ្ឋាភិបាល​កម្ពុជា នោះ រួម​មាន​ប្រទេស​បារាំង ជប៉ុន និង​ប្រទេស​អូស្ត្រាលី។ ប៉ុន្តែ​កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Jolie Bishop) បាន​ប្រាប់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា អូស្ត្រាលី​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ​នោះ​ទេ ប្រសិនបើ​ការ​បោះ​ឆ្នោត​នោះ​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល