អ្នក​ទោស​នយោបាយ រង​ការ​រឹតត្បិត និង​ធ្វើ​បាប​ជាង​ឧក្រិដ្ឋជន​ ពេល​ជាប់​ឃុំ​​ពន្ធនាគារ​ព្រៃ​ស

អ្នក​ទោស​នយោបាយ អះអាង​ថា ពួកគេ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ និង​រង​ការ​​ធ្វើ​បាប ពី​អនុរក្ស​ពន្ធនាគារ​ ជាង​ឧក្រិដ្ឋជន​ នៅ​ក្នុង​​​ពន្ធនាគារ​ព្រៃ​ស។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ថា ភាព​មិន​ស្មើ​​មុខ​ច្បាប់ ក្នុង​ពន្ធនាគារ​ ជា​ការ​បំពាន​សិទ្ធិ​អ្នក​​ជាប់​ឃុំ និង​ជំរុញ​ឲ្យ​មាន​ការ​​ស្ថានភាព​ក្នុង​ពន្ធនាគារ​ ឲ្យ​ក្លាយ​ជា​មណ្ឌល​អប់រំ​កែប្រែ ត្រឹមត្រូវ​តាម​ស្តង់ដារ។

អ្នក​ទោស​នយោបាយ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ដោះលែង​ថ្មីៗ ក្រោយ​អនុវត្ត​​ទោស​ពន្ធនាគារ​​​ចប់​​​ លោក គា វិសាល ប្រាប់​ថា ក្នុង​ពេល​ជាប់​ឃុំ ​លោក​ រង​ទារុណកម្ម​ធ្ងន់​ម្ដង​ ដោយ​ការ​ឲ្យ​ឃុំ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ មិន​​ឲ្យ​ចេញ​ក្រៅ​រយៈ​ពេល ២សប្ដាហ៍​គត់ និង​​តម្រូវ​ឲ្យ​​ហូប​​របប​​អាហារ​ របស់​​​ពន្ធនាគារ ដែល​មាន​ក្លិន​ឆ្អាប គ្មាន​អនាម័យ​។ អតីត​អ្នក​ទោស​រូប​នេះ ប្រៀប​ម្ហូប​អាហារ​នោះ​ថា ជា​បាយ​​សម្រាប់​ជ្រូក។ លោក​ថា ទារុណ​កម្ម​នេះ ដោយ​សារ​អនុរក្ស​ពន្ធនាគារ​ ចោទ​ថា លោក​លួច​ប្រើ​ទូរស័ព្ទ​ក្នុង​បន្ទប់​ឃុំ​ឃាំង​។ លោក ទទួល​ស្គាល់​ថា ពិត​ជា​បាន​​ប្រើ​ទូរស័ព្ទ​មែន គឺ​ប្រើ​​ទាំង​អស់​គ្នា ក្នុង​ចំណោម​អ្នក​ជាប់​​ឃុំ​ចំនួន ២១នាក់ ក្នុង​បន្ទប់​ឃុំ​ លេខ១៩ (A19) នៃ​អគារ អា (A)។

