អ្នកឃ្លាំមើល​ព្រំដែន និង​ពលរដ្ឋ​ថា លោក វ៉ា គឹមហុង កំពុង​ការពារការ​​ឈ្លានពាន​របស់​វៀតណាម

0:00 / 0:00

អ្នកឃ្លាំមើល​ព្រំដែន ពលរដ្ឋ និង ក្រុម​យុវជន​ប្រតិកម្ម​ចំពោះ ការ​លើក​ឡើង​របស់​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ដែល​អះអាង​ថា ប្រទេស​វៀតណាម​មិន​បាន​សាង​សង់​សំណង់​រឹង​ ​ក្នុង​ទឹក​ដី​​កម្ពុជា​ទេ។ ពួក​គេ​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា កាន់​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ទុក​ចិត្ត​រដ្ឋាភិបាល ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ភាគី​វៀតណាម។

យុវជន​រស់​នៅ​រាជធានី​ភ្នំពេញ លោក គឹម សុខខុម ថ្លែង​ថា លោក​ឈឺ​ចាប់ នៅ​គ្រា​ដែល​វៀតណាម ឈ្លានពាន​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត មិន​ឃើញ​អាជ្ញាធរ​កម្ពុជា បង្ហាញ​ជំហរ​ច្បាស់លាស់​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍​នោះ​ទេ។ លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​មិន​ត្រឹមតែ​មិន​ជជែក​រក​ដំណោះ​ស្រាយ ដោយ​តម្លាភាព​លើ​បញ្ហា​នេះ​ទេ តែ​ថែម​ទាំង​គំរាមកំហែង ចាប់ខ្លួន​ និង​ព្យាយាម​លាក់​បាំង​ព័ត៌មាន មិន​ឱ្យ​ពលរដ្ឋ​ដឹង​រឿង​នេះ​ឱ្យ​បាន​ទូលំទូលាយ​ឡើយ៖ «ខ្ញុំ​ពិត​ជា​ឈឺ​ចាប់​ណាស់ នៅ​ពេល​ដែល​យើង​ឃើញ គេ​បំពាន​កម្ពុជា​យើង​ម្ដង​ហើយ​ម្ដង​ទៀត ដែល​អាជ្ញាធរ​គាត់​មិន​ហ៊ាន វា​ហាក់​បី​ដូច​ជា បង្ហាញ​ពី​ការ​នៅ​ក្រោម​គំនាប​របស់​វៀតណាម ម៉េច​ក៏​មិន​ដឹង​ដែរ។ ព្រោះ​រឿង​នេះ វា​សំខាន់​បំផុត សម្រាប់​យើង​ដោះ​ស្រាយ ដោយសន្តិវិធី ឬ​ក៏​យើង​ត្រូវ​ដោះ​ស្រាយ​ណា​មួយ ឱ្យ​សម​ស្រប​សម្រាប់​ប្រទេស​ជាតិ​ខ្លួន​ឯង »។

ចំណែក ពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន​វៀតណាម ក្នុង​ខេត្ត​ត្បូង​ឃ្មុំ លោក ជា វីរៈ ចាត់​ទុក​ការ​លើក​ឡើង​របស់ លោក វ៉ា គឹមហុង គឺ​ជា​លេស​ឆ្លើយ​ដោះសា​ភូត​កុហក​ពលរដ្ឋ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល គួរ​តែ​បើក​ចិត្ត​ឱ្យ​ទូលាយ អនុញ្ញាត​ឱ្យ​ពលរដ្ឋ និង​ក្រុម​យុវជន ចុះ​ពិនិត្យ​មើល​ព្រំដែន ដោយ​គ្មាន​ការ​ចាប់​ចង និង​រារាំង៖ «ធម្មតា​ទេ​គាត់​តែងតែ​និយាយ​ការពារ​មេ​របស់​គាត់​ហើយ អ្នក​មាន​គុណ​របស់​គាត់​ហើយ ប៉ុន្តែ​អ្វី​ដែល​ពួក​ខ្ញុំ​ក្នុង​នាម​ជា​ពលរដ្ឋ​ឃើញ​ជាក់​ស្តែង​នេះ មិន​មែន​ជា​ដី​របស់​វៀតណាម​ដូច​ការ​អះអាង ដូច​លោក វ៉ា គឹមហុង »

ប្រតិកម្ម​នេះ គឺ​ដោយសារ​ប្រធាន​គណៈកម្មការ​ព្រំដែន​លោក វ៉ា គឹមហុង អះអាង​ប្រាប់​អាស៊ី​សេរី​ថា ការ​សាង​សង់​ប៉ុស្តិ៍​ របស់​អាជ្ញាធរ​វៀតណាម​នៅ​តាម​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា​កន្លង​មក​ មិន​បាន​ឆ្លង​ចូល​ទឹក​ដី​​កម្ពុជា​ទេ​ គឺ​បាន​សាង​សង់​ក្នុង​ទឹក​ដី​របស់​ប្រទេស​វៀតណាម។ លោក​ថា សំណង់​ទាំង​នោះ​មិន​មែន​ជា​សំណង់​រឹង​មាំ​ទេ​ គឺ​មានតែ​សំណង់​ធ្វើ​ពី​បង្គោល​​ឈើ​ ដើម្បី​សង់​អោយ​ផុត​ពី​ផ្ទៃ​ទឹក​តែ​ប៉ុណ្ណោះ។​ លោក​លើក​ឡើង​ថា​ ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដែល​ វៀតណាម​បាន​សាង​សង់​នោះ​ គឺ​នៅ​ចន្លោះ​ទន្លេ​មេគង្គ​ និង​នៅ​ទន្លេ​បាសាក់​ ចំនួន ៣២តង់ គឺ​មិន​មាន​ចំនួន​ច្រើន​រហូត​ទៅ​ដល់​រាប់​រយ​ដូច​មាន​ការ​ចោទ​ប្រកាន់​កន្លង​ទៅ​ទេ៖ «ចុះ​បើ​តំណាង​រដ្ឋាភិបាល​ខ្មែរ និយាយ​តែ​របៀប​ហ្នឹង តើ​ការពារ​បូរណភាព​ទឹក​ដី​ស្អី​បាន។ តើ​តំណាង​រដ្ឋាភិបាល​ខ្មែរ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ហ្នឹង អត់​យក​មូលដ្ឋាន​ច្បាប់​ជាតិ អន្តរជាតិ​ទៅ​ការពារ ភូមិសាស្ត្រ​តំបន់​ព្រំដែន​របស់​ខ្លួន តើ​មាន​ប្រយោជន៍​អ្វី​ធ្វើ​ដំណាង​ឱ្យ​រដ្ឋាភិបាល​ហ្នឹង »

«​អូន​ឯង​កុំ​សួរ​ថា​ សំណង់​រឹង​មាំ​ គ្រាន់​តែ​ជា​តង់​ទេ​គរ​ធ្វើ​ឲ្យ​ផុត​ពី​ទឹក​កន្លែង​តំបន់​ទឹក​លិច​។​កុំ​និយាយ​ថា​ ជា​សំណង់​រឹង​មាំ​ ដូច​ជា​សម្បើម​ណាស់ ដូច​ជា​អាមេរិក​ចូល​ចិត្ត​​និយាយ​តែ អញ្ចឹង​ គឺ​ថា​ រឹង​មាំ​ នៅ​ហ្នឹង​កន្លែង​ហើយ។ តាម​ពិត​ខ្ញុំ​ធ្លាប់​មាន​បទ​ពិសោធន៍​ ហើយ​មិន​មែន​ជា​សំណង់​រឹង​មាំ​ដូច​នៅ​ ម៉ាន់ ហាសាន់​អី​ទេ គ្រាន់​តែ​លើក​ឲ្យ​ផុត​ពី​ទឹក។ ដូច្នេះ​ត្រូវ​យក​ មាន​សសរ មាន​ឈើ​ អី​ហើយ​បា​ន​លើក​ផុត​ពី​ទឹក​បាន​ បើ​មិន​អញ្ចឹង​ទេ​ លើក​ពី​ទឹក​ម៉េច​បាន»។

ប្រសាសន៍​របស់​លោក វ៉ា គឹមហុង នេះ មាន​ភាព​ផ្ទុយ​គ្នា​ ទៅ​នឹង​ការ​លើក​ឡើង​របស់​​អភិបាល​ខេត្ត​កណ្ដាល លោក​ គង់ សោភ័ណ្ឌ ដែល​​ថា​ វៀតណាម​បាន​សាង​សង់​សំណង់​រឹង​មាំ​រហូត​ទៅ​ដល់ ១០កន្លែង​ ពី​ខ្សែ​បន្ទាត់​ព្រំ​ដែន​ដែល​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នៅ​ក្នុង​ខេត្ត​កណ្តាល។

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បដិសេធ​មិន​ឆ្លើយ​តប​ចំពោះ​ប្រតិកម្ម​របស់​ពលរដ្ឋ​នោះ​ទេ ហើយ​ក៏​មិន​បកស្រាយ​បន្ថែម​លើ​ប្រសាសន៍​របស់​លោក​ទៀត​នោះ​ដែរ។

តំណាងរាស្ត្រ​ជាប់ឆ្នោត និង​ជា​មន្ត្រី​បក្ស​ទទួលបន្ទុក​កិច្ចការ​ងារ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក អ៊ុំ សំអាន អះអាង​ថា លោក វ៉ា គឹមហុង គួរ​តែ​ចុះ​ទៅ​ពិនិត្យ​តង់ និង​សំណង់​រឹង​នៅ​តំបន់​នោះ​ជាក់​ស្ដែង ព្រោះ​ខ្លួន​ជា​អ្នក​ជំនាញ​ព្រំដែន ប្រសើរ​ជាង​ឆ្លើយ​គេចវេះ​យក​រួច​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត៖ «ប្រែ​ក្លាយ​ពី​តង់​ទៅ​សំណង់​រឹង​ហ្នឹង នៅ​តំបន់​មួយ​ចំនួន​មិន​ទាន់​ឯកភាព​គ្នា​ទេ។ ដូច្នេះ​មាន​ន័យ​ថា អត់​ទាន់​ដឹង​ថា ជា​ដី​របស់​យើង ឬ​ដី​របស់​គេ​ទេ ហើយ​រឿង​អី​បាន លោក វ៉ា គឹមហុង ថា ធ្វើ​ដំណឹង​រឹង​លើ​ដី​របស់​គេ បើ​មិន​ទាន់​បោះ​បង្គោល​ផង​ហ្នឹង »

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​អះអាង​កាល​ពី​ខែកក្កដា​ថា វៀតណាម​បាន​បោះ​តង់​ចំនួន ២៨៧កន្លែង នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​កណ្ដាល ខេត្ត​តាកែវ ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង​ខេត្ត​កំពត ត្បូង​ឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។ មកទល់​ពេល​នេះ​មាន​តង់​យ៉ាង​ហោច​ណាស់ ១២កន្លែង​ហើយ ដែល​យោធា​វៀតណាម​ប្រែក្លាយ​ជា​ជម្រក​រឹងមាំ​ឋិត​ស្រុកលើ​ក​ដែក និង​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល តំបន់​ថ្ម ៣ដុំ​ក្នុង​ខេត្ត​តាកែវ និង​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត។ អ្នក​ឃ្លាំមើល​ព្រំដែន​បារម្ភ​ថា ទង្វើ​របស់​ភាគី​វៀតណាម​នេះ មិន​ត្រឹមតែ​គំរាម​កំហែង​តែ​បូរណភាព​ទឹក​ដី​ប៉ុណ្ណោះ​ទេ គឺ​គំរាមកំហែង​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។