កម្ពុជា​ត្រៀម​ជម្លៀស​ប្រជាជន ​២​ឃុំ​ជាប់​ព្រំដែន​ឡាវ ក្នុង​ករណី​ផ្ទុះ​អាវុធ​ជាមួយ​ទាហាន​ឡាវ

ដោយ មួង ណារ៉េត
2019-08-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កងកម្លាំង​យោធា​កម្ពុជា ត្រៀម​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ នៅ​ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៧។
កងកម្លាំង​យោធា​កម្ពុជា ត្រៀម​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ នៅ​ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៧។
RFA

កងទ័ព​កម្ពុជា និង​ឡាវ​កំពុង​ប្រឈមមុខ​ដាក់គ្នា​នៅ​តំបន់​ព្រំដែន​មុំ​បី​នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ។ អាជ្ញាធរ​កម្ពុជា​ត្រៀម​លក្ខណៈ​ជម្លៀស​ប្រជាជន ២​ឃុំ​ចេញពី​លំនៅឋាន ក្នុង​ករណី​មាន​ការ​ផ្ទុះ​អាវុធ​ណាមួយ​កើតឡើង។

អាជ្ញាធរ​មូលដ្ឋាន​កំពុង​ត្រៀម​ជម្លៀស​ពលរដ្ឋ​ភូមិ​របុញ ភូមិ​សែនតេជៈ និង​ភូមិ​តេជោ​មរកត នៃ​ឃុំ​មរកត ព្រមទាំង​ភូមិ​សែន​រុងរឿង​៥ នៃ​ឃុំ​ទឹក​ក្រហម ដែល​មាន​ទីតាំង​ជាប់​ព្រំដែន​ឡាវ ចេញពី​លំនៅឋាន ប្រសិនបើ​ស្ថានការណ៍​កាន់តែ​តានតឹង​ដែល​អាច​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់គ្នា​រវាង​កងទ័ព​កម្ពុជា និង​ឡាវ។

មេឃុំ​មរកត លោក ដៀប វាយ ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣ សីហា​ថា អាជ្ញាធរ​ថ្នាក់លើ​បាន​ប្រាប់​ព័ត៌មាន​នេះ​មក​លោក​រួចហើយ ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​ជូនដំណឹង​នេះ​ទៅ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​នៅឡើយ​ទេ ដោយ​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​ជា​មុន​សិន​។ លោក​បញ្ជាក់​ថា ភូមិ​ទាំង ​៣​នៃ​ឃុំ​របស់​លោក ដែល​អាច​ត្រូវ​ជម្លៀស​ចេញ​នោះ មាន​ពលរដ្ឋ​ជាង ៣​រយ​គ្រួសារ ដោយឡែក​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​សែន​រុងរឿង​៥ វិញ លោក​មិន​ដឹង​ថា មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​នោះ​ឡើយ។

អាជ្ញាធរ​មូលដ្ឋាន​រូប​នេះ​បញ្ជាក់​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​មាន​ការ​ប្រឈម​មុខ​ដាក់គ្នា​តានតឹង​រវាង​ទាហាន​ខ្មែរ និង​ទាហាន​ឡាវ នៅ​ចំណុច​មុំ​បី។ លោក​មិន​បាន​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​នាំ​ឱ្យ​កើតមាន​បញ្ហា​នេះ​ទេ ក៏ប៉ុន្តែ​លោក​ថា កាលពី​ថ្ងៃ​ទី​១៤ សីហា ទាហាន​ខ្មែរ​បាន​ដើរ​ល្បាត​នៅ​តាម​ព្រំដែន រួច​ខាង​ភាគី​ឡាវ​ស្រាប់តែ​បញ្ជូន​កម្លាំង​របស់​ខ្លួន​មក​កាន់តែ​ច្រើន បង្កើត​ឱ្យ​មាន​ស្ថានភាព​ប្រឈម​មុខ​ដាក់គ្នា​រវាង​កង​ទ័ព​ទាំងពីរ៖ «ខ្ញុំ​អត់​ទាន់​ហ៊ាន​ផ្សព្វផ្សាយ​ទេ​ការងារ​ហ្នឹង ពីព្រោះ​ថា វា​មិនទាន់​កើត​អី។ បើ​បញ្ហា​ហ្នឹង​វា​អាច​ប្រឈម​នឹង​ការ​ផ្ទុះ​អាវុធ អាហ្នឹង​បាន​ខ្ញុំ មាន​បទបញ្ជា​ពី​ថ្នាក់លើ​ថា ឱ្យ​ត្រូវ​ចេញ ឧទាហរណ៍​អ៊ីចឹង​បាន​ខ្ញុំ​ចេញ​តាម​គេ​។ បើ​ខាង​នោះ​មិន​ទាន់​បញ្ជា​ទេ ចេញ​ទៅ​មាន​អ្នក​ណា​គ្រប់គ្រង»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រភព​ពី​ភាគី​ឡាវ ថា ​ស្ថានការណ៍​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នៅ​ធម្មតា ដោយ​មិន​ប្រឈម​មុខដាក់​គ្នា​នោះ​ឡើយ។ ប្រភព​ដដែល​បន្ថែម​ថា ថ្មីៗ នេះ មាន​ទាហាន​ខ្មែរ​ស្រវឹង​ស្រា ស្រែក​ឡូឡា​បញ្ជា​ឱ្យ​ទាហាន​ឡាវ ដក​ចេញ​ពី​ទីតាំងដែល​ពួកគេ​កំពង់ឈរ​ជើង​នោះ បើ​មិន​ដូច្នេះ​ទេ​ភាគី​កម្ពុជា​នឹង​ប្រើ​កម្លាំង​ទ័ព

អ្នក​នាំពាក្យ​កង​ទ័ពជើងគោក លោក ម៉ៅ ផល្លា បាន​បញ្ជាក់​ប្រាប់វិទ្យុ VOD ថា កង​ទ័ព​ឡាវ​បាន​លើក​​គ្នា​ចូល​មក​កាន់​កាប់​​ទឹកដីខ្មែរ ហើយ​ពេល​នេះ​ភាគី​កម្ពុជា​កំពុង​ទាម​ទារ​ឱ្យ​ឡាវ​ដក​កង​ទ័ព​ចេញ​វិញ។ លោក​​បញ្ជាក់ថា ភាគី​កម្ពុជា​ព្យាយាម​បញ្ចៀស​ការ​ប៉ះទង្គិច​ដោយ​អាវុធ និង​កំពុង​រង់​ចាំមើល​​ស្ថានការណ៍​ជាក់​ស្តែង​បន្ត​ទៀត។ ក៏ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារជាតិ លោក ទៀ បាញ់​ ថ្លែង​ថា កម្ពុជា ​និង​ឡាវ​កំពុង​ជជែក​គ្នា​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ៖ «...បងប្អូន​ចេះ​ជួបជុំ​ធ្វើការ​ជា​មួយ​គ្នា អត់​មាន​បញ្ហា​អី​ទេ។ គេ​កំពុង​ជួប​ធ្វើការ​ជា​មួយ​គ្នា មាន​បញ្ហា​ខ្លះ​យល់​មិន​ត្រូវ​គ្នា​បន្តិច រឿង​បក​ស្រាយ​លើ​ផែនទី ហើយ​មួយ​ចំនួន​​នៅ​ក្បែរៗ គ្នា​នោះ វា​មាន​មនុស្សម្នា​ចេញ​ចូល​ទៅ ក៏​មាន​ការ​ប្រកនា់​គ្នា​បន្តិចបន្តួច។ ឥឡូវ​កំពុង​ពិភាក្សា​ដោះស្រាយ​គ្នា​ហើយ អត់​អី​ទេ»។

មេឃុំ​មរកត​លោក ដៀប វាយ បញ្ជាក់​ថា ទីតាំង​ដែល​មាន​ការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​កងទ័ព​កម្ពុជា និង​ឡាវ​នោះ មិន​ទាន់​មាន​បង្គោល​ព្រំ​ដែន​នោះ​ឡើយ ហើយ​មិន​មាន​ពលរដ្ឋ​ណា​អាច​ទៅដល់​ទីនោះ ក្រៅពី​យោធា​បាន​ឡើយ។

មន្ត្រី​ពង្រឹង​សមត្ថភាព​សហគមន៍ និង​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ​នៅ​ខេត្ត​ព្រះវិហារ លោក ប៉ិក សោភ័ណ ថ្លែង​ថា ប្រជា​សហគមន៍​នៅ​ភូមិ​របុញ​បាន​ប្រាប់​លោក​ថា ពួកគាត់​បាន​ដឹង​ព័ត៌មាន​នេះ​រួចហើយ ហើយ​ក៏បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដែរ​ដើម្បី​ជម្លៀស​ចេញ​នៅ​ពេល​មានការ​ផ្ទុះ​អាវុធ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​រក​ដំណោះស្រាយ​ជាមួយ​ភាគី​ឡាវ ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​គ្នា​ជាយថាហេតុ៖ «យើង​ក៏​ស្នើសុំ​ផង​ដែរ​ថា ប្រសិនបើ​ប្រមុខ​រាជរដ្ឋាភិបាល​អាច​សម្របសម្រួល ឬក៏​មាន​ការចរចា ដោយ​សន្តិវិធី​ណាមួយ​ជាមួយ​ភាគី​ឡាវ ក៏​គួរតែ​ប្រញាប់​រួសរាន់​ធ្វើជា​បន្ទាន់ ដើម្បី​កុំ​ឱ្យ​មានការ​ផ្ទុះ​អាវុធ​ជាមួយគ្នា​ទៅ​កើត​។ កាលណា​មាន​សង្គ្រាម​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ វា​ធ្វើ​ឱ្យ​ប៉ះពាល់ ខាតបង់​ផលប្រយោជន៍​ទាំងសងខាង ហើយ​រួម​ទាំង​ពលរដ្ឋ​ប្រទេស​ទាំងពីរ​ហ្នឹង​រង​ទុក្ខ​វេទនា​ទៀត​ផង»

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​កងទ័ព​កម្ពុជា និង​ឡាវ ត្រូវ​ប្រឈមមុខ​ដាក់គ្នា​នៅ​តាម​តំបន់​ព្រំដែន​។ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ កងទ័ព​ប្រទេស​ទាំង​ពីរ​បាន​ប្រឈមមុខ​ដាក់គ្នា​ម្តង​រួច​មក​ហើយ បន្ទាប់​ពី​ទាហាន​ឡាវ​បាន​ចូល​មក​ទឹកដី​ខ្មែរ​នៅ​ក្បែរ​តំបន់​អូរអាឡៃ និង​អូរតាង៉ាវ ស្ថិត​ក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង។ ក៏ប៉ុន្តែ ប៉ុន្មាន​ខែក្រោយ​មក ភាគី​ឡាវ​បាន​ព្រមព្រៀង​ដកទ័ព​ចេញពី​ទឹកដី​ខ្មែរ​វិញ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ជួប​ចរចា​ជាមួយ​មេដឹកនាំ​ឡាវ​ដល់​ទី​ក្រុង​វៀងចន្ទន៍។

ទោះជា​យ៉ាងណា ការ​ដោះស្រាយ​ទំនាស់​ជាមួយ​ភាគី​ឡាវ​នេះ ទទួល​បានការ​សាទរ​តែ​ពី​ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ ក៏ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​បក្ស​ប្រឆាំង និង​អ្នក​តាមដាន​បញ្ហា​សង្គម​វិញ មិនបាន​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​ពួកគេ​យល់ថា នេះ​ជា​យុទ្ធសាស្ត្រ​ទាក់ទាញ​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ប៉ុណ្ណោះ​។

មន្ត្រី​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​នេះ​ដោយ​សន្តិវិធី និង​កុំ​កេង​ចំណេញ​នយោបាយ​ពី​បញ្ហា​ទំនាស់​នេះ។ លោក​ក៏ស្នើ​អាជ្ញាធរ​ឱ្យ​ជូន​ដំណឹង​ទៅ​ប្រជាពលរដ្ឋ​ឱ្យ​ហើយ ដើម្បី​ពួក​គាត់​ត្រៀម​ខ្លួន​ទុក​ជា​មុន ចំពោះ​ហេតុការណ៍​អាក្រក់​ណា​មួយ​ដែល​អាច​កើត​មាន​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល