អ្នកវិភាគ​ថា បើ​សិន​ជា​របប​លោក ហ៊ុន សែន នៅ​តែ​រំលោភ​សិទ្ធិ​មនុស្ស គឺ​របប​នេះ​នឹង​រង​សម្ពាធ​កាន់​តែ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ

ដោយ ទីន ហ្សាការីយ៉ា
2019-07-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខ អ្នកវិភាគនយោបាយ
លោក កឹម សុខ អ្នកវិភាគនយោបាយ
RFA

អ្នកវិភាគ​ថា ស្ថានទូត​សហរដ្ឋ​អាមេរិក​ចេញ​សារ​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​មនុស្ស​ទាំង​ឡាយ ដែល​របប​នេះ​ចាប់​ឃុំ​ខ្លួន​ទាក់ទង​រឿង​នយោបាយ និង​ឃុំ​ខ្លួន​ទាំង​បង្ខំ​នោះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ បើ​សិន​ជា​របប​លោក ហ៊ុន សែន មិន​ធ្វើ​តាម​ទេ ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក នឹង​ដើរ​តាម​មេរិក​ដែរ ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​របប​ក្រុង​ភ្នំពេញ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ នៅ​បន្ទាប់​ពី​ស្ថានទូត​អាមេរិក​ចាត់​ទុក​ការ​ឃុំ​ខ្លួន​យុវជន​ពីរ​នាក់ គឺ គង់ រៃយ៉ា និង សួងនាគ ព័ន្ធ និង​មនុស្ស​មួយ​ចំនួន​ទៀត ថា ជា​ការ​ចាប់​ឃុំ​ខ្លួន​ខុស​ច្បាប់ ដែល​ជា​ការ​រំលោភ​សិទ្ធិ​របស់​ពួក​គេ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​អះអាង​ថា ការ​ចាប់​ឃុំ​ខ្លួន​មនុស្ស​ទាំង​នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់ និង​ដើម្បី​រក្សា​សន្តិសុខ​សាធារណៈ ។

អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម លោក គឹម សុខ អះអាង​ថា របប​ក្រុង​ភ្នំពេញ​នឹង​រង​សម្ពាធ​ពី​ប្រទេស​លោក​សេរី​កាន់​តែ​ខ្លាំង បើ​សិន​ជា​របប​លោក ហ៊ុន សែន នៅ​តែ​បន្ត​ចាប់​ចាប់​ឃុំ​ខ្លួន​មនុស្ស​ទាំង​បង្ខំ​ចិត្ត និង​ធ្វើ​ឡើង​មាន​ចរិត​នយោបាយ​នោះ។

លោក គឹម សុខ មានប្រសាសន៍ថា ស្ថានទូត​ចេញ​សារ​ចំៗ ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​មនុស្ស​មួយ​ចំនួន​ឡើង​វិញ​នេះ គឺ​បង្ហាញ​ថា ស្ថានទូត​អាមេរិក​នឹង​មិន​ព្រងើយ​កន្តើយ​ចំពោះ​របប​ឯក​បក្ស​កំពុង​តែ​រំលោភ​សិទ្ធិ​មនុស្ស និង​គាប​សង្កត់​អ្នក​រិះគន់​ឡើយ។ លោក​បន្ថែម​ថា របប​លោក ហ៊ុន សែន នឹង​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដូចជា សហគមន៍​អឺរ៉ុប​ជា​ដើម៖ «»

