មេ​ប៉ូលិស​ក្រុង​បាត់ដំបង​ត្រួត​ពិនិត្យ​ម្រាម​ដៃ​មន្ត្រី​ក្រោម​បង្គាប់​​រក​មុខ​អ្នក​មិន​ទៅ​បោះ​ឆ្នោត

ដោយ មាន ឫទ្ធិ
2018-08-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​នៃ​អធិការ​នគរបាល​ក្រុង​បាត់ដំបង​លើក​ចង្អុល​ដៃ​ជ្រលក់​ទឹក​ខ្មៅ​បង្ហាញ​ប្រធាន​អង្គភាព កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា។
ប៉ូលិស​នៃ​អធិការ​នគរបាល​ក្រុង​បាត់ដំបង​លើក​ចង្អុល​ដៃ​ជ្រលក់​ទឹក​ខ្មៅ​បង្ហាញ​ប្រធាន​អង្គភាព កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា។
Provided photo

អធិការ​នគរបាល​ក្រុង​បាត់ដំបង​ បាន​​ត្រួតពិនិត្យ​ម្រាមដៃ​លើ​មន្ត្រី​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន ​ ដើម្បី​រក​មុខ​​មន្ត្រី​ណា​ដែល​មិនបាន​​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩​ កក្កដា​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​បាត់ដំបង ចាត់​ទុក​ទង្វើ​នេះ​ថា ​ជា​ការ​គំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​របស់​កងកម្លាំង​ក្រោម​ឱវាទ​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច។

វិធានការ​របស់​អធិការ​នគរបាល​ក្រុង​បាត់ដំបង​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​​​ពេល​មន្ត្រី​​ក្នុង​អង្គការ​ឈរ​តម្រង់​ជួរ​គោរព​ទង់ជាតិ​ កាល​ពី​ថ្ងៃ​ទី​៣១ ​កក្កដា​។

មន្ត្រី​ប៉ូលិស​អធិការ​នគរបាល​ក្រុង​បាត់ដំបង​មិន​ហ៊ាន​បញ្ចេញ​ម្នាក់​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ សីហា ​មន្ត្រី​ប៉ូលិស​នៅ​ក្រុង​បាត់ដំបង​ទាំង​អស់​ បាន​លើក​ម្រាមដៃ​ព្រមគ្នា​ភ្លាមៗ​ ដោយ​មិន​ហ៊ាន​ប្រឆាំង​នឹង​បញ្ជា​របស់​លោក​អធិការ​​ក្រុង​បាត់ដំបង​ឡើយ។ មន្ត្រី​នគរបាល​រូប​នេះ​អះអាង​ទៀត​ថា មន្ត្រី​ទាំង​អស់​សុទ្ធតែ​បាន​ទៅ​បោះឆ្នោត ដោយសារ​​​មាន​ទឹក​ថ្នាំ​ប្រឡាក់​ជាប់​ម្រាមដៃ តែ​ការ​ទៅ​បោះឆ្នោត​នេះ​មិន​មែន​កើត​ចេញពី​ការ​​ស្ម័គ្រចិត្ត​នោះ​ឡើយ​ ព្រោះ​មុន​បោះឆ្នោត​ប្រធាន​ស្ថាប័ន​បាន​បង្ខំ​ឲ្យ​ប៉ូលិស​​ត្រូវ​តែ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា៖ «នៅ​ពេល​គោរព​ទង់ជាតិ​នឹង​គឺ​ជា​ការ​ណែនាំ​របស់​ប្រធាន​​ស្ថាប័ន​នឹង​ត្រូវ​ឲ្យ​បង្ហាញ​ចង្អុល​ម្រាម​ដៃ ថា​បាន​ទៅ​បោះឆ្នោត​ឬ​មិន​បាន​ទៅ​បោះឆ្នោត​ ព្រោះ​មុន​​នឹង​បោះឆ្នោត​ស្ថាប័ន​ថា​ដាច់​ត្រូវ​តែ​​ទៅ​បោះ​ឆ្នោត​ ដល់​អីចឹង​ដល់​ពេល​បោះឆ្នោត​រួច​ត្រូវ​តែ​ប្រជុំ ជួ​ពិនិត្យ​មើល​ម្រាមដៃ»

