ជន​មិន​ស្គាល់​មុខ​លួច​កាត់​បំផ្លាញ​បដា​បក្ស​ភ្លើង​ទៀន​ជា​ច្រើន​កន្លែង​នៅ​ខេត្តសៀមរាប អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត

ជន​មិន​ស្គាល់​មុខ​លួច​កាត់​បំផ្លាញ​ផ្ទាំង​បដា​គោល​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​តាម​ឃុំ សង្កាត់​មួយ​ចំនួន​នៃ​ខេត្ត​សៀម​រាប​ជា​បន្ត​បន្ទាប់ អំឡុង​ពេល​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥​នេះ។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ភ្លើង​ទៀន​ចាត់​ទង្វើ​ទាំង​នោះ​ថា ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ។ មន្ត្រី​​​​​សង្គម​​​​​​ស៊ីវិល​ជំរុញ​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​ទប់ស្កាត់ និង​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ទៅ​តាម​ច្បាប់​​លើ​ជន​ប្រព្រឹត្ត។

គណបក្ស​ភ្លើង​ទៀន​ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ ដោយ​មាន​គេ​លួច​បំផ្លាញ​ស្លាក និង​បដា​គោល​នយោបាយ​រាប់​សិប​ករណី​នៅ​តាម​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​សៀម​រាប ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​សៀម​រាប​មិន​ដែល​បញ្ជាក់​មូលហេតុ​ឱ្យ​បាន​ច្បាស់​លាស់ ឬ​ស្វែង​រក​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​បាន​ម្ដង​ណា​ឡើយ។

សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​សៀមរាប លោក សុខ គឹមសេង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៤ ខែឧសភា​ថា រយៈ​ពេល ៤ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ មាន​បដា​សារ​នយោបាយ​របស់​បក្ស​ភ្លើង​ទៀន​ដែល​ចង​នៅ​ទីតាំង​សាធារណៈ​ជា​ច្រើន​ផ្ទាំង ត្រូវបាន​ជន​មិន​ស្គាល់​មុខ​លួច​កាត់​ផ្ដាច់ និង​ហែក​បំផ្លាញ​ជា​ហូរ​ហែ ដូច​ជា​នៅ​ឃុំ​ព្រះដាក់​នៃ​ស្រុក​បន្ទាយ​ស្រី​មាន​៩ករណី និង​សង្កាត់​សាលា​កំរើក ស្វាយ​ដង្គុំ និង​គោក​ចក​នៃ​ក្រុង​សៀម​រាប រួម​ទាំង​ស្រុក​មួយ​ចំនួន​ទៀត។ ដូច្នេះ​លោក​ចាត់​ទុក​ករណី​ទាំង​នេះ​ថា ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​បង្ក​បរិយាកាស​អាប់​អួ​មុន​ការ​បោះ​ឆ្នោត៖ «គណបក្ស​ភ្លើង​ទៀន​សូម​ឱ្យ​មាន​ការ​ការ​ពារ​សុវត្ថិ​ភាព​ដោយ​ស្មើ​ភាព​ទាំង​សុវត្ថិភាព​បេក្ខជន អ្នក​គាំទ្រ និង​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គណបក្ស​ត្រូវ​តែ​មាន​ការ​ការ​ពារ មិន​មែន​បាត់​បង់​តែ​គណបក្ស​ភ្លើង​ទៀន​ទេ តែ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ផ្សេង​ដែល​គេ​ចាត់​ទុក​ថា មិន​ជា​ការ​គំរាម​កំហែង ឬ​ប្រកួត​ប្រជែង​ធំ​ដុំ​ជា​មួយ​គេ​អត់​បាន​បាត់​បង់ អា​ហ្នឹង​គឺ​ជា​ការ​ប្រកួត​ប្រជែង​មួយ ដែល​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌»។

លោក សុខ គឹមសេង ឱ្យ​ដឹង​​ទៀត​ថា អាជ្ញាធរ​ខេត្ត​សៀមរាប​ហាក់​លម្អៀង​ទៅ​រកបក្ស​កាន់​អំណាច​ដោយ​ពួក​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ឬ​ពង្រឹង​កិច្ច​សហការ​ល្អជា​មួយ​បក្ស​ភ្លើង​ទៀន​នោះ​ទេ ដូច​ជា​ការ​ការ​ពារ​សុវត្ថិភាព​ចរាចរណ៍​អំឡុង​ពេល​ហែ​ក្បួន​ឃោស​ជា​ដើម។ ផ្ទុយ​ទៅវិញ​លោក​រក​ឃើញ​ថា អាជ្ញាធរ​ស្លៀក​ពាក់​ស៊ីវិល​បែរ​ជា​តាម​ថត​សកម្មភាព​ហែ​ក្បួន​ដើម្បី​រក​លេស​ចាប់​កំហុស​អ្នក​គាំទ្រ​របស់​លោក​ទៅ​វិញ។ មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ​បញ្ជាក់​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ពី​ករណី​មិន​ប្រក្រតី​ទាំង​នេះ​ទៅ​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការ​បោះឆ្នោត​ឆាប់ៗ​នេះ។

