សង្គម​ស៊ីវិល​រិះគន់​ការ​បង្កើន​ចំនួន​គណៈ​អភិបាល​ខេត្ត​និង​ស្រុក​ថា​ជា​ការ​ចែក​អំណាច

0:00 / 0:00

សង្គម​ស៊ីវិល រិះគន់​អនុក្រឹត្យ​ស្ដីពី​ការ​កែ​សម្រួល​ចំនួន​គណៈ​អភិបាល​ខេត្ត និង​ស្រុក​មួយ​ចំនួន ថា​ជា​យន្តការ​ចែក​អំណាច​គ្នា។ អនុក្រឹត្យ​នេះ សម្រេច​បន្ថែម​ចំនួន​គណៈ​អភិបាល​ខេត្ត​៨ និង​បង្កើន​ចំនួន​គណៈ​អភិបាល​ស្រុក​៣៦ នៅ​ទូទាំង​ប្រទេស។

អនុក្រឹត្យ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​កក្កដា និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​សប្ដាហ៍​ទី​៣ នៃ​ខែ​វិច្ឆិកា នេះ។

សង្គម​ស៊ីវិល ចាត់​ទុក​ថា ការ​បង្កើន​ចំនួន​មន្ត្រី​រាជការ​ឲ្យ​កាន់​តំណែង​ជា​អភិបាល​រង​ស្រុក អភិបាល​រង​ខេត្ត​ឲ្យ​កាន់​តែ​ច្រើន​នាក់​នោះ គឺ​ជា​យន្តការ​ចែក​អំណាច​គ្នា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​បន្ថែម​ចំណាយ​ថវិកា​ជាតិ​ថែម​ទៀត។

មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួបរួម ដើម្បី​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ថ្នាក់​ស្រុក និង​ថ្នាក់​ខេត្ត​បំពេញ​ការងារ​មិន​មាន​ប្រសិទ្ធភាព​ឡើយ។ ប្រសិទ្ធភាព​ការងារ​នោះ មិន​ទាក់ទង​នឹង​ចំនួន​នៃ​គណៈ​អភិបាល​ខេត្ត​ឡើយ ប៉ុន្តែ​វា​ទាក់ទង​នឹង​ប្រព័ន្ធ​គ្រប់គ្រង​ទាំង​មូល ព្រម​ទាំង​សមត្ថភាព​របស់​មន្ត្រី​រាជការ​ទាំងអស់​នោះ​តែ​ម្តង។ លោក​បន្ត​ថា អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​ស្វែងរក​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​បាន​ទេ បើ​ទោះ​បី​ជា​បង្កើន​ចំនួន​គណៈ​អភិបាល​ស្រុក ខេត្ត​ក៏ដោយ​ចុះ៖ «ខាត​ថវិកា​ជាតិ​ផង គេ​មើល​ឃើញ​ពី​រដ្ឋាភិបាល​ហ្នឹង​កាន់​តែ​ធំ​កាន់​តែ​សម្បូរ​មនុស្ស​ហូរហៀរ ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ហ្នឹង​មាន​បញ្ហា​ជាច្រើន តែ​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​មាន​កម្រិត»

អនុក្រឹត្យ​កែ​សម្រួល​ចំនួន​អភិបាល​ខេត្ត និង​ស្រុក បង្គាប់​ឲ្យ​ខេត្ត​ចំនួន​៨ បង្កើន​ចំនួន​គណៈ​អភិបាល​ខេត្ត​ពី​ចំនួន ៦​នាក់ ទៅ​ចំនួន ៧​នាក់។ ខេត្ត​ទាំង​នោះ​រួម​មាន ព្រះវិហារ រតនគិរី កោះកុង ស្ទឹងត្រែង មណ្ឌលគិរី កែប និង​ខេត្ត​ប៉ៃលិន។ ចំពោះ​ស្រុក​ទាំង​៣៦ វិញ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​បង្កើន​ចំនួន​គណៈ​អភិបាល​ស្រុក​ពី ៤​នាក់​ក្នុង​១​ស្រុក ទៅ ៥​នាក់​ក្នុង​១​ស្រុក។ ក្នុង​អនុក្រឹត្យ​បញ្ជាក់​ថា ការ​សម្រេច​បែប​នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ចេញ​អនុក្រឹត្យ​នានា។ ប៉ុន្តែ​លោក​គិត​ថា រដ្ឋាភិបាល​ត្រូវ​បោស​សម្អាត​មន្ត្រី​ខ្មោច​ជា​មុន​សិន ព្រោះ​អ្នក​ស៊ី​ប្រាក់​ខែ​រដ្ឋ ហើយ​មិន​ធ្វើ​ការ​មាន​ចំនួន​ច្រើន​ណាស់។ លោក​បន្ថែម​ថា បើ​សិន​គណបក្ស​សង្គ្រោះ​ជាតិ កាន់​អំណាច នោះ​តំណែង​គណៈ​អភិបាល​ស្រុក ខេត្ត នឹង​កំណត់​ឲ្យ​មាន​តែ ៣​នាក់​ប៉ុណ្ណោះ៖ «មន្ត្រី​ខ្លះ​អត់​ធ្វើ​ការ​អត់​កន្លែង​ធ្វើ អត់​មាន​សមត្ថភាព ការ​បង្កើត​តំណែង​ច្រើន​ទៀត​ហ្នឹង កាន់​តែ​បង្កើត​ការិយាធិបតេយ្យ​ប៉ុណ្ណោះ បង្កើត​ឲ្យ​មាន​ការ​ស្មុគស្មាញ​កាន់​តែ​ច្រើន​ឡើង ហើយ​បង្កើន​ចំណាយ​តែ​ប៉ុណ្ណោះ»

ទោះ​ជា​បែប​ណា​ក៏ដោយ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ប្រកាស​រួច​ហើយ​ថា នឹង​បោស​សម្អាត​មន្ត្រី​ខ្មោច​ឲ្យ​អស់​នៅ​គ្រប់​ក្រសួង​ទូទាំង​ប្រទេស ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ។ ក៏ប៉ុន្តែ យុទ្ធនាការ​នេះ​មិន​ទាន់​បាន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។