កម្ពុជា-​វៀតណាម​សម្រេច​សិក្សា​រួម​គ្នា​ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ប្រទេស​ទាំង​២

ដោយ រាជ វិញ្ញូ
2017.04.25
នាយករដ្ឋមន្ត្រី វៀតណាម ហ៊ុន សែន ៨៥៥ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឱ្យ​ដឹង​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ថា ការ​សិក្សា​រួម​គ្នា​ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ការ​ចុះ​អនុស្សរណៈ​ចំនួន​៤ ស្រប​ពេល​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc)  កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

ក្នុង​ពិធី​ចុះ​អនុស្សរណៈ​ចំនួន​៤ នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា មាន​ដូចជា​អនុស្សរណៈ​យោគយល់​អំពី​ការ​សិក្សា​រួម​ស្ដីពី​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-​បាវិត និង​ផ្លូវ​ល្បឿន​លឿន ហូជីមិញ-ម៉ុកបាយ (Ho Chi Minh-Moc Bai) អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ស្ម័គ្រចិត្ត និង​ផ្នែក​លើ​សហគមន៍​ដល់​អ្នក​ញៀន​គ្រឿងញៀន​ក្នុង​ខេត្ត​ព្រះសីហនុ អនុស្សរណៈ​បន្ត​សុពលភាព​នៃ​អនុស្សរណៈ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ជលផល និង​ចុង​ក្រោយ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​គាំទ្រ​សាងសង់​មហា​វិថី​មិត្តភាព ភ្នំពេញ-ហាណូយ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា ក្រៅ​ពី​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ុងហ៊្វុក នឹង​បន្ត​ជួប​ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និង​ថ្វាយ​បង្គំ​ព្រះ​សង្ឃរាជ ទេព វង្ស មុខ​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។