អ្នកវិភាគ​ថា គួរតែ​មាន​ការ​ស៊ើប​អង្កេត​ករណី​ចោទប្រកាន់​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី៤ រឿង​អំពើ​ពុករលួយ និង​ការ​រើសអើង​កងកម្លាំង

ដោយ សុ ជីវី
2024.09.03

អ្នកវិភាគ​បញ្ហា​សង្គម លើកឡើង​ថា ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ ចំពោះ​ការ​អះអាង របស់​កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី៤ ដែល​បកអាក្រាត​រឿង​អំពើ​ពុករលួយ និង​ការ​រើសអើង​មន្ត្រី ដែល​ហ៊ាន​ចេញ​មុខ​ការពារ​ផលប្រយោជន៍​ពលរដ្ឋ។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​អ្នកនាំពាក្យ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី៤ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់​ទុក​ការ​អះអាង​របស់​កងកម្លាំង​រូប​នោះ ជា​ការ​ញុះញង់​បង្កើត​បញ្ហា។

អ្នក​អត្ថាធិប្បាយ​បញ្ហា​នយោបាយ លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ៣ ខែ​កញ្ញា ថា ក្រសួងការពារជាតិ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គួរតែ​បើក​ការ​ស៊ើប​អង្កេត​មួយ ដើម្បី​បង្ហាញ​ភាព​ស្អាត​ស្អំ​របស់​បញ្ជាការដ្ឋាន​យោធភូមិ​ភាគទី៤ ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ នឹង​អំពើ​ពុករលួយ​កិបកេង​ប្រាក់​បៀវត្សរ៍​កង​កម្លាំង ការ​ជួល​មនុស្ស​មក​បង្ហាញ​ខ្លួន​ដើម្បី​ស៊ី​លុយ​ឈ្មោះ​ខ្មោច និង​ការ​រើសអើង​កងកម្លាំង​ដែល​ចេញ​មុខ​ការពារ​ពលរដ្ឋ​ជាដើម។

លោក គឹម សុខ៖ «ទាល់​តែ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​លាស់ ហើយ​ក្នុង​ស្ថានភាព​កម្ពុជា ការ​ស៊ើបអង្កេត​នោះ ត្រូវ​ធ្វើ​ដោយ​ចម្រុះ​អង្គភាព​ទើប​អាច​ធានា​បាន​ព្រោះ​រដ្ឋាភិបាល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​អស់​សេចក្ដី​ទុកចិត្ត​ទៅ​ហើយ ហើយ​ប្រព័ន្ធ​រដ្ឋបាល​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើបាប​ប្រជាពលរដ្ឋ​ហ្នឹង មិន​បាន​បំពេញ​កាតព្វកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ផង ។ ដូច្នេះ គ្រាន់​តែ​ឲ្យ​មនុស្ស​ផ្សេងៗ ​នៅ​ក្នុង​អង្គភាព​ទាហាន​ដូចគ្នា​មក​ឆ្លើយតប​ដើម្បី​បំបាក់​ទាហាន​ម្នាក់​ដែល​គាត់​និយាយ​អំពី​ភាព​មិន​ប្រក្រតី និង​រឿង​ពុករលួយ​នោះ មិន​មែន ជា​វិធី​ត្រឹមត្រូវ​ទេ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មហាជន កាន់​តែ​ចំអក​ថែម​ទៀត ចំអក​កាន់​តែ​ខ្លាំង»

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​មេក្រុម«»ដឹកជញ្ជូន នៃ​អង្គភាព​គ្រប់គ្រង​ឃ្លាំង​សព្វាវុធ យោធភូមិ​ភាគ​ទី៤ ​លោក រ័ត្ន ទីណា ដែល​មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី កាល​ពី​ថ្ងៃទី ២ ខែ​កញ្ញា បាន​ប្រើ​គណនី​ហ្វេសប៊ុក​ឈ្មោះ ជី ឌី ជីង (Gidi Jing) ផ្សាយបន្តផ្ទាល់ (Live) ដោយ​អះអាង​ថា លោក​ត្រូវ​បាន​មេបញ្ជាការ​ម្នាក់ ឈ្មោះ ប្រាក់ សារ៉ាន់ ធ្វើ​បាប​ដោយ​សារ​តែ​លោក​ជួយ​ពលរដ្ឋ​ស្លូត​ត្រង់។

