ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា គាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រដ្ឋាភិបាល ដែលនឹងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុនៅកម្ពុជា។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា អាកាប៉េ (AKP) រាយការណ៍ថា ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី លោក ម៉ាឆាល តានកេងស្យុង (Michael Tan Keng Soing) និងទេសាភិបាលធនាគារជាតិនៃកម្ពុជាលោក ជា ចាន់តូ បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី៣ វិច្ឆិកា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ថ្លែងថា រវាងកិច្ចសហការទ្វេភាគី ជាមួយកម្ពុជា បានបង្កលក្ខណៈអំណោយផលដល់ពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ។ លោកថា នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុសិង្ហបុរី បានបង្កើនការវិនិយោគ ក្នុងនោះ ភាគហ៊ុនដែលមានប្រភពមកពីសិង្ហបុរី រួមមាន នៅក្នុងធនាគារ ហ្វីលីព ភីអិលស៊ី និងធនាគារប្រៃសណីយ៍កម្ពុជា ដែលរួមចំណែកធ្វើឱ្យវិស័យធនាគារកាន់តែមានការរីកចម្រើន។ ចំពោះទំនាក់ទំនងទ្វេភាគីរវាងធនាគារកណ្ដាលទាំងពីរ ធនាគារជាតិនៃកម្ពុជាមានទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការបណ្ដុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។
កាលពីឆ្នាំ២០១៩ កន្លងទៅ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានចុះអនុស្សរណៈយោគយល់មួយ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនវានុវត្តន៍ហិរញ្ញវត្ថុ ដែលមានបំណងបង្កើតជាក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្ដាលទាំងពីរ ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុក្នុងទីផ្សាររបស់សាមីប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។