អ្នក​​ជំនាញ​​ថា កម្ពុជា​​​កំពុង​​ឱ្យ​តម្លៃ​​របបសឹក​​ខុស​ច្បាប់​​ភូមា​​ផ្ទុយពី​​គោលការណ៍​អាស៊ាន

0:00 / 0:00

អ្នក​ជំនាញ​​លើកឡើង​ថា កម្ពុជា​​កំពុង​ឱ្យតម្លៃ​របបសឹក​ខុសច្បាប់​ភូមា​ផ្ទុយពី​គោលការណ៍​អាស៊ាន។ ការលើក​ឡើង​នេះ ធ្វើឡើង​ស្របពេល​ដែល​ប្រេសិត​ពិសេស​អាស៊ាន​ស្តីពី​បញ្ហាមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ទើប​តែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ការងារ​​ជាលើកទីពីរ​ទៅកាន់​ប្រទេស​ភូមា ហើយ​លោក​នៅតែ​ខកខាន​មិនអាច​ជួប​តំណាង​រដ្ឋាភិបាល​រួបរួមជាតិ​ភូមា (NUG) តំណាង​ដោយ​មេដឹកនាំ​ស្របច្បាប់​របស់​ភូមា​ដដែល។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិលោក ឯម សុវណ្ណារ៉ា កត់សម្គាល់ថា ដំណើរ​ទស្សនកិច្ច​ការងារ​លើកទីពីរ​របស់​លោក ប្រាក់ សុខុន ក្នុងនាមជា​ប្រេសិត​ពិសេស​របស់​អាស៊ាន​ស្តីពី​បញ្ហា​មីយ៉ាន់ម៉ា​នេះ មិនទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ដែលអាច​ឈាន​ទៅបញ្ចប់​ជម្លោះ​នយោបាយ​នៅភូមា​បាន​នោះទេ។ លោកផ្តល់​អំណះអំណាង​ថា ការណ៍​នេះ​គឺដោយសារតែ​កម្ពុជា​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​កំពុង​ឱ្យ​តម្លៃ​របបសឹក​ខុសច្បាប់​ភូមា ផ្ទុយទៅនឹង​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​៥ចំណុច​របស់​អាស៊ាន ហើយ​មិនបាន​ជួបជាមួយ​តំណាងរដ្ឋាភិបាល​រួបរួមជាតិ (NUG) ភូមា ដដែល៖ « អាស៊ាន​បាន​ងាកមក​ជជែក​ឬក៏​ចរចា​ជាមួយ​រដ្ឋាភិបាល​យោធា​ច្រើន ឬក៏​ឱ្យ​តម្លៃ​ហាក់ដូចជា​ស្មើមុខ​ស្មើមាត់ ដូចជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​កាលពី​ខែមិថុនា​នៅថ្ងៃទី២២ និង​២៣ កន្លងទៅនេះ ហើយ​នឹង​នៅពេល​ដែលជួប​ប្រជុំ​រដ្ឋមន្ត្រី​សរស្តម្ភ​មួយទៀត​គឺ​សង្គម​វប្បធម៌ [ របស់​អាស៊ាន ] ជាដើម គឺសុទ្ធតែ​ជួប​ក្នុងលក្ខណៈ​រដ្ឋ​និង​រដ្ឋ។ ហេតុដូច្នេះ វាពិបាក​នឹង​ជំរុញ​ឱ្យ​មានការ​ងាកមក​ចរចា​ឬក៏​ជជែក​ជាមួយនឹង​រដ្ឋាភិបាល​រួបរួមជាតិ (NUG) នេះ ខ្ញុំគិតថា​ពិបាក ដោយសារតែ​អាស៊ាន​ហាក់ដូចជា​នៅក្នុង​ក្របខណ្ឌមួយ​យើងថា​មិនទាន់​ទទួលស្គាល់​ផ្លូវការ ប៉ុន្តែ​យើងឱ្យ​តម្លៃ​រដ្ឋាភិបាល​យោធា​បណ្តើៗ​ទៅហើយ »

ប្រេសិត​ពិសេស​អាស៊ាន​ស្តីពី​បញ្ហាមីយ៉ាន់ម៉ា និងជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជាលោក ប្រាក់ សុខុន បាន​បញ្ចប់​ដំណើរទស្សនកិច្ច​ការងារ​លើកទីពីរ​រយៈពេល ៣ថ្ងៃ របស់លោក​ទៅកាន់​ប្រទេសភូមា ក្នុង​អ្វីមួយ​ដែល​លោកអះអាង​ថា​ ដើម្បី​តាមដាន​ការវិវឌ្ឍន៍​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​៥ចំណុច​របស់​អាស៊ាន ដោយ​របបសឹក​ភូមា។

ក្នុងដំណើរទស្សនកិច្ច​ការងារ​ជាលើកទីពីរ​ក្នុងនាមជា​ប្រេសិត​ពិសេស​អាស៊ានលោក ប្រាក់ សុខុន នៅតែ​មិនត្រូវបាន​របបសឹក​ភូមា​អនុញ្ញាត​ឱ្យជួប​ជាមួយ​មេដឹកនាំ​ភូមា​ស្របច្បាប់អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ដែល​ត្រូវបាន​របបសឹក​បញ្ជូន​ទៅឃុំខ្លួន​ក្នុងពន្ធនាគារ​តែឯង។

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុជា ផ្សាយ​នៅថ្ងៃទី៤ ខែកក្កដា ឱ្យដឹងថា លោក ប្រាក់ សុខុន បាន​គូសបញ្ជាក់​ឡើងវិញ​ពី​ការអំពាវនាវ​របស់លោក​ឱ្យ​បញ្ចប់​អំពើហិង្សា​នៅភូមា ដោយលោក​បាន​​ស្នើឱ្យ​របបសឹកភូមា​អនុញ្ញាតឱ្យមាន​ការចែកចាយ​ជំនួយ​មនុស្សធម៌​ប្រកបដោយ​សុវត្ថិភាព ទាន់ពេលវេលា និង​ដោយមិនរើសអើង ទៅដល់​ពលរដ្ឋ​ភូមា​នៅតាម​តំបន់​ឆ្ងាយៗ​ដែល​ពិបាក​ទៅដល់។ លោកក៏បាន​​អំពាវនាវ​ឱ្យ​ដោះលែង​អ្នកទោស ព្រមទាំង​ស្នើសុំ​ជួបជាមួយ​អ្នកស្រី អ៊ុង សានស៊ូជី និងអ្នកស្រី ស៊ូ ស៊ូ វីន (Su Su Lwin) ដែលជា​ភរិយា​របស់​អតីត​ប្រធានាធិបតី​ភូមា និង​ជាតំណាងរាស្ត្រ​របស់​គណបក្ស​សម្ព័ន្ធដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD)។ ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ការបរទេស​នៃ​របបសឹកខុសច្បាប់ភូមា​បាន​ប្រាប់ទៅ​លោក ប្រាក់ សុខុន វិញ​ថា ដោយសារ​បញ្ហា​សុខភាព អ្នកស្រី ស៊ូ ស៊ូ វីន មិនអាច​ជួបជាមួយ​ប្រេសិតពិសេស​អាស៊ាន​បានទេ រីឯអ្នកស្រី អ៊ុង សានស៊ូជី វិញ​ក៏មិនត្រូវបាន​អនុញ្ញាត​ឱ្យ​ជួបដែរ​ដោយសារ​អ្នកស្រី​កំពុង​ស្ថិតក្នុង​ដំណាក់កាល​នៃ​នីតិវិធី​របស់​តុលាការ។ បច្ចុប្បន្ន អ្នកស្រី អ៊ុង សានស៊ូជី ត្រូវបាន​តុលាការ​នៃ​របបសឹកភូមា កាត់ទោស​ឱ្យជាប់គុក​រយៈពេល ១១ឆ្នាំ និង​កំពុង​ប្រឈមនឹង​​បទចោទជាច្រើន​ករណី​​ផ្សេងទៀត ដែល​អាចឱ្យ​អ្នកស្រី​ជាប់គុក​រហូតដល់​ទៅជាង ១៨០ឆ្នាំ។

ក្រសួង​ការបរទេស​កម្ពុជា ឱ្យដឹងថា ក្នុង​ដំណើរទស្សនកិច្ច​ការងារ​លើកទីពីរនេះ ប្រេសិត​ពិសេស​អាស៊ានលោក ប្រាក់ សុខុន បានចូលរួម​ក្នុងពិធី​ប្រគល់​វ៉ាក់សាំង​កូវីដ១៩​ចំនួន ២លានដូស ដែលជា​អំណោយ​របស់​រដ្ឋាភិបាល​ចិន​ដល់​អាស៊ាន ដើម្បី​ចែកចាយ​ដល់​ប្រទេសភូមា។ ក្រៅពីនេះ លោក​ក៏បាន​ជួបជាមួយ​មេដឹកនាំ​របបសឹក​ខុសច្បាប់​ភូមាលោក មីន អ៊ុងលាំង (Min Aung Hlaing) រដ្ឋមន្ត្រី​ការបរទេស​នៃ​របបសឹកភូមា ក្រុមការងារ​មីយ៉ាន់ម៉ា​ស្តីពី​ជំនួយ​មនុស្សធម៌​របស់អាស៊ាន ​តំណាង​ក្រុម​កងកម្លាំង​ប្រដាប់អាវុធ​ជនជាតិដើមភាគតិច (EAOs) ចំនួន៧​នៅភូមា និង​តំណាង​គណបក្ស​នយោបាយ​ចំនួន ៧ ដែល​ទទួលបាន​សំឡេងឆ្នោត​កាលពី​ឆ្នាំ២០២០ នៅភូមា។

បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ការងារ​ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​អាស៊ាន លោក ប្រាក់ សុខុន ក៏បាន​ទៅចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាហ្កាន នៅក្នុង​ប្រទេសភូមា​ដដែល។ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាងឆាង (MLC) លើកទី៧ រៀបចំ​ធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ដោយរបបសឹក​ខុសច្បាប់ភូមា ដោយ​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ការបរទេស​តំបន់មេគង្គ​ដទៃទៀត ដូចជា ​ចិន (China) កម្ពុជា ឡាវ (Lao) ថៃ (Thailand) និង​វៀតណាម (Vietnam) ជាដើម។ កិច្ចប្រជុំនេះ ធ្វើឡើង​ភ្លាមៗ​ក្រោយ​​ប្រេសិត​ពិសេស​អាស៊ានស្តីពីបញ្ហា​មីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បញ្ចប់​​ទស្សនកិច្ច​ការងារ​ជាលើក​ទីពីរ​ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិនយោបាយ​នៅភូមា។

នេះជាលើកទីមួយ​ហើយ ដែល​រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​ដទៃ​ក្នុង​តំបន់​មេគង្គ ជាពិសេស​រដ្ឋមន្ត្រី​ការបរទេស​ចិន ទៅបំពេញ​ទស្សនកិច្ច​នៅក្នុងប្រទេស​នេះ ដែល​ក្រុមប្រទេស​លោកសេរី​មិនរាប់រក ក្រោយពី​ក្រុមយោធា​​ភូមា​បាន​ធ្វើរដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​ស្របច្បាប់​ចេញ​ពីតំណែង​កាលពី​ដើមខែកុម្ភៈ ឆ្នាំ២០២១​កន្លងទៅ។ ក្រុមប្រទេស​លោកខាងលិចជាពិសេស​សហរដ្ឋ​អាមេរិក​ (USA)​កាណាដា​​ (Canada) ​អង់គ្លេស​​(UK)​​ និង​​​សហភាព​អឺរ៉ុប​(EU) បាន​ដាក់ទណ្ឌកម្ម​ជាបន្តបន្ទាប់​មកលើ​ក្រុមមេដឹកនាំ​យោធា​នៃ​របប​សឹក​ភូមា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​មេដឹកនាំ​តែមួយ​គត់​នៅលើ​ពិភពលោក​ដែលបាន​ទៅបំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេសនេះ​មុនគេ ក្រោយ​ការធ្វើ​រដ្ឋប្រហារ​របស់​ពួកយោធាភូមា។ តំណាង​រដ្ឋាភិបាល​រួបរួម​ជាតិ​ភូមា បាន​រិះគន់​ការរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-ឡានឆាង​លើកទី៧ នៅទីក្រុងបាហ្កាន​នៃ​ប្រទេសភូមា​ជាមួយ​ក្រុមរបបសឹកភូមា​នេះថា ជាការរំលោភ​ឆន្ទៈ​របស់​ប្រជាជន​ភូមា និង​ថាធ្វើឡើង​ផ្ទុយពី​កិច្ចព្រមព្រៀង​ឯកច្ឆ័ន្ទ ៥ចំណុច របស់​អាស៊ាន។

កម្ពុជា​​ក្នុងនាម​ជាប្រធាន​ប្តូរវេន​អាស៊ាន​ឆ្នាំ២០២២ កំពុង​រងការរិះគន់ថា ព្យាយាម​ទទួលស្គាល់​របបសឹកភូមា​ខុសច្បាប់ និង​ធ្វើឱ្យ​របបនេះ​អាចបន្តអំណាច​ខុសច្បាប់​បាន​យូរអង្វែង​តទៅទៀត ដូចតាម​ការចង់​បាន​​របស់​ប្រទេស​កុម្មុយនិស្ត​ចិន ដែល​ជាសម្ព័ន្ធមិត្ត​របស់ក្រុមយោធា​ភូមា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។