អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា និងបេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ប្ដេជ្ញាចិត្តថា នឹងយកមុខតំណែងដែលពលរដ្ឋបោះឆ្នោតឲ្យ ទៅបម្រើ និងដោះស្រាយរាល់បញ្ហា ដែលប្រជាពលរដ្ឋជួបប្រទះ ដូចជា បញ្ហាគ្រឿងញៀន សុខុមាលភាព និងការសិក្សាអប់រំជាអាទិ៍។អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថា ក្រោយពីបានការគាំទ្រពីពលរដ្ឋ លោក និងមេភូមិ ឃុំសង្កាត់ របស់បក្សភ្លើងទៀនទាំងអស់ នឹងខិតខំអភិវឌ្ឍភូមិឃុំ ឲ្យមានការរីកចម្រើន ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទប់ស្កាត់ការលុបបឹងធម្មជាតិជាដើម។
ថ្លែងក្នុងការជួបសំណេះសំណាលជាមួយបេក្ខជនគណបក្សភ្លើងទៀន និងពលរដ្ឋអ្នកគាំទ្រ នៅខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថា មូលហេតុដែលប្រជាជនបោះឆ្នោតឲ្យគណបក្សភ្លើងទៀន ដោយសារប្រជាជនជឿទុកចិត្ត ។ លោកថា គណបក្សនយោបាយទាំងអស់នឹងគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យគណបក្សភ្លើងទៀន។ លោកបញ្ជាក់ថា ចំណុចសំខាន់របស់មេដឹកនាំ គឺត្រូវផ្ដល់សិទ្ធិគ្រប់គ្រាន់ដល់ពលរដ្ឋក្នុងការបញ្ចេញមតិ។ លោកបន្ថែមថា បើគណបក្សភ្លើងទៀនជាប់ក្នុងការបោះឆ្នោតតំណាងរាស្ត្រខាងមុខ គឺប្រជាពលរដ្ឋអាចរិះគន់រដ្ឋាភិបាលតាមអំពើចិត្ត ដោយគ្មានការភ័យខ្លាចពីការចាប់ចងឡើយ ហើយគណបក្សភ្លើងទៀននឹងចាត់ទុកផលលំបាកពលរដ្ឋ ជាបញ្ហាចម្បងរបស់បក្ស៖ «ព្រោះអាហ្នឹងមិនមែនបំបាត់ភាពក្រទេ ធ្វើឲ្យប្រជាពលរដ្ឋក្ររហូត។ អីចឹងចំណែកអាប័ណ្ណក្រីក្រ ធ្វើឲ្យក្រ ចង្អុលមុខថា យើងអ្នកក្រទៀត ដូច្នេះយើងត្រូវតែបំបាត់ភាពក្រីក្រចេញ កុំចង់ក្រ ដូច្នេះនៅពេលដែលប្រជាពលរដ្ឋមានជីវភាពសមរម្យ អត់ត្រូវការប័ណ្ណក្រីក្រនោះទេ ហើយមិនបាច់អ្នកឯងមកសម្លុតទេ។ ឥឡូវយើងមើលឃើញទាំងអស់គ្នា ហើយរាល់តែអាណត្តិហ្នឹង អាណត្តិនេះដូចមានភាពធ្ងន់ធ្ងរ។ ប៉ុន្តែការកត់សម្គាល់ ដែលយើងធ្លាប់ចូលប្រកួតប្រជែងនយោបាយពីការបោះឆ្នោត...»។
ប្រហាក់ប្រហែលគ្នានេះដែរ ជំទប់ទីពីររបស់គណបក្សភ្លើងទៀន ដែលទើបនឹងជាប់ឆ្នោតឃុំរំចេក ខេត្តត្បូងឃ្មុំ លោក ណាក់ ណាច អាយុ២៧ឆ្នាំ ឲ្យអាស៊ីសេរីដឹងថា លោកនឹងខិតខំបំពេញភារកិច្ចបម្រើពលរដ្ឋដោយភាពស្មោះត្រង់ និងប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានគ្រប់ជ្រុងជ្រោយ។ លោកបន្តថា បញ្ហាប្រឈមបច្ចុប្បន្នរបស់ពលរដ្ឋគឺ ការរំលោភដីធ្លីពីអ្នកមានអំណាច ភាពអសន្តិសុខក្នុងសង្គម មានគ្រឿងញៀនរីករាលដាលពេញសង្គមដោយមានការទប់ស្កាត់តិចតួច ។លោកថា លោកនឹងព្យាយាមធ្វើយ៉ាងណា ឲ្យពលរដ្ឋទទួលបាននូវការថែទាំផ្នែកសុខុមាលភាព និងចំណុចសំខាន់គឺការសិក្សាអប់រំរបស់ក្មេងជំនាន់ក្រោយ ព្រោះកុមារគឺជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ៖ «បើនិយាយទៅ ក្រោយពីការបោះឆ្នោត ពួកគាត់តែងតែស្នើសុំឲ្យមានការដោះស្រាយទាក់ទងនឹងករណីផ្សេងៗ មានភាពអយុត្តិធម៌ ហើយនឹងដោះស្រាយទាក់ទិននឹងករណីគ្រឿងញៀន នៅមូលដ្ឋានហ្នឹង គឺ ... ហើយនឹងគាត់ស្នើសុំឲ្យធ្វើការដោយភាពស្មោះត្រង់មិនក្បត់ឧត្ដមគតិអីចឹងណាបង»។
លោក ថាច់ សេដ្ឋា និងបេក្ខជនជាប់ឆ្នោតទាំងអស់នៃគណបក្សភ្លើងទៀងសង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយទាំងអស់នឹងគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋជាងមួយលាននាក់ ដែលបានបោះឆ្នោតឲ្យគណបក្សភ្លើងទៀន និងស្នើកុំឲ្យមានការអូសទាញ ឬក៏គំរាមកំហែងបេក្ខជនគណបក្សភ្លើងទៀន ពីក្រុមអ្នកមកពីគណបក្សកាន់អំណាច។ គណបក្សភ្លើងទៀនបានជាប់ឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដោយមានអាសនៈក្នុងខេត្តត្បូងឃ្មុំ ចំនួន១០២កៅអី និងបានអាសនៈជាងពីរពាន់កៅអី នៅរាជធានី ខេត្ត ក្រុង ទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
