អ្នកវិភាគ លើកឡើងថា គម្រោងប្តឹងមេបក្សប្រឆាំងលោក សម រង្ស៊ី រឿងប្រមាថព្រះមហាក្សត្រនោះ ជារឿងនយោបាយ ព្រោះមានករណីរំលោភច្បាប់បង្កដោយមន្ត្រីរដ្ឋាភិបាល ប៉ុន្តែមិនត្រូវបានគេដោះស្រាយតាមផ្លូវច្បាប់នោះទេ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅសប្ដាហ៍នេះបានចេញអធិបញ្ជាឲ្យព្រះរាជអាជ្ញាចាត់វិធានការច្បាប់តឹងរ៉ឹងលើមេបក្សប្រឆាំងពីបទប្រមាថព្រះមហាក្សត្រមួយករណីថ្មីទៀត។ វីដេអូ ( អ្នកវិភាគថា គម្រោងប្តឹងលោក សម រង្ស៊ី រឿងប្រមាថព្រះមហាក្សត្រនោះ ជារឿងនយោបាយ)
អ្នកវិភាគនយោបាយបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា កន្លងមក លោក បានជំទាស់ជាសាធារណ:ទៅនឹងការបង្កើតឲ្យមានបទល្មើសព្រហ្មទណ្ឌ គឺបទប្រមាថព្រះមហាក្សត្រនេះ ហើយថែមទាំងទូលសុំដល់ព្រះមហាក្សត្រកុំឡាយព្រះហស្ថលេខាទទួលស្គាល់ទៀតផង។ លោក បន្តថា ចំពោះករណីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ប្រើប្រាស់អធិបញ្ជាឲ្យព្រះរាជអាជ្ញាបង្កសុំណុំរឿងប្រឆាំងលោក សម រង្ស៊ី ពីបទប្រមាថព្រះមហាក្សត្រនេះ គឺមិនខុសនោះទេ ព្រោះមានច្បាប់ ហើយរដ្ឋមន្ត្រីបានដឹងអំពីបទល្មើសនេះ។ ទោះជាយ៉ាងណា លោក យល់ថា គំនិតផ្តួចផ្តើមចោទប្រកាន់លើលោក សម រង្ស៊ី ក៏បានធ្វើឲ្យសុំណុំរឿងនេះមានទិដ្ធភាពនយោបាយដែរ ពីព្រោះអ្នកនយោបាយបក្សកាន់អំណាច និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនបានប្រើប្រាស់អធិបញ្ជាឲ្យមានភាពស៊ីសង្វាក់គ្នា ឬប្រើប្រាស់អធិបញ្ជានេះគ្រប់បទល្មើសព្រហ្មណ្ឌដែលកើតឡើងនោះទេ ដូចជាអំពើពុករលួយក្នុងជួរមន្ត្រីតុលាការ ដែលរដ្ឋមន្ត្រី បានលើកឡើងជាសាធារណ: និងបានធ្វើការព្រមានទៅទៀត។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ កាលពីថ្ងៃទី២៥ ធ្នូ បានស្នើព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ លោក ច្រឹង ខ្មៅ ឱ្យចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតលើលោក សម រង្ស៊ី ពីបទករណីប្រមាថព្រះមហាក្សត្រ ក្រោយពីមេបក្សប្រឆាំងរូបនេះ បង្ហោះសារថា លោក ហ៊ុន សែន បរាជ័យក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោងផងដែរ។
២៥ ធ្នូ ២០២០ / 25 December 2020 - Hun Sen accuses Sam Rainsy of the crime of "lèse-majesté" (1) ថ្ងៃនេះ តាមបញ្ជា ហ៊ុន...
