ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​គ្រោង​ជួបជុំ​គ្នា​ដាក់​ញត្តិ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ដោះលែង​អ្នក​ទោស​មនសិការ នៅ​ថ្ងៃទី២៨ កញ្ញា

ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​គ្រោង​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​និង​ដាក់​ញត្តិ​នៅ​មុខ​ស្ថានទូត​ខ្មែរ ក្នុង​រដ្ឋធានី​វ៉ាស់ស៊ីនតុន (Washington) នៅ​ថ្ងៃ​ទី២៨ កញ្ញា ដើម្បី​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ​ដោះលែង​អ្នក​ទោស​មនសិការ។

ប្រធាន​ប្រតិបត្តិ​ចលនា​និស្សិត​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក លោក ទូច វិបុល មាន​ប្រសាសន៍​ថា បាតុកម្ម​នេះ​មាន​គោល​បំណង​ផ្ញើ​សារ​តាម​រយៈ​អគ្គរាជទូត​ខ្មែរ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ខ្មែរ ឲ្យ​ស្ដារ​មុខ​មាត់​ប្រទេស​ជាតិ​ឡើង​វិញ​ ដោះលែង​អ្នក​ទោស​មនសិការ​ទាំង​ដោយ​គ្មាន​លក្ខខណ្ឌ ពីព្រោះ​អ្នក​ទាំង​នោះ​កំពុង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌៖ « តែ​ជាក់ស្ដែង​យ៉ាង​ណា គឺ​ស្ថិត​នៅ​លើ​ជំហរ​រដ្ឋាភិបាល ក្នុង​នាម​ពលរដ្ឋ​នៅ​តែ​បន្ត​ទាមទារ តាម​រយ​ការ​ធ្វើ​បាតុកម្ម​ការ​ជំរុញ​ឲ្យ​អ្នក​សរសេរ​គោល​នយោបាយ​សហរដ្ឋ​អាមេរិក អនុម័ត​ច្បាប់​មួយ​ចំនួន ដូចជា ច្បាប់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ច្បាប់​លេខ​៣០៨១ ឲ្យ​ច្បាប់​នោះ​ចេញ​ទៅ​បើ​ច្បាប់​នេះ​ចេញ​ទៅ​នឹង​ដាក់​ទណ្ឌកម្ម​កាន់​តែ​ធ្ងន់ធ្ងរ​នេះ​ជា​ជំហរ​តស៊ូ​ ដែល​យើង​ចង់​បាន​ការ​ដោះ​លែង​អ្នក​ទោស​មនសិការ​ទាំងអស់»

គម្រោង​ជួបជុំ​បាតុកម្ម​នៅ​ថ្ងៃច័ន្ទ ទី២៨ ខែកញ្ញា ដើម​សប្ដាហ៍​ក្រោយ​នេះ បាតុករ​គ្រោង​ជួបជុំ​គ្នា​ដាក់​ញត្តិ​ទាមទារ​ដោះ​លែង​អ្នក​ទោស​មនសិការ នៅ​មុខ​ស្ថានទូត​ខ្មែរ វេលា​ម៉ោង ១១ ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់។ នៅ​ម៉ោង ២រសៀល អ្នក​ចូលរួម និង​បន្ត​ទៅ​ក្រសួង​ការ​បរទេស​អាមេរិក ដើម្បី​ថ្លែង​អំណរ​គុណ ដែល​តែង​បង្ហាញ​ជំហរ​គាំទ្រ​ចង់​ឲ្យ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ។ ជាមួយ​គ្នា​នោះ ពួក​គេ​ក៏​នឹង​ជំរុញ​ឲ្យ​អាមេរិក​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ប្រញាប់​ដោះ​លែង​អ្នក​ទាំង​មនសិការ​ទាំង​អស់​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។