ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើលើសមភាពយេនឌ័រអះអាងថា ការធ្លាក់ចុះនៃតំណាងរាស្ត្រក្នុងអាណត្តិទី៧ នេះ មានតំណាងរាស្ត្រស្ត្រីតែ ១៦រូប ក្នុងចំណោមតំណាងរាស្ត្រ ១២៥រូប ដែលនឹងធ្វើឱ្យចំនួនស្ត្រីដែលមានបំណងចូលរួមនយោបាយកាន់តែធ្លាក់ចុះ ហើយកង្វះតំណាងរាស្ត្រជាស្ត្រីនឹងធ្វើឱ្យការសម្រេចចិត្តនានា មិនបានគិតគូរលើស្ត្រី និងក្រុមភាគតិចផ្សេងទៀត។ ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លើកឡើងថា មូលហេតុបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រទាំង ៥នាក់ជាបុរស ដោយសារតែក្នុងអាណត្តិនេះ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបានសំឡេងឆ្នោតតិចពេក។
តំណាងអង្គការសង្គមស៊ីវិលរួមមានអង្គការសីលកាកម្ពុជា (SILAKA Cambodia) អង្គការហ្កេតស៊ី (GADC) និងអង្គការផ្សេងទៀត បានរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី៩ ខែសីហា ដោយលើកឡើងពីការធ្លាក់ចុះតំណាងរាស្ត្រជាស្ត្រីមានការធ្លាក់ចុះជិត ២ដង បើធៀបអាណត្តិមុន ដែលការធ្លាក់ចុះចំនួនតំណាងរាស្ត្រជាស្ត្រីនេះទាមទាឱ្យមានគោលនយោបាយជាក់លាក់ពីគណបក្សនយោបាយ និងរដ្ឋាភិបាល។
នាយិកាអង្គការសីលកាកម្ពុជា (SILAKA Cambodia) លោកស្រី សេង រាសី ចំនួនបេក្ខជនស្ត្រីដែលគណបក្សឈ្នះឆ្នោតទទួលបានអាសនៈក្នុងសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច មានសមាជិកសភាមានចំនួនតែ ១៦រូប ឬស្មើ ១២ (១២,៨) ភាគរយប៉ុណ្ណោះ ហើយបើធៀបអាណត្តិមុនមានការថយចុះចំនួន ៨ភាគរយដែលឈ្នះឆ្នោតចំនួន ២៦រូប។
លោកស្រី សេង រាសី បន្តថា មូលហេតុ ដែលចំនួនស្ត្រីជាប់ឆ្នោតជាតំណាងរាស្ត្រមានមានចំនួនតិច ដោយសារតែគណបក្សនីមួយៗ មិនបានដាក់បេក្ខជនជាស្ត្រីក្នុងលេខរៀងជួរមុខ បើទោះជាចំនួនស្ត្រីដែលទៅបោះឆ្នោតមានចំនួនច្រើនជាងបុរសក្ដី។ លោកស្រី សេង រាសី បន្ថែមថា វិសមភាពយេនឌ័របែបនេះ បានបង្អាក់ទឹកចិត្តស្ត្រី ដែលចង់ចូលរួមធ្វើនយោបាយ និងមិនមានស្ត្រីតំណាងក្នុងដំណើរការនៃការពិភាក្សា បង្កើត និងអនុម័តច្បាប់នានា។
លោកស្រី សេង រាសី៖«ជាពិសេស ស្ត្រីវ័យក្មេង ប្រសិនបើគាត់ឃើញតំណាងរាស្ត្រ មានការកើនឡើង គាត់ឃើញថា មានគំរូភាពច្រើន អ៊ីចឹង នៅពេលមានការធ្លាក់ចុះមានសំណួរមួយទៅកាន់គាត់ថា ហេតុអ្វីបានជាចំនួនហ្នឹងធ្លាក់ចុះ គេមិនស្វាគមន៍ស្ត្រី គេមិនផ្ដល់ឱកាសអំណោយផលឱ្យស្ត្រី ឬមួយយ៉ាងណាវិញ។ អ៊ីចឹង សំណួរបែបនេះមិនបានផ្ដល់ជាការលើកទឹកចិត្តឱ្យស្ត្រីវ័យក្មេងផ្សេងទៀតប្រលូកក្នុងនយោបាយទេ»។
