អ្នកឃ្លាំមើលបញ្ហាព្រំដែនជំរុញទៅរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហាវៀតណាមបោះតង់នៅតំបន់ព្រំដែន។ សំណើនេះក្រោយពីអាជ្ញាធរកម្ពុជាឱ្យដឹងថា កងទ័ពវៀតណាម នៅតែឈរជើងកន្លែងពួកគេបោះតង់ដដែល ទោះបីរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់វិធានការផ្លូវទូតតវ៉ា ករណីរំលោភបំពានព្រំដែនខ្មែរក៏ដោយ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ព្រួយបារម្ភថា ករណីវៀតណាមបោះតង់នៅតំបន់ព្រំដែនដែលមិនទាន់មានការឯកភាពគ្នានឹងធ្វើឱ្យកម្ពុជាខាតបង់ទឹកដីនៅតំបន់នោះ។ លោក រ៉ុង ឈុន លើកឡើងថា រូបភាពដែលកងទ័ពវៀតណាមបោះតង់នេះ មិនមែនដើម្បីបង្ការ ឬទប់ស្កាត់ជំងឺកូវីដនោះ ប៉ុន្តែប្រៀបដូចជាការដាក់ខ្សែត្រៀមដើម្បីប្រុងធ្វើអ្វីមួយគួរឱ្យសង្ស័យ៖ « បើសិនអូសបន្លាយឱ្យបញ្ហាហ្នឹងបន្តយូរទៅៗ យើងបារម្ភខ្លាចបាត់បង់នូវទឹកដីរបស់យើងព្រោះដែលបោះមកលើដែនអធិបតេយ្យនៃកម្ពុជាយើងរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ » ។
លោក រ៉ុង ឈុន ដែលកំពុងមមាញឹកចុះឃ្លាំមើលព្រំដែនក្នុងខេត្ត ត្បូងឃុំ រតនគិរី និងខេត្តមណ្ឌលគិរី ជាដើមនោះ ក៏គ្រោងចុះទៅឃ្លាំមើលតំបន់ព្រំដែនក្នុងខេត្តកណ្ដាល ឬខេត្តតាមកែវ ដែលកងទ័ពវៀតណាមបានបោះតង់នេះដែរ។ កន្លងមកលោកធ្លាប់ចុះទៅពិនិត្យព្រំដែននៅខេត្តកណ្ដាលដែរ ប៉ុន្តែត្រូវអាជ្ញាធរហាមឃាត់។
ប្រតិកម្មរបស់តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានេះ ក្រោយពីអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ឱ្យដឹងថា កងទ័ពវៀតណាមនៅតែបន្តឈរជើងនៅកន្លែងបោះតង់ដដែល។ លោក គង់ សោភ័ណ្ឌ ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៤ ខែកក្កដាថា មកដល់កងទ័ពវៀតណាមបានបោះតង់ក្នុងតំបន់ព្រំដែនខេត្តកណ្ដាលចំនួន២៤។ លោកជំហររបស់អាជ្ញាធរខេត្តតែងទាមទារឱ្យវៀតណាមរុះរើចេញ ប៉ុន្តែកងទ័ពវៀតណាមនៅតែឈរជើងនៅកន្លែងបោះតង់នោះដដែល៖ « ខាងហ្នឹងនៅតែតង់អ៊ីចឹងទៅម្នាក់អង្គុយយាមអីចឹង ហើយគេដាក់ឧបករណ៍ពិនិត្យសុខភាពគេអត់ទាន់មានអីប្រែប្រួលហើយជាគោលការណ៍យើងឱ្យគាត់យកទាំងស្រុកហើយប៉ុន្តែអត់មានអីប្រែប្រួលទេព្រោះឥឡូវនេះការចេញចូលទៅវិញទៅមកមានការប្រុងប្រយ័ត្នខ្ពស់អនុវត្តន៍តាមវិធានការក្រសួងសុខាភិបាលរៀងៗ ខ្លួន » ។
ក្រសួងការបរទេសកម្ពុជាក៏បានផ្ញើកំណត់ទូតតវ៉ាអំពីការបោះតង់នៅតំបន់មិនទាន់ឯកភាពព្រំដែនដែលរួមមាន នៅស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទៅវៀតណាមទាមទារឱ្យភាគីវៀតណាមរុះរើតង់យោធាទាំងអស់ចេញនិងបញ្ឈប់សកម្មភាពនានាដើម្បីរក្សាស្ថានភាពដើមនៅក្នុងតំបន់នោះ។ ប៉ុន្តែ ក្រសួងការបរទេសវៀតណាមបានបានឆ្លើយតាមរយៈកំណត់ទួតរបស់ខ្លួនកាលពីចុងខែឧសភាថា ការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ដល់ខណ្ឌសីមានិងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរនោះទេ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយកាលពីថ្ងៃទី១០ មិថុនា ឱ្យដឹងថា ចាប់តាំងពីមានករណីជំងឺកូវីដ-១៩ (Covid-19) មកអាជ្ញាធរវៀតណាមបានបោះតង់ដោយឯកតោភាគីចំនួន ២៥៦កន្លែងនៅតាមប្រទល់វៀតណាម ប៉ុន្តែមានការរុះចេញវិញខ្លះក្រោយមានការតវ៉ាពីអាជ្ញាធរមូលដ្ឋានកម្ពុជា។
អាស៊ីសេរីមិនទាន់អាចសុំអត្ថាធិប្បាយពី អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន នៅថ្ងៃទី២៤ ខែកក្កដាបានទេ ដោយសារតែពួកលោកមិនលើកទូរស័ព្ទ។ អាស៊ីសេរី ក៏បានសុំការបំភ្លឺបន្ថែមពី លោក វ៉ា គឹមហុង អំពីការងារនេះ ប៉ុន្តែ ពេលអ្នករាយការណ៍អាស៊ីសេរីសាកសួរអំពីករណីបោះតង់ លោកប្រាប់ថា ជាប់ប្រជុំរួចក៏បិទទូរស័ព្ទ។ ប៉ុន្តែលោក វ៉ា គឹមហុង ធ្លាប់អះអាងថា លោកគ្រោងនឹងចុះពិនិត្យទីតាំងវៀតណាមបោះតង់នេះ ប៉ុន្តែត្រូវ រង់ចាំការផ្ដល់ឯកសារពីក្រសួងមហាផ្ទៃជាមុនសិន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលទទួលបន្ទុកកិច្ចការឃ្លាំមើលបញ្ហាព្រំដែន ចោទប្រកាន់ថា វៀតណាមយកការបង្ការជំងឺកូវីដ១៩ ដើម្បីជាលេបលកទឹកដីខ្មែរ។ លោកបន្តថា ជាបទពិសោធន៍កន្លងមកពេលវៀតណាមចង់យកទឹកដីខ្មែរមុនដំបូងគេដាក់កងទ័ពនៅតំបន់ដែលមិនទាន់មានឯកភាពគ្នាជាមុនសិនរួចហើយទើបមានការចរចាតាមក្រោយ ហើយជាទម្លាប់បើកងទ័ពវៀតណាមឈរជើងត្រឹមណាគឺវៀតណាមទាមទារកំណត់ថាទីនោះជាដែនដីរបស់ខ្លួន៕
