សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដោយផ្ដន្ទាទោសសកម្មជនបក្សប្រឆាំងលោក វឿង សំណាង ឱ្យជាប់ពន្ធនាគារ៦ឆ្នាំទុកជាបានការដដែលនៅថ្ងៃទី២៦ ខែមេសា។ ប៉ុន្តែគ្រួសារ និងមន្រ្តីសិទ្ធិមនុស្សយល់ថាការសម្រេចនេះជារឿងអយុត្តិធម៌ ហើយទាមទារឱ្យដោះលែងសកម្មជនរូបនេះឱ្យមានសេរីភាពឡើងវិញ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញនៅថ្ងៃទី២៦ ខែមេសា បានបដិសេធលើបណ្ដឹងសារទុក្ខរបស់សកម្មជនគណបក្សប្រឆាំងលោក វឿង សំណាង ពីបទរួមគំនិតក្បត់ និងញុះញង់ ទាក់ទងការបញ្ចេញមតិបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កន្លងទៅ។
សវនាការ និងការប្រកាសសាលដីកាក្នុងរឿងនេះ គឺធ្វើឡើងនៅមុខលោក វឿង សំណាង តែគ្រួសារជនជាប់ឃុំ ក្រៅពីខកចិត្ត ចំពោះការសម្រេចនេះហើយ ពួកគេរិះគន់តុលាការដែលមិនបានកោះហៅមេធាវីឱ្យចូលការពារក្តីថា ធ្វើឡើងមិនត្រឹមត្រូវ ជាពិសេសយកសេរីភាពអ្នកជាប់ឃុំនយោបាយទៅកាត់ក្តីបែបលេងសើច។
ប្រពន្ធសកម្មជនបក្សសង្គ្រោះជាតិលោក វឿង សំណាង គឺលោកស្រី ទៀង ចិន្តា ប្រាប់វិទ្យុអាស៊ីសេរីក្រោយចូលស្ដាប់សាលដីកាថាការសម្រេចរបស់តុលាការនេះជារឿងអយុត្តិធម៌ និងធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់លោក វឿង សំណាង បន្ថែមទៀត បន្ទាប់ពីជាប់ពន្ធនាគារដោយអយុត្តិធម៌អស់រយៈពេលជិត៣ឆ្នាំមកហើយ ស្របពេលលោកស្រី និងកូនកំពុងរងទុក្ខវេទនាទាំងជីវភាពគ្រួសារ និងជំពាក់បំណុលធនាគារថែមទៀត។ លោកស្រីបន្តទទូចដល់តុលាការដោះលែងប្ដីឱ្យមានសេរីភាពឡើងវិញ ពីព្រោះប្ដីលោកស្រីជាមនុស្សស្អាតស្អំដោយមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ។
លោកស្រី ទៀង ចិន្តា៖«ក្នុងគ្រួសារខ្ញុំពិតឈឺចាប់ណាស់ ដោយសារគាត់អត់បានប្រព្រឹត្តខុស ឬធ្វើខុសនឹងច្បាប់ជាតិទេ យកគាត់ទៅដាក់ពន្ធនាគារ កាត់ទោសដោយអត់មានភស្តុតាងច្បាស់លាស់គឺវាអយុត្តិធម៌ខ្លាំងបំផុតក្នុងនាមខ្ញុំជាគ្រួសារ ខ្ញុំមានតែស្នើសុំឱ្យតុលាការ និងរដ្ឋាភិបាលផ្តល់សិទ្ធិសេរីភាពដល់ប្ដីរបស់ខ្ញុំ ដោយផ្តល់ជាយុត្តិធម៌ ខ្ញុំសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់គ្រួសារខ្ញុំ និងគ្រួសារអ្នកទោសមនសិការទាំងអស់»។
កាលពីខែតុលា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសសកម្មជននិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១២នាក់ឱ្យជាប់ពន្ធនាគារចន្លោះពី ៥ ដល់ ៨ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមទាក់ទងការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីឆ្នាំ២០២១ រិះគន់អតីតថ្នាក់ដឹករដ្ឋាភិបាលលួចទិញសញ្ជាតិបរទេសនៅប្រទេសស៊ីប (Cyprus) និងការអំពាវនាវឲ្យពលរដ្ឋផ្អាកសងបំណុលមួយរយៈពេលទាំងការទាំងដើម អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ក្នុងសកម្មជនកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសម្នាក់គឺ លោក វឿង សំណាង ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ ហើយពិន័យជាប្រាក់ ៤លានរៀល។ ប៉ុន្តែតុលាការបានព្យួរសាកល្បង ចំពោះលោក លោក វឿន វាសនា បន្ទាប់ពីលោកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ឃុន លាងម៉េង ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី២៦ ខែមេសា។
ទាក់ទងរឿងនេះ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត កត់សម្គាល់ថា អ្នកនយោបាយ និងពលរដ្ឋមួយចំនួនដែលបញ្ចេញមតិរិះគន់រដ្ឋាភិបាលតែងតែរងការចោទ និងចាប់ខ្លួនដាក់ពន្ធនាគារ។ លោកបន្តថា តុលាការជាន់ខ្ពស់តែងតែតម្កល់សំណុំរឿងផ្ដន្ទាទោសលើសកម្មជនបក្សប្រឆាំងឱ្យជាប់គុកជាបន្តបន្ទាប់ដែលបញ្ហានេះបាននាំឱ្យសហគមន៍ជាតិ អន្តរជាតិបន្តរិះគន់ថា ជារឿងនយោបាយ និងប៉ះពាល់បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជា។
លោក យី សុខសាន្ត៖«កន្លងមកយើងមើលឃើញសូម្បីតែអ្នកគាំទ្រនយោបាយតិចតួច រិះគន់តិចតួច គេចោទទៅជាញុះញង់ ហើយឥឡូវនេះញុះញង់ក្លាយទៅជាពាក្យថ្មីសម្រាប់សមត្ថកិច្ច ក៏ដូចជាតុលាការយកមកប្រើប្រាស់លើអ្នកដែលហ៊ានរិះគន់ អ៊ីចឹងយើងសុំដ៏ទទូចរឿងនយោបាយត្រូវដោះស្រាយតាមផ្លូវនយោបាយទើបជាតិយើងមានការផ្សះផ្សាបានបាទ»។
លោក វឿង សំណាង ត្រូវបានសមត្ថកិច្ចកម្ពុជា បានសហការជាមួយអាជ្ញាធរថៃ ចាប់បញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិរូបនេះពីប្រទេសថៃ ក្នុងពេលលោក កំពុងភៀសខ្លួនទៅទីនោះយកទៅឃុំខ្លួននៅពន្ធនាគារក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៩ តុលា ឆ្នាំ២០២១។ សាលាដំបូងរាជធានីភ្នំពេញកាលពីខែធ្នូ ឆ្នាំ២០២២ បានផ្ដន្ទាទោសលោក វឿង សំណាង ព្រមទាំងសកម្មជន និងថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន ៣៧នាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗចន្លោះពី ៥ឆ្នាំ ទៅ ៧ឆ្នាំ ពីបទរួមគំនិតក្បត់ ពាក់ព័ន្ធនឹងរឿងគម្រោងការវិលចូលស្រុករបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីដើមខែមករា ឆ្នាំ២០២១។
ប្រពន្ធលោក វឿង សំណាង បញ្ជាក់ថាលោកស្រីនឹងប្តឹងជំទាស់ករណីនេះទៅតុលាការកំពូល ដើម្បីជួយរកយុត្តិធម៌បន្តទៀត បើទោះការប្ដឹងនេះមិនរំពឹងទទួលបានយុត្តិធម៌យ៉ាងណាក្ដី ក៏ប៉ុន្តែដើម្បីបង្ហាញភាពស្អាតស្អំរបស់លោក វឿង សំណាង ឱ្យសាធារណជនដឹងថា ក្ដីក្ដាំនេះជារឿងអយុត្តិធម៌និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។