របប​លោក ហ៊ុន សែន កំពុង​ប្រឈម​នឹង​បញ្ហា​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA និង GSP របស់​សហរដ្ឋ​អាមេរិក។ ទាំង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​បញ្ជាក់​​ជំហរ​របស់​ខ្លួន​​យ៉ាង​ច្បាស់ និង​​បាន​ដាស់តឿន​របប​ក្រុង​ភ្នំពេញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ប្រសិន​បើ​របប​នេះ​នៅ​ចង់​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅទៀត របប​នេះ​ត្រូវ​តែ​​​កែ​លម្អ ​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ឱ្យ​បាន​ពិត​ប្រាកដ​ និង​គួរ​ឱ្យ​ទុក​ចិត្ត​បាន។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅថ្ងៃទី១៥ ខែ​កក្កដា អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​យុវជន​ពីរ​រូប គឺ គង់ រ៉ៃយ៉ា សួង នាគព័ន្ធ និង​មនុស្ស​មួយ​ចំនួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ព្រោះថា តុលាការ​ចោទ​ប្រកាន់ ពួក​គេ​គ្មាន​មូលដ្ឋាន និង​មាន​លក្ខណៈ​នយោបាយ។  ស្ថានទូត​អាមេរិក​សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ដែល​ជា​ការ​យាយី​ពលរដ្ឋ​របស់​ខ្លួន ពិសេស​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន ដែល​ពួក​គេ គ្រាន់​តែ​ធ្វើពិធី​គោរព​ដល់​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដោយ​សន្តិវិធី​នោះ។

សេចក្ដី​ថ្លែង​ការណ៍​បន្ត​ថា ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​រូប គួរ​តែ​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​បាន​ពេញលេញ ក្នុង​ការ​បញ្ចេញ​ទស្សនៈ ដោយសេរី ដែល​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី​នោះ។ ស្ថានទូត​អាមេរិក តែងតែ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ចេញ នូវ​ការ​រឹតត្បិត​នយោបាយ​ដ៏​ហួសហេតុ​ទៅ​លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ដោះលែង អ្នក​ជាប់​ពន្ធនាគារ​ទាំង​ឡាយ​ណា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ឬ​ទាំង​ខុស​ច្បាប់ ហើយ​ប្រកាន់​ខ្ជាប់​នូវ​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ឆ្លើយ​តប​ភ្លាមៗ ថា វិធានការ​របស់​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ នេះ មិន​មាន​ចរិត​នយោបាយ​អ្វី​ឡើយ តែ​ជា​យន្តការ​អនុវត្តន៍​ច្បាប់ ដើម្បី​ទប់​ស្កាត់ និង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​ទប់​ស្កាត់ និង​ឃាត់​ខ្លួន ដែល​ពួក​គេ​បាន​ប្រឆាំង និង​រដ្ឋាភិបាល៖ «»

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់ អមរិន្រ្ទ បណ្ឌិត សុក សំអឿន ឱ្យ​ដឹង​ថា កន្លង​ទៅ​នេះ ឲ្យ​តែ​មាន​បណ្ដឹង​ចូល​តុលាការ គឺ​តុលាការ​តែងតែ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។ ប៉ុន្តែ​ចំពោះ​ការ​ឃាត់ ឃុំ​ខ្លួន​យុវជន​ថ្មីៗ នេះ​វិញ លោក​ពន្យល់​ថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពួក​គាត់ ពី​ព្រោះ​ថា ការ​ចោទ​ពី​បទ​ញុះញង់​តាម​ព្រហ្មទណ្ឌ​ទៅ​បាន​លុះ​ត្រា​តែ អ្នក​នោះ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ៖ «»

សកម្មជន​សង្គម​លោក គង់ រ៉ៃយ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​មួយថ្ងៃ មុន​ថ្ងៃ​ខួប​គម្រប់​ ៣ឆ្នាំ​បណ្ឌិត កែម ឡី បន្ទាប់ពី​លោក​បាន​ប្រកាស​លក់​អាវ​យឺត​ដែល​មាន​រូប​បណ្ឌិត កែម ឡី និង​ប្រសាសន៍​របស់​លោក​ថា “បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ ក៏​គង់​នឹង​រង​គ្រោះ​ដែរ គ្រាន់តែ​មិនទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ”។ ចំណែក​សកម្មជន​សង្គម​មួយ​រូប​ទៀត គឺ​លោក សួង នាគព័ន្ធ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ពេល​លោក​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ទីតាំង​ ស្តារ ម៉ាត កាល់តិច (Star Mart Caltex) ស្តុប​បូក​គោ ដោយ​រង​ការ​ចោទ​ថា បាន​ចែក​ខិត្តប័ណ្ណ​ញុះញង់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​បណ្ឌិត កែម ឡី។ ខ្លឹមសារ​នៃ​ខិត្តប័ណ្ណ​នោះ គឺ​ស្នើសុំ​ឱ្យ​មាន​ការបញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល