លោក ហ៊ុន សែន លើក​ទឹក​ចិត្ត​ខ្មែរ​ឲ្យ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វៀតណាម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ទៅ​ព្យាបាល​ជំងឺ​នៅ​សាខា​មន្ទីរពេទ្យ​របស់​វៀតណាម ដែល​ទើប​សាងសង់​នៅ​រាជធានី​ភ្នំពេញ។

0:00 / 0:00

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ពេល​ដែល​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់យុង (Nguyen Tan Dung) នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា បាន​ចូល​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​ជោរៃ ភ្នំពេញ (Cho Ray Phnom Penh) ដែល​ជា​សាខា​របស់​មន្ទីរពេទ្យ​ជោរៃ ឬ​ពេទ្យ​រដ្ឋ​ប្រទេស​វៀតណាម។

នេះ​គឺ​ជា​លើក​ទី​១​ហើយ​ក្នុង​ឆ្នាំ​ថ្មី​នេះ ដែល​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា បង្ហាញ​មុខ និង​ថ្លែងការណ៍​ជា​សាធារណៈ​ទៅ​កាន់​ប្រជាពលរដ្ឋ។ ក្នុង​សុន្ទរកថា​រយៈពេល​ជាង​កន្លះ​ម៉ោង លោក ហ៊ុន សែន ថ្លែង​រំលឹក​ពី​ចំណង​មិត្តភាព​របស់​បក្ស​កាន់​អំណាច និង​បក្ស​កុម្មុយនិស្ត​វៀតណាម រំលឹក​ពី​របប ប៉ុល ពត ព្រម​ទាំង​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ទៅ​ទទួល​សេវា​សុខភាព​នៅ​វៀតណាម ឲ្យ​ប្រើប្រាស់​សេវា​សុខភាព​នៅ​មន្ទីរពេទ្យ​ជោរៃ ភ្នំពេញ វិញ​ម្ដង។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា រូប​លោក​ក៏​ជា​អតិថិជន​ម្នាក់​ដែល​តែងតែ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ជោរៃ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ជា​ប្រចាំ​ដែរ។ លោក​បន្ត​ថា មន្ទីរពេទ្យ​ជោរៃ ថ្មី​នៅ​ភ្នំពេញ​នេះ នឹង​អាច​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ទុក​ចិត្ត​លើ​គុណភាព​សេវា​សុខាភិបាល​របស់​វៀតណាម អាច​ទទួល​យក​សេវា​នេះ​ប្រកប​ដោយ​ទំនុក​ចិត្ត។

លោក​បញ្ជាក់​ថា លោក​សូម​អរគុណ​ប្រទេស​វៀតណាម ដែល​បាន​ទទួល​អ្នក​ជំងឺ​ខ្មែរ​ទៅ​ព្យាបាល ហើយ​គិត​ប្រាក់​ធម្មតា​ដូច​ប្រជាជន​វៀតណាម​ដែរ ហើយ​ពេទ្យ​តាម​ព្រំដែន​ខ្លះ​មិន​យក​ប្រាក់​ទៀត​ផង៖ «ខ្ញុំ​សូម​ប្រាប់​ថា កាល​មុន​ធ្លាប់​ទៅ​មើល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជោរៃ ហូជីមិញ ឥឡូវ​សូម​មក​មន្ទីរពេទ្យ​ជោរៃ ភ្នំពេញ វិញ​ម្ដង វា​ស្ថិត​នៅ​ច្បារអំពៅ ផ្លូវ​ជាតិ​លេខ​១»

ទាក់ទង​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់យុង បញ្ជាក់​ថា វៀតណាម​នៅ​តែ​ជា​មិត្តភ័ក្ដិ​របស់​កម្ពុជា និង​ចាំ​ជួយ​កម្ពុជា​បន្ត​ទៀត។ លោក​បញ្ជាក់​ថា មន្ទីរពេទ្យ​ជោរៃ ភ្នំពេញ​នេះ នឹង​ក្លាយ​ជា​មន្ទីរពេទ្យ​មួយ​ដែល​គួរ​ជា​ទី​ទុក​ចិត្ត​របស់​ពលរដ្ឋ​កម្ពុជា។ ទោះ​ជា​បែប​ណា​ក្តី នៅ​ក្នុង​ពិធី​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​លើក​ឡើង​ពី​ទស្សនៈ​វិស័យ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​កម្ពុជា​ឡើយ។ លោក​គ្រាន់​តែ​ប្រាប់​និស្សិត​ពេទ្យ​ថា បើ​សិន​ជា​មាន​សញ្ញាបត្រ​វេជ្ជបណ្ឌិត ហើយ​ខ្វះ​មន្ទីរពេទ្យ​ធ្វើ​ការ​នោះ គ្រូពេទ្យ​គ្រាន់​តែ​ជា​ពេទ្យ​សម្រាប់​កោសខ្យល់​ប៉ុណ្ណោះ។

