កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងមិនលុបចោលគម្រោងសមយុទ្ធយោធានាគមាសសម្រាប់ឆ្នាំ២០២០ ដែលគ្រោងធ្វើនៅពាក់កណ្ដាលខែមីនានោះទេ បើទោះបីជាជំងឺរលាកផ្លូវដង្ហើមថ្មី COVID-19 កំពុងវាយលុកប្រទេសចិនយ៉ាងណាក៏ដោយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ និងឯកអគ្គរដ្ឋទូតទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) នៅថ្ងៃទី២ ខែមីនា ក្នុងឱកាសដែលលោក ទៀ បាញ់ នាំយកសម្ភារៈការពារទប់ស្កាត់វីរុសកូរ៉ូណា ដែលជាអំណោយរបស់ក្រសួងការពារជាតិកម្ពុជាជូនដល់ភាគីចិន។
សមយុទ្ធយោធានាគមាសឆ្នាំ២០២០ នេះ ក៏ដូចជាសមយុទ្ធលើកមុនៗ ដែរ គឺនឹងប្រព្រឹត្តទៅក្រោមប្រធានបទ "ប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌"។ សមយុទ្ធនេះនឹងធ្វើឡើងនៅស្រុកជុំគិរី ខេត្តកំពត ដោយមានកងទ័ពប្រទេសទាំងពីរចូលរួមជាង ២ពាន់នាក់។ ភាគីកម្ពុជា និងចិន អះអាងដូចគ្នាថា សមយុទ្ធនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធថែមទៀត។
គិតចាប់តាំងពីឆ្នាំ២០១៦ មក កងទ័ពកម្ពុជាបានរៀបចំសមយុទ្ធនាគមាសជាមួយកងទ័ពចិន បានចំនួន៣ លើករួចមកហើយ ហើយកម្ពុជាក៏ទទួលបានជំនួយយោធាច្រើនសន្ធឹកសន្ធាប់ពីប្រទេសចិនដែរក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទោះជាយ៉ាងណា ការពង្រឹងទំនាក់ទំនងយោធាជាមួយប្រទេសចិន និងការបដិសេធធ្វើសមយុទ្ធយោធាជាមួយប្រទេសលោកខាងលិចក្នុងពេលកន្លងទៅ បានធ្វើឱ្យកម្ពុជាដើរឃ្លាតឆ្ងាយបន្តិចម្តងៗ ពីក្រុមមហាអំណាចលោកសេរីនៅលើវិស័យការពារជាតិ។ ជាឧទាហរណ៍ កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានលុបចោលសមយុទ្ធយោធា "ឆ្មាំអង្គរ" ជាមួយសហរដ្ឋអាមេរិក និងសមយុទ្ធយោធា ដនគោព្រៃ (Dawn Kouprey) ជាមួយប្រទេសអូស្ត្រាលី នៅចុងឆ្នាំ ២០១៧ ហើយមកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនដែលនិយាយដល់ការរៀបចំសមយុទ្ធយោធាជាមួយប្រទេសលោកសេរីទាំងពីរនេះវិញឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។