Posted by Sam Rainsy on Friday, December 25, 2020
លោក កើត រិទ្ធ ចោទថា សាររបស់លោក សម រង្ស៊ី នេះ ជាការប្រមាថ និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ ហើយជាការរំលោភបំពានរដ្ឋធម្មនុញ្ញ និងជាបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។
ក្រោយការប្រកាសចាត់វិធានការនេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បង្ហោះសារបកស្រាយ កាលពីព្រលប់ថ្ងៃទី២៥ ខែធ្នូថា លោកមានសិទ្ធិសម្តែងមតិរបស់លោក ។ លោក បន្តថា លោក ហ៊ុន សែន យកព្រះមហាក្សត្រ ដើម្បីធ្វើជាខែល សម្រាប់ការពាររបបក្បត់ជាតិសព្វថ្ងៃ ហើយដើម្បីផ្តល់ភាពស្របច្បាប់ឲ្យរបបនេះ ដែលប្រជារាស្ត្រខ្មែរ ស្អប់ខ្ពើមជាទីបំផុត។
ទាក់ទងករណីនេះ អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងអ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក គុជ គីមឡុង បានទេនៅថ្ងៃទី ២៦ធ្នូនេះ។
ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ជុំវិញតួអង្គព្រះមហាក្សត្រនេះ បណ្ឌិត ឡៅ ម៉ុងហៃ បញ្ចេញទស្សនៈថា អ្នកនយោបាយ មិនត្រូវទិតៀនព្រះមហាក្សត្រឡើយ ប៉ុន្តែត្រូវទាមទារឲ្យរដ្ឋាភិបាលនិងស្ថាប័នជាតិឯទៀត ថ្វាយមធ្យោបាយចាំបាច់ដើម្បីឲ្យព្រះអង្គ អាចបំពេញព្រះរាជបេសកកម្មជូនជាតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោក ពន្យល់ថា ការយកមាត្រា៧នៃរដ្ឋធម្មនុញ្ញដែលថា ‘’ព្រះមហាក្សត្រ គ្រង់រាជសម្បត្តិ តែទ្រង់មិនកាន់អំណាច ‘’មកសំអាង ហើយមិនគាំទ្រ និងសហការជាមួយព្រះអង្គ ដើម្បីឲ្យព្រះអង្គបំពេញព្រះរាជសិទ្ធិ និងតួនាទីដូចក្នុងរដ្ឋធម្មនុញ្ញ គឺមិនត្រឹមត្រូវឡើយ។
រីឯអ្នកសិក្សាផ្នែកច្បាប់ យុវជន វ៉ន ចាន់ឡូត យល់ឃើញថា ការនិយាយការពិត ទោះបីដឹងថាមានទោសក៏ដោយ ដើម្បីឲ្យបុគ្គលម្នាក់ទៀតភ្ញាក់ខ្លួន ឬឆ្លុះបញ្ចាំងពីខ្លួនឯង គឺជាគុណតម្លៃមួយ។ ទន្ទឹមគ្នានេះ លោក យល់ថា ករណីក្រសួងយុត្តិធម៌ ចេញមុខចាត់វិធានការលើលោក សម រង្ស៊ី រឿងរិះគន់ព្រះមហាក្សត្រនេះ គឺមិនមែនជារឿងថ្មី ហើយមិនសមរម្យឡើយ ព្រោះអាចមិនមែនជាព្រះរាជបំណងរបស់ព្រះមហាក្សត្រ។