ពលរដ្ឋ​មួយ​ចំនួន​ដែល​វិទ្យុ​អាស៊ីសេរី ជួប​សម្ភាសន៍​បាន​ប្រាប់​ថា ពួកគាត់​សុខ​ចិត្ត​ចំណាយ​លុយ​ទៅ​មើល​ជំងឺ​នៅ​ក្រៅ​ប្រទេស មក​ពី​ពេទ្យ​នៅ​ក្រៅ​ប្រទេស​មាន​សមត្ថភាព​ខ្ពស់ ចំណាយ​តិច​ជាង​មើល​ជំងឺ​ក្នុង​ស្រុក។ គ្រូពេទ្យ​ក្នុង​ស្រុក​មិន​សូវ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ខ្វះ​បរិក្ខារ​ទំនើបៗ​ក្នុង​ការ​ព្យាបាល​អំពើ​ពុករលួយ​និង​បក្សពួក​និយម​ក្នុង​ចំណោម​គ្រូពេទ្យ​ជា​ដើម។

ក្រុម​គ្រួសារ​រាជវង្ស មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល អ្នក​ជំនួញ​ស្ដុកស្ដម្ភ សុទ្ធតែ​មាន​ពេទ្យ​ផ្ទាល់​ខ្លួន​នៅ​ក្រៅ​ប្រទេស។ សែ​រាជវង្ស​និយម​ព្យាបាល​ព្រះរោគ​ដោយ​ពេទ្យ​ចិន សែ​មន្ត្រី​ធំៗ​ស្និទ្ធ​នឹង​លោក ហ៊ុន សែន និយម​ព្យាបាល​រោគ​នៅ​សិង្ហបុរី និង​វៀតណាម ហើយ​ពលរដ្ឋ​ធម្មតា​មួយ​ចំនួន​តូច​ទៅ​ព្យាបាល​នៅ​ថៃ និង​ពលរដ្ឋ​មួយ​ចំនួន​ធំ​និយម​ទៅ​មើល​ជំងឺ​នៅ​វៀតណាម។

យ៉ាង​ណា​ក៏ដោយ មក​ទល់​ពេល​នេះ​មិន​មាន​របាយការណ៍​ណា​មួយ​សិក្សា​លម្អិត​ពី​ការ​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម ដែល​បណ្ដាល​មក​ពី​ពលរដ្ឋ​ខ្វះ​ជំនឿ​ចិត្ត​លើ​វិស័យ​សុខាភិបាល​ក្នុង​ប្រទេស​នៅ​ឡើយ។

មន្ទីរពេទ្យ​ជោរៃ ភ្នំពេញ ត្រូវ​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់ ៤២​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​វិនិយោគ​បរិក្ខារ​ពេទ្យ សៃហ្គន (Saigon) និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់។ មន្ទីរពេទ្យ​នេះ​សាងសង់​លើ​ផ្ទៃ​ដី ៥​ហិកតារ និង​ទំហំ​អគារ​សង់​លើ​ផ្ទៃ​ដី ១​ហិកតារ ដោយ​គម្រោង​សាងសង់​រយៈពេល ៣៧​ខែ គឺ​ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០១០ ដល់​ខែ​មករា ឆ្នាំ​២០១៣។ បច្ចុប្បន្ន​មន្ទីរពេទ្យ​នេះ​មាន​បុគ្គលិក​ជាង ២០០​នាក់ ភាគ​ច្រើន​ជា​គ្រូពេទ្យ​វៀតណាម ហើយ​មាន​បន្ទប់​ព្យាបាល​ចំនួន ១០៦​បន្ទប់ និង​គ្រែ​សម្រាប់​អ្នក​ជំងឺ​មាន​ចំនួន​ជាង ២០០​គ្រែ ហើយ​បម្រើ​សេវា​ព្យាបាល​ជំងឺ​ទូទៅ ២៤​ម៉ោង លើ ២៤​ម៉ោង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។