លោក គា វិសាល ប្រាប់​ថា អនុរក្ស​ពន្ធនាគារ គឺ​​ជា​​ឈ្មួញ​​លក់​ទូរស័ព្ទ​ ឲ្យ​​អ្នក​ជាប់​ឃុំ​ប្រើ​ក្នុង​ពន្ធនាគារ។ ក្នុង​នោះ ឧក្រិដ្ឋជន​​ជា​អ្នក​មាន​ទ្រព្យ ​អាច​​ទូរស័ព្ទ​​បាន​តាម​ចិត្ត​ តែ​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​​មនសិការ មិន​ឲ្យ​និយាយ​​បាន​ឡើយ ព្រោះ​ខ្លាច​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នក​ខាង​ក្រៅ។ លោក​ថា នេះ​ជា​ការ​រើស​អើង និង​រឹតត្បិត​អ្នក​ទោស​នយោបាយ៖ « គេ​ដាក់​ទារុណ​កម្ម​មក​លើ​ខ្ញុំ នៅ​ពេល​ដែល​ប៉ូលិស​ស៊ើប​ការណ៍​ក្រសួង​មហាផ្ទៃ​ចុះ​ទៅ​ បុករុក​ដល់​បន្ទប់​ខ្ញុំ លោក កែវ ថៃ ប្រតិបត្តិ​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន ធន់ និង​ លោក ឃឹម​ ភាណា ចៅ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ហើយ​និង​បន្ទប់​ខ្ញុំ​លេខ​៣៧​ហ្នឹង បុក​មក​លើ​ខ្ញុំ ថា​ ខ្ញុំ​ហ្នឹង​ប្រើប្រាស់​ទូរស័ព្ទ។ ខ្ញុំ​ចង់​ប្រាប់​ទៅ​ខាង​អាស៊ី​សេរី​ថា ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ក្នុង​ពន្ធនាគារ សូម្បី​តែ​លីអូ​មួយ ក៏​គេ​អត់​ទុក​ឲ្យ​ខ្ញុំ​ផង គេ​ស្រាត​ខ្ញុំ​អស់​តាំង​ពី​ក្លោង​ទ្វារ​ចូល​ នៅ​ជិត​ម៉ោង ៨យប់ ហើយ​តើ​ពួក​ខ្ញុំ​មាន​លទ្ធភាព​ឯណា​​ យក​ទូរស័ព្ទ​និង​ចរាចរណ៍​គ្រឿង​ញៀន​ចូល​ទៅ​ក្នុង​ហ្នឹង។ អ៊ីចឹង វា​មាន​តែ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ហ្នឹង យក​ទៅ​លក់​ឲ្យ​ពួក​អ្នក​ទោស»

ក្រៅពី​នេះ លោក បន្ត​ថា ឧក្រិដ្ឋជន​មាន​លុយ​ និង​អ្នក​ទោស​បរទេស ពិសេស​ជនជាតិ​ចិន ទទួល​បាន​​​សិទ្ធិ​សេរីភាព​ច្រើន​ណាស់ ក្នុង​ពន្ធនាគារ។ ឧក្រិដ្ឋជន​ទាំង​នោះ​ អាច​បើក​ចំហ​ទ្វារ​បន្ទប់​​ឃុំឃាំង​​បាន អាច​​ចេញ​ចូល​ស្រេច​ចិត្ត​បាន​ តែ​ត្រូវ​​ស៊ក​លុយ​​ឆ្មាំ​ពន្ធនាគារ​យ៉ាង​ច្រើន។

លោក គា វិសា ស្នើ​សុំ ​រដ្ឋាភិបាល ពិសេស​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ គិត​គូរ​កែប្រែ​​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានភាព​ពន្ធនាគារ​ព្រៃ​ស «ម១»​ឡើង​វិញ​ កុំ​ឲ្យ​ក្លាយ​ ជា​ទី​កន្លែង​ធ្វើ​ទារុណ​កម្ម​អ្នក​ទោស​នយោបាយ អ្នក​ទោស​មនសិការ​ ដូច​​គុក​ទួល​ស្លែង និង​កុំ​ចាត់​ទុក​អ្នក​ទោស​នយោបាយ ជា​សត្រូវ​​ត​ទៅ​ទៀត៖ « សម្ដេច​ក្រឡា​ហោម គិត​គូរ ហើយ​​​បើក​សិទ្ធិ​សេរីភាព​ដល់​អ្នក​ទោស​នយោបាយ​ផង ព្រោះ​ថា គ្មាន​អ្នក​ទោស​នយោបាយ​ណា​មួយ ដែល​ទៅ​រួម​គំនិត​ក្បត់​ ឬ​ក៏​ញុះញង់​ហ្នឹង។ ខ្ញុំ​មើល​ទៅ​អត់​មាន​ទេ សុទ្ធ​តែ​រូបភាព​ចោទ​ប្រកាន់​និន្នាការ​នយោបាយ​ទាំង​អស់​​។ អត់​មាន​អ្វី ជា​រូប​ភាព​ថា ពួកគាត់​ហ្នឹង​រួម​គំនិត​ក្បត់​ ឬ​ក៏​ទៅ ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម គឺ​អត់​មាន​ទេ។ សូម្បី​តែ​ លោក រ៉ុង ឈុន និង​អ្នក​ចាប់​ទៅ​ក្រោយៗ ជួប​ខ្ញុំ ឃើញ​ថា អត់​មាន​អ្វី គួរ​ឲ្យ​ចាប់​ទេ។ ខ្ញុំ​ចង់​ឲ្យ​សម្ដេច​ហ្នឹង គាត់​យល់​យោគ​ដល់​ខ្មែរ​ណា ឲ្យ​ដោះលែង​ទៅ។ អ្នក​ទាំង​អស់​ហ្នឹង អត់​មាន​កំហុស​អ្វី​ទេ ដូច​តែ​ខ្ញុំ​ដែរ​ទេ»

លោក​បន្ត​ថា ភាព​ចង្អៀត​ណែន​ក្នុង​បន្ទប់​ឃុំឃាំង ក៏​ជា​បញ្ហា​ដែរ។ លោក គា វិសាល ប្រាប់​ថា គ្រប់​បន្ទប់​ឃុំឃាំង​ទាំង​អស់ សុទ្ធ​តែ​មាន​​​ចោរ​ម្នាក់ ជា​ប្រធាន​បន្ទប់ គ្រប់​គ្រង​តាម​បន្ទប់​នីមួយៗ។ លោក​ ថា​សិទ្ធ​អ្នក​ជាប់​ឃុំ​ទាំង​ឡាយ​ក្នុង​បន្ទប់​នោះ ត្រូវ​គ្រប់​គ្រង​ដោយ​ឆ្មាំ និង​ប្រធាន​បន្ទប់​ជា​ឧក្រិដ្ឋជន។

នៅ​ខែ​ប្រាំង​ តាម​បន្ទប់​ឃុំ​ឃាំង​ទាំង​អស់ គ្មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ទេ។ អ្នក​ទោស​នយោបាយ​ក្រី​ក្រ​​ដូច​​លោក គា វិសាល​ នៅ​ពេល​ដាច់​លុយ​ម្ដងៗ​ ​ជួន​ត្រូវ​អត់​ទឹក​មុជ រយៈ​ពេល​​៣​ថ្ងៃ​ជាប់​គ្នា​ក៏​មាន​ដែរ។ លោក​ ថា ទឹក​មុជ​តាម​បន្ទប់​សុទ្ធ​តែ​លក់ នៅ​ខែ​ប្រាំង។ នៅ​ខែ​​ខ្វះ​ទឹក​​ទៀត​សោត តាម​បន្ទប់​ឃុំ​ឃាំង​​ខ្លះ ​​ខ្វះ​ទឹក​ចាក់​បង្គន់​ដែរ បណ្ដាល​ឲ្យ​អ្នក​​ជាប់​ឃុំ​ខ្លះ ទ្រាំ​ដេក​ហិត​ក្លិន​ស្អុយ​​សាយ​ភាព​នៃ​លាមក​​ ច្រើន​ថ្ងៃ​ ច្រើន​យប់​ក៏​មាន។ ឯ​អ្នក​ជាប់​ឃុំ​ក្រីក្រ កើត​កម​រមាស់​ពេញ​ខ្លួន ដោយ​សារ​ខ្វះ​ទឹក​មុជ។ លោក​ថា បញ្ហា​នេះ បណ្ដាល​មក​ពី​អាង​ស្ដុក​ទឹក និង​ទឹក​បឹង​ ដែល​បូម​មក​ផ្គត់ផ្គង់​ក្នុង​ពន្ធនាគារ​រីង​ស្ងួត​នៅ​ខែ​ប្រាំង។

លោក ឲ្យ​ដឹង​ទៀត​ថា តាម​បន្ទប់​ឃុំឃាំង​នីមួយៗ សុទ្ធ​តែ​មាន​អ្នក​ទោស​ឧក្រិដ្ឋជន​សុទ្ធ​តែ​​ជក់​បារី បណ្ដាល​​​​ឲ្យ​ក្រុម​អ្នក​ទោស​នយោបាយ​ពិបាក​រស់​នៅ​ណាស់។ លោក ថា បន្ទប់​ឃុំឃាំង​ខ្លះ ក៏​មាន​អ្នក​​ជាប់​ឃុំ​ជក់​គ្រឿង​ញៀន ក្នុង​នោះ​ដែរ សូម្បី​បន្ទប់​ពិន័យ​ដែល​លោក រង​ទារុណកម្ម ក៏​មាន​អ្នក​ប្រើ​ប្រាស់​​គ្រឿង​ញៀន​ដែរ។ លោក ថា ​ទាំង​បារី ថ្នាំ​ញៀន ទូរស័ព្ទ​ដៃ ស៊ីមកាត សម្ភារៈ​​ប្រើប្រាស់​មិន​ស្មើ​ភាព​គ្នា ក្នុង​បន្ទប់​ឃុំឃាំង​ទាំង​អស់ សុទ្ធ​តែ​អនុរក្ស​ ជា​ឈ្មួញ​យក​ទៅ​លក់​ឲ្យ​អ្នក​ជាប់​ឃុំ ហើយ​មាន​តម្លៃ​ថ្លៃ​ជាង ទីផ្សារ​ខាង​ក្រៅ ៣ទៅ ៤ដង សូម្បី​ថ្នាំ​ញៀន ដែល​​ឧក្រិដ្ឋជន​ធ្លាប់​ទិញ​ ខាង​ក្រៅ តម្លៃ ៥ដុល្លារ ទៅ ១០ដុល្លារ ក៏​លក់​​ ដោយ​លួច​លាក់ ក្នុង​ពន្ធនាគារ​ ក្នុង​តម្លៃ ៣០ ទៅ ៤០ដុល្លារ​ដែរ៖ « ឲ្យ​ពួក​ខ្ញុំ​ មាន​តម្លៃ​ថោក​ជាង​​​អ្នក​ប្រព្រឹត្តិ​ទោស​ក្នុង​សង្គម ចោរ​លួច ចោរ​ប្លន់ និង​អ្នក​ទោស​​ជន​បរទេស ព្រោះ​ជន​បរទេស​វា​​បង្ក​បញ្ហា​នៅ​ក្នុង​សង្គម​ខាង​ក្រៅ ហើយ​ទៅ​ដល់​ក្នុង​នោះ វា​បង្ក​រឿង​ មន្ត្រី​ពន្ធនាគារ​អត់​ហ៊ាន​រក​រឿង​ទេ។ អា​ខ្លះ​ រហូត​ដល់​មន្ត្រី​ពន្ធនាគារ ប្រាប់​ថា មាន​ចំណុច​មួយ​ទៀត ថា ពួក​អស់​ហ្នឹង​ វា​មាន​ខ្សែ​ កាង​វា​ធំៗ។ ខ្ញុំ​ចង់​ឲ្យ​អាស៊ី​សេរី ផ្សាយ​ថា តើ​ខ្សែ​ធំៗ​ផ្កាយ​ពីរ ផ្កាយ​បី ណា ដែល​កាង​ ការពារ​ឧក្រិដ្ឋជន​​នៅ​ក្នុង​ពន្ធនាគារ ដែល​ធ្វើ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ ខ្លាច​ឧក្រិដ្ឋជន​ទាំង​នោះ វា​មាន​មួយ​ចំនួន​តូច។ ខ្ញុំ​បាន​ជួប​ទាំង ជួប សម្លាប់​ បាញ់​សម្លាប់ លោក កែម ឡី​ ទៀត ​​ថ្ងៃ​​ខ្ញុំ​ចូល​ដំបូង។ ខ្ញុំ​មើល​ទៅ ជួប សម្លាប់ មិន​មែន​ជា​ឃាតក​​ទេ​។ ​ជួប សម្លាប់​ ហ្នឹង អត់​មាន​គ្រួសារ​មក ( សួរ​សុខ​ទុក្ខ​ទេ ) តែ​មាន​លុយ​ គេ​ផ្ដល់​ឲ្យ​ចាយ​រហូត គ្រប់គ្រាន់ ដែល​ហៅ​ថា ដេក​ស៊ី​មួយ​ស្រួល​។ ខ្ញុំ​កំពុង​តែ​ឆ្ងល់​កន្លែង​ហ្នឹង​ដែរ»

