ចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ តម្កល់សាលក្រមសាលាដំបូងទុកជាបានការ ដោយបដិសេធសំណើសុំនៅក្រៅឃុំសមាជិកក្រុមប្រឹក្សាខេត្តជាប់ឆ្នោតរបស់គណបក្សប្រឆាំង ២នាក់ គឺលោក ពៀត ម៉ាប់ និងលោក ស៊ុន ធន់ នៅថ្ងៃទី២៤ កក្កដានេះ។ សាច់ញាតិ និងសង្គមស៊ីវិល ហៅការសម្រេចនេះថា ជាករណីអយុត្តិធម៌ និងទាមទារឲ្យដោះលែងអ្នកទាំងពីរ ដោយឥតលក្ខខណ្ឌ និងជាបន្ទាន់។
មេធាវីការពារក្ដីឲ្យមន្ត្រីបក្សប្រឆាំង និងជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យទាំងពីរនាក់ គឺលោកមេធាវី សំ សុគង់ ប្រាប់ថា មេធាវីបានពិភាក្សាជាមួយកូនក្ដីរួចហើយ នឹងបន្តប្ដឹងទៅតុលាការកំពូលទៀត ដោយសារកូនក្ដីចាត់ទុកការសម្រេចនេះថា អយុត្តិធម៌៖« គេមិនទទួលតាមការស្នើសុំរបស់យើងទេ ហើយមេធាវី នឹងដាក់ពាក្យប្ដឹងសារទុក្ខទៅតុលាការកំពូល ដើម្បីឲ្យតុលាការកំពូលពិនិត្យឡើងវិញ » ។
ចំណែកកូនប្រុសរបស់លោក ស៊ុន ធន់ គឺ លោក ធន់ ធានី យល់ថា ការបន្តឃុំខ្លួនឪពុក មិនអាចទទួលយកបានទេ ព្រោះលោកអះអាងថា លោក ស៊ុន ធន់ ជាមនុស្សស្អាតស្អំ។ លោក ធន់ ធានី ទាមទារឲ្យតុលាការគ្រប់ជាន់ថ្នាក់ ដោះលែងលោក ស៊ុន ធន់ ព្រោះការចាប់ខ្លួននេះ ជារឿងនយោបាយ និងជាការបំបាក់ស្មារតីសមាជិកបក្សប្រឆាំង នៅតាមមូលដ្ឋាន មិនឲ្យហ៊ានធ្វើសកម្មភាពរិះគន់រដ្ឋាភិបាល៖ « ការសម្រេចហ្នឹង វាជារឿងអយុត្តិធម៌ ហើយការគាបសង្កត់ពីខាង ថ្នាក់ដឹកនាំពីខាងរដ្ឋាភិបាល មកលើតុលាការផង ការចាប់ចងនេះ ហើយជាបញ្ហាដែលយើងមិនអាចទទួលយកបានអ៊ីចឹងណា ព្រោះការចោទប្រកាន់បណ្ដឹងពាក់ព័ន្ធនឹងគាត់ហ្នឹង សុទ្ធតែគាត់មិនបានប្រព្រឹត្តិ ហើយជាការចោទប្រកាន់មានរយៈពេលពីរ បី ឆ្នាំកន្លងផុតមកហើយ ទើបយកមកចោទប្រកាន់ » ។
លោក ធន់ ធានី បន្តថា បច្ចុប្បន្នឪពុករបស់លោកស្គមជាងមុន និងឧស្សាហ៍ឈឺ នៅក្នុងពន្ធនាគារព្រៃស។ លោកឲ្យដឹងថា ឆ្មាំពន្ធនាគារមិនព្រមឃុំខ្លួនអ្នកទោសនយោបាយក្នុងបន្ទប់ឃុំឃាំងតែមួយតាមសំណើនោះទេ គឺឃុំអ្នកទោសនយោបាយបក្សប្រឆាំងទាំងអស់ នៅបន្ទប់ផ្សេងគ្នា នៅលាយឡំជាមួយក្រុមឧក្រិដ្ឋជន ហើយក្នុងបន្ទប់ឃុំខ្លួនលោក ស៊ុន ធន់ មានអ្នកជាប់ឃុំចំនួន ២៤នាក់។
