មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ ក្រោយ​អនុវត្ត​ទោស ២ឆ្នាំ

ចៅសង្កាត់​ជាប់​ឆ្នោត​មួយ​រូប​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ព្រះសីហនុ លោក អ៊ុក ចេត្តនី ត្រូវ​បាន​តុលាការ​ដោះលែង​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី១៩ មិថុនា​នេះ ក្រោយ​ជាប់​ពន្ធនាគារ ២ឆ្នាំ។ មន្ត្រី​សិទ្ធិមនុស្ស​បារម្ភ​ថា មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ ងាយ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ម្តង​ទៀត ប្រសិនបើ​ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក អ៊ុក ចេត្តនី ឱ្យ​អាស៊ី​សេរី​ដឹង​ក្រោយ​ចេញ​ពី​ពន្ធនាគារ​ថា លោក​នៅ​តែ​ប្រកាន់​ជំហរ​គំាទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​ ទោះ​ជា​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ក៏​ដោយ។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត​ទៅ​ទៀត៖ « រយៈ​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ​រហូត​ដល់​ថ្ងៃ​ចេញ​ថ្ងៃ​នេះ គឺ​ខ្ញុំ​បាន​ទទួល​បទ​ពិសោធន៍​មួយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​រឹង​មាំ​ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​​តែ​មាន​គោល​ជំហរ​កាន់​តែ​ច្បាស់លាស់​បន្ថែម​ទៀត។ គោល​ជំហរ​របស់​ខ្ញុំ​ គឺ​មិន​ផ្លាស់​ប្ដូរ​ឧត្ដមគតិ​របស់​ខ្លួន​ឯង​ គឺ​នៅ​តែ​ អឺ​គេ​ហៅ​ថា​ភាព​ស្មោះត្រង់​ មិន​ក្បត់​ពី​ប្រជាពលរដ្ឋ​នៅ​អ្វី​ដែល​គោលការណ៍​ពី​មុន​មក​គឺ​នៅ​ដដែល​។​ បើ​សិន​ណា​នៅ​តែ​ធ្វើ​បាប​ពួក​ខ្ញុំ​ គឺ​ប្រទេស​មួយ​មិន​អាច​ឈាន​ទៅ​រក​ប្រជាធិបតេយ្យ​ពេញលេញ​បានទេ​បាទ »

លោក​​ អ៊ុក ចេត្តនី គឺ​ជា​ចៅសង្កាត់​ជាប់​ឆ្នោត​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ លោក​ត្រូវ​​​​តុលាការ​​​​ខេត្ត​​​ព្រះ​សីហនុ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ​ក្រោម​បទ​ចោទ​កាប់​រាន​ដី​ព្រៃ​សាធារណៈ នៅ​តំបន់​ក្បាល​ឆាយ។ តុលាការ​បាន​សម្រេច​ព្យួរទោស​លោក ៣ឆ្នាំ និង​អនុវត្ត​ទោស ២ឆ្នាំ ក្នុង​ពន្ធនាគារ។

