កូនស្រីសកម្មជនដីធ្លីនៅបឹងកក់ត្រូវបានឃុំខ្លួនក្រោមបទចោទ«បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ»
2025.02.02

កូនស្រីសកម្មជនដីធ្លីនៅតំបន់បឹងកក់លោកស្រី ង៉ែត ឃុន គឺលោកស្រី អេង សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ«បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ» និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។ សាច់ញាតិ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកចាត់ការចាប់ខ្លួនលោកស្រី អេង សុខា នេះគឺជារឿងអយុត្តិធម៌ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ម្ដាយលោកស្រី អេង សុខា គឺលោកស្រី ង៉ែត ឃុន ហៅយាយម៉ាំម៉ី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែកុម្ភៈថា សមត្ថកិច្ចបានបញ្ជូនកូនស្រីលោកស្រីទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសដោយចោទប្រកាន់ពីបទ«បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ» ហើយរងចាំរយៈពេល៣ខែទើបតុលាការកាត់ទោស។ លោកស្រីបន្តថា មន្ត្រីពន្ធនាគារមិនទាន់ឱ្យលោកស្រីចូលជួបកូនស្រីលោកស្រីនៅឡើយទេ ដោយឱ្យលោកស្រីរង់ចាំរយៈពេល ១៥ថ្ងៃទើបអាចជួបសួរសុខកូនស្រីបាន។
លោកស្រី ង៉ែត ឃុន៖ «ថាឃើញឥឡូវគេបញ្ជូនមកដល់ហើយ ប៉ុន្តែគេមិនឱ្យជួបទេគេកំណត់១៥ថ្ងៃបានគេឱ្យយើងជួបក្រុមគ្រួសារ។ ហើយអាហ្នឹងគេដាក់ឃុំបណ្ដោះអាសន្ន មិនទាន់កាត់ទេ ដាក់ឃុំបណ្ដោះអាសន្នហ្នឹងគេកំណត់រយៈពេល៣ខែ»។
លោកស្រី ង៉ែត ឃុន បន្ថែមថា អាជ្ញាធរបានបង្កការលំបាកដល់លោកស្រី និងជាការធ្វើទុក្ខបុកម្នេញលើគ្រួសារលោកស្រីដោយអាជ្ញាធរមិនជូនដំណឹងលោកស្រីពីការបញ្ជូនខ្លួនកូនស្រីលោកស្រីនោះទេ ធ្វើឱ្យលោកស្រីចំណាយពេលវេលាជិះម៉ូតូតាមរកកូនស្រី។ ស្ត្រីវ័យ៨៤ឆ្នាំរូបនេះចាត់ទុកការចោទប្រកាន់របស់តុលាការលើកូនស្រីនេះ គឺជាការអនុវត្តច្បាប់បែបឡប់ឡែ ពីព្រោះលោកស្រីថា មូលហេតុដែលកូនស្រីវាយបំបែកកញ្ចក់នៅខាងតុលាការគឺដោយសារតែអាជ្ញាធរ និងកម្លាំងសន្តិភាពប្រមាណ៥នាក់បានវាយដំលើកូនស្រីលោកស្រីមុន។
លោកស្រី ង៉ែត ឃុន៖ «គេបញ្ជូនកូនខ្ញុំពង្វាងដាន គេបញ្ជូនកូនខ្ញុំពង្វាងដានអ៊ីចឹងមិនដឹងគេយកទៅដាក់នៅព្រៃស ឬគេដាក់នៅកន្លែងណាពីព្រោះ ប្រព័ន្ធតុលាការឡប់ឡែមិនឱ្យខ្ញុំទៅជួបចាំលាក់អីគ្រួសារគេម្ដាយគេបង្កើតហេតុអ្វីបានលាក់ ហើយខ្ញុំមិនសុខចិត្តខ្ញុំនឹងធ្វើការតវ៉ាបន្តទៀត»។
នៅថ្ងៃដដែលនេះ អាជ្ញាធរខណ្ឌជ្រោយចង្វារបានដឹកលោកស្រី អេង សុខា ពីខណ្ឌជ្រោយចង្វារយកមកសាកសួរ នៅសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែសមត្ថកិច្ចមិនអនុញ្ញាតឱ្យសាច់ញាតិចូលក្នុងតុលាការស្ដាប់ការសាកសួរនេះឡើយ។ លុះក្រោយសាកសួរនៅក្នុងតុលាការរយៈពេលជាង២ម៉ោងលោកស្រី អេង សុខា បានហៅទូរស័ព្ទពីខាងក្នុងតុលាការប្រាប់ម្ដាយលោកស្រីថា តុលាការបានចោទប្រកាន់គាត់ពីបទ«បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ»។ ចំណែកឯសមត្ថកិច្ចវិញបានផ្លាស់ប្ដូរឡាននៅពេលដឹកលោកស្រី អេង សុខា ចេញពីតុលាការយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ដោយមិនឱ្យសាច់ញាតិដឹង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសាកសួរបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី០២ ខែកុម្ភៈ។ ដោយឡែកប្រធានមណ្ឌលអប់រំកែប្រែទី១លោក នុត សវនា ថ្លែងថា លោកមិនដឹងរឿងនេះឡើយ។
អាជ្ញាធរក្រុងភ្នំពេញបានប្រើហិង្សាវាយដំលើកូនស្រីសកម្មជនបឹងកក់លោកស្រី ង៉ែត ឃុន គឺលោកស្រី អេង សុខា និងចាប់ខ្លួនបញ្ជូនទៅខណ្ឌជ្រោយចង្វារភ្លាមៗទាំងគ្មានមានដីកា កាលពីថ្ងៃទី៣១ ខែមករា ក្នុងអំឡុងពេលលោកស្រី អេង សុខា បានទៅតវ៉ា និងផ្សាយផ្ទាល់ឬLiveលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញដោយសារលោកស្រីឈឺចាប់រឿងតុលាការមិនផ្តល់យុត្តិធម៌ជូនម្ដាយរបស់លោកស្រី។ ក្នុងការផ្សាយផ្ទាល់នោះ លោកស្រីបានរិះគន់តុលាការ ដែលកាត់ក្ដីដោយអយុត្តិធម៌ លើសំណុំរឿងម្ដាយរបស់លោកស្រីគឺលោកស្រី ង៉ែត ឃុន ដែលត្រូវបានក្រុមសន្តិសុខក្រុងភ្នំពេញវាយដំឱ្យបែកក្បាលហូរឈាម ក្នុងពេលចេញតវ៉ារកដំណោះស្រាយដីធ្លីជាមួយក្រុមហ៊ុនស៊ូកាគូ (Shukaku) របស់លោកឧកញ៉ា ឡាវ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាចបានរំលោភយកដីធ្លីផ្ទះសម្បែងរបស់ពួកគាត់ កាលពីជាង ១០ឆ្នាំមុន។
ជុំវិញបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក យិន ម៉េងលី ដែលតាមដានដំណើររឿងនេះឱ្យដឹងថា តុលាការបានចោទប្រកាន់លោកស្រី អេង សុខា ពីបទ«បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ» និងយកទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។ លោកបន្តថា តុលាការគួរពិនិត្យឡើងវិញអំពីមូលហេតុនៃរឿងនេះ ពីព្រោះអាជ្ញាធរបានប្រើអំពើហិង្សាលើលោកស្រី អេង សុខា នៅពេលលោកស្រីទាមទារឱ្យតុលាការផ្ដល់យុត្តិធម៌ជូនគ្រួសារលោកស្រី ដូច្នេះតុលាការគួរតែដោះលែងលោកស្រីឱ្យមានសេរីភាពឡើងវិញ។
លោក យិន ម៉េងលី៖ «សម្រាប់ទស្សនខ្ញុំសូមឱ្យតុលាការពិចារណាចរិតដើមនៃរឿង សំខាន់ណាស់ចរិតដើមនៃរឿង ចរិតដើមនៃមិនមែនទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈទេ ចរិតដើមនៃរឿងគឺគាត់ធ្វើការឡាយដើម្បីទាមទារយុត្តិធម៌ជូនគ្រួសារគាត់។ ប៉ុន្តែនៅពេលមកចាប់ដោយរារាំងដោយសមត្ថកិច្ចគឺគាត់មានគំនិតមួយខឹងសម្បាថែមទៀតដែលធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិហ្នឹងអ៊ីចឹងយើងមើលចរិតរបស់វា អ៊ីចឹងបានស្នើឱ្យតុលាការពិចារណាឡើងវិញឱ្យសុំឱ្យដោះលែង»។
កន្លងទៅលោកស្រី អេង សុខា តែងតែចេញមុខតវ៉ាទាមទារឱ្យតុលាការផ្ដល់យុត្តិធម៌ជូនម្ដាយលោកស្រីក្នុងវិវាទដីធ្លីនៅតំបន់បឹងកក់ដោយសារតែម្ដាយលោកស្រីជាជនរងគ្រោះពីការវាយដំស្ទើរតែបាត់បង់ជីវិតក្នុងការពារដីធ្លី និងផ្ទះសម្បែងរបស់ខ្លួន ហើយបែរជារងពាក្យបណ្ដឹងនៅតុលាការថែមទៀត។ ក្រៅពីនេះលោកស្រី អេង សុខា ក៏ចូលរួមសកម្មភាពទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស និងទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើសកម្មជនចលនាមាតាចំនួន៥ឱ្យមានសេរីភាពឡើងវិញផងដែរ។
កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលដែលតុលាការផ្ដន្ទាទោសឱ្យសកម្មជនចលនាមាតាធម្មជាតិចំនួន៥នាក់ជាប់ពន្ធនាគារចន្លោះពី៦ឆ្នាំ ដល់៨ឆ្នាំ លោកស្រី អេង សុខា ក៏បានចូលរួមគាំទ្រ និងលើកទឹកចិត្តដល់សកម្មជនបរិស្ថានទាំងនោះដែរ។ ប៉ុន្តែដោយសារតែអាជ្ញាធរបានព្រួតចាប់សកម្មជនបរិស្ថានទាំងកម្រោលញាត់បញ្ចូលឡាន លោកស្រី អេង សុខា ក៏ចូលទៅជួយ ហើយត្រូវបានសមត្ថកិច្ចចាប់យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយមកបានដោះលែងវិញ ដោយសមត្ថកិច្ចបង្ខំឱ្យលោកស្រី ផ្ដិតមេដៃលើកិច្ចសន្យាឈប់ចូលរួមសកម្មភាពគាំទ្របែបនេះទៀត។
សាច់ញាតិ និងមន្ត្រីសង្គមស៊ីវិល ស្នើឱ្យអាជ្ញាធរ ដោះលែងលោកស្រី អេង សុខា ឱ្យមានសេរីភាពឡើងវិញ ពីព្រោះសកម្មភាពរបស់លោកស្រី អេង សុខា គ្មានចេតនាបំផ្លាញទ្រព្យសម្បត្តិសាធារណៈដូចការចោទប្រកាន់របស់តុលាការឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។