បេក្ខជនមេឃុំគណបក្សភ្លើងទៀនខេត្តកំពង់ចាមម្នាក់ចូលបំភ្លឺ គណៈកម្មការរៀបចំការបោះឆ្នោតឃុំស្តៅ តាមបណ្តឹងគណបក្សកាន់អំណាចពាក់ព័ន្ធរឿងប្រើប្រាស់ថវិកាចែកដល់ពលរដ្ឋក្នុងពេលឃោសនា ។មន្ត្រីសង្គមស៊ីវិលចាត់ទុកបណ្តឹងនេះថា ជាការគំរាមកំហែងផ្នែកនយោបាយ ដើម្បីបំបាក់ស្មារតីមន្ត្រីគណបក្សភ្លើងទៀននៅមុនការបោះឆ្នោតខិតជិតចូលមកដល់។
បេក្ខជនគណបក្សភ្លើងទៀនឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម លោក គង់ រ៉ៃយ៉ា ចូលឆ្លើយបំភ្លឺគណៈកម្មការរៀបចំការបោះឆ្នោតឃុំស្ដៅតាមការកោះហៅ នៅរសៀលថ្ងៃទី ២៥ខែឧសភា។
ការចូលបំភ្លឺនេះធ្វើឡើង តាមបណ្តឹងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ដោយចោទប្រកាន់បេក្ខជនមេឃុំស្ដៅរបស់គណបក្សភ្លើងទៀន គឺលោក គង់ រ៉ៃយ៉ា ថា ចែកបានប្រាក់ដល់ប្រជាពលរដ្ឋក្នុងឃុំ ហើយស្នើ អោយគណៈកម្មការរៀបចំការបោះឆ្នោតឃុំដកបេក្ខជនមេឃុំគណបក្សភ្លើងទៀនទាំង ១១ ឃុំក្នុងស្រុកកងមាសតែម្ដង ។ លោក គង់ វ៉ៃយ៉ា ប្រតិកម្ម នឹងការចោទប្រកាន់នេះ ហើយចាត់ទុកថា នេះជាការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយពីសំណាក់បក្សកាន់អំណាចនៅមុនការបោះឆ្នោត ។
បេក្ខជនឈរឈ្មោះមេឃុំស្ដៅគណបក្សភ្លើងទៀនឃុំស្តៅ លោក គង់ រ៉ៃយ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែឧសភា ថា លោកមិនបានចែកប្រាក់ដល់ប្រជាពលរដ្ឋដូចការចោទ របស់មន្ត្រីគណបក្សកាន់អំណាចឡើយ។ លោក បន្តថា ការដែលលោកយកប្រាក់ចែកនោះចំពោះតែសកម្មជនគណបក្សភ្លើងទៀន សំរាប់ឃោសនា ទិញអាវគណបក្ស ទង់បក្ស និងទង់ជាតិ ដល់ក្រុមការងារបក្សថ្នាក់ឃុំរបស់លោកតែប៉ុណ្ណោះ ។លោកយល់ថា បណ្តឹងនេះមានចេតនារារាំង បំភិតបំភ័យ និងគំរាមកំហែងលើសិទ្ធិធ្វើនយោបាយរបស់លោក ៖ « គណបក្សប្រជាជនខ្លួនឯងហ្នឹង គាត់មានការព្រួយបារម្ភ ភ័យខ្លាចចាញ់គណបក្សភ្លើងទៀន សំរាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ ខាងមុខហ្នឹង ។ ដោយសារតែចាប់ផ្តើមពីគណបក្សភ្លើងទៀនដំណើរការឡើងវិញមក ជាពិសេសគឺនៅពេលឃោសនាបោះឆ្នោតនេះ គឺគណបក្សភ្លើងទៀនមានសន្ទុះ ការគាំទ្រខ្លាំងលើសលុប ដែលធ្វើអោយគណបក្សប្រជាជនព្រួយបារម្ភ»។
លោក គង់ រ៉ៃយ៉ា បន្ថែមថា នេះគ្រាន់តែជាលេះដែលមិនសមស្របមួយ ចោទប្រឹងរូបលោក ជាប្រធានក្រុមទ្រទ្រង់ស្រុកកងមាស ដើម្បីរាំងខ្ទប់កុំឱ្យលោកចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំស្តៅ លោក ហាក់ វីណា ដើម្បីបំភ្លឺរឿងនេះបានទេ ដោយទូរស័ព្ទចូលអ្នកទទួលថា ចេញក្រៅមិនយកទូរស័ព្ទតាមខ្លួន ។
ក្រោយពីកិច្ចសម្របសម្រួល និងផ្សះផ្សារនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំថ្ងៃនេះ គឺភាគីគណបក្សកាន់អំណាចមិនព្រមសម្របសម្រួលបានទេ និងទាមទារអោយរំលាយបេក្ខជនគណបក្សភ្លើងទៀនទាំង១១ ឃុំក្នុងស្រុកកងមាស ខេត្តកំពង់ចាមទាំងអស់ ។ គណៈកម្មការរៀបចំការបោះឆ្នោតឃុំបញ្ជូនរឿងនេះទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដើម្បីដោះស្រាយបន្ត ។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលមើលឃើញថា ទង្វើរបស់គណបក្សកាន់អំណាចបែបនេះ ជារូបភាពធ្វើទុក្ខបុកម្នេញផ្នែកនយោបាយម្តងហើយម្តងទៀត លើសកម្មជនគណបក្សភ្លើងទៀន ដែលធ្វើ ឱ្យប៉ះពាល់ដល់បរិយាកាសនយោបាយមិនល្អ នៅមុនពេលបោះឆ្នោតឃុំ-សង្កាត់ ។
នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី ថ្លែងថា ការផ្តល់ថវិកាដល់ក្រុមការងារគណបក្សនយោបាយរបស់ខ្លួនទៅតាមឃុំ ដើម្បី ឃោសនារកសំឡេងឆ្នោត គឺពុំខុសច្បាប់នោះឡើយ ។ លោកបន្តថា ប៉ុន្តែបើការផ្តល់ជាថវិកាដល់ប្រជាពលរដ្ឋ ដើម្បីបោះឆ្នោតទើបខុសច្បាប់បោះឆ្នោត ព្រោះជាការទិញសន្លឹកឆ្នោតជារឿងខុសច្បាប់ ៖ « គណបក្សប្រជាជន ក៏គេអោយលុយអីចឹងដែរ គេអោយលុយទៅសមាជិកគណបក្សគេចុះធ្វើការនុះ គេចាក់សាំង គេញាំបាយ សព្វបែបយ៉ាងផ្សេងៗ អាហ្នឹងគេអោយអីចឹងតើ វាខុសច្បាប់លុះត្រាតែយើងហ្នឹង យកលុយទៅអោយអ្នកបោះឆ្នោតអោយ អ្នកបោះឆ្នោត បោះឆ្នោតយើង អាហ្នឹងហៅទិញសន្លឹកឆ្នោតហ អាហ្នឹងបានគេហាម » ។
គិតត្រឹមថ្ងៃទី២៥ ខែឧសភា ដែលជាថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត មានបេក្ខជនមេឃុំចៅសង្កាត់គណបក្សភ្លើងទៀនចំនួន៥នាក់ហើយ ត្រូវបានតំណាងគណបក្សកាន់អំណាចប្ដឹង រួមមាននៅខេត្តប៉ៃលិន៤នាក់ និងខេត្តកំពង់ចាមម្នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។