« អ្នកផ្សេងៗទៀត ដែលរិះគន់ព្រះមហាក្សត្រ ក៏ត្រូវបានតុលាការចោទប្រកាន់ដោយយកក្រមព្រហ្មទណ្ឌចោទប្រកាន់នេះ ដូច្នេះកន្លែងនេះ ខ្ញុំជាពលរដ្ឋមួយរូបក៏មិនសូវពេញចិត្តដែរចំពោះច្បាប់មួយហ្នឹង។ ការពិតការរិះគន់ចំពោះអង្គព្រះមហាក្សត្រក៏ដូចជាការរិះគន់បុគ្គលមួយដែរ ដូច្នេះគួរណាស់តែបុគ្គលដែលរងការរិះគន់ ហើយបើគាត់គិតថា ការរិះគន់នេះ មិនសមរម្យ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ គួរតែបុគ្គលហ្នឹង ជាអ្នកដែលប្តឹងទៅបុគ្គលដែលរិះគន់ខ្លួន ឬបរិហាកេរ្តិ៍ខ្លួន ព្រោះត្រឹមត្រូវជាង » ។
យុវជន វ៉ន ចាន់ឡូត ពិនិត្យឃើញថា សាររបស់លោក សម រង្ស៊ី គឺមិនមែនជាការប្រមាថនោះទេ ព្រោះអត្ថន័យនោះ លោក ចង់សំដៅទៅលើភាពអសកម្មរបស់ព្រះមហាក្ស ដោយសារវិបត្តិនយោបាយនៅកម្ពុជា បានកើតឡើងជាយូរណាស់មកហើយ ប៉ុន្តែព្រះអង្គ មិនបានចេញព្រះភ័ក្ត្រ ឬសូម្បីតែចេញព្រះរាជសារអំពាវនាវឲ្យមានការផ្សះផ្សារនយោបាយរវាងខ្មែរនិងខ្មែរ ឡើយ។ ទោះជាយ៉ាង លោក មិនចង់ឃើញអ្នកនយោបាយខ្មែរ ជាពិសេសគណបក្សសង្គ្រោះជាតិ ប្រើភាសារិះគន់ដល់អង្គព្រះមហាក្សត្រ នៅពេលនេះនោះទេ ព្រោះក្នុងពេល ដែលគណបក្សប្រឆាំង មានឱកាសធ្វើការក្នុងរដ្ឋសភា ក៏មិនបានជួយទាមទារឲ្យមានការកែប្រែច្បាប់ ដើម្បីថ្វាយព្រះរាជសិទ្ធិ និងអំណាចពេញលេញដល់ព្រះអង្គឡើយ។
« នយោបាយស្រុកយើងមិនទៅមុខសោះសឹងតែថយតែក្រោយ ដូច្នេះអ្នកនយោបាយមិនគួរចេះតែសម្លឹងឃើញតែកំហុសអ្នកដទៃជាជាងកំហុសខ្លួនឯងនោះទេ ។យើងត្រូវសម្លឹងមើលកំហុសខ្លួនឯងឲ្យបានច្រើន ហើយកែតម្រូវនូវកំហុសដែលខ្លួនធ្វើហ្នឹងឲ្យវាដើរលើផ្លូវត្រូវវិញ ដូច្នេះអាចធ្វើឲ្យស្ថានការនៅកម្ពុជា មានភាពល្អប្រសើរ ។ប្រសិនបើយើងទាល់ច្រក ហើយទៅបន្ទោសតែអ្នកនេះទៅអ្នកនោះ ព្រោះថា នរណាក៏គេមានទុក្ខដូចយើងចឹងដែរ » ។
មកទលទល់ពេលនេះ លោក សម រង្ស៊ី រងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រជាលើកទី៣ហើយ។ ទោះជាយ៉ាងណា កន្លងមក មេដឹកនាំរបបក្រុងភ្នំពេញ ក៏រងការចោទថា ប្រើភាសាប្រមាថព្រះមហាក្សត្រដែរ ប៉ុន្តែក្រសួងយុត្តិធម៌ និងក្រសួង ព្រះបរមរាជវាំងក្តី មិនដែលហ៊ានថ្កោលទោស ឬប្តឹងលោក ហ៊ុន សែន ឡើយ។ ផ្ទុយទៅវិញពួកគេ ថែមទាំងនាំគ្នាការពារលោក ហ៊ុន សែន ពីការរិះគន់នានាទៀតផង។
កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់គំរាមអតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ អំពីការរំលាយចោលរបបរាជានិយម ហើយនៅចុងឆ្នាំ២០១៨ លោកបាននិយាយថា ម៉ែឪស្តេច ក៏លោកមិនខ្លាចដែរ៕
