ពលរដ្ឋបន្តរៀន និងចែករំលែកខ្លឹមសារនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់នានាទោះរដ្ឋាភិបាល ចាប់ខ្លួនគ្រូបង្រៀនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ពួកគាត់ថា នឹងយកចំណេះដឹងពី នេះ ដើម្បីចូលរួមការពារទឹកដី និងលើកស្ទួយប្រជាធិបតេយ្យ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក វិន វិចិត្រ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែសីហាថា បច្ចុប្បន្ន មានពលរដ្ឋនៅគ្រប់ខេត្តក្រុង បានចងក្រងគ្នាប្រមាណ ១០នាក់ ទៅ ២០នាក់ដើម្បីដឹកនាំ បង្រៀន និងចែករំលែកខ្លឹមសារក្នុង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅលើបណ្ដាញសង្គម។ លោកថាពលរដ្ឋខ្មែរនៅក្រៅប្រទេសរួមមានប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ក៏បន្តរៀន និងចែករំលែកកិច្ចព្រមព្រៀងនេះដែរ។
លោក វិន វិចិត្រ ថាមូលហេតុដែលពលរដ្ឋ និងយុវជនមួយចំនួនបន្តរៀនសូត្រ ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងច្បាប់នានាដោយគ្មានស្ថាបនិកគឺ លោក ស្រ៊ុន ស្រ៊ន និង កញ្ញា ភឹង សោភា គឺដោយសារតែពលរដ្ឋខ្មែរគ្រប់រូបគួរតែយល់ដឹងពី ខ្លឹមសារនិងស្មារតីនៃកិច្ចព្រមព្រៀងនេះដើម្បីឱ្យពលរដ្ឋហ៊ានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការទាមទារឱ្យរដ្ឋាភិបាលដើរតាមគន្លងប្រជាធិបតេយ្យ និង មិនលម្អៀង ទៅប្រទេសណាមួយខ្លាំងពេក។
លោក វិន វិចិត្រ៖«ចំណុចសំខាន់ទីពីរហ្នឹង គឺដោយសារតែប្រទេសកម្ពុជាស្ថិតនៅក្នុងជម្លោះភូមិសាស្ត្រនយោបាយ។ អ៊ីចឹង មានតែកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ដែលអាចការពារខ្មែរបាន។ បើយើងប្រៀបធៀប ដូចជា ឧបករណ៍សម្រាប់ពិនិត្យមើល បរទេសណា ដែលចង់ធ្វើការជាមួយខ្មែរប្រសិនជាក្បត់ ឬរំលងកិច្ចព្រមព្រៀងនោះយើងអាចមើលឃើញហើយ ព្រោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានសរសេរអំពីអធិបតេយ្យ បូរណភាព ឯករាជភាព ភាពដែលមិនអាចរំលោភបានដាច់ខាតលើដែនដីអព្យាក្រឹតរបស់កម្ពុជា»។
ចំណែកពលរដ្ឋនៅសៀមរាប លោកស្រី ជិន សុខធានី បានឱ្យដឹងថាលោកស្រីចំណាយពេលរៀនច្បាប់ និងកិច្ចព្រមព្រៀងកាន់តែច្រើនជាងមុនដោយខ្លួន និងជាក្រុម ហើយលោកស្រី ក៏បានធ្វើការចែករំលែកនៅលើបណ្ដាញសង្គមផងដែរ។ លោកស្រីថាការរៀនច្បាប់ និងកិច្ចព្រមព្រៀងទាំងនេះគឺដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ហើយលោកស្រីសោកស្ដាយ ដែលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ហាមពលរដ្ឋមិនឱ្យនិយាយពីទឹកដី។
លោក វិន វិចិត្រ៖«កាលណាបើយើងរៀនអំពីច្បាប់កិច្ចព្រមព្រៀងគឺគេនិយាយអំពីទឹកដី ដោយសារតែកិច្ចព្រមព្រៀងហ្នឹងមានច្បាប់មួយនិយាយអំពីបូរណភាព អ៊ីចឹងបូរណភាពកន្លែងហ្នឹងនិយាយអំពីកិច្ចព្រមព្រៀងអធិបតេយ្យ ឯករាជ្យជាតិពីទំព័រ២៧០ ដល់២៧៤ គេនិយាយដែរ ត្រង់ចំណុចណាមួយដែលគាត់បានលើកឡើងចង់បានន័យថាមិចក៏ខ្ញុំអត់យល់ដែរ តែបើគោលការណ៍របស់ខ្ញុំគឺខ្ញុំរៀនកិច្ចព្រមព្រៀងគឺដើម្បីការពារទឹកដីហ្នឹងហើយ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៥ ខែសីហា។
កន្លងមកប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ព្រមានសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយហាមឃាត់មិនឱ្យពួកគេរិះគន់រឿងទឹកដី ឬកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។
ទោះជាយ៉ាងណាក្ដី អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា លោកគាំទ្រ និងកោតសរសើរចំពោះពលរដ្ឋដែលរៀនច្បាប់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកថា នោះគឺជាការចូលរួមរបស់ពលរដ្ឋ ដើម្បីជួយឱ្យប្រទេសកម្ពុជាងាកមកប្រទេសប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ។ លោកចាត់ទុកថាការហាមរបស់លោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភាមិនឱ្យពលរដ្ឋនិយាយរិះគន់រឿងទឹកដីនោះ គឺជាការគំរាមលើពលរដ្ឋ។
លោក ស៊ឹង សែនករុណា៖«អ្វីដែលជាខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះហើយ កាលណាយើងរៀនយើងដឹងអំពីបូរណភាពទឹកដី ដឹងអំពីការបាត់បង់ទឹកដីចង់មិនចង់ច្បាស់ជាលើកឡើងអ្វីដែលជាការរំលោភបំពានហ្នឹង អ៊ីចឹងការហាមឃាត់ការរឹតត្បិតលើសេរីភាពការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ គឺជារំលោភធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសយើង»។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង សាន សិទ្ធ បានធ្វើវីដេអូមួយនៅមុនការចាប់ខ្លួន កាលពីថ្ងៃទី២២ ខែកក្កដា ថា ការសម្រេចរបស់រដ្ឋាភិបាលក្នុងដាក់ខេត្តចំនួន៤ ក្នុងគ្រោងតំបន់ត្រីកោណពិសេស ដើម្បីធ្វើពាណិជ្ជកម្មរួមជាមួយវៀតណាម និងឡាវ នឹងអាចធ្វើឱ្យយកកម្ពុជាបាត់បង់ទឹកដីឱ្យទៅវៀតណាមគ្រប់គ្រង ពីព្រោះពលរដ្ឋកម្ពុជា ដែលរស់នៅចំនួន៤ ខេត្តនេះមានតិចជាងជនជាតិវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
