មេដឹកនាំបក្សប្រជាជនកម្ពុជា រួមមានលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត លោក ស ខេង និងលោក ទៀ បាញ់ ជាដើមបានជួបប្រជុំជាមួយមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម និងឡាវនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីពង្រឹងមិត្តភាពជាប្រពៃណី។ ប៉ុន្តែអ្នកឃ្លាំមើលយល់ថាការជួបប្រជុំនេះគឺវៀតណាមជាចៅហ្វាយនាយដាក់ផែនការនៃដំណើរឆ្ពោះមកទិសខាងលិចរបស់ហូជីមិញដែលធ្វើឱ្យកម្ពុជាជួបគ្រោះធំនៅពេលខាងមុខថែមទៀត។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនិងអ្នកវិភាគនយោបាយ លើកឡើងថាទំនាក់ទំនងរវាងមេដឹកបក្សប្រជាជនកម្ពុជា ជាមួយបក្សកុម្មុយនិស្ត ឡាវ និងវៀតណាម កំពុងអនុវត្តផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងមិនផ្តល់ប្រយោជន៍ដល់កម្ពុជា។
«ដំណើរឆ្ពៅទិសខាងលិចរបស់ លោក ហូ ជីមិញ ដើម្បីគ្រប់គ្រងកម្ពុជា និងឡាវ»
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា ព័ត៌មានដែលគណបក្សប្រជាជនកម្ពុជាបង្ហាញធ្វើឱ្យល្អមើល និងបំភាន់មតិប្រជាពលរដ្ឋខ្មែរ។ លោករំលឹកថាបើសង្កេតឱ្យស៊ីជម្រៅ កិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំង៣ជាទៀងទាត់ គឺជាផែនការឆ្ពោះទៅទិសខាងលិចរបស់ លោក ហូ ជីមិញ ដើម្បីគ្រប់គ្រងកម្ពុជា និងឡាវទាំងសេដ្ឋកិច្ច នយោបាយ អធិបតេយ្យភាពនៅថ្ងៃអនាគត។ លោកចាត់ទុកថា នេះជាជំនួបរវាងចៅហ្វាយនឹងកូនចៅ បម្រើប្រយោជន៍ប្រទេសវៀតណាមតាមរយៈការជួយពង្រឹងអំណាចត្រកូលហ៊ុន។ លោកបារម្ភថាទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជាកាន់តែស៊ីជម្រៅបែបនេះ ប្រទេសកម្ពុជាកាន់តែខាតបង់ធំ។
លោក អ៊ុំ សំអាន៖«គណបក្សប្រជាជនកម្ពុជា និងត្រកូលហ៊ុនមិនអាចងាកចេញពីវៀតណាមទេ ពីព្រោះវៀតណាមជាបងធំពីមុនមក ដូច្នេះខ្ញុំយល់ថាការប្រជុំជាប្រចាំឆ្នាំរវាងបក្សទាំងបី កម្ពុជា ឡាវ និងវៀតណាម នេះ វាជាគ្រោះថ្នាក់មួយសម្រាប់កម្ពុជា និងឡាវ អាចប្រទេសទាំងពីរហ្នឹង អាចត្រូវបានវៀតណាមលេបត្របាក់តាមមហិច្ឆតារបស់លោក ហូ ជីមិញ ដែលចង់បង្កើតសហព័ន្ធឥណ្ឌូចិនដែលយកប្រទេសកម្ពុជា និងឡាវ ធ្វើជាប្រទេសរណបរបស់ខ្លួន»។
ក្នុងជំនួបដែលមិនត្រូវបានប្រកាសឱ្យដឹងជាមុន គណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានផ្សព្វផ្សាយនៅយប់ថ្ងៃទី២២ ខែកុម្ភៈថា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក លោក តូ ឡឹម (To Lam)ជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានជួបពិភាក្សាការងារនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលធ្វើឡើងនៅទីក្រុងហូជីមីញ កាលពីថ្ងៃទី២១ ខែកុម្ភៈ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ទំនាក់ទំនង និងផ្តល់ព័ត៌មានទៅវិញទៅមកពីសភាពការណ៍ជាតិ តំបន់ និងអន្តរជាតិ និងដាក់គោលដៅសម្រាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរនៅឆ្នាំបន្តបន្ទាប់។ ជាមួយគ្នានេះ ភាគីទាំងពីរ នឹងបន្តគាំទ្រសហប្រតិបតិ្តការរវាងយុវជនគណបក្ស និងប្រទេសទាំងពីរដើម្បីតភ្ជាប់ទំនាក់ទំនងមិត្តភាព កម្ពុជា-វៀតណាម ព្រមទាំងគាំទ្រគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្ស សភា រដ្ឋាភិបាល និងអង្គការមហាជននៃប្រទេសទាំងពីរ។