ប្រធានកម្មវិធីតស៊ូមតិ និងបណ្ដាញនៃអង្គការហ្កេតស៊ី (GADC) កញ្ញា សង្វា ភួងរីណា បានលើកឡើងថាក្រុមស្ត្រីនៃអង្គការស៊ីវិលដែលមានកង្វល់ ដោយសារតែគម្លាតគ្នាឆ្ងាយរវាងបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយបុរសមានចំនួនរហូតដល់ ៦៧,៦ ភាគរយ។ កញ្ញា បន្ថែមថាគម្លាតទាំងនេះ ដោយសារកង្វះឆន្ទៈនយោបាយគណបក្ស និងការប្ដេជ្ញាចិត្តពីអ្នកដឹកនាំបក្ស ខ្វះគោលនយោបាយសមភាពយេនឌ័រជាក់លាក់ជាលាយលក្ខណ៍នៅក្នុងគណបក្ស។
កញ្ញា សង្វា ភួងរីណា៖«ដោយសារមានកត្តាចម្បង និងការប្រឈមមួយចំនួន ទីមួយកង្វះឆន្ទៈនយោបាយរបស់គណបក្ស និងការប្ដេជ្ញាចិត្តខ្ពស់របស់របស់អ្នកដឹកនាំ ជាពិសេស គណបក្សដែលមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ មានអាសនៈក្នុងសភា ក្នុងការជំរុញឱ្យមានសមភាពយេនឌ័រក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត ជាក់ស្ដែងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចជាដើម ដែលបានបេក្ខជនស្ត្រីឈរឈ្មោះក្នុងចំនួនតិចតួចពេកសម្រាប់ការបោះឆ្នោតនីតិកាលទី៧ នេះ»។
កញ្ញា សង្វា ភួងរីណា បន្តថាគម្លាតគ្នាឆ្ងាយរវៀងបេក្ខជនឈរឈ្មោះបោះឆ្នោតបុរស និងស្ត្រីនេះដោយសារតែរចនាសម្ព័ន្ធ នៃការគ្រប់គ្រងភាគច្រើនជាបុរស ហើយបុរសតែងតែបន្តរក្សាតំណែងរបស់ខ្លួន ដែលឱកាសទទួលមុខតំណែងរបស់ស្ត្រីកាន់តែរួមតូច ហើយបញ្ហាកង្វះថវិកាសម្រាប់ឃោសនាបោះឆ្នោត និងវប្បធម៌ដែលមានផ្នត់គំនិត ក៏ជះឥទ្ធិពលមកលើការចូលរួមធ្វើនយោបាយរបស់ស្ត្រីដែរ។
ចំណែកអ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃខុមហ្រែ្វល (COMFREL) លោកស្រី សឺនកេន សិរីលក្ខណ៍ លើកឡើងថា ដើម្បីឱ្យមានវិសមភាពទាំងបុរស និងស្ត្រីក្នុងការចូលរួមក្នុងវិស័យនយោបាយគណបក្សនយោបាយឈ្នះឆ្នោតគួរតែដាក់បញ្ចូលបេក្ខជនស្ត្រីបម្រុងឱ្យបានជាប់ជាតំណាងរាស្ត្រសម្រាប់អាណត្តិនេះ ហើយគណបក្សទាំងអស់ទាំងអស់ គួរធានាបង្កើតគោលនយោបាយសមភាពយេនឌ័រនៅក្នុងគណបក្សខ្លួន។