​​​​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ អធិការ​នគរបាល​ក្រុង​បាត់ដំបង​លោក ប៉ាង ហៀង មាន​ប្រសាសន៍​ថា មន្ត្រី​ប៉ូលិស​ដែល​លោក​គ្រប់គ្រង​ទៅ​បោះឆ្នោត​ដោយ​ស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯង​ ហើយ​គ្មាន​មន្ត្រី​ណា​បង្ខិតបង្ខំ​នោះ​ឡើយ។ចំណែក​ការ​លើក​ម្រាមដៃ​លើក​ម្រាមដៃ​នោះ​ លោក ប៉ាង ហៀង អះអាង​ថា មន្ត្រី​ប៉ូលិស​បាន​លើក​បង្ហាញ​ដោយ​ខ្លួន​ឯង ដើម្បី​បញ្ជាក់​ថា​ពួកគាត់​បាន​ប្រើ​សិទ្ធិ​ជា​មន្ត្រី៖ «អានឹង​ស្រេច​តែ​គេ​តើ​ព្រោះ​ជា​សិទ្ធិ​របស់​គេ​មិន​មាន​បង្ខំ​អី​គេ​ សំខាន់​ជាង​គេ​គឺ​ឆន្ទៈ​របស់​បុគ្គល​ម្នាក់​តើ​ ហើយ​គេ​បាន​ថត​រូប​បង្ហោះ​គ្រប់​តែ​គ្នា​នឹង​ វា​មាន​តែ​ស្អី»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​អាដហុក​(Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី​ លើក​ឡើង​ថា បទ​បញ្ជា​នេះ​ គឺ​ជា​ការ​​​បង្ខិតបង្ខំ​ បិទ​សិទ្ធិ​សេរី​ភាព​ដល់​មន្ត្រី​ប៉ូលិស​​ធ្វើ​ឲ្យ​ពួកគាត់​មាន​ការ​ភ័យ​ខ្លាច​ ហើយ​ពួកគាត់​ចាំ​បាច់​ត្រូវ​តែ​ទៅ​បោះឆ្នោត​ ព្រោះ​ខ្លាច​ស្ថាប័ន​របស់​ពួកគាត់​ពិន័យ​ក្រោយ​ពេល​បោះឆ្នោត​រួច៖ «យើង​សុំ​កុំ​ឲ្យ​មាន​អាជ្ញាធរ​ក្ដី​សមត្ថកិច្ច​ក្ដី​ឬ​អង្គភាព​ក្រុម​ហ៊ុន​ឯកជន​ក្ដី​ មេត្តា​កុំ​យក​បញ្ហា​នេះ​ធ្វើ​ជា​គំនាប​ដើម្បី​​ដាក់​បន្ទុក​ទៅ​លើ​បុគ្គល​ណា​ដែល​មិន​មាន​ស្នាម​ទឹក​ថ្នាំ​ប្រឡាក់​នោះ​ ព្រោះ​ជា​ការ​ប្រើ​សិទ្ធិ​របស់​គាត់​ ព្រោះ​ការ​បោះឆ្នោត​នេះ​ពុំ​មែន​ជា​កាតព្វកិច្ច​ទេ​ បាន​ន័យ​ថា​គាត់​ចង់​ទៅ​បោះ​ក៏​បាន​មិន​ទៅ​ក៏​បាន​ដែរ»

លោក​ យិន ម៉េងលី​ បន្ថែម​ទៀត​ថា​ ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ភាគ​ច្រើន​​មិន​សប្បាយ​ចិត្ត​នឹង​ចំនួន​តួលេខ​អ្នក​ទៅ​បោះឆ្នោត​ដែល​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ប្រកាស​មាន​ជាង​៨២​ភាគរយ​នោះ​ ព្រោះ​នៅ​តាម​ការិយាល័យ​ខ្លះ​មិន​សូវ​មាន​អ្នក​ទៅ​បោះឆ្នោត​ដូច​កាល​ពី​ឆ្នាំ​២០១៧​នោះ​ទេ​ ហើយ​ពួកគាត់​ក៏​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល