មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន

0:00 / 0:00

មន្ត្រី​ក្រុម​ប្រឹក្សា​ម្នាក់​នៃ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ពាក់ព័ន្ធ​នឹង​ជម្លោះ​ពាក្យ​សម្ដី​ជាមួយ​ប្រជាពលរដ្ឋ ខណៈ​ធ្វើ​បុណ្យ​កឋិន​នៅ​ឃុំ​ថ្មពួក កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា។ អធិការ​នគរបាល​ស្រុក​ថ្មពួក បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​ក្រុម​ប្រឹក្សា​ស្រុក​នេះ ធ្វើ​ឡើង​ទៅ​តាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ។

មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ មក​ពី​គណបក្ស​ជំទាស់ បាន​ប្រតិកម្ម​ភ្លាមៗ​ទៅ​នឹង​ការ​ឃុំ​ខ្លួន​ក្រុម​ប្រឹក្សា​ស្រុក​ពី​សំណាក់​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ថា​ការ​ឃុំ​ខ្លួន​ធ្វើ​ឡើង​ដោយ​គ្មាន​ហេតុផល ដើម្បី​បំបាក់​ស្មារតី​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ លោក កែ សម្ភាស មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ប្រតិបត្តិ​ស្រុក​គណបក្ស​សង្គ្រោះ​ជាតិ ឈ្មោះ ហឿង ឡាំ ត្រូវ​បាន​ប៉ូលិស​នៃ​អធិការ​នគរបាល​ស្រុក​ថ្មពួក ចាប់​ខ្លួន បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ស្រុក បាន​ចូលរួម​ពិធី​បុណ្យ​កឋិន​ជាមួយ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វត្ត​ថ្មពួក ឃុំ​ថ្មពួក កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា។

លោក​អះអាង​ថា នៅ​គ្រា​នោះ មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​លក់​ដូរ​នៅ​វត្ត​ក្នុង​ពិធី​បុណ្យ​កឋិន​នោះ ឲ្យ​ដាក់​លក់​របស់​របរ​អែប​ទៅ​ខាងៗ ដើម្បី​សម្រួល​ដល់​ការ​ដង្ហែ​អង្គ​កឋិន ហើយ​ក៏​កើត​មាន​ទំនាស់​ពាក្យ​សម្ដី​រហូត​ដល់​ការ​វាយ​តប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​បន្តិចបន្តួច តែ​មិន​បណ្ដាល​ឲ្យ​មាន​រង​របួស​នោះ​ទេ៖ «ការ​ចាប់​ខ្លួន​នេះ សមត្ថកិច្ច​ហាក់​ដូចជា​មិន​ទុក​ឱកាស​ឲ្យ​ភាគី​ទាំង​សង​ខាង​បាន​ជជែក​គ្នា​រក​ខុស​ត្រូវ​នោះ​ទេ។ ក្រោយ​មក​ស្រាប់​តែ​សមត្ថកិច្ច​បែរ​ជា​ឃាត់​ខ្លួន​ក្រុម​ប្រឹក្សា​ស្រុក​ប្រហែល​ជា​ម៉ោង ៧​យប់​ទៅ​វិញ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​ថ្មពួក លោក អ៊ុក សុផាត មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​ឃាត់​ខ្លួន​ក្រុម​ប្រឹក្សា​ស្រុក​នេះ ធ្វើ​ឡើង​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ថា​អ្នក​ដែល​ដាក់​ពាក្យ​បណ្ដឹង​នោះ​ឈ្មោះ​អ្វី​នោះ​ទេ៖ «ការ​ឃាត់​ខ្លួន​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ករណី​ដែល​កើត​ឡើង​នោះ​ជា​ទំនាស់​ពាក្យ​សម្ដី និង​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​បន្តិចបន្តួច ដែល​មិន​គួរ​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្រុម​ប្រឹក្សា​តែ​ម្នាក់​ឯង​នោះ​ទេ ប្រសិន​បើ​មាន​ឃាត់​ខ្លួន សមត្ថកិច្ច​ត្រូវ​ឃាត់​ខ្លួន​ទាំង​សង​ខាង។ លោក ស៊ុំ ច័ន្ទគា ហៅ​ការ​ឃាត់​ខ្លួន​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​ពី​សំណាក់​សមត្ថកិច្ច​នេះ ថា​ជា​ការ​ឃាត់​ខ្លួន​បែប​ប្រញាប់ប្រញាល់ ដោយ​ពុំ​បាន​សួរ​នាំ​រក​ហេតុផល​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ៖ «យើង​សមាគម​អាដហុក កំពុង​តែ​ដាក់​សង្ស័យ​ទៅ​លើ​ចំណាត់​ការ​របស់​សមត្ថកិច្ច​នេះ ពីព្រោះ​សមត្ថកិច្ច​ពុំ​បាន​ឃាត់​ខ្លួន​ភាគី​ជម្លោះ​ម្ខាង​ទៀត ដើម្បី​ធ្វើ​ការ​សួរ​នាំ​នោះ​ទេ។ ប៉ុន្តែ​កន្លង​ទៅ យើង​តែង​ឃើញ​ឲ្យ​តែ​មាន​បទល្មើស​ហិង្សា​បង្ក​របួស​ស្នាម គឺ​សមត្ថកិច្ច​ចាត់​វិធានការ​ទាំង​សង​ខាង»

បន្ទាប់​ពី​ប៉ូលិស​ស្រុក​ថ្មពួក ឃាត់​ខ្លួន លោក ហឿង ឡាំ សមត្ថកិច្ច​ក៏​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​យប់​ថ្ងៃ​ដដែល។ ក្រោយ​មក ប៉ូលិស​បាន​បញ្ជូន​ក្រុម​ប្រឹក្សា​ស្រុក​រូប​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី​របស់​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។