គណបក្ស​ភ្លើង​ទៀន នឹង​ប្ដឹង​ឡើង​តុលាការ​កំពូល​ទៀត ដោយសារ​សាលា​ឧទ្ធរណ៍​សម្រេច​មិន​ឲ្យ​បើក​អគារ​ទីស្នាក់ការ​បក្ស

0:00 / 0:00

គណបក្ស​ភ្លើង​ទៀន នឹង​បន្ត​ប្ដឹង​ឡើង​តុលាការ​កំពូល​ទៀត ករណី​សាលា​ឧទ្ធរណ៍​សម្រេច​មិន​ព្រម​ឲ្យ​បើក​ទ្វារ​អគារ​​ទីស្នាក់ការ​បក្ស​ឡើងវិញ។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ហៅ​ការ​បន្ត​បិទ​ទ្វារ​អគារ​​​ទីស្នាក់ការ​គណ​បក្ស​នយោបាយ​ស្រប​ច្បាប់ មិន​ឲ្យ​បើក​ទ្វារ​ធ្វើ​ការ​ថា ជា​រឿង​មិន​ត្រឹមត្រូវ​។

មេធាវី​តំណាង​ឲ្យ​គណបក្ស​ភ្លើង​ទៀន លោក សំ សុគង់ ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​ទទួល​ការ​ពឹង​ពាក់​ពី​ប្រធាន​គណបក្ស​នេះ ក្នុង​ការ​បន្ត​ប្ដឹង​ឡើង​តុលាការ​កំពូល​បន្ត​ទៀត ព្រោះ​គណបក្ស​ភ្លើង​ទៀន នៅ​តែ​មិន​សុខ​ចិត្ត​អំពី​ការ​សម្រេច​របស់​ឧទ្ធរណ៍។ លោក​ ថា យ៉ាង​យូរ​ចុង​​សប្ដាហ៍​​នេះ​​ លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​​ទៅ​តុលាការ​កំពូល ដើម្បី​ទាមទារ​​សុំ​ការ​អនុញ្ញាត​ឲ្យ​បើក​ទ្វារ​​អគារ​គណបក្ស​ភ្លើង​ទៀន​វិញ៖ « លោក ទាវ វណ្ណុល បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​ខ្ញុំ​ជា​មេធាវី ទាក់ទង​នឹង​ការ​ធ្វើ​បណ្ដឹង​សារទុក្ខ​ ចំពោះ​ សាលា​ដីកា​សម្រេច​តម្កល់​ដីកា​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ក៏​ដូច​ជា​មិន​ព្រម​បើក​ស្នាក់​ការ​គណបក្ស​ភ្លើង​ទៀន ឲ្យ​ដំណើរ​ការ​ហ្នឹង ខ្ញុំ​កំពុង​រៀបចំ​បណ្ដឹង​សារទុក្ខ គ្រោង​នឹង​ដាក់​ជូន​តុលាការ​ ( កំពូល )​ នៅ​ក្នុង​សប្ដាហ៍​នេះ »

ចៅក្រម​សាលា​ឧទ្ធរណ៍ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សំណុំ​រឿង​នេះ គឺ​លោក ឃុន លាងម៉េង បាន​បើក​សវនាការ​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី១០ មីនា និង​ចេញ​សេចក្ដី​សម្រេច នៅ​ថ្ងៃ​ដដែល​នោះ បដិសេធ​សំណើ​សុំ​បើក​ទ្វារ​អគារ​ទីស្នាក់ការ​គណបក្ស​ភ្លើង​ទៀន ដែល​ស្ថិត​នៅ​ជាន់​ផ្ទាល់​ដី នៃ​អគារ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ។

​មូលហេតុ​នៃ​ការ​ដាក់​បណ្ដឹង​ស្នើសុំ​ឲ្យ​បើក​ទ្វារ​អគារ​ទីស្នាក់ការ​គណបក្ស​ភ្លើង​ទៀន​នេះ​វិញ ដោយ​សារ​តែ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​​បង្គាប់​ឲ្យ​នគរបាល​​ចាប់​ខ្លួន​សន្តិសុខ និង​មនុស្ស​ចំនួន​ ១០​នាក់ ដែល​ស្នាក់​នៅ​ក្នុង​អគារ​នោះ កាល​ពី​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ដោយ​សង្ស័យ​ថា បាន​រួម​គំនិត​ក្បត់​ ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។ ក្រោយ​ការ​ចាប់​ខ្លួន​នោះ លោក កូយ សៅ​ បាន​ចេញ​បម្រាប​ និង​បិទ​ដីកា ​​​នៅ​ជាប់​នឹង​​ទ្វារ​របង​​អគារ​គណបក្ស​សង្គ្រោះ​ជាតិ ហាម​មនុស្ស​​ចេញ​ចូល​ ក្រោម​ហេតុផល​រក្សា​​ទុក​ទីតាំង​ភស្តុតាង។

គណបក្ស​ភ្លើង​ទៀន ជា​អតីត​គណបក្ស​ សម រង្ស៊ី។ គណបក្ស​នេះ បាន​បង្ខំ​ចិត្ត​ ប្ដូរ​ឈ្មោះ ជា​គណ​បក្ស​ភ្លើង​ទៀន​វិញ​ នៅ​ឆ្នាំ​២០១៧ ដោយសារ​តែ​របប​ក្រុង​ភ្នំពេញ បាន​កែប្រែ​ច្បាប់​នយោបាយ ​​ដាក់​សម្ពាធ​​គណបក្ស​មួយ​នេះ​ កុំ​ឲ្យ​យក​ឈ្មោះ ​បុគ្គល​មក​ដាក់​ និង​ចាប់​បង្ខំ​ឲ្យ​អ្នក​នយោបាយ​​មាន​និន្នាការ​ប្រឆាំង​​ទាំង​អស់ ឈប់​ទាក់ទង​ជាមួយ លោក សម រង្ស៊ី ជា​ដាច់​ណាត់​ បើ​ពុំ​​ដូច្នេះ​​ទេ របប​ក្រុង​ភ្នំពេញ ព្រមាន​រំលាយ​គណបក្ស​នយោបាយ​នោះ និង​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ ៥​ឆ្នាំ។​​

ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ពន្យល់​ថា អគារ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ មាន​ច្រើន​ជាន់​ ហើយ​ចែក​ចេញ​ជា​៣​ផ្នែក គឺ​ផ្នែក​ជាន់​ផ្ទាល់​ដី ជា​ទីស្នាក់ការ​គណបក្ស​ភ្លើង​ទៀន ផ្នែក​​ក្រោយ​អគារ​ ជាប់​មាត់​ទន្លេ​បាសាក់ ជា​លំនៅឋាន​របស់​​លោក សម រង្ស៊ី ឯ​ចាប់​ពី​ជាន់​ទី​១ ដល់​ជាន់​លើ​បង្អស់​នៃ​អគារ ជា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ប្រាប់​ថា ក្រោយ​ការ​បិទ​អគារ​នេះ​បាន​បន្តិច​ ក្រុម​ចោរ​បាន​នាំ​គ្នា​លួច​ចូល​​គាស់​ទម្លុះ​ទម្លាយ និង​លួច​យក​សម្ភារៈ​ក្នុង​អគារ​ទាំង​ស្រុង រាប់​ទាំង​សម្ភារៈ​របស់​គណបក្ស​ភ្លើង​ទៀន​ផង។ លោក​​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន តែ​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​មើល​ក្នុង​អគារ​​ទេ ដោយសារ​​ខ្លាច​បំពាន​បំពាន​ដីកា​របស់​តុលាការ ទើប​លោក​​ពឹង​ពាក់​មេធាវី ប្ដឹង​សុំ​ឲ្យ​បើក​ទ្វារ​ទីស្នាក់ការ​​គណបក្ស​ភ្លើង​ទៀន​វិញ។

ក្រៅពី​នេះ​ លោក ទាវ វណ្ណុល ​បញ្ជាក់​ថា ច្រើន​ខែ​ហើយ​ សមាជិក​បក្ស​ភ្លើង​ទៀន ក៏​មិន​អាច​ចូល​ទៅ​ធ្វើការ​បាន​ និង​ពិបាក​ក្នុង​ការ​របាយការណ៍​​ដាក់​ជូន​ក្រសួង​មហាផ្ទៃ ដោយ​សារ​តែ​​​មិន​អាច​​ក្នុង​អគារ​បាន។ លោក ទាវ វណ្ណុល ទាមទារ​ថា យ៉ាង​ហោច​ណាស់​តុលាការ​ត្រូវ​​បើក​ទ្វារ​អគារ​ នៅ​ជាន់​ផ្ទាល់​ដី​វិញ សម្រាប់​ឲ្យ​គណបក្ស​ភ្លើង​ទៀន​​ចូល​ធ្វើ​ការ​។ ឯ​ផ្នែក​ផ្សេង​​ទៀត នៃ​អគារ លោក​មិន​ទាមទារ​ឲ្យ​ដក​បម្រាប​ចេញ​ចូល​ទេ។

​​​​​​​ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ នៃ​សមាគម​អាដហុក លោក នី សុខា មាន​ប្រសាសន៍​ថា គណបក្ស​ភ្លើង​ទៀន ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់ មិន​ត្រូវ​រឹតត្បិត​​សេរីភាព ឬ​បំបិទ​ទីស្នាក់ការ​គណបក្ស​ឡើយ។ តំណាង​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ជំរុញ​ឲ្យ​ តុលាការ​ គួរ​តែ​អនុញ្ញាត​​ឲ្យ​គណបក្ស​នេះ ​បាន​​បើក​ទីស្នាក់ការ​គណបក្ស​ឡើងវិញ និង​បាន​ធ្វើ​សកម្មភាព​ទូលំទូលាយ​ ស្រប​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។