សកម្មជន​ព្រំដែន​មិន​ជឿ​ ​លើ​មន្ត្រី​រដ្ឋាភិបាល​ពី​បញ្ហា​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ

អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​សំដែង​ការ​សោក​ស្ដាយ​ក្រោយពេល​មន្ត្រី​ព្រំដែន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ដី​នៅ​តំបន់​ព្រំដែន​កម្ពុជា​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​មិន​បាត់បង់​ទៅ​ប្រទេស​វៀតណាម។ ប្រតិកម្ម​នេះ កើត​ឡើង​ក្រោយ​ពី​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង បាន​ចុះទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ ១១៧ ដែល​ក្រុម​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ដីស្រែ​កសិករ​ខ្មែរ​ប្រមាណ ៥០០ម៉ែត្រ បាន​បាត់បង់​ទៅ​ប្រទេស​វៀតណាម។

អនុប្រធាន​សមាគម​សម្ពន្ធ​័​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ការងារ ១០០រាត្រី​លោក មាន ព្រហ្មមុនី បញ្ជាក់​ថា លោក​មិន​ជឿ​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​ថា កម្ពុជា​មិន​បាត់បង់​ដី​នៅ​តំបន់​ព្រំដែន​នៅ​ខេត្ត​ត្បូង​ឃ្មុំ​នោះ​ទេ។

លោក​ថា ចំពោះ​ការ​ផ្តល់​បទសម្ភាសន៍​រវាង​មន្ត្រី​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ត្បូង​ឃ្មុំ គឺ​ពលរដ្ឋ​មិន​ហ៊ាន​ប្រាប់​ការពិត​ទេ ដោយសារ​តែ​ខ្លាច​ការ​គំរាម​កំហែង​ពី​មន្ត្រី​រដ្ឋាភិបាល ពីព្រោះ​កន្លងមក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់​អ្នក​និយាយ​រឿង​ព្រំដែន​ដាក់​ពន្ធនាគារ​ធ្វើឲ្យ​ពលរដ្ឋ​ខ្លាច​មិន​ហ៊ាន​ប្រាប់​ការ​ពិត។
លោក​ថា ក្រុម​យុវជន​នឹង​ចុះទៅ​តាម​ព្រំដែន​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ ដើម្បី​ឱ្យ​បាន​ដឹង​ថា តើ​តំបន់​នោះ​ពិត​ជា​មាន​ការ​បាត់​បង់​ដី​ពិត ឬ​យ៉ាង​ណា?៖ « យើង ត្រូវតែ ចុះ ដើម្បី ស្វែងរក ការ​ពិត ហើយ យើង ជំរុញ ឲ្យ មាន ការ​ស៊ើប​អង្កេត ដើម្បី ដោះ​ស្រាយ ដីធ្លី ជាមួយ ប្រជាពលរដ្ឋ សុំ ឲ្យ មាន តម្លា ភាព ហើយ អោយ មាន យុត្តិធម៌ នឹង សមរម្យ អាច ទទួល​យក បាន ទាំង​អស់​គ្នា។ ខ្ញុំ អត់ និយាយ ពី បញ្ហា ព្រំដែន ទេ ខ្ញុំ និយាយ រឿង ដីធ្លី ពលរដ្ឋ ដែល បាត់ មិន បាត់ »

គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​មួយ​ក្រុម នៅ​ថ្ងៃ​ទី៥ កញ្ញា​នេះ បាន​ចុះទៅ​ភូមិ​ត្រពាំង​ផ្លុង​ ​នៅត្រង់​បង្គោល​លេខ១១៧ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃ្មុំ​ជា​នឹង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដែល​តំណាង​ក្រុម​ឃ្លាំមើល​កម្ពុជា​លោក រ៉ុង ឈុន និង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ បាន​ចុះទៅ​តំបន់​នោះ ហើយ​បាន​អះអាង​ថា ពលរដ្ឋ​ខ្មែរ​បាន​បាត់បង់​ដីស្រែ​ប្រមាណ ៥០០​ម៉ែត្រ ដោយសារ​វៀតណាម​រំលោភ​យក។

