សហរដ្ឋអាមេរិកជំរុញដល់រដ្ឋាភិបាលចិន ឲ្យបែងចែកទិន្នន័យព័ត៌មានពីទឹកទន្លេមេគង្គ ប្រកបដោយតម្លាភាព ដើម្បីចៀសវាងដល់ការគំរាមកំហែង កាន់តែខ្លាំងដល់បរិស្ថានធម្មជាតិទន្លេមេគង្គ។ អ្នកជំនាញអភិបាលកិច្ចទឹកលើកឡើងថា ដោយសារតែប្រទេសចិន សាងសង់ទំនប់នៅផ្នែកខាងលើនៃទឹកទន្លេមេគង្គ បានធ្វើឲ្យទឹកនៅតំបន់ទន្លេមេគង្គ ដែលរួមមានកម្ពុជា ប្រែប្រួលខុសប្រក្រតី និងធ្វើឱ្យបាត់បង់ធនធានធម្មជាតិយ៉ាងច្រើន។
ក្រសួងការប្រទេសសហរដ្ឋអាមេរិក លើកទឹកចិត្តដល់បណ្ដាប្រទេសជាប់តំបន់ទន្លេមេគង្គ ជំរុញដល់គណបក្សកុម្មុយនិស្តចិន ឲ្យទទួលខុស ត្រូវ ចំពោះការសន្យារបស់ខ្លួនក្នុងការចែករំលែកទិន្នន័យ ទឹកឲ្យបានត្រឹមត្រូវ។ ក្រសួងថា ទិន្នន័យទាំងអស់នោះ ត្រូវតែបើកចំហជាសារធារណៈ ហើយត្រូវផ្សព្វផ្សាយគ្រប់ពេលពេញមួយឆ្នាំ។
សេចក្ដីថ្លែងការណ៍រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃ ឃើល ផូមភីអូ (Michael R.Pompeo) ផ្សាយកាលពីថ្ងៃទី១៤ កញ្ញាថា ការសម្រេចចិត្តជាឯកតោភាគីរបស់ គណបក្សកុម្មុយនិស្តចិនក្នុងការឃាត់ទឹកនៅផ្នែកខាងលើនៃអាងទន្លេមេគង្គបានធ្វើឱ្យភាពរាំងស្ងួតជាប្រវត្តិសាស្ត្រ កាន់តែមានសភាពធ្ងន់ធ្ងរជាងមុនថែមទៀត។ ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសនេះ ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំ ដៃគូសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់ទន្លេមេគង្គ ក្រោមចំណងជើងថា ប្រទេសតំបន់ទន្លេមេគង្គ សមនឹងទទួលបានដៃគូល្អ កាលពីថ្ងៃទី១៤ កញ្ញា។ លោក ម៉ៃ ឃើល ផូមភីអូ លើកឡើងថា ការបង្កើតគម្រោងដៃគូអាមេរិក និងប្រទេសក្នុងតំបន់ទន្លេមេគង្គ សហរដ្ឋអាមេរិកត្រៀមថវិកាច្រើនជាង ១៥០លានដុល្លារ ដើម្បីអនុវត្តគម្រោងនេះ។ សហរដ្ឋអាមេរិកថា ក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះ អាមេរិកបានចំណាយថវិកា ប្រមាណ ៣ពាន់ ៥រយលានដុល្លារ ជាជំនួយសម្រាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គ។
ពាក់ព័ន្ធនឹងសេចក្ដីថ្លែងមន្ត្រីការទូតកំពូលរបស់អាមេរិកនេះ អ្នកជំនាញអភិបាលកិច្ចទឹក លោក ហែម ឧត្ដម បានលើកឡើងថា ចាប់តាំងពីប្រទេសចិនសាងសង់ទំនប់វារីអគ្គិសនីនៅខាងលើអាងទន្លេមេគង្គមក។ប្រទេសចិន បានបែកចែកព័ត៌មានខ្លះដែរ ប៉ុន្តែការចែករំលែកព័ត៌មាននោះ នៅពេលដែលចិន មានបំណងបើកទ្វារទឹក នៅផ្នែកលើទំនប់របស់ខ្លួនប៉ុណ្ណោះ ដើម្បីឲ្យប្រទេសនៅខាងក្រោមខ្សែទឹក ត្រៀមការពារទប់ស្កាត់កុំឲ្យមានទឹកជន់ លិច ផ្នែកខាងក្រោម។
លោកថ្លែងបន្តថា ពាក់ព័ន្ធនឹងពេលវេលានៃការបញ្ជូនព័ត៌មានហាក់បីដូចជាមិនបានច្រើនគ្រប់គ្រាន់ ដើម្បីឲ្យតំណាងប្រទេសនីមួយៗ បានជូនដំណឹងជាសាធារណៈ ជាពិសេស ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ ដើម្បីឲ្យពួកគាត់ត្រៀមខ្លួនទប់ស្កាត់ជាមុននោះទេ៖ « កន្លងមកដូចជាមិនទាន់មានការជជែកគ្នាឲ្យបានដិតដល់ ឲ្យបានជាក់លាក់ អំពីឫសគល់ នៃបញ្ហា ដោយសារចិនហ្នឹងគាត់អត់បានបែងចែងរំលែកព័ត៌មាន ឲ្យបានដិតដល់ថា តើទំនប់របស់គាត់ហ្នឹងរក្សាទុកទឹកអោយបានប៉ុណ្ណា ? តើមានអ្វីផ្សេងទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ទំនប់ របស់ខ្លួន។អញ្ចឹងយើងអត់មានអ្វីបង្អែក ដើម្បីធ្វើការ ជាក់លាកអ៊ីចឹង។ យើងហាក់ដូចជាបង្ការ តាមលក្ខណៈ គ្រោះធម្មជាតិទឹកជំនន់ អីចឹង។ តើវាមានហួសពីហ្នឹងទៀត ហួសពីសមត្ថភាពដែលយើងនៅក្នុងការបង្ការ » ។
ក្រុមមេដឹកនាំមកពីប្រទេស៥ផ្សេងទៀតក្នុងតំបន់ទន្លេមេគង្គ រួមមាន ចិន មីយ៉ាន់ម៉ា ឬភូមា ថៃ ឡាវ និងវៀតណាម បានបរាជ័យ ដោយមិនហ៊ានលើកឡើងពីរឿងបញ្ហាវិបត្តិទឹកកាន់តែធ្ងន់ធ្ងរនេះ ប្រាប់ទៅក្រុមមេដឹកនាំទាំងនោះឲ្យរួមគ្នាដោះស្រាយឡើយ។
ការមិនហ៊ានលើកឡើងអំពីវិបត្តិទឹក នេះបានកើតមានឡើងនៅក្នុងកិច្ចប្រជុំកំពូលមេគង្គឡាន ឆាងលើកទីបី តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៤ ខែ សីហា។
វិបត្តិទឹកទន្លេមេគង្គនេះ បានបង្កឲ្យមានគ្រោះរីងស្ងួត ហួតហែង និងការបន្តអូសបន្លាយរដូវប្រាំងអស់ជាងពីរឆ្នាំជាប់ៗ គ្នា ហើយដែលត្រូវប្រជានេសាទ ត្អូញត្អែរ ស្ទើរគ្រប់គ្នាអំពីការធ្លាក់ចុះទិន្នផលត្រីដែលមិនធ្លាប់មានពីមុនមក មិនត្រូវបាន លោក ហ៊ុន សែន លើកយកមកនិយាយឡើយ ខណៈទិន្នន័យវិទ្យាសាស្ត្របង្ហាញថា ប្រទេសចិនបានស្តុកទឹកទុកសម្រាប់ប្រើប្រាស់តែឯង។
អ្នកនេសាទនៅតាមដងទន្លេមេគង្គលោកស្រី លី ទីវ៉ាន់ និយាយថា ចាប់តាំងពីប្រទេសចិនសាងសង់ទំនប់ផ្នែកខាងលើអាងទន្លេ មេគង្គ មក បានធ្វើអោយកម្ពស់ទឹកទន្លេមេគង្គប្រែប្រួលខុសពីធម្មតា។ លោកស្រីបន្ថែមថា ពីមុនលោកស្រីរកត្រីបានពី ១០ម៉ឺនរៀលគឺប្រមាណ ២៥ដុល្លារ ក្នុងមួយថ្ងៃ តែឥឡូវនេះរកបាន ២ម៉ឺនរៀល គឺប្រមាណតែ ៥ដុល្លារប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
លោកស្រីថា ដោយសារតែប្រទេសចិនសាងសង់ទំនប់នៅលើអាងទន្លេមេគង្គនេះ បានធ្វើអោយទិន្នផលត្រីធ្លាក់ចុះ៖ « អ្នកដែលធ្វើស្រែ ធ្វើចម្ការ គ្នាបានទឹកយោង។កាលណា បានទឹកឡើងគ្នា បានទឹកហ្នឹងធ្វើស្រែ ចុះអ្នករកត្រី នៅពេលមានទឹកធំទៅ ក៏បានត្រីពងកូន ត្រីសំបូរ គ្រាន់តែបានរកស៊ីចិញ្ចឹមជីវិតតៗគ្នាអ៊ីចឹងទៅ។អ្នកធ្វើស្រែ ក៏អ៊ីចឹង អ្នករកត្រីក៏អ៊ីចឹង។ ចុះកាលណាបិទ ដូចបិទឆ្នាំងបាយគាត់អ៊ីចឹង » ។
ទាក់ទិននឹងបញ្ហានេះ អាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាលោក អ៊ូ ផាន់ណារ៉ា បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយសារលោកកំពុងជាប់រវល់៖ «ខ្ញុំនៅឆ្ងាយអត់ ឮច្បាស់បង។ ខ្ញុំនៅកោះកុង អត់សូវឮច្បាស់។នៅតាមផ្លូវអធ្យាស្រ័យបង អត់ឮច្បាស់»។
