មន្ត្រីគណបក្សប្រឆាំងលើកឡើងថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា សំណុំរឿងកាត់ទោសជនក្បត់ជាតិ នឹងមិនរាថយឡើយ។ ការប្រកាសនៅពេលនេះ ទំនងជាលោកចង់សំដៅទៅលោក កឹម សុខា ហើយក៏ជាការបង្ហាញកាន់តែច្បាស់ថា សំណុំរឿងនេះ គឺជាល្ខោននយោបាយ ដែលលោក ហ៊ុន សែន ប្រឌិតឡើង ដើម្បីធ្វើបាបគណបក្សប្រឆាំង។
រីឯក្រុមអ្នកឃ្លាំមើលសង្គមវិញ ចាត់ទុកការថ្លែងរបស់លោក ហ៊ុន សែន បែបនេះ គឺរំលោភរដ្ឋធម្មនុញ្ញ និងប៉ះពាល់ដល់ឯករាជភាពរបស់តុលាការ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ម៉ន ផល្លា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសលើកឡើងថា ការកាត់ក្ដីលើប្រធានគណបក្សសង្គ្រោះជាតិ និងមន្ត្រីគណបក្សនេះផ្សេងទៀត គឺគ្រាន់តែជាការរៀបចំរបស់របបក្រុងភ្នំពេញប៉ុណ្ណោះ។ លោកបន្តថា តុលាការមិនអាចផ្ដល់យុត្តិធម៌ដល់ក្រុមគណបក្សប្រឆាំង ឬលោក កឹម សុខា បានទេ ដ៏រាបណាលោក ហ៊ុន សែន នៅតែលូកលាន់កិច្ចការផ្ទៃក្នុងរបស់តុលាការបែបនេះ៖ «ដំណើរមាតុភូមិនិវត្តន៍ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនឹងកើតមានឡើងក្នុងឆ្នាំ២០២០ ដ៏ខ្លី ដូច្នេះហើយការផ្លាស់ប្ដូរក៏កើតមានឡើងជាមួយដំណើរមាតុភូមិនិវត្តន៍»។
លោក ហ៊ុន សែន បាននិយាយជំនួសស្ថាប័នតុលាការថា អ្នកដែលបំផ្លាញជាតិមិនអាចរួចខ្លួនឡើយ ហើយដំណើរការផ្លូវច្បាប់នៅក្នុងតុលាការ ដើម្បីកាត់ទោសជនក្បត់ជាតិនោះ នៅតែបន្ត អត់មានថយក្រោយទេ។ ក្រៅពីនេះទៀត លោក ហ៊ុន សែន បញ្ជាក់ជាថ្មី កាលពីថ្ងៃទី២៤ កុម្ភៈថា គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយហើយនោះ នឹងមិនអាចឱ្យរស់ឡើងវិញដែរ៖ « ថ្ងៃនេះជូនសារជាក់លាក់ច្បាស់លាស់ថា កម្ពុជាមិនថយក្រោយលើការកាត់ក្តី ចំពោះជនក្បត់ជាតិ ជនដែលទទួលទណ្ឌកម្មទេ អ្វីដែលអ្នកឯងបានធ្វើអ្នកឯងត្រូវចាំអ្នកឯងយកថ្ងៃទី២៩ ខែធ្នូ ២០១៣ គឺជាថ្ងៃផ្តាច់ព្រាត់ក្នុងការផ្តួលរំលំ » ។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក រ៉ុង ឈុន យល់ថា ការថ្លែងបែបនេះរបស់លោក ហ៊ុន សែន គឺផ្ទុយពីជំហររបស់សហគមន៍អន្តរជាតិចង់បាន ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមិនហ៊ានចូលមកកម្ពុជា។ លោក រ៉ុង ឈុន បន្តទៀតថា សាររបស់លោក ហ៊ុន សែន នេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់តុលាការដែលស្ថាប័ននេះកន្លងមករងការរិះគន់ថា ស្ថិតក្រោមការបង្គាប់បញ្ជារបស់នាយករដ្ឋមន្ត្រី៖ «ជះឥទ្ធិពលអាក្រក់ទៅស្ថាប័នតុលាការឆ្លុះបញ្ចាំងថា ប្រព័ន្ធតុលាការនៅកម្ពុជាមិនឯករាជ្យអីទេ គ្រាន់តែតុលាការមួយចាំប្រថាប់ត្រាតាមនាយករដ្ឋមន្ត្រី»។
លើសពីនេះទៀត ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញពីរចំណុច។ ចំណុចទី១ មាត្រា៥១ថ្មីចែងថា អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ ចំណុចទី២ ដែលលោក ហ៊ុន សែន សន្មតថា លោក កឹម សុខា ជាជនក្បត់ជាតិមុនតុលាការកាត់សេចក្ដីនោះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញមាត្រា ៣៨ ដែលចែងថា វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ ជនជាប់ចោទណាក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។ ប្រការនេះ មានន័យថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺជាជនសង្ស័យ ដែលតុលាការកំពុងតែបន្តសំណុំរឿងជំនុំជម្រះនៅឡើយ ពោលគឺ តុលាការមិនទាន់សម្រេចថា លោក កឹម សុខា ជាជនក្បត់ជាតិ ឬយ៉ាងណានៅឡើយមកទល់ពេលនេះ។
សហមេធាវីការពារក្ដី លោក កឹម សុខា លោក មេធាវី ចាន់ ចេន សុំមិនធ្វើអត្ថាធិប្បាយលើករណី លោក ហ៊ុន សែន ហៅលោក កឹម សុខា ជាជនក្បត់ជាតិនេះឡើយ។ ប៉ុន្តែ លោកមេធាវី ចាន់ ចេន បញ្ជាក់ថា សហមេធាវីលោក កឹម សុខា នឹងចូលរួមសវនាការជំនុំជម្រះក្ដី លោក កឹម សុខា លើសំណុំរឿងចោទប្រកាន់ សន្ទិដ្ឋិភាពជាមួយបរទេស ឬក្បត់ជាតិនេះ នៅថ្ងៃទី២៦ ថ្ងៃទី២៧ កុម្ភៈនេះទៀត បន្ទាប់ពីក្រុមមេធាវី បានដើរចេញពីសវនាការកាលពីទី១៣ កុម្ភៈ។ លោក មេធាវី ចាន់ ចេន បានរំលឹកថា សវនាការកាលពីថ្ងៃទី១៣ កុម្ភៈដែលមានភាពចម្រូងចម្រាស់នោះ គឺចៅក្រមជំនុំជម្រះមិនបើកសិទ្ធិឲ្យសហមេធាវីលោក កឹម សុខា បានឡើងនិយាយការពារកូនក្ដីរបស់ខ្លួនឲ្យបានពេញលេញ ទី២ ចៅក្រមជំនុំជម្រះយកឯកសារភស្តុតាងចំនួន ១.១៩២ទំព័រ ដែលទើបយកមកពីចៅក្រមស៊ើបសួរ ទាំងសហមេធាវីលោក កឹម សុខា មិនមានឯកសារទាំងនោះ៖ «ក្រុមមេធាវីដើរចេញ គឺចៅក្រមឲ្យក្រឡាបញ្ជីទៅយកឯកសារពីចៅក្រមស៊ើបសួរ កាលណាសំណុំរឿងជំនុំជម្រះហើយ បែរជាភស្តុតាងនៅចៅក្រមស៊ើបនៅឡើយ ដែលរឿងនេះ វាខុសប្រក្រតី»។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា សំណុំរឿង លោក កឹម សុខា នេះ ជារឿងនយោបាយ។ លោកបន្ថែមថា សំណុំរឿងក្ដីលោក កឹម សុខា នេះ លោកមើលឃើញថា នឹងអូសបន្លាយពេលវេលា រហូតដល់បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ឬដល់ការបោះឆ្នោតអាណត្តិទី៧ ឆ្នាំ២០២៣ ជាដើម ដើម្បីកុំឲ្យមេបក្សប្រឆាំងរូបនេះធ្វើសកម្មភាពនយោបាយអ្វីបាន៖ «ខ្ញុំមើលឃើញខុសពីរដ្ឋាភិបាល ខ្ញុំផ្ដល់អត្ថន័យអ្នកទោសប្រព្រឹត្តិដោយខុសច្បាប់ និងអ្នកទោសនយោបាយ សម្រាប់អ្នកទោសនយោបាយ គឺគេយកមនុស្សទៅឃុំឃាំង គេចង់ឃុំឃាំង ១០ឆ្នាំក៏បានដែរ ហើយករណីលោក កឹម សុខា នេះ ជាករណីនយោបាយតាំងពីដើមទីមក»។
នេះមិនមែនលើកទីមួយទេ ដែល លោក ហ៊ុន សែន តែងប្រើវេទិកាសាធារណៈ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតុលាការ ។ កាលពីឆ្នាំ២០១៧ មុនពេលតុលាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ លោក ហ៊ុន សែន ក៏បាននិយាយមុនការសម្រេចរបស់តុលាការថា គឺគណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយចោល ក្រោយមកតុលាការកំពូលបានក៏សម្រេចរំលាយទៅតាមការចង់បានរបស់លោក ហ៊ុន សែន ដូច្នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។