អ្នក​វិភាគ​​ថា​​​លោក​ ​ហ៊ុន​ ​សែន​ ​កំពុង​​ព្យាយាម​​ពឹង​​វៀតណាម​​ឱ្យ​គាំទ្រ​​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត ​ស្នង​​តំណែង​​ជំនួស​​លោក​​

ដោយ សុជីវី
2021.04.25
អ្នក​វិភាគ​​ថា​​​លោក​ ​ហ៊ុន​ ​សែន​ ​កំពុង​​ព្យាយាម​​ពឹង​​វៀតណាម​​ឱ្យ​គាំទ្រ​​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត ​ស្នង​​តំណែង​​ជំនួស​​លោក​​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​មួយ​នា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ រូបឯកសារ
រូប៖ AFP

​​អ្នក​ឃ្លាំមើល​​សង្កេតឃើញ​ថា​ ​ការប៉ុនប៉ង​​ផ្ទេរ​អំណាច​​ពី​​ឪពុក​​ទៅ​កូន​​របស់​​លោក​ ​ហ៊ុន​ ​សែន​ ​បង្ហាញ​​កាន់តែ​​ច្បាស់​​នៅ​​ពេល​នេះ​។​ ​ពួកគេ​​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​មិន​​ទុក​ចិត្ត​​អ្ន​ក​ណា​​ក្រៅពី​​កូន​​របស់​​ខ្លួន​​នោះ​ទេ ​ក្នុង​ការ​​​​ដឹកនាំ​​ប្រទេស​​ជំនួស​​ព្រោះ​ខ្លាច​​ត្រូវ​គេ​​ស៊ើ​រើ​​ទោសកំហុស​​របស់​​លោក​​ក្នុង​ពេល​​ដឹកនាំ​​ប្រទេស​។​​

​អ្នក​វិភាគ​​នយោបាយ​​លោក​ ​គឹម​ ​សុខ​ ​យល់ថា​ ​វៀតណាម​​ដែល​ជា​​ចៅហ្វាយ​​ចាស់​​របស់​​លោក​ ​ហ៊ុន​ ​សែន​ ​នៅតែ​មាន​​ឥទ្ធិពល​​ក្នុង​ការ​​ជួយ​ជ្រោម​ជ្រែង​​ឱ្យ​​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​អាច​​ស្នង​​តំណែង​​ពី​​ឪពុក​​លោក​​បាន​។​ ​លោក​យល់​ថា​ ​លិខិត​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​​ផ្ញើ​ទៅ​មេដឹកនាំ​​វៀតណាម​​បង្ហា​ញ​​ពី​​គុណសម្បត្តិ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក្នុង​ការ​​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​៖ «លោក​ ​ហ៊ុន​ ​សែន​​ទំនង​​ប្រាប់​​មេដឹកនាំ​វៀតណាម​ថា​ ឱ្យជ្រោមជ្រែង​​ផែនការ​​ផ្ទេ​អំណាច​​ពី​​គាត់​​ទៅ​​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​​ផង​​ ​និយាយ​​ឱ្យ​​ចំ​បើ​​សិន​​វៀតណាម​​មិន​ជួយ​​ជ្រោមជ្រែង​​ទេ ​គីឡូ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​​មិន​​អាច​​ទប់​​ស្ថានការណ៍​​បានទេ​»។

​ប្រតិកម្ម​ពី​​អ្នក​វិភាគ​​បែប​នេះ​​​ក្រោយ​ពេល​​លោក​ ​ហ៊ុន​ ​សែន​ ​ប្រាប់​ទៅ​​​មេដឹកនាំ​វៀតណាម​​ថា​ ​កូនប្រុស​រ​បស់​​កំពុង​​ផ្ដល់​ក្ដី​សង្ឃឹម​​ដល់​​ពល​រដ្ឋកម្ពុជា​​ក្នុង​​ការ​​ទប់​​ស្កាត់​​ជំងឺ​​កូ​វី​ដ​១​៩​។​ ​លិខិត​ផ្ញើ​ទៅ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​​កុម្មុយនិស្ត​​វៀតណាម​​លោក​ ង្វៀ​ន​ ហ៊្វ​ចុង ​(N​guy​e​n ​P​h​u ​T​ron​g​) ​កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​មេសា​ ​លោក​ ​ហ៊ុន​ ​សែន​ ​បញ្ចេញ​ឈ្មោះ​​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ប្រាប់​ទៅ​មេដឹកនាំ​វៀតណាម​ថា​ ​កូនប្រុស​ច្បង​​របស់​លោក​​កំពុង​​រៀបចំ​​មន្ទីរពេទ្យ​​ព្យាបាល​​ជំងឺ​​កូ​វី​ដ​​១​៩​​ យ៉ាង​​ដុតដៃដុត​ជើង​។​