កាលពីខែមករា ដល់ខែ កក្កដា ឆ្នាំ២០២០ គណៈកម្មការទន្លេមេគង្គ បានចេញរបាយការណ៍មួយដោយរកឃើញថា អាងទន្លេមេគង្គក្រោម ប្រឈមនឹងរំហូរទឹកទាបបំផុតក្នុងរយៈពេល ២ឆ្នាំជាប់ៗ គ្នា បង្កឲ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះនូវស្ថានភាពរាំងស្ងួតខ្លាំងបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ១៩៩៧ មក។
របាយការណ៍បានកំណត់នូវមូលហេតុជាច្រើន ដែលអាចបង្កឲ្យមានបញ្ហានេះ ក្នុងនោះរួមមាន បរិមាណទឹកភ្លៀងធ្លាក់តិចតួចខុសប្រក្រតីបង្កដោយបាតុភូតអាកាសធាតុ អែលនីញ៉ូ (El Nino) ក៏ប៉ុន្តែ មិនបានលើកឡើងឲ្យបានជាក់លាក់ថា បញ្ហានេះក៏បង្កឡើងដោយសារការសាងសង់ទំនប់វារីអគ្គិសនីច្រើនហួសហេតុនៅក្នុងប្រទេសចិន និងប្រទេសនៅតាមខ្សែទឹកខាងលើដទៃទៀតនោះទេ។ យ៉ាងណា របាយការណ៍ផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិក គួរសំណូមពរដល់ប្រតិបត្តិករទំនប់វារីអគ្គិសនី និងប្រតិបត្តិករធារាសាស្ត្រ ឲ្យកែសម្រួលប្រតិបត្តិការរយៈពេលខ្លីរបស់ពួកគេ។
អ្នកសម្របសម្រួលអង្គការទន្លេបី លោក លាង ប៊ុនលាភ មានប្រសាសន៍ថា ធនធានទឹកគឺជាធនធានរួម ទាំងប្រទេសចិន និងប្រទេសនៅតាមបណ្ដោយខ្សែទឹកទន្លេមេគង្គ។លោកបន្ថែមថា ប្រសិនបើប្រទេសណាមួយនៅផ្នែកខាងលើនៃអាងទន្លេមេគង្គ ប្រើប្រាស់ទឹក ដោយមិនយុត្តិធម៌ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សម្រាប់ប្រទេសរបស់ខ្លួន ដោយមិនបានគិតគូរដល់ប្រទេសនៅខ្សែទឹកខាងក្រោមគឺជារឿងអយុត្តិធម៌៖ « ពីព្រោះកន្លងមកយើងឃើញថា ទឹកទន្លេមេគង្គ ឡើងចុះខុសប្រក្រតី។វាធ្វើឲ្យមានការប្រែប្រួលទាំងជីវចម្រុះ ទាំងការប្រែប្រួលមុខរបរ របស់មនុស្សនៅតាមដងទន្លេហ្នឹងឯង។ជាពិសេសប្រជាជនកម្ពុជា ប្រមាណពី ៧០ ទៅ ៨០ % ដែលជាកសិករ អាស្រ័យផលដោយសារទឹកទន្លេមេគង្គ គាត់មានបញ្ហា។ហើយមួយទៀតរដូវរាំងស្ងួតក៏ពាក់ព័ន្ធ ដោយសាររឿងមេគង្គប៉ុន្មានទេ។តែវាជាការរួមចំណែកមួយយ៉ាងសំខាន់ ខណៈពេលដែលទឹកជំនន់ទន្លេមេគង្គ ឡើងចុះមិនប្រក្រតី » ។
អាស៊ីសេរី កាលពីថ្ងៃទី១៦ កញ្ញា បានព្យាយាមទាក់ទងស្ថានទូតចិនប្រចាំប្រទេសកម្ពុជាតែមិនអាចទាក់ទងបាន។
ក្រៅតែពីការបំផ្លាញបរិស្ថានទន្លេមេគង្គបង្កឡើងចិន លោក ម៉ៃ ឃើល ផូមភីអូ ក៏សំដែងក្ដីបារម្ភពី ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនបំណុលដល់ប្រទេសក្នុងតំបន់ទន្លេមេគង្គ ដែលជាទម្លាប់របស់ក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន។ ក្រៅពីនេះ ក៏មានការរត់ពន្ធមនុស្ស គ្រឿងញៀន សត្វព្រៃកម្រ បង្កឡើងដោយក្រុមហ៊ុនចិន ដែលមានទំនាក់ទំនងនឹងរដ្ឋាភិបាលចិន។ លោកបន្តថា ប្រទេសក្នុងទន្លេមេគង្គសមគួរទទួលបានដៃគូដ៏ល្អមួយ។ លោកថា កិច្ចសហការជាដៃគូវាងអាមេរិក និង ប្រទេសក្នុងតំបន់ទន្លេមេគង្គ នឹងធ្វើឲ្យមានសុខសន្តិភាព រុងរឿងទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។