ឆ្លើយតប​នឹង​រឿង​នេះ ប្រធាន​លេខា​ធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​សៀម​រាប លោក នឹម វ៉ាន់សំ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បញ្ហា​ដែល​កើត​លើ​គណបក្ស​ភ្លើង​ទៀន​កន្លង​មក គណៈ​កម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កោះ​ប្រជុំ​អាជ្ញាធរ​ពាក់ព័ន្ធ​រួច​ហើយ ដើម្បី​ចាត់​វិធាន​ការ​ដោះ​ស្រាយ និង​ពង្រឹង​ការ​អនុវត្ត​សមត្ថ​កិច្ច​របស់​ខ្លួន​ឡើង​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី២៤ ខែ​ឧសភា។ លោក​អះអាង​ថា អាជ្ញាធរ​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សុខ​សុវត្ថិភាព​ជូន​គណបក្ស​នយោបាយ​ទាំង​អស់​ដោយ​ពុំ​មាន​ការ​រើស​អើយ​ដូច​ការ​លើក​ឡើង​នោះ​ទេ៖ «រឿង​នេះ​យើង​បាន​ដឹង​ហើយ យើង​កំពុង​ចាត់​ចែង​ហើយ វិធី​ស្រាវ​ជ្រាវ​យើង​នឹង​សហការ​ជា​មួយ​ប៉ូលិស​ប៉ុស្តិ៍​នៅ​មូលដ្ឋាន​ហ្នឹង​ឯង ដើម្បី​ចុះ​ស្រាវជ្រាវ ស៊ើប​អង្កេត​រឿង​ហ្នឹង អ៊ីចឹង​ពង្រឹង​សិន ហើយ​គ្រប់​គណបក្ស​នយោបាយ​មិន​មែន​តែ​គណ​បក្ស​ភ្លើង​ទៀន​ទេ»។

ទោះ​ជា​យ៉ាង​ណា បេក្ខជន​ចៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប លោក នង ធារ៉ា ប្រាប់​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត និង​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ជួយ​ស្រាវ​ជ្រាវ​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់​ព័ន្ធ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​រួច​ហើយ។ ប៉ុន្តែ​លោក​ហាក់​គ្មាន​ជំនឿ​ថា សមត្ថ​កិច្ច​ពាក់​ព័ន្ធ​រក​អ្នក​ប្រព្រឹត្ត​ឃើញ​នោះ​ឡើយ។ បេក្ខជន​ចៅ​សង្កាត់​រូប​នេះ​បន្ត​ថា បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​រូប​លោក និង​បេក្ខជន​ផ្សេង​ទៀត​ពិបាក​បញ្ជូន​សារ​នយោបាយ​ជូន​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​ដំណើរ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​គ្នា៖ «ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ជា​ខ្លាំង ពី​ព្រោះ​ករណី​នេះ គឺ​ករណី​ដែល​មិន​អាច​ទទួល​យក​បាន​ទេ ក្នុង​នាម​ខ្ញុំ​ជា​បេក្ខជន​មួយ​រូប​នៅ​ក្នុង​សង្កាត់​សាលា​កំរើក តែ​ត្រូវ​ជន​អនាមិក​មក​បំផ្លាញ​បដា​របស់​ខ្ញុំ​ ដែល​ចង​នៅ​តាម​ទី​សាធារណៈ»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គ​ការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ការ​លួច ឬ​បំផ្លាញ​ស្លាក បដា​ដែល​ជា​សម្ភារៈ​របស់​គណបក្ស​នយោបាយ គឺ​ជា​អំពើ​ល្មើស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស ប៉ះ​ពាល់​ដល់​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ដែល​អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់ និង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​ត្រូវ​ទប់​ស្កាត់​ទង្វើ​ខុស​ច្បាប់​ទាំង​នោះ​ឱ្យ​ខាង​តែ​បាន៖ «រូប​ភាព​នេះ​ប៉ះ​ពាល់​ដល់​ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​គណ​បក្ស អ៊ីចឹង​បាន​ទាមទារ​កុំ​ឱ្យ​ប៉ះពាល់​​ដល់​សកម្មភាព​គណបក្ស​នីមួយៗ ជា​ពិសេស​ផុសស្ទ័រ (Poster) និង​បេនន័រ (Banner) អី​ហ្នឹង។ សូម​ឱ្យ​បញ្ឈប់​សកម្មភាព​នេះ​ទៅ ព្រោះ​វា​ជា​សកម្មភាព​ខុស​ច្បាប់ ហើយ​សកម្មភាព​អីចឹង​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត»។

ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល និង​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​វាយ​តម្លៃ​ថា បើ​បរិយាកាស​នយោបាយ នៅ​តែ​ស្ថិត​ក្នុង​ភាព​អាប់អួ​បែប​នេះ នោះ​នឹង​មិន​អាច​ធានា​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥ នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី៥ ខែមិថុនា​ខាង​មុខ។ ក្នុង​នោះ​គណបក្ស​នយោបាយ​ចំនួន១៧ បាន​ចូល​ប្រកួតប្រជែង​ដណ្ដើម​យក​អាសនៈ​សមាជិក ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​មាន​ចំនួន​ជាង ១ម៉ឺន (១១.១២២) អាសនៈ ហើយ​ប្រជាពលរដ្ឋ​ជាង ៩លាន ២សែន​នាក់ បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត៕