លោកស្រី សឺនកេន សិរីលក្ខណ៍ បន្ថែមថា រដ្ឋាភិបាលគួរតែបង្កើនចំនួនថ្នាក់ដឹកនាំ និងតួនាទីសម្រេចចិត្តក្នុងក្រសួងស្ថាប័នយ៉ាងតិចឱ្យបាន ៣៥ភាគរយ ហើយរដ្ឋាភិបាលគួរតែបង្កើនការវិនិយោគ និងគាំទ្រជាប្រព័ន្ធដូចជាថវិកា និងធនធានសម្ភារជាដើម ដើម្បីបង្កភាពងាយស្រួលនៃការចូលរួមនយោបាយរបស់ស្ត្រី។
លោកស្រី សឺនកេន សិរីលក្ខណ៍៖«រដ្ឋាភិបាលកម្ពុជាគួរបង្កើនចំនួនស្ត្រី ជាថ្នាក់ដឹកនាំ និងតួនាទីក្នុងការសម្រេចចិត្តនៅក្នុងក្រសួង ស្ថាប័ននីមួយៗ យ៉ាងហោច ៣៥ភាគរយ សម្រាប់រដ្ឋាភិបាលថ្មីបច្ចុប្បន្ន ដោយគិតចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី ប្រយោជន៍ស្ត្រីក្នុងការចូលរួមពិភាក្សា ស្វែងរកដំណោះស្រាយ និងធ្វើសេចក្ដីសម្រេចប្រកបដោយបរិយាប័ន្ន»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បាននៅឡើយទេ នៅថ្ងៃទី៩ ខែសីហា។
អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញៀន រ៉ាដែន លើកឡើងថា គណបក្សហ៊្វុនស៊ិនប៉ិចមានគោលនយោបាយ និងការលើកទឹកចិត្តដល់បុរស និងស្ត្រីចូលរួមក្នុងជីវភាពនយោបាយស្មើភាពគ្នា។ ទោះយ៉ាងណា លោក ញៀន រ៉ាដែន ថា មូលហេតុបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រទាំង ៥នាក់ជាបុរស ដោយសារតែការបោះឆ្នោតអាណត្តិនេះគណបក្សហ៊្វុនស៊ិនប៉ិចទទួលបានសំឡេងឆ្នោតតិច ហើយលោករំពឹងថាគណបក្សហ៊្វុនស៊ិនប៉ិចនឹងមានតំណាងរាស្ត្រជាស្ត្រីច្រើននៅអាណត្តិក្រោយ។
លោក ញៀន រ៉ាដែន៖«ដោយសារគណបក្សហ៊្វុនស៊ិនប៉ិចយើង ទទួលបានអាសនៈតែ៥ ហើយមែនទែនទៅ គណបក្សហ៊្វុនស៊ិនប៉ិចយើង ក៏មានបេក្ខជនជានារីដែរឈរតាមមណ្ឌលរាជធានីខេត្តមួយចំនួន តែដោយសារតែគណបក្សហ៊្វុនស៊ិនប៉ិចជាប់តែ ៥អាសនៈគឺ មណ្ឌលរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ ព្រៃវែង និងកណ្ដាលជាដើម គឺមានតែបុរស»។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ គណបក្សចំនួន២០ មានបេក្ខជនប្រកួតប្រជែងចំនួន ១.៩៧២ ដែលមានស្ត្រីចំនួន ២៥,២ភាគរយ ស្មើនឹង ៤៩៨នាក់។ ចំណែកនីតិកាលទី៧ វិញ គណបក្សចំនួន១៨ មានបេក្ខជនប្រកួតប្រជែងចំនួន ១.៦១៤ នាក់ មានស្ត្រី ៣២,៤ភាគរយ ស្មើនឹង ៥២៣នាក់ ដែលមានការការកើនឡើងចំនួនស្ត្រី ៧ភាគរយ បើធៀបអាណត្តិមុន។ តែទោះជាយ៉ាងណាក្ដី នៅនីតិកាលទី៧ វិញ គណបក្សដែលឈ្នះឆ្នោត ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានថយចុះបេក្ខជនជាស្ត្រី ៧ភាគរយ បើធៀបជាមួយនីតិកាលទី៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
