"ការ​ដក​ហូត​សៀវភៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង មាន​ចេតនា​នយោបាយ​ធំ​ជាង​ការ​អនុវត្ត​ច្បាប់"

ទីន ហ្សាការីយ៉ា
2018-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សៀវភៅ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែល​ត្រូវ​អាជ្ញាធរ​ហាម​​ដាក់​លក់​លើ​ទីផ្សារ។
សៀវភៅ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែល​ត្រូវ​អាជ្ញាធរ​ហាម​​ដាក់​លក់​លើ​ទីផ្សារ។
Photo Screenshot

អ្នកវិភាគ និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា ការ​ដកហូត​សៀវភៅ​របស់​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ គឺ​មាន​ចេតនា​នយោបាយ​ធំ​ជាង​ការអនុវត្ត​ច្បាប់។ ការ​លើកឡើង​នេះ បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​ទួលគោក បាន​ដកហូត​សៀវ​ជាច្រើន​ក្បាល របស់​លោក យ៉ែម បុញ្ញឫទ្ធិ ដែល​បោះពុម្ពផ្សាយ និង​ចែកចាយ​លក់​នៅ​តាម​តូប​លក់​សៀវភៅ ក្រោម​ហេតុផល​ថា គ្មាន​ការ​អនុញ្ញាត។

អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ លើកឡើង​ថា ថ្វីដ្បិត​តែ​តាមច្បាប់ តម្រូវ​ឲ្យ​អ្នកនិពន្ធ​សៀវភៅ ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឬ​ក្រសួង​អប់រំ ដើម្បី​ពិនិត្យមើល​ខ្លឹមសារ និង អក្ខរាវិរុទ្ធ​ក្តី ប៉ុន្តែ​អាជ្ញាធរ​ក៏​មិន​គួរ​តឹងរ៉ឹង​ចំពោះតែ​មន្ត្រី​គណបក្សប្រឆាំង​ពេក​នោះ​ទេ ព្រោះ​សព្វថ្ងៃ នេះ មាន​សៀវភៅ​ជាច្រើន ដែល​បាន​បោះ​ពុម្ព មិនបាន​សុំច្បាប់​អនុញ្ញាត។ លោក​បន្ថែម​ថា ប្រសិន បើ​លោក យ៉ែម បុញ្ញឫទ្ធិ មិនមែន​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង គឺ​ប្រហែល​មិន​មាន​បញ្ហា​ឡើយ ប៉ុន្តែ ដោយសារតែ​លោក យ៉ែម បុញ្ញឫទ្ធិ ជា​អ្នកនយោបាយ​ប្រឆាំង និង​អាច​ដោយសារ​ខ្លឹមសារ​នៃ​សៀវភៅ​នោះ រិះគន់​រដ្ឋាភិបាល។ អ្នកវិភាគ​វ័យក្មេង ក៏​ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ «»

សៀវភៅ​ដែល​មាន​ចំណងជើង​ថា ''​ចក្ខុវិស័យ​ក្នុង ការផ្សះផ្សា​ជាតិ​'' និង​''​ការរៀបចំ​សង្គមជាតិ'' ចំនួន ២១ ក្បាល​ដែល​និពន្ធ​រៀបរៀង​និង​ចេញផ្សាយ​ដោយ​តំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស សង្គ្រោះជាតិ លោក ញ៉ែម បុញ្ញឫទ្ធិ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ទួលគោក ចុះ​ដកហូត​មិន​ឲ្យ​ដាក់​លក់​នៅ កម្ពុជា កាលពី​រសៀល ថ្ងៃ​ទី​១ ខែ​កញ្ញា នៅ​តូប​លក់​កាសែត ជាប់​របង​វិទ្យាល័យ​សន្ធរម៉ុក ផ្លូវ​លេខ​២៥៣ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក។ បច្ចុប្បន្ន​នេះ សៀវភៅ​ទាំងនោះ កំពុង​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រាជធានី​ភ្នំពេញ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាល​ខណ្ឌ​ទួលគោក លោក ឯក ឃុនជឿន និង​អភិបាលរង ខណ្ឌ​ទួលគោក លោក ប៉ាង លីដា បានទេ នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ទោះយ៉ាងណា​ក្តី អភិបាលខណ្ឌ​ទួលគោក លោក ឯក ឃុនជឿន បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា មូលហេតុ​ដែល​អាជ្ញាធរ​ចុះ​ប្រមូល​សៀវភៅ​ទាំងនោះ គឺ​ដោយសារតែ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ត្រឹមត្រូវ។ លោក​បញ្ជាក់​​​ថា អ្នក​ចែកចាយ​លក់​សៀវភៅ​នេះ គឺជា​ជំនួយការ​លោក យ៉ែម បុញ្ញឫទ្ធិ ប៉ុន្តែ​អាជ្ញាធរ​បាន​ណែនាំ​រូបគេ ឲ្យ​បញ្ឈប់​សកម្មភាព​ចែកចាយ​សៀវភៅ​នេះ​ទៀត។

ទាក់ទង​ករណី​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ នរៈសន្យា អះអាង​ថា លោក​មិន​បាន​ដឹង​ករណី​នេះ​ដែរ។ «»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ទេ អំពី​ករណី​នេះ។ ចំណែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​លោក ហ៊ីង សុខសាន្ត អះអាង​ថា សៀវភៅ​នេះ ទើបតែ​ត្រូវ​បាន​ជំនួយការ​លោក យ៉ែម បុញ្ញឫទ្ធិ បោះពុម្ព​ចែក​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ទេ ហើយ​មិន​ទាន់​ត្រូវ​បាន​ចែកចាយ​ទូលំទូលាយ​ឡើយ។ លោក​ក៏​មិនបាន​ដឹង​អំពី​ខ្លឹមសារ​នៃ​សៀវភៅ​នេះ​ដែរ។ «»

អ្នកស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ចំណាត់​ការ របស់​អាជ្ញាធរ​នេះ គឺ​មិន​ទំនង​សោះឡើយ ហើយ​បើ​គ្រាន់តែ​លើក​ហេតុផល​ថា ដោយសារ​ការ​បោះពុម្ភ​សៀវភៅ​នោះ គ្មាន​ច្បាប់​អនុញ្ញាត​គឺ​មិន​គ្រប់គ្រាន់​ដែល​អាច​ទទួល​យក​បាន​ឡើយ​។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​សរសេរ និង​បោះពុម្ភ​ផ្សាយ កុំ​ឲ្យ​តែ​ប៉ះពាល់​សិទ្ធិ​អ្នកដទៃ។ លោក​យល់​ថា វិធានការ​របស់​អាជ្ញាធរ​ខណ្ឌ​ទួលគោក​នេះ គឺ​ប្រហែល​មិនមែន​ជា​បញ្ជា​របស់​រដ្ឋាភិបាល​នោះ​ទេ។ «»

ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ ក៏​ត្រូវ​ក្រុម​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រិះគន់​ព្រោងព្រាត​ថា អាជ្ញាធរ​មាន​ចេតនា​រារាំង​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចេះដឹង និង​យល់ដឹង​អំពី​រឿង​សង្គមជាតិ ព្រោះ ការ​លក់​សៀវភៅ​ផ្សព្វផ្សាយ​ផ្នែក​គំនិត​បែរជា​ហាមឃាត់​ខណៈ​ផ្លាក​យីហោ​ស្រា​បៀរ​ផ្សាយ​យ៉ាង​សេរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល