អាជ្ញាធរ​​ថា វៀតណាម​បាន​សង់​សំណង់​រឹង​កើន​ឡើង​ដល់​១៦​ទីតាំង នៅ​តំបន់​ព្រំដែន​ជាប់​ខេត្ត​កណ្ដាល

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កណ្តាល ឱ្យ​ដឹង​ថា វៀតណាម​បាន​ប្រែ​ក្លាយ​ពី​តង់​កៅស៊ូ ទៅជា​សំណង់​រឹង កើន​ឡើង ១៦ កន្លែង​ហើយ នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន ឋិត​ក្នុងស្រុក​លើកដែក និង​ស្រុក​កោះធំ​។ ពលរដ្ឋ និង​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន ជំរុញ​ឱ្យ​រដ្ឋាភិបាល មាន​ភាព​ក្លាហាន ចាត់វិធានការ​ម៉ឺងម៉ាត់​រឿង​នេះ ស្របតាម​យន្តការ​ច្បាប់​អន្តរជាតិ។

អភិបាល​ខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣០ ខែ​តុលា​ថា ទីតាំង​ដែល​វៀតណាម​សង់​រោង​តង់​កៅស៊ូ​ចំនួន ២៧​កន្លែង​នោះ មាន​តង់ ១៦ កន្លែង​ហើយ បាន​ក្លាយ​ទៅជា​សំណង់​រឹងមាំ ប្រក់​ស័ង្កសី ធ្វើ​ពី​ឈើ និង​សសរ​ថ្ម​ចម្រុះ​គ្នា​។ រីឯ​តង់​ចំនួន ១១ កន្លែង​ផ្សេងទៀត ជា​រោង​ប្រក់​កៅស៊ូ​នៅ​ដដែល ដែល​វៀតណាម សង់​ឆ្ងាយ​ពី​អ័ក្ស​ព្រំដែន​ជាង ១​រយ​ម៉ែត្រ (១២០) នៃ​ស្រុក​លើកដែក និង​ស្រុក​កោះធំ ខេត្តកណ្តាល​។​

អភិបាលខេត្ត​រូប​នេះ បន្ថែម​ថា អាជ្ញាធរ​កម្ពុជា​នៅតែ​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ ជាមួយ​ភាគី​វៀតណាម​ដោយ​សន្តិវិធី​តាមរយៈ​លិខិត និង​បញ្ជូន​សមត្ថកិច្ច​ចុះ​ដល់​ទី​តាំង​ជាក់ស្ដែង ក៏ប៉ុន្តែ​ភាគី​វៀតណាម នៅតែ​ឆ្លើយ​ថា ពួកគេ​នឹង​រុះរើ​ចេញ ពេល​ជំងឺ​កូវីដ​១៩ ផុត​រលត់​ទៅ ព្រោះ​ជំងឺ​នេះ បាន​រាលដាល​ដល់​តំបន់​សហគមន៍​ក្នុង​ប្រទេស​វៀតណាម​៖ «អនុវត្ត​តាមច្បាប់ និង​លិខិត​ឯកសារ​របស់​ខាង​ខេត្ត​វៀតណាម ហើយ​ឥលូវ​ទឹក​លិច​អស់ អត់​មាន​ពី​ណា​រំកិល​អី​ទៀត​ទេ នៅ​ក្នុង​ចំណុច​ដែល​គេ​បោះតង់ គឺ​នៅតែ​បោះតង់​ទៅ ហើយ​យើង​គ្រាន់តែ​ឈប់​ស្កាត់ កុំ​ឱ្យ​មនុស្ស​ឆ្លង​មក​ដី​យើង ឬក៏​ដី​គេ»។

​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរសព្ទ​ហៅចូល​ច្រើនដង​គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី​៣០ តុលា​។​

​តែ​យ៉ាងណា លោក វ៉ា គឹមហុង ប្រាប់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD កាល​ពី​ថ្ងៃ​ទី ២៩ តុលា ថា កម្ពុជា​សម្រេច​យក​វិធីសាស្ត្រ​ចរចា​ជាមួយ​ភាគី​វៀតណាម ព្រោះ​ការ​សង់​សំណង់​រឹង និង​បោះតង់​នេះ ពុំ​មែន​ជា​រឿង​ធំ ដូច​ករណី​រឿង​ប្រាសាទ​ព្រះវិហារ​ដែល​តម្រូវ​ឱ្យ​កម្ពុជា ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​នោះ​ទេ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស ន័រវេស (Norway) លោក ម៉ែន ណាត សម្ដែង​ការ​សោកស្ដាយ ចំពោះ​ទង្វើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក វ៉ា គឹមហុង ដែល​លោក​ថា នៅតែ​គេចវេះ មិន​ទទួលខុសត្រូវ ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ ឱ្យ​ដាច់​ស្រឡះ ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍​។ លោក​ថា លោក ហ៊ុន សែន ហាក់​មាន​ចេតនា ធ្វើ​សម្បា​ទាន​ជា​ថ្មី​ទៀត ក្នុង​រឿង​បូរណភាព​ទឹកដី​ខ្មែរ ទៅ​ឲ្យ​ភាគី​វៀតណាម ស្របតាម​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ ២០១៩ និង​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដែល​លោក ចាត់ទុកថា ជា​សន្ធិសញ្ញា​ខុសច្បាប់៖ «យើង​មាន​ការ​សោកស្ដាយ​ចំពោះ​ទង្វើ ចំពោះ​កាយវិការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មិន​មាន​ផែនការ និង​វិធានការ​​ក្នុង​ការ​ចាត់ការ ទៅតាម​វិធាន​នៃ​ច្បាប់​ធម្មនុញ្ញ មាត្រា ២ មាត្រា ៥៥ និង​មិន​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក្នុង​ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ទៅលើ​វិធានការ ការពារ​បូរណភាព​ទឹកដី​ខ្លួនឯង»។

​កាលពី​ចុង​ខែ​កក្កដា​កន្លង​ទៅ អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី ថា វៀតណាម​បាន​បោះតង់​ចំនួន ២៨៧​កន្លែង នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​ក្នុង​ខេត្ត​កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។ ក្រោយមក វៀតណាម​បាន​ប្រែក្លាយ​តង់​ជាច្រើន​កន្លែង​។​

​ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ លោក ជា វីរៈ អះអាង​ថា វៀតណាម​បាន​សង់​តង់​កៅស៊ូ​ជាង ១០​កន្លែង​តាម​តំបន់​ព្រំដែន​ជាប់​ស្រុក​មេមត់ ក្នុង​នោះ​មាន​តង់​ខ្លះ ប្រែក្លាយ​ជា​សំណង់​រឹង​រួច​ទៅ​ហើយ​។ លោក​ឱ្យ​ដឹង​ទៀត​ថា ទីតាំង​ដែល​វៀតណាម​បោះតង់ និង​សង់​សំណង់​រឹង មានការ​រឹតត្បិត និង​ហាម​មិន​​ឱ្យ​ពលរដ្ឋ​ខ្មែរ ចេញចូល ផ្ទុយ​ពី​ពលរដ្ឋ​វៀតណាម អាច​ចេញចូល​តំបន់​នោះ​បាន​ដោយ​ងាយ៖ «ខ្ញុំ​មើល​ទៅ ២​សណ្ឋាន​ក្នុង​ការ​ផ្លាស់ប្ដូរ អ៊ីចឹង​ប៉ុស្តិ៍​ចាស់​គេ​នៅ​ឯ​លើ ដល់ពេល​ក្រោយ​មក វា​ចេញ​តែ​ឈ្លានពាន​បន្តិច​ម្តងៗ វា​រើ​ប៉ុស្តិ៍​ចាស់ ហើយ​មក​ធ្វើ​ថ្មី ខិត​មក​ខាងយើង​ទៀត​។ទី​២ គឺ​តង់ មុន​ដំបូង​គេ​បោះ ក្រោយ​មក​កន្លែង​តង់ វា​កើតជា​ប៉ុស្តិ៍»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អភិបាលខេត្ត​ត្បូងឃ្មុំ ជាម ច័ន្ទសោភ័ណ្ឌ ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ តែ​លោក​មិន​លើក​ទូរស័ព្ទ នៅ​ថ្ងៃ​៣០ តុលា។

ស្រប​ពេល​វៀតណាម​កំពុង​បោះតង់​ជាច្រើន​កន្លែង​នៅ​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាព​គ្នា​នេះ របប​ក្រុងភ្នំពេញ​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​មួយ​ទាក់ទង​រឿង​ព្រំដែន​ជាមួយ​វៀតណាម​យ៉ាង​ប្រញាប់ប្រញាល់​។ នោះ គឺ​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​ត្រូវ​បាន​បញ្ជូន​ដល់ដៃ​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា បន្ទាប់ពី​ឆ្លង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាល​ពី​ពេល​ថ្មីៗ​នេះ​។ ក្រុម​អ្នកឃ្លាំមើល​ព្រំដែន​ចោទ​ថា របប​លោក ហ៊ុន សែន ធ្វើ​សេចក្ដី​ព្រាងច្បាប់​នេះ​ឡើង​យ៉ាង​ប្រញាប់ និង​លាក់លៀម ដើម្បី​បំពេញ​មហិច្ឆតា​របស់​វៀតណាម​ក្នុង​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។