​អាស៊ី​សេរី​បាន​ទាក់ទង​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ដើម្បី​សុំ​អត្ថាធិប្បាយ​បញ្ហា​នេះ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ឆ្លើយ​ជាមួយ​អាស៊ី​សេរី ដោយ​ចោទ​អាស៊ី​សេរី​ថា ផ្សាយ​ព័ត៌មាន​លំអៀង៖ « ខ្ញុំ សូម អធ្យាស្រ័យ ខ្ញុំ មិន ចង់ សម្ភាសន៍ អ្វី ជាមួយ អាស៊ី សេរី ទេ ដោយសារ អាស៊ី សេរី មិន ដែន ផ្សាយ ពី អ្វី ដែល ខ្ញុំ សម្ភាសន៍ ហើយ យក​ទៅ ក្រឡៃ ទាំង​អស់ »

ចំណែក​ឯ​អនុប្រធាន​គណ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​អ្នកស្រី កុយ ពិសី ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​ផង​ដែរ។ ប៉ុន្តែ​អ្នកស្រី​បាន​និយាយ​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី​ថា បន្ទាប់​អ្នកស្រី​បាន​ចុះ​ទៅ​តំបន់​ព្រំដែន ដែល​បាន​បោះ​បង្គោល​ព្រំដែន​រួចរាល់​ហើយ​នោះ គឺ​មិន​មាន​បាត់​ដី​ទៅ​វៀតណាម ដូច​ការ​លើក​ឡើង​របស់​ជន​អគតិ​មួយ​ចំនួន​នោះ​ទេ។

អ្នកស្រី​និយាយ​ថា គ្រប់​ចម្លើយ​ពី​ប្រជាពលរដ្ឋ​សុទ្ធ​តែ​ឆ្លើយ​ថា អត់​មាន​បាត់​ដី​ជាមួយ​វៀតណាម​ទេ អ្វី​ដែល​គាត់​ចូលរួម​ជាមួយ​ពួក​ផ្តល់​បទ​សម្ភាសន៍​កន្លង​ទៅ ដោយសារ​ពួក​គេ​បាន​សន្យា​ថា នឹង​ជួយ​តវ៉ា​សុំ​ដី​មក​វិញ។ បន្ទាប់ពី​ការ​បញ្ចប់​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​នោះ​រួចរាល់​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ទៅ​ថ្ងៃ​មុខ​តែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នេះ​អាជ្ញាធរ​កម្ពុជា​បាន​ចាប់ខ្លួន​លោក រ៉ុង ឈុន កាល​ពី​យប់​ថ្ងៃ​ទី៣១ កក្កដា ដោយ​ចោទ​ប្រកាន់ និង​បន្ត​ឃុំ​ខ្លួន​លោក​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ក្រោយ​ពេល​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​សហជីព និង​គ្រូ​បង្រៀន​រូប​នេះ​ចុះ​ឃ្លាំមើល​និង​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អាស៊ី​សេរី​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

ក្រោយ​មក​សមត្ថកិច្ច​ក៏​ចាប់​ខ្លួន​មនុស្ស​ចំនួន ៦នាក់​ទៀត ដែល​ប្រមូលផ្ដុំ​គ្នា​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន នោះ រួម​មាន​យុវជន​ខ្មែរ​ថាវរៈ​ពីរ​នាក់ គឺ​ស្ត្រី ឈឿន ដារ៉ាវី និង​លោក ហ៊ុន វណ្ណៈ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​លោក សួង សុភ័ណ្ឌ ប្រធាន​សមាគម​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា កញ្ញា ស កណិកា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២នាក់​ទៀត។ តុលាការ​ចោទ​ប្រកាន់​អ្នក​ទាំង ៦នាក់ ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​ឃុំ​ខ្លួន​ពួក​គេ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដូច​លោក រ៉ុង ឈុន ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។