ថ្លែង​ទាំង​អួល​ដើមក​ ក្នុង​ឯកសណ្ឋាន​កងកម្លាំង លោក រ័ត្ន ទីណា បាន​អះអាង​ថា លោក​កំពុង​រង​ការ​គំរាមកំហែង​ចាប់​ដាក់​ពន្ធនាគារ និង​រង​ការ​គំរាម​ដាក់​ឲ្យ​ចូល​និវត្តន៍​មុន​កំណត់ ឬ​ត្រូវ​ដក​ចេញ​ពី​ក្របខណ្ឌ​កងកម្លាំង បន្ទាប់​ពី​លោក​បាន​ចេញ​មុខ​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​ចំនួន​១៣គ្រួសារ ​នៅ​ឃុំ​ស្រយ៉ង់ ខេត្ត​ព្រះវិហារ​កាល​ពី​ពេល​កន្លង​ទៅ។ លោក ថែម​ទាំង​អះអាង​ថា មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី៤ ពុំ​បាន​ចាត់​វិធាន​ការ​ចំពោះ​អ្នក​លួច​គ្រាប់​រំសេវ​ក្នុង​បន្ទាយ​ឡើយ។ លោក បន្ត​អះអាង​ទៀត​ថា លោក​មាន​ឯកសារ​គ្រប់​គ្រាន់ អម​ដោយ​រូបភាព​ ដែល​បញ្ជាក់​ថា មេបញ្ជាការ​បាន​កិបកេង​ប្រាក់​បៀវត្សរ៍​របស់​លោក និង​ការ​ប្រព្រឹត្តិ​​អំពើ​ពុករលួយ មួយចំនួន​ទៀត។

លោក រ័ត្ន ទីណា៖ «គោរព​ដល់​ព្រះមហាក្សត្រ និង​សម្ដេច​ពុក​ជា​ទី​គោរព​ស្រឡាញ់​របស់​ខ្ញុំ ព្រម​ទាំង​សម្ដេច​មហា​បវរ​ធិបតី ​ហ៊ុន ម៉ាណែត ខ្ញុំ​ជា​ទាហាន​មួយ​រូប ដែល​ស្ម័គ្រចិត្ត​បម្រើ​ប្រជាពលរដ្ឋ ការពារ​ទឹកដី ការពារ​បងប្អូន រឿង​កន្លង​ខ្ញុំ​ពី​មុន​មក ខ្ញុំ​ឈឺចាប់​ណាស់​រាល់​ថ្ងៃ​នេះ រឿង​ដីធ្លី​ខ្ញុំ ខ្ញុំ​ឡាយ​ព្រោះ​ឃើញ​ប្រជាពលរដ្ឋ​របស់​ខ្ញុំ​គាត់​មាន​ទុក្ខ​លំបាក រឿង​អយុត្តិធម៌ រឿង​ដីធ្លី ដើម្បី​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ ដល់​ពេល​ខ្ញុំ​ជួយ​ប្រជាពលរដ្ឋ​ខ្ញុំ​បាន ថ្នាក់ដឹកនាំ​បាន​ឃើញ​ជួយ ហើយ​ជួយ​ខ្ញុំ មិន​គួរ​ណា​មេបញ្ជាការ​របស់​ខ្ញុំ​នេះ រក​រឿង​ខ្ញុំ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ខ្ញុំ​អត់​យល់​ចំណុច​ហ្នឹង​ទេ ។ ខ្ញុំ​ជា​ទាហាន ប្រជាពលរដ្ឋ​របស់​ខ្ញុំ​មាន​ទុក្ខ​លំបាក សួរ​ថា​ខ្ញុំ​ឈ​មើល​ឬ​អត់? ហើយ​ធ្វើ​បាប​ខ្ញុំ ខ្ញុំ​មិន​ដឹង​និយាយ​ថា​ម៉េច​ទេ ។ ពីមុន​មាន​គេ​ខល​មក​លេខ​ស្អី​ទេ អង់គ្លេស​ខ្ញុំ​មិន​ចេះ​មើល​ទេ គេ​ថា​គេ​មិន​ឲ្យ​ខ្ញុំ​នៅ​បាន​សុខ​ទេ បើ​នៅ​ជួយ​ប្រជាពលរដ្ឋ»

បន្ទាប់​ពី​លោក រ័ត្ន ទីណា បាន​ទំលាយ​រឿងរ៉ាវ​ពុករលួយ​មួយចំនួន​នៅ​ក្នុង​បញ្ជាការដ្ឋាន​យោធភូមិ​ភាគទី៤ អ្នកនាំពាក្យ​នៃ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី៤ លោក និត ណារ៉ុង កាលពី​ថ្ងៃទី ២ ខែ​កញ្ញា បាន​ចេញ​សេចក្ដី​បំភ្លឺ​ច្រាន​ចោល​ការ​លើកឡើង​នេះ ។ លោក ចាត់​ទុក អ្វី​ដែល​លោក រ័ត្ន ទីណា បាន​លើកឡើង​ថា ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​របស់​កងទ័ព។

ទន្ទឹម​នឹង​នេះ មេបញ្ជាការ​ទិស ឧត្តមសេនីយ៍ត្រី អៀម សំអូន បាន​រាយការណ៍​ទៅ មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគទី៤ លោក ពៅ ហេង ថា លោក រ័ត្ន ទីណា ជា​កងកម្លាំង ដែល​មិន​សូវ​ស្ដាប់​បញ្ជា​មេបញ្ជាការ ហើយ​តែង​ដើរហើរ ដោយ​សេរី​គ្មាន​ច្បាប់​ទម្លាប់។ លោក បន្ថែម​ថា លោក រ័ត្ន ទីណា បាន​ឡាយ​វីដេអូ លើ​បណ្ដាញ​សង្គម​វាយប្រហារ​លើ​មេបញ្ជាការ នៃ​អង្គភាព​គ្រប់គ្រង​ឃ្លាំង​សព្វាវុធ និង​បាន​ចោទប្រកាន់​ខុស​ពី​ការពិត និង​ញុះញង់ ប៉ះពាល់​ដល់​កិត្តិយស​កង​យោធពល​ខេមរភូមិន្ទ។

អ្វី ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ក្នុង​ការ​បក​ស្រាយ និង​រាយការណ៍​ជូន​មេ​បញ្ជាការ​ខាង​លើ​នេះ ពុំ​បាន​បក​ស្រាយ​ឲ្យ​ច្បាស់​ត្រង់​ចំណុច​អំពើ​ពុករលួយ ការ​កិប​កេង​ប្រាក់​បៀវត្សរ៍​កងកម្លាំង និង​ការ​គំរាមកំហែង​ផ្សេង​ទៀត​ឡើយ។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អនុសេនីយ៍ត្រី រ័ត្ន ទីណា និង​អ្នកនាំពាក្យ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី៤ លោក និត ណារ៉ុង ​ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៣ ខែ​កញ្ញា។ ចំណែក​ឯ​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក សយ ច័ន្ទវិចិត្រ ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

កាល​ពី​ឆ្នាំ២០២៣ លោក រ័ត្ន ទីណា ធ្លាប់​បង្ហោះ​វីដេអូ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល ឲ្យ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ចំនួន១៣ គ្រួសារ​នៅ​ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ជាមួយ​នឹង​លោក ឃុត វី។

