គណបក្ស​ភ្លើង​ទៀន ប្ដឹង​ទៅ​តុលាការ ទាមទារ​ឲ្យ​បើកទ្វារ​អគារ​​​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ

0:00 / 0:00

គណបក្ស​ភ្លើង​ទៀន ប្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​បើក​ទ្វារ ​អគារ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​ឡើង​វិញ ក្រោយ​ពេល​អគារ​នេះ ត្រូវ​បាន​ចៅក្រម​ចាក់​សោ​បិទ និង​​ចេញ​ដីកា​បិទ​ទ្វារ ហាម​មិន​ឲ្យ​​មនុស្ស​ចេញ​ចូល​ជាង ១ខែ​មក។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​យល់​ថា តុលាការ​គួរ​ពិចារណា​បើក​ទ្វារ​អគារ​ ដើម្បី​ឲ្យ​គណបក្ស​ភ្លើង​ទៀន បាន​ចូល​ធ្វើការ​ ជា​ធម្មតា​វិញ៖ «»

ប្រធាន​​គណបក្ស​ភ្លើង​ទៀន ជា​អតីត​គណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល ឲ្យ​ដឹង​ថា មេធាវី​តំណាង​ឲ្យ​គណបក្ស បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី១១ ធ្នូ។

ការ​ទាមទារ​​ឲ្យ​ទ្វារ​អគារ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ដោយសារ​មាន​ចោរ​ធ្វើ​សកម្មភាព​លួច​គាស់​ទម្លុះ​ចូល​លួច​យក​សម្ភារៈ​នៅ​ក្នុង​អគារ​ជា​ច្រើន នៅ​ពេល​ដែល​ចៅក្រម​ចាក់​សោ​របង​បិទ​ដីកា​លើ​របង​ ហាម​មិន​ឲ្យ​នរណា ចូល​អគារ​នេះ​ តាំង​ពី​ថ្ងៃ​ទី៦ វិច្ឆិកា​មក។ លោក ទាវ​ វណ្ណុល ប្រាប់​ថា ក្រៅ​ពី​បម្រាប​ទាំង​នេះ នៅ​មាន​មនុស្ស​មួយ​ក្រុម​នៅ​ឃ្លាំមើល​ខាង​មុខ​អគារ​រាល់​ថ្ងៃ​បន្ថែម​ទៀត ហើយ​ជាង​មួយ​ខែ​មក​នេះ គ្មាន​នរណា​ម្នាក់ អាច​ចូល​ទៅ​​ក្នុង​អគារ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឡើយ។ លោក​បន្ថែម​ថា មុន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ លោក​ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​​អាជ្ញាធរ​នៅ​មូលដ្ឋាន​ដែរ អំពី​ករណី​ចោរ​លួច​សម្ភារៈ​ក្នុង​អគារ​នេះ៖ «គេ​បាន​ទៅ​ចាក់​សោ​ទៀត គេ​មាន​សោ​ ចាក់​សោ​ពី​ក្រៅ ហើយ​ដោយសារ​ទីស្នាក់ការ​គណបក្ស​ភ្លើង​ទៀន ហើយ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង នៅ​ក្នុង​អគារ​តែ​មួយ គ្រាន់​តែ​ទីស្នាក់ការ​គណបក្ស​ភ្លើង​ទៀន នៅ​ជាន់​ក្រោម​​ផ្ទាល់​ដី ហើយ​បន្ទាប់​ពី​ហ្នឹង​ទៅ ជាន់​ទី​១​ឡើង​ទៅ​ហ្នឹង ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដល់​ពេល​គេ​ចាក់​សោ​របង​អ៊ីចឹង​ទៅ វា​ជាប់​ទីស្នាក់ការ​គណបក្ស​ភ្លើង​ទៀន របស់​ខ្ញុំ​នៅ​ជាមួយ​ហ្នឹង​គេ​ដែរ»។

ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចៅក្រម លោក កូយ សៅ បិទ​ដីកា​បិទ​ចោល កាល​ពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ក្រោយ​ពេល​ចៅក្រម​រូប​នេះ ចេញ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​មនុស្ស ១០នាក់ ដែល​ស្នាក់​នៅ​ក្នុង​អគារ​នោះ យក​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ ដោយ​សង្ស័យ​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ ផ្ដួល​រលំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ ការ​បិទ​អគារ​នេះ លោក កូយ សៅ សំអាង ហេតុ​ផល​ថា រក្សា​ទីតាំង​ភស្តុតាង និង​បង្ការ​កុំ​ឲ្យ​មាន​ការ​បំផ្លាញ​ភស្តុតាង។ លោក ទាវ វណ្ណុល ថា ជាង​មួយ​ខែ​មក​នេះ សមាជិក​គណបក្ស​ភ្លើង​ទៀន មិន​អាច​ចូល​ទៅ​ធ្វើការ​​ក្នុង​ស្នាក់​ការ​គណបក្ស​ភ្លើង​ទៀន​បាន​ឡើយ ដោយសារ​គណបក្ស​នេះ ស្ថិត​នៅ​ជាន់​ក្រោម ​នៃ​អគារ​គណបក្ស​សង្គ្រោះ​ជាតិ។ អគារ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ចែក​ចេញ​ជា ៣ផ្នែក គឺ​ផ្នែក​ខាង​លើ​ ជា​ទី​ស្នាក់​ការ​​គណបក្ស​សង្គ្រោះ​ជាតិ ផ្នែក​ខាង​ក្រោម​ ជា​ទី​ស្នាក់​ការ​គណ​បក្ស​ភ្លើង​ទៀន និង​ផ្នែក​ខាង​ក្រោយ​អគារ ជាប់​មាត់​ទន្លេ ជា​លំនៅឋាន​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។ លោក ទាវ វណ្ណុល ប្រាប់​ថា ក្រោយ​ពេល​ចៅក្រម ​បិទ​អគារ​នេះ​មក​ ផ្នែក​ទាំង​​អស់​​របស់​អគារ​ រង​ការ​លួច​​ពី​ក្រុម​ចោរ​រាល់​យប់។

មេធាវី​តំណាង​ឲ្យ​គណបក្ស​ភ្លើង​ទៀន គឺ​លោក​មេធាវី សំ សុគង់ អះអាង​ថា បញ្ញត្តិ​ច្បាប់​ចែង​ក្នុង​ន័យ​ថា ទី​ស្នាក់​ការ​គណបក្ស​ភ្លើង​ទៀន គឺ​​ជា​ទ្រព្យ​សម្បត្តិ​របស់​គណបក្ស​នេះ មិន​ពាក់​ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។ លោក​ថា គណបក្ស​ភ្លើង​ទៀន មិន​រង​ការ​រំលាយ​ទេ ដូច្នេះ បាន​ជាប់​កាតព្វកិច្ច​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ ដាក់​ទៅ​ក្រសួង​មហាផ្ទៃ និង​មាន​កិច្ច​ការ​​ងារ​ជា​ច្រើន ត្រូវ​បំពេញ ហើយ​ការ​បិទ​អគារ​ទី​​ស្នាក់​ការ​បក្ស​បែប​នេះ បណ្ដាល​ឲ្យ​សមាជិក​គណបក្ស ដែល​មាន​សិទ្ធិ​ដំណើរ​ការ​មួយ​នេះ មិន​អាច​បំពេញ​កិច្ចការ​ងារ​​ខ្លួន​បាន។ ម្យ៉ាង​ទៀត លោក​ថា តាំង​ពី​មាន​​ដីកា​បិទ​ទីតាំង​អគារ​គណបក្ស​សង្គ្រោះ​ជាតិ​រួច​មក គ្មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​ចូល​ទេ សូម្បី​ក្រុម​សន្តិសុខ ១០នាក់ ដែល​រង​ការ​ចាប់​ខ្លួន​ពី​មុន។ ដូច្នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​​ក្រុម​ចោរ​មាន​ឱកាស​លួច​​សម្ភារៈ​ក្នុង​អគារ។ លោក​មេធាវី​សង្ឃឹម​ថា តុលាការ​នឹង​ប្រញាប់​ពិនិត្យ​មើល និង​សម្រេច​បើក​ទ្វារ​អគារ​ទី​ស្នាក់​ការ​គណបក្ស​ប្រឆាំង​ឡើង​វិញ៖ «ស្នើសុំ​ដែរ​ថា សុំ​ឲ្យ​តុលាការ​​​ ​ធ្វើ​ម្ដេច​ពិនិត្យ និង​សម្រេច​ឲ្យ​បាន​ឆាប់​ ទៅ​តាម​​នីតិវិធី​ច្បាប់ ដោយសារ​ការ​សម្រេច​បិទ​ទីស្នាក់ការ​ហ្នឹង បច្ចុប្បន្ន​ហ្នឹង​សំខាន់​បំផុត​ គឺ​ពាក់ព័ន្ធ​នឹង​កាតព្វកិច្ច​ ពិនិត្យ​ ការ​ធ្វើ​ហិរញ្ញវត្ថុ​ទៅ​ក្រសួង​មហាផ្ទៃ ហើយ​ទី​២​ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ចោរ​ហា​រយ​ បាន​គាស់​ទម្លុះ ទម្លាយ​ ឬ​បាន​កាត់​សោ​របង ចូល​ទៅ​លួច​សម្ភារៈ​មួយ​ចំនួន​នៅ​ក្នុង​ទីស្នាក់ការ​ហ្នឹង»។

ប្រធាន​ផ្នែក​​ឃ្លាំមើល​សិទ្ធិ​មនុស្ស នៃ​សមាគម អាដហុក លោក នី សុខា មាន​ប្រសាសន៍​ថា តុលាការ​គួរ​គប្បី​ពិនិត្យ និង​ពិចារណា បើក​ទ្វារ​អគារ​​ទីស្នាក់ការ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​វិញ ព្រោះ​គណបក្ស​នេះ មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​​ធ្វើ​សកម្មភាព​​តាម​ផ្លូវ​ច្បាប់ និង​​ជា​ការ​បង្ក​លក្ខណៈ​ ឲ្យ​សមាជិក​​គណ​បក្ស​ភ្លើង​ទៀន បាន​ចូល​ធ្វើ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។