​ខណៈ​កម្ពុជា​​ផ្ទុះ​រីក​រាល​​ជំងឺ​កូ​វី​ដ​​ក្នុង​​ព្រឹត្តិការណ៍​​សហគមន៍​​លើក​ទី​៣​​​ លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ត្រូវបាន​តែងតាំង​ជា​​ប្រធាន​​អនុ​គណៈកម្មការ​​គ្រប់គ្រង​​សន្ដិសុខ​​ ​និង​​សណ្ដាប់​ធ្នាប់​​នៅ​​តាម​​គោលដៅ​​​និង​​តំបន់​​ច​ត្តាឡី​ស័ក​​​ចំណែក​​ភរិយា​​របស់​លោក​​​ដឹកនាំ​​ក្រុម​​គ្រូពេទ្យ​​ស្ម័គ្រចិត្ត​។​​

អ្នកនាំពាក្យ​​គណបក្ស​ប្រជាជន​​កម្ពុជា​​លោក​ ​សុខ​ ​ឥ​សាន​ ​ច្រានចោល​​ការ​លើកឡើង​​បែប​នេះ​​របស់​​ក្រុម​អ្នកវិភាគ​។​ ​លោក​ចោទប្រកាន់​​ថា​ ​ក្រុម​អ្នកវិភាគ​​និយាយ​ដោយ​​លំអៀង ​​និង​​អាង​តែ​ខ្លួន​​នៅ​​ក្រៅ​ស្រុក​​ចង់និ​យាយ​អ្វី​ស្រេចតែចិត្ត​។​ ​អ្នកនាំពាក្យ​រូប​នេះ​ ​នៅតែ​អះអាង​ដដែល​ៗ​ ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​​មិន​​ជ្រើស​រើស​​មេដឹក​នាំ​​​តាម​របៀប​​ពី​​ឪពុក​​​ទៅ​​កូន​​នោះ​ទេ​ ​ប៉ុន្តែ​​គឺជា​ការ​ធ្វើឡើង​​ដោយមាន​​ការ​​ឯកភាព​​ផ្ទៃក្នុង​​បក្ស​​ត្រឹមត្រូវ​៖ «សកម្មភាព​ទប់​ស្កាត់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩ ​មិនមែន​ជា​រឿងលើក​តម្កើង​អី​ទេ​ តែ​ជា​ការពិត​ជាក់ស្ដែង​ដែល​សកម្មភាព​ឯកឧត្តម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​លោក​បាន​ធ្វើ​យ៉ាងសកម្ម​អ្នកណា​ក៏​ឃើញ​ដែរ​»។

​ផ្ទុយពី​​ការ​​អះអាង​​អ្នកនាំពាក្យ​​បក្ស​​បែប​នេះ​​​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​​ជា​​មេ​បក្ស​កាន់អំណាច​​បាន​​ប្រកាស​​ថា​ ​លោក​កំពុង​​ជួយ​​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ឱ្យ​ក្លាយ​​ជា​​នាយ​ក​រដ្ឋមន្ត្រី​​។​​ ​

ទោះ​យ៉ាងណា​ ​ប្រធាន​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា​​នៅ​ប្រទេស​ន័​រ​វេ​ស​ (​Nor​way​) ​លោក​ ​ម៉ែន​ ​ណា​ត​ ​សង្កេត​ឃើញ​​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​កំពុង​​ព្យាយាម​​ផ្ដល់​​ឥទ្ធិពល​​ឱ្យ​​ស្ទើរ​តែ​​ទាំងអស់​​ដល់​​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ឱ្យ​ដោះស្រាយ​បញ្ហា​ជំងឺ​កូ​វី​ដ​​ដោយ​​មិន​បាន​​ផ្ដល់​​ឱកាស​​ឲ្យ​សែ​​​ស្រ​ឡាយ​​លោក​ ​ស​ ​ខេង​ ​លោក​ ​សាយ​ ​ឈុំ​ ​ធ្វើការងារ​​នេះ​​ទេ​។​ ​លោក​​បន្ត​ថា​ ​ការ​ងា​របស់​​លោក​​ហ៊ុន​ ​សែន​ ​ទៅ​​វៀតណាម​បែប​​នេះ​ ​ប្រហែលជា​​ចិន​​មិនបា​ន​​បង្ហាញ​​ការ​គាំទ្រ​​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ហើយ​​ចំណែក​​ផ្ទៃក្នុង​​បក្ស​​ក៏​​ទំនង​​មិន​​គាំទ្រ​​បេក្ខភាព​​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត ​ជានា​យក​រដ្ឋ​ម​ន្រ្តី​៖ «ព្យាយាម​បង្ហាញ​គុណសម្បត្តិ​អ្នកមាន​គុណ​របស់​គាត់​ (​លោក​ ​ហ៊ុន​ ​សែន​)​ គឺ​វៀតណាម​​ហ្នឹង​យ៉ាងណា​​ក៏​វៀតណាម​​ក៏​គេ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​​ការ​បញ្ចេញមតិ​យោបល់​ចំពោះ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ដដែល​ ​អា​​ហ្នឹង​ជា​មូលហេតុ​ដែល​វៀតណាម​គេ​មាន​ការប្រុងប្រយ័ត្ន​ដែរ​ ព្រោះ​ខ្ញុំ​យល់ថា​ ​វៀតណាម​គេ​ត្រូវ​ពិនិត្យមើល​គុណសម្បត្តិ​ ​ហ៊ុន​ ​សែន​ ​ស​ ​ខេង​ ​ម៉ែន​ ​សំ​អន​ ​ដែល​ជា​មនុស្ស​ចំណាស់​ៗ ​របស់​គេ​ ​មុនគេ​វាយ​តម្លៃ​ទៅ​ឱ្យ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​»។

លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បច្ចុប្បន្ន​មានមុខ​តំ​ណែ​រ​រាប់មិនអស់​។​ ​លោក​ជា​ឧត្តមសេនីយ៍​ផ្កាយ​៣​ កាន់​តួនាទី​ជា​អគ្គ​មេបញ្ជាការ​រង​កង​យោ​ពល​ខេមរភូមិន្ទ​ ​ជា​មេបញ្ជាការ​កងទ័ពជើង​គោក​ ​ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ​និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក​ ​ហ៊ុន​ ​សែន​។​ ​ទាំងនេះ​ ​លោក​សឹង​មានភារៈ​កិច្ច​ ​និង​តួនាទី​ច្រើនជាង​រដ្ឋ​ម​ន្រ្តី​ក្រសួង​ការពារ​ជាតិ​ទៅទៀត​។​ ​ចំណែក​នៅ​ក្នុង​គណបក្សប្រជាជន​កម្ពុជា​វិញ​ ​លោក​គឺជា​ស​មាជិ​ក​​គណៈ​អ​ចិន្ត្រៃយ៍​ស្ថិត​ក្នុងចំណោម​មនុស្ស​ ៣​៤​នាក់​ ​ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​។​ ​ក្រៅពី​នេះ​លោក​ក៏​ជា​ប្រធាន​ចលនា​យុវជន​ដឹកនាំ​សមាជិក​ជំនាន់​ក្រោយ​របស់​គណបក្សប្រជាជន​កម្ពុជា​ដែល​ភាគច្រើន​ជា​កូនចៅ​របស់​មន្ត្រី​ជំនាន់​មុន​។​

មេដឹកនាំ​បក្ស​ប្រឆាំង​ ​និង​អ្នកវិភាគ​លើកឡើង​ស្រដៀងគ្នា​ថា​ ​បើ​លោក​ ​ហ៊ុន​ ​សែន​ ​ហ៊ាន​លើក​បន្តុប​ឱ្យ​លោក​ ​ហ៊ុន​ ​ម៉ា​ ​ណែ​ត​ ​ដឹកនាំ​ប្រទេស​ពេលណា​ ​នឹង​មាន​បក្ស​ប្រហារ​ក្នុង​ផ្ទៃ​គណបក្ស​កាន់អំណាច​ភ្លាម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

ចាន់ រស្មី
Apr 25, 2021 08:28 PM

ស្រដៀងគ្នា រវាង ខ្សែ ស៊ីសុវត្ថិ និង ខ្សែ នរោត្តម