លោក រ័ត្ន ទីណា៖ «រាល់​ថ្ងៃ គេ​ស្រឡាញ់​ណាស់ សម្ដេច​ពុក​សម្ដេច​ម៉ែ ដល់​ពេល​អា​មន្ត្រី​ល្ពៅ​មួយ​ចំនួន​តូច​ហ្នឹង វា​ធ្វើ​ឲ្យ​ធ្លាក់​សន្លឹក​ឆ្នោត វា​ធ្វើ​ឲ្យ​អាប់​អោន​កិត្តិយស​សម្ដេច​ពុក​សម្ដេច​ម៉ែ ហើយ​សម័យ​នេះ គេ​មិន​ជឿ​ទេ គេ​និយាយ​ថា វា​មិន​ដែល​អា​ណា​មាន​ប័ណ្ណ​កម្មសិទ្ធិ មាន​ឯកសារ​គ្រប់គ្រាន់ នៅ​តែ​គេ​ធ្វើបាប ។ បងប្អូន​បើ​មិន​ជឿ​ណា ខ្ញុំ​និយាយ​មែន​ណា មាន​ឯកសារ​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​លុយ​បាំង​មុខ​អស់​ហើយ ខ្ញុំ​និយាយ​ឲ្យ​ឃើញ​ខ្ញុំ​អត់​ខ្លាច​ទេ ខ្ញុំ​ជាប់​គុក​ក៏​ខ្ញុំ​អត់​ខ្លាច​ដែរ ខ្ញុំ​និយាយ​នេះ​ដក​ខ្លុំ​គ្រវាត់​ចោល​ក៏​ដក​ទៅ​បើ​ខ្ញុំ​និយាយ​ខុស ដក​ខ្ញុំ​ចោល​ទៅ ​ចុះ​បើ​ការ​ការពារ​ជាតិ​ទាំង​មូល​ដែរ ឡើង​សមរភូមិ​ខ្ញុំ​មិន​ដែល​ខ្លាច​ស្លាប់​ផង​ មិន​ដែល​ស្ដាយ​ជីវិត​ផង​បូជា​ជូន​ជាតិ​មួយ​ទាំង​មូល​ដែរ ចុះ​ខ្ញុំ​រស់នៅ​បន្តិច​បន្តួច​ម្ដេច​ក៏​ធ្វើ​បាប​ខ្ញុំ​ម្ល៉េះ»

រហូត​ដល់​ចុង​ឆ្នាំ២០២៣ លោក រ័ត្ន ទីណា បាន​កាន់​ទូរស័ព្ទ រារាំង និង​ថត​សកម្មភាព​មនុស្ស​មួយចំនួន ដែល​ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​កាំភ្លើង ហើយ​គំរាម​បាញ់​សម្លាប់​ពលរដ្ឋ ដោយ​អះអាង​ថា ខ្លួន​ជា​អាជ្ញាធរ​ចុះ​អនុវត្ត​ដីកា​របស់​តុលាការ។

លុះ​ដល់​ខែមីនា ឆ្នាំ២០២៤ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។ រហូត​ដល់​ចុងខែ មីនា ឆ្នាំ២០២៤ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​កសាង​សំណុំ​រឿង និង​បញ្ជូន​ឈ្មោះ ឃុត វី ទៅ​តុលាការ​ខេត្ត​ព្រះវិហារ ពី​បទ​ទន្រ្ទាន កាន់​កាប់​ដី​រដ្ឋ ដោយ​ខុស​ច្បាប់។

ទាក់ទិន​នឹង​ភាព​ក្លាហាន​និយាយ​ការពិត​របស់​លោក រ័ត្ន ទីណា នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​បើក​ការ​ស៊ើប​អង្កេត​មួយ​ដោយ​ឯករាជ្យ ដើម្បី​ឲ្យ​សាធារណៈ​ជន​អស់​មន្ទិល​សង្ស័យ និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ របស់​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី៤៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
អត្ថបទពេញនិយម
នយោបាយ
គណបក្ស​កម្លាំង​ជាតិ​បោះឆ្នោត​ជ្រើសតាំង​លោក ជា មុនី ធ្វើ​ជា​ប្រធាន​បក្ស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។