យុវជន​បក្ស​ភ្លើងទៀន​ថា ពួក​គេ​នៅតែ​តស៊ូ ដើម្បី​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន

0:00 / 0:00

យុវជន​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន​អះអាង​ថា ពួក​គេ​នៅ​តែ​តស៊ូ​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង និង​ចុះ​ពង្រឹង​ស្មារតី​សកម្មជន​មូលដ្ឋាន​ដោយ​មិន​រុញរា​នោះ​ទេ ដើម្បី​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​អះអាង​ថា គណបក្ស​ភ្លើង​ទៀន​កំពុង​រង្គោះរង្គើ​ផ្ទៃ​ក្នុង ដោយសារ​តែ​សកម្មជន​ខ្លះ​ងាក​មក​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។

បន្ទាប់​ពី​ឆ្លងកាត់​ព្យុះភ្លៀង​នយោបាយ ដែល​បង្ក​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​ទៅ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​គ្រប់​លំដាប់​ថ្នាក់​បាន​ជួប​ប្រជុំ​គ្នា​ជាមួយ​សកម្មជន​តាម​រាជធានី-ខេត្ត​ក្រុង​ដើម្បី​ពិភាក្សា​លើ​ស្ថានភាព​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន និង​ដាក់​ទិសដៅ​ឆ្ពោះ​ទៅ​ថ្ងៃ​ខាង​មុខ។

ប្រធាន​យុវជន​គណបក្ស​ភ្លើង​ទៀន​ថ្នាក់​ជាតិ​លោក ថន ចន្ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២០ ខែមិថុនា​ថា ទោះបី​ជា គ.ជ.ប មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នៅ​ខែកក្កដា​ខាង​មុខ​នេះ​ក្ដី ប៉ុន្តែ​គោលដៅ និង​ជំហរ​របស់​ក្រុម​យុវជន​នៅតែ​បន្ត​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​សន្តិវិធី​ដើម្បី​ការ​ផ្លាស់ប្ដូរ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ម្ចាស់​ឆ្នោត។ លោក​ឱ្យ​ដឹង​ថា ថ្នាក់​ដឹកនាំ​របស់​គណបក្ស​នឹង​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​យុវជន​មកពី​បណ្ដា​រាជធានី​ខេត្ត​ជាង ២០០នាក់​នៅ​ក្នុង​ពេល​ឆាប់ៗ នេះ​ក្នុង​កម្មវត្ថុ​ពង្រឹង​ជំហរ​ស្មារតី​ពួកគាត់​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ ព្រមទាំង​ដាក់​គោលដៅ​អនុវត្ត​សកម្មភាព​បន្ថែម​ទៀត។ លោក​បញ្ជាក់​ថា​យុវជន​ភាគ​ច្រើន​ចង់​ឱ្យ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ។

លោក ថន ចន្ថា៖ «ទង្វើ​ទាំងអស់​ហ្នឹង​វា​មិនមែន​ជា​រនាំង វា​មិនមែន​ជា​ឧបសគ្គ​សម្រាប់​យើង ដែល​ជា​គណបក្ស​ភ្លើង​ទៀន​ទេ ពីព្រោះ​សកម្មភាព​រឹតត្បិត​សិទ្ធិ​សេរីភាព សិទ្ធិ​នយោបាយ​ហ្នឹង​អត់​បាន​អត់​បាន​កែប្រែ​ទេ អត់​បាន​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ទេ ដូច្នេះ​ហើយ​ទើប​យើង​ខំប្រឹង​តស៊ូ ដើម្បី​យើង​ទទួល​បាន​ជ័យជម្នះ យើង​កែប្រែ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យើង​មាន​សិទ្ធិ​សេរីភាព ពេញលេញ​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ ក៏​ដូច​ជា​ការ​បញ្ចេញ​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា»។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​យុវជន​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្តសៀមរាប លោក នង ធារ៉ា ដែល​ជា​ចៅសង្កាត់​រង​ទី២ នៃ​សង្កាត់​សាលា​កំរើក​ថ្លែង​ថា ក្រៅ​ពី​បំពេញ​តួនាទី និង​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ជា​ប្រចាំ​នោះ លោក​បន្ត​សកម្មភាព​ដឹក​នាំ​យុវជន​ចុះ​ពង្រឹង​ស្មារតី​នៅ​ថ្នាក់​មូលដ្ឋាន​ជា​ធម្មតា។ លោក​បញ្ជាក់​ថា លោក និង​យុវជន​ផ្សេងទៀត​បន្ត​បេសកកម្ម​ជាមួយ​គណបក្ស​ប្រឆាំង គឺ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ ពីព្រោះ​ពួកគាត់​ចង់​បាន​សង្គម​មួយ​ដែល​មាន​យុត្តិធម៌ ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ។

លោក នង ធារ៉ា៖ «រហូត​មក​ដល់​ពេល​នេះ​ទាំង​អ្នក​គាំទ្រ ទាំង​យុវជន និង​សហគមន៍​អន្តរជាតិ​នានា​គឺ​នៅតែ​បន្ត​ជឿជាក់​មក​លើ​គណបក្ស​ភ្លើង​ទៀន​ជា​បន្ត​បន្ទាប់​បន្ថែម​ទៀត ទោះបី​យើង​មិន​បាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​អាណត្តិ​ហ្នឹង​មែន ប៉ុន្តែ​ពួក​គាត់(ប្រជាពលរដ្ឋ)នៅតែ​មាន​សង្ឃឹម និង​ផ្ដល់​កម្លាំង​ចិត្ត​ថា​ឱ្យ​ខ្ញុំ​បន្ត​តស៊ូ​ទៀត​នៅ​ឆ្នាំ២០២៧ និង​ឆ្នាំ២០២៨ យើង​នៅតែ​មាន​ឱកាស​ក្នុង​ការ​ប្រកួត​ប្រជែង​សម្រាប់​ការ​បោះឆ្នោត»។

ទន្ទឹម​នឹង​នេះ គណបក្ស​ភ្លើង​ទៀន​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ​ជួប​ប្រជុំ​ជាមួយ​រចនា​សម្ព័ន្ធ​គណបក្ស​ស្រុក ខណ្ឌ ឃុំ សង្កាត់​ជា​បន្ត​បន្ទាប់ ដូចជា នៅ​រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ​ជាដើម។ ក្នុង​កិច្ច​ប្រជុំ​ទាំង​នោះ គឺ​ពិភាក្សា​អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស ដោយ​រក្សា​ជំហរ​ធ្វើ​សកម្មភាព​ស្រប​តាម​រដ្ឋធម្មនុញ្ញ ព្រមទាំង​រក្សា​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ទាំង​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ​នៅ​ពេល​ខាង​មុខ​នេះ។

ជំហរ និង​សកម្មភាព​នេះ ស្រប​ពេល​គណបក្ស​ភ្លើង​ទៀន ដែល​មាន​ពលរដ្ឋ​គាំទ្រ​ជាង ១លាន​៦សែន​នាក់ និង​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ពេល​បច្ចុប្បន្ន ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បដិសេធ មិន​ឱ្យ​ចុះ​ឈ្មោះ​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា​ខាង​មុខ​នេះ។

លើស​ពី​នេះ​លោក ហ៊ុន សែន ជា​មេដឹកនាំ​គណបក្ស​កាន់អំណាច​កំពុង​ប្រើប្រាស់​ធនធាន​រដ្ឋ​ប្រមូល​ទិញ​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​តែ​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច គឺ​គណបក្ស​នេះ​រៀបចំ​ពិធី​បញ្ចូល​ជា​សមាជិក និង​មាន​ការ​ផ្ដល់​លុយ​កាក់ និង​តួនាទី​គ្រាក់ៗ​ក្នុង​ស្ថាប័ន​រដ្ឋ​ជាដើម។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ចោទ​ថា មូលហេតុ​ដែល​គណបក្ស​ភ្លើង​ទៀន​ខកខាន​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ អាណត្តិ​ទី៧ ដោយសារ​តែ​កំហុស​ផ្ទាល់ខ្លួន​ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បក្ស​កាន់អំណាច​ឡើយ។ ទោះ​យ៉ាងណា លោក​ថា​ពួកគេ​អាច​ធ្វើ​សកម្មភាព​នយោបាយ​នៅ​កម្ពុជា​បាន។ តែ​លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ព្រួយ​បារម្ភ​នឹង​សកម្មភាព​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ។

លោក សុខ ឥសាន៖ «(គណបក្ស​ប្រឆាំង)ថា នៅ​ខ្លាំង​ទៀត​មិន​ដឹង​ខ្លាំង​ត្រង់​ណា​ទេ​ ខ្លាំង​ត្រង់​គេ​ចេញចោល​ជិត​អស់