លោក គា វិសាល ឲ្យ​ដឹង​ទៀត​ថា ការ​ជួប​ជជែក​ជាមួយ​​ក្រុម​​គ្រួសារ ក៏​អ្នក​ទោស​នយោបាយ​មិន​ទទួល​បាន​​សិទ្ធិ​ពេញ​លេញ តាម​គោលការណ៍​៣០​នាទី​ដែរ។ លោក​ថា ឆ្មាំ​បាន​បង្ក​ការ​លំបាក​ ដោយ​ដាក់​របាំង​កញ្ចក់​៣​ជាន់ ឲ្យ​អ្នក​ទោស​នយោបាយ និង​សាច់​ញាតិ​ស្រែក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​លឺ ហើយ​ការ​ជួប​ មិន​បាន​ដល់​៥នាទី​ផង អនុរក្ស​មក​គោះ​​តុ​​មួយ​ទំហឹង ដែល​ខុស​គោលការណ៍​ច្បាប់។ លោក ប្រាប់​ទៀត​ថា ឆ្មាំ​ឃ្លាំមើល​ ស្ដាប់​ការ​កត់ត្រា​ រាល់​សកម្មភាព​របស់​អ្នក​ទោស​នយោបាយ។ ឯ​ឧក្រិដ្ឋជន​ខ្លះ​ ទទួល​សិទ្ធិ​ពិសេស ជួប​សាច់​ញាតិ​លើ​កញ្ចុះ​ កៀក​កើយ ជាមួយ​គ្នា​ក៏​មាន​ដែរ។​

ប្រធាន​ផ្នែក​​សិទ្ធិ​មនុស្ស​ និង​ដីធ្លី នៃ​សមាគម​អាដហុក លោក នី សុខា យល់​ថា ស្ថានភាព​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ក្នុង​ពន្ធនាគារ​ នៅ​តែ​បន្ត​ មាន​ដូច​កាល​លោក ជាប់​ឃុំ​ដោយ​អយុត្តិធម៌ កាល​ឆ្នាំ​២០១៧ ដដែល។ លោក ​បន្ត​ថា ពន្ធនាគារ​នៅ​កម្ពុជា មិន​ទាន់​គោរព​ស្តង់ដារ​ជា​មណ្ឌល​អប់រំ​កែប្រែ​ទេ។

លោក នី សុខា ថា រយៈ​ពេល​ជាប់​ឃុំ​​ជាង​មួយ​ឆ្នាំ (មេសា ២០១៦ ដល់ កក្កដា​២០១៧) លោក មិន​ដែល​ឃើញ ​ឆ្មាំ​ពន្ធនាគារ ​ហៅ​​អ្នក​ជាប់​ឃុំ​ ទៅ​​រៀន​សូត្រ អប់រំ​កែប្រែ​ទេ ​ប៉ុន្តែ​លោក​កត់​សម្គាល់​ថា ពន្ធនាគារ​ គឺ​ជា​កន្លែង​ចែក​រំលែក​បទពិសោធន៍​បច្ចេកទេស​លួច បច្ចេកទេស​​ប្លន់​ របស់​ក្រុម​ឧក្រិដ្ឋជន​​ទៅ​វិញ​ទៅ​មក​។ លោក ថា បើ​​រដ្ឋាភិបាល​ នៅ​តែ​មិន​កែប្រែ បន្ត​ឲ្យ​ពន្ធនាគារ​​ស្ថិត​ក្នុង​ស្ថានភាព​ចង្អៀត​ណែន មិន​មែន​កន្លែង​កែប្រែ​ពិត​ប្រាកដ​​ទេ ពន្ធនាគារ​នឹង​ក្លាយ​​ជា​សាលារៀន​របស់​ក្រុម​​ចោរ៖ « ដូច្នេះ​នៅ​ពេល​ដែល​គាត់​ជាប់​ជាមួយ​គ្នា​ហ្នឹង ខ្ញុំ​លឺ​គាត់​ជជែក​នៅ​ហ្នឹង​មុខៗ ខ្ញុំ​​។ គាត់​ថា ​ជជែក​គ្នា​តែ​ពី​បច្ចេកទេស​ហ្នឹង។ វា​គ្មាន​បាន​នេះ​ទេ ឧបមា​ថា អ្នក​លួច​ធ្លាប់​លួច​អ៊ីចឹង​ទៅ ទៅ​សួរ​គ្នា ពី​បច្ចេកទេស​​លួច​ហ្នឹង​វា​យ៉ាង​ម្ដេច ឲ្យ​វា​លួច​ទៅ​ពូកែ ឲ្យ​រួច​ខ្លួន​អ៊ីចឹង​ទៅ។ មួយ​យប់​ៗ លឺ​តែ​គាត់​ជំនុំ​គ្នា​រឿង​ហ្នឹង​ទេ។ និយាយ​ថា ដូច​កន្លែង​ប្ដូរ​បទ​ពិសោធន៍​ ដើម្បី​ឲ្យ​គាត់​ចេញ​មក​វិញ ធ្វើ​កាន់តែ​មាន​បច្ចេកទេស​កាន់​តែ​ខ្ពស់​។ វា​មិនមែន​ជា​កន្លែង​កែប្រែ​អប់រំ រួច​មិន​ដែល​ឃើញ​ហៅ​ពួកគាត់ ទៅ​អប់រំ កែប្រែ ឬ​ពន្យល់​គាត់ បង្រៀន​គាត់​ទេ។ ខ្ញុំ​អត់​ដែល​ឃើញ​ទេ»