អាជ្ញាធរខេត្តសៀមរាប និងខេត្តកំពង់ធំ បានចាប់ខ្លួន លោក ពៀត ម៉ាប់ និងលោក ស៊ុន ធន់ កាលពីចុងថ្ងៃទី២៦ ខែឧសភា និងថ្ងៃទី១ ខែមិថុនា បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ហើយចៅក្រមស៊ើបសួរ លោក កូយ សៅ បានចោទអ្នកទាំងពីរ ពីបទញុះញង់យោធិនមិនឲ្យស្ដាប់បញ្ជា និងចូលរួមគំនិតក្បត់ ពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ អ្នកទាំងពីរ ជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ គ្រូបង្រៀនទាំងពីរនាក់ ធ្លាប់ប្រាប់អាស៊ីសេរីថា ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ មក ពួកគាត់ តែងរងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ ដោយសារពួកគាត់ មិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ ការធ្វើទុក្ខបុក ម្នេញនោះ ដូចជា ករណីរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន លុបឈ្មោះ លោក ពៀត ម៉ាប់ ពីក្របខ័ណ្ឌគ្រូបង្រៀន ដោយចោទថា លោកអវត្តមាន មិនព្រមទៅបង្រៀន ក្នុងអំឡុងពេលលោកព្យួរឈ្មោះ ធ្វើជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប។ ឯលោក ស៊ុន ធន់ វិញ រងការផ្លាស់សាលាបង្រៀនច្រើនលើកច្រើនសារ និងចុងក្រោយកាលពីឆ្នាំ២០១៩ ជនមិនស្គាល់មុខ ៤នាក់ បានល្បួងលោក ស៊ុន ធន់ ឡើងឡាន នាំយកទៅវាយ ក្នុងចម្ការស្ងាត់មួយកន្លែង។
ជុំវិញករណីការបដិសេធសំណើសុំនៅក្រៅឃុំនេះ សង្គមស៊ីវិលឃ្លាំមើលសិទ្ធិគ្រូបង្រៀន ហៅការបន្តឃុំខ្លួន លោកទាំងពីរនេះថា ធ្វើឡើងដោយភាពអយុត្តិធម៌។ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ហៅការបន្តឃុំខ្លួន លោក ស៊ុន ធន់ និងលោក ពៀត ម៉ាប់ ថា ជាការបន្តធ្វើទុក្ខបុកម្នេញ លើសិទ្ធិនយោបាយរបស់គ្រូបង្រៀន ព្រោះការចាប់ខ្លួនធ្វើឡើងក្រោមរូបភាពនយោបាយ។ អ្នកស្រីទាមទារឲ្យតុលាការដោះលែង និងផ្ដល់ភាពស្អាតស្អំ ដល់សមាជិកសមាគមគ្រូបង្រៀនទាំង ៤នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ដោយសាររឿងនយោបាយនេះផងដែរ៖ «ស្រេចតែគេបញ្ជា ឬក៏ធ្វើទៅតាមស្ថានការណ៍នយោបាយ។ បើនយោបាយកម្ពុជាល្អប្រសើរទៅ គឺពួកគាត់បានរួចផុតចាកទុក្ខទោសនៅក្នុងពន្ធនាគារ។ ប៉ុន្តែបើក្ដៅគគុកដូចសព្វថ្ងៃនេះ តែងតែរងឥទ្ធិពលដោយអយុត្តិធម៌។ យើងសូមថ្កោលទោស»។
ចាប់តាំងពីដើមឆ្នាំ២០២០ មក របបក្រុងភ្នំពេញ បានចាប់ឃុំខ្លួនសមាជិកគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋានជិត ២០នាក់ហើយ ដោយចោទប្រកាន់ពីបទផ្សេងៗ ដែលអង្គការជាតិ និងអន្តរជាតិ មើលឃើញថា ជាការបង្ក្រាបឥតស្រាកស្រាន្ត ដើម្បីកម្ចាត់គណបក្សប្រឆាំង។ ចំណែកសកម្មជនបក្សប្រឆាំងជិត ២០នាក់ផ្សេងទៀត ត្រូវជនមិនស្គាល់មុខ លបលួចវាយរបួសក្បាល និងរបួសដៃ។ ជាងកន្លះឆ្នាំមកនេះ សមត្ថកិច្ចរកមិនដែលឃើញជនដៃដល់ និងអ្នកបញ្ជាពីក្រោយយកមកផ្ដន្ទាទោសនៅឡើយទេ៕