លោក​ស្រី ​សំ​ ស្រីភ័ក្រ្ត​ ភរិយា​​​លោក អ៊ុក ចេត្តនី បាន​​និយាយ​ថា​ ប្ដី​​របស់​​គាត់​ ត្រូវ​​បាន​​កម្លាំង​យោធា​ប្រចាំការ​ នៅ​​តំបន់​​ក្បាលឆាយ​​ចាប់​ខ្លួន​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨ ពេល​​កំពុង​​កាប់​ឆ្ការ​​ព្រៃ​ ដើម្បី​​ដាំ​ដំណាំ​​នៅ​​លើ​​ដី​​របស់​គាត់​មួយ​​កន្លែង​ ដែល​​គ្រួសារ​​គាត់​​បាន​​ទិញ​​ពី​​ប្រជាពលរដ្ឋ​​ក្នុង​​មូលដ្ឋាន​ កាល​ពី​ឆ្នាំ​​២០០៧។ លោក​ស្រី​​ប្រាប់​ថា ក្នុង​រយៈ​ពេល ២ឆ្នាំ​នេះ លោក​ស្រី​ជួប​ការ​លំបាក​ ព្រោះ​ត្រូវ​រក​ថវិកា​ផ្គត់ផ្គង់​គ្រួសារ​ក្នុង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ និង​សង​បំណុល​ធនាគារ​។​ លោក​ស្រី​ក៏​ត្រូវ​ទទួលខុសត្រូវ​ថែ​ទាំ​ ម្ដាយ​ក្មេក​ និង​ឪពុក​ម្ដាយ​បង្កើត​ដែល​មាន​វ័យ​ចំណាស់​ និង​កូន​តូច​របស់​លោក​ស្រី ២នាក់​ទៀត។​ លោកស្រី​បញ្ជាក់​ថា​ប្ដី​លោក​ស្រី​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ ទើប​ធ្វើ​ឲ្យ​លោកស្រី​ មាន​កម្លាំង​ចិត្ត​អត់ធ្មត់​ តស៊ូ​ រហូត​ដល់​ថ្ងៃ​ប្ដី​លោក​ស្រី​ត្រូវ​បាន​​ដោះ​លែង​វិញ៖ « គាត់​មាន​អ្នក​គេ​ស្រឡាញ់​ច្រើន​ ហើយ​គេ​តែង​ជួយ​លើក​ទឹកចិត្ត​ថា​ ព្រោះ​យើង​មិនមែន​ជា​មនុស្ស​ខុស​អ៊ីចឹង​អ្ហា​ ហើយ​គាត់​គឺ​ជា​មនុស្ស​ល្អ​​ ហើយ​គាត់​មិន​ដែល​ចង់​បាន​ផល​ប្រយោជន៍​ពី​នរណា​គេ​​ ហើយ​ខ្ញុំ​ក៏​ត្រូវ​លើក​ទឹកចិត្ត​ប្តី​ដែរ​ ព្រោះ​ខ្ញុំ​ដឹង​ថា​ប្តី ខ្ញុំ​គាត់​ឥត​បាន​ខុស​ ដោយ​សារ​ខ្ញុំ​ទិញ​ដី​គេ​ មិនមែន​ខ្ញុំ​ទៅ​ចាប់​ទេ។ និយាយ​ទៅ​គឺ​ប្តី​ប្រពន្ធ​​ខ្ញុំ​ តែងតែ​គាត់​លើក​ទឹក​ចិត្ត​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ពោះ​ទៅ​មុខ ហើយ​ណាមួយ​កូន​តូចៗ គឺ​មាន​តែ​កូន​ហ្នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ដើរ​ទៅ​មុខ​បាន »

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ​ អ្នកស្រី ​ជៀប​ សុធារី​ បារម្ភ​ថា លោក អ៊ុក ចេត្តនី ​​អាច​នឹង​រង​ការ​ចោទ​​ប្រកាន់​ជា​ថ្មី​ទៀត ប្រសិន​បើ​គាត់​ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ៖ « នៅ​ពេល​ដែល​គាត់​មាន​សេរីភាព​ឡើង​វិញ​ គាត់​អាច​ ពេល​លេង​ហ្វេកបុក​លេង​អី​ហ្នឹង​ យើង​ត្រូវ​តែ​ធ្វើ​ម៉េច​ធ្វើការ​រៀបចំ​ខ្លួ​ន​ ឥរិយាបថ​នៃ​ការ​ប្រព្រឹត្ត​ទៅ និង​ការ​ប្រើប្រាស់​សេរីភាព​របស់​ខ្លួន​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​បទ​ល្មើស​ថ្មី​កើត​ឡើង​ព្រោះអី​យើង​ស្ថិត​នៅ​ក្នុង​ការ​ព្យួរ​ទោស​ រយៈ​ពេល ៣ឆ្នាំ​ទៀត​ អ៊ីច៊ឹង​រយៈពេល ៣ឆ្នាំ​ទៀ​ត គឺ​បទ​ល្មើស​ហ្នឹង​វា​ច្រើន​វា​ធ្ងន់ធ្ងរ​ដែរ »

គណបក្ស​​សង្គ្រោះ​​ជាតិ​​អះអាង​​ថា​ មន្ត្រី​​និង​​សកម្មជន​​មូលដ្ឋាន​​របស់​​ខ្លួន​​ចំនួន​ ៨៨​​នាក់​ ត្រូវ​​បាន​​របប​ក្រុង​ភ្នំពេញ​​ចាប់​ខ្លួន​​ក្នុង​​​ឆ្នាំ២០១៩ ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​ចំនួន ៨០នាក់។ ដោយ​ឡែក អំឡុង​ការ​ផ្ទុះ​រាល​ដាល​ជំងឺ​កូវីដ-១៩ ក្នុង​ឆ្នាំ២០២០ នេះ​ មន្ត្រី ​និង​សកម្មជន​បក្ស​ប្រឆាំង​ជិត ២០នាក់​ទៀត ​ត្រូវ​អាជ្ញាធរ​ចាប់ និង​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​អំពាវនាវ​ដល់​អាជ្ញាធរ​បញ្ឈប់​ទង្វើ​យាយី​លើ​សកម្មជន​បក្ស​ប្រឆាំង​តទៅទៀត ព្រោះ​នេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។