ចំណែកជំនួបកំពូលត្រីភាគីរវាង កម្ពុជា-ឡាវ-វៀតណាម ដែលចូលរួមពីលោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី២២ ខែកុម្ភៈវិញ គណបក្សប្រជាជនកម្ពុជាអះអាងថា មេដឹកនាំគណបក្សទាំងបីប្រទេសនេះ បានពិភាក្សាអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងស្មារតីជួយគ្នាទៅវិញទៅមកដើម្បីឯករាជ្យ អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំង៣។
ប្រទេសទាំងបីជំរុញការដោះស្រាយបញ្ហាព្រំដែន
ភាគីទាំងបីបានឯកភាពគ្នាអំពីការជំរុញដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់ ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្រៅពីនេះ មេដឹកនាំបក្សទាំងបី ក៏បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មី ហើយកិច្ចប្រជុំកំពូលបន្ទាប់សម្រេចរៀបចំនៅប្រទេសកម្ពុជានៅឆ្នាំ២០២៦ខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរសារនៅលើហ្វេសប៊ុករបស់លោកដោយខ្លីថាលោកជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញ (Pham Minh Chinh) និងនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដន (Sonexay Siphandone)ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងបី។
តាម កាសែត VietnamPlusផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈថា លោក ហ៊ុន សែន បានសរសើរគណបក្សកុម្មុយនីស្តវៀតណាមក្រោមការដឹកនាំរបស់អគ្គលេខាធិការបក្សលោក តូ ឡឹម ថា ជាគម្រូសម្រាប់កម្ពុជាក្នុងការសិក្សា។ លោក ហ៊ុន សែន បញ្ជាក់ថា ការអប់រំយុវជនប្រទេសទាំងពីរគឺមានសារៈសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី សាមគ្គីភាព និងមិត្តភាពយូរអង្វែងរវាងបក្ស រដ្ឋ និងប្រជាជនប្រទេសទាំងពីរ។
ស្របពេល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោកដែលជាមេបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន រួមជាមួយមេដឹកនាំគ្រាក់ៗក្នុងជួរគណបក្សកាន់អំណាចជាច្រើននាក់នាំគ្នា ទៅជួបមេដឹកនាំវៀតណាមនោះហើយ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងទៅចូលរួមវេទិកាអនាគតអាស៊ានលើកទី២ នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខ តាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសវៀតណាមលោក ប៊ុយ ថាញ់សុន (Bui Thanh Son)។ សេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ការចូលរួមវេទិកានេះក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ ដើម្បីពិភាក្សាលើបញ្ហាដែលមានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់អនាគតអាស៊ាន។
«កិច្ចប្រជុំនេះក្បត់ផលប្រយោជន៍ពលរដ្ឋខ្មែរ និងនាំគ្រោះដល់កម្ពុជា»
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយលោក គឹម សុខ មានប្រសាសន៍ថា កិច្ចប្រជុំរវាងមេបក្សប្រជាជនកម្ពុជា និងមេបក្សកុម្មុយនីស្តវៀតណាម និងឡាវធ្វើឡើងលាក់បាំងព័ត៌មាន ហើយយកក្របខណ្ឌបក្សទៅសម្រេចលើផែនការសហប្រតិបត្តិការលើគ្រប់វិស័យចាប់តាំងពីរដ្ឋសភា រដ្ឋាភិបាល និងប្រជាពលរដ្ឋ គឺមេដឹកនាំកម្ពុជាកំពុងអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងក្បត់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។ លោក គឹម សុខ ថាបញ្ហានេះ មេដឹកនាំបក្សប្រជាជនកម្ពុជាគឺលោក ហ៊ុន សែន កំពុងនាំគ្រោះដល់ជោគវាសនារបស់ប្រទេសកម្ពុជា។
លោក គឹម សុខ៖«រឿងនេះជារឿងគ្រោះថ្នាក់ដ៏ធំបំផុត សម្រាប់ប្រជាជាតិខ្មែរ ហើយអ្វីដែលពួកគេចង់ពង្រីកបន្តនោះ គឺបន្តពីជំនាន់ចាស់របស់លោក ហ៊ុន សែន ទៅជំនាន់ថ្មីរបស់លោក ហ៊ុន ម៉ាណែត ក្នុងបរិបទបម្រើមហិច្ឆតាឈ្លានពានរបស់វៀតណាមដដែល ហើយអ្វីដែលសំខាន់បំផុតក្នុងកាលៈទេសៈនេះ គឺលោក ហ៊ុន សែន កំពុងសន្យាកាន់តែជ្រៅជាមួយមេដឹកនាំវៀតណាម ដើម្បីស្នើឱ្យវៀតណាមគាំទ្រលោក ហ៊ុន ម៉ាណែត ជាប្រធានគណបក្សប្រជាជនកម្ពុជា សម្រាប់បន្តមហិច្ឆតាឈ្លានពានវៀតណាមហ្នឹង ម្លោះហើយគ្រោះថ្នាក់ចំពោះមុខសម្រាប់ប្រជាជាតិខ្មែរហ្នឹង ពិតជាធំធេងណាស់ បើសិនយើងមិនអាចរកការផ្លាស់ប្តូរកម្ពុជាឱ្យកម្ពុជាទៅរកប្រជាធិបតេយ្យឱ្យបានឆាប់ទេនោះ»។
នៅក្រោយពេលកងទ័ពវៀតណាមប្រមាណ ២០ម៉ឺននាក់ ចូលវាយផ្ដួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ លោក ហ៊ុន សែន ត្រូវបានវៀតណាម លើកបន្តុបឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សានាយករដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥ ដើម្បីដឹកនាំអនុវត្តន៍ផែនការ ក-៥ របស់វៀតណាម ក្រោយពីវៀតណាមចាប់លោកនាយករដ្ឋមន្ត្រី ប៉ែន សុវណ្ណ ដាក់គុកនៅទីក្រុងហាណូយ និងបន្ទាប់ពីការស្លាប់របស់លោកនាយករដ្ឋមន្ត្រី ចាន់ ស៊ី នៅរុស្សី (Russia)។
ចំណែកគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃមានឈ្មោះដើមថា គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដែលត្រូវបានបង្កើតឡើងដោយលោក សឺន ង៉ុកមិញ ហៅអាចារ្យមៀន នៅឆ្នាំ១៩៥១។ លោក សឺន ង៉ុកមិញ ដែលមានឈ្មោះជាភាសាវៀតណាមថា ផាម យ៉ាំង ហួ (Phạm Văn Hua) ដែលមានឪពុកជាខ្មែរក្រោម និងម្តាយជាជនជាតិវៀតណាមនៅខេត្តព្រះត្រពាំងកម្ពុជាក្រោមនោះ គឺជាអតីតសមាជិកគណបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងដោយលោក ហូ ជីមិញ (Ho Chi Minh) តាំងពីឆ្នាំ១៩៣០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។