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ ពី​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ លោក នុត សាវនា បាន​ទេ នៅ​ថ្ងៃ​ទី​១៧ កញ្ញា ដោយសារ​ទូរស័ព្ទ​ចូល​ច្រើន​ដង តែ​មិន​អាច​សន្ទនា​គ្នា​បាន។ តែ​យ៉ាង​ណា លោក នុត សាវនា ធ្លាប់​ប្រាប់​អាស៊ី​សេរី ថា ជា​គោល​ការណ៍​របស់​​​​ពន្ធនាគារ គឺ​អនុវត្ត​តាម​ច្បាប់​ ស្ដីពី​ពន្ធនាគារ ហើយ​​ការ​តាម​ស្ដាប់​សំឡេង កត់ត្រា ឃ្លាំមើល​សកម្មភាព​​របស់​អ្នក​ជាប់​ឃុំ​មួយ​ចំនួន​ ក៏​ធ្វើ​តាម​ច្បាប់​ដែរ ដោយ​បង្ការ​មាន ​បញ្ជា​ពី​ខាង​ក្នុង ​ឲ្យ​ប្រព្រឹត្តិ​បទ​ល្មើស​នៅ​ខាង​​ក្រៅ​ជាដើម។

គិត​ត្រឹម​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ២០២០ ចំនួន​អ្នក​កំពុង​ជាប់​ឃុំ ​សរុប​ក្នុង​ពន្ធនាគារ​ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៣៨.៩១១នាក់។ ក្នុង​នោះ ​ទណ្ឌិត​មាន​ចំនួន ១១.០៤៦នាក់។ ឯ​ជន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ​មិន​ទាន់​កាត់​ទោស មាន​ចំនួន ១៣.៧២៩​នាក់។ ១ ភាគ ៣ នៃ​អ្នក​ជាប់​ទាំង​អស់ គឺ​ពាក់ព័ន្ធ​ នឹង​បទ​ល្មើស​គ្រឿង​ញៀន៕

លោក គា វិសាល ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ទោស​នយោបាយ និមន្ត​លោក​ស្រោច​ទឹកតាម​ជំនឿ​ពុទ្ធសាសនា ពេល​ទើប​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ២០២០។
លោក គា វិសាល ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ទោស​នយោបាយ និមន្ត​លោក​ស្រោច​ទឹកតាម​ជំនឿ​ពុទ្ធសាសនា ពេល​ទើប​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ២០២០។ (រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម គណបក្ស​សង្គ្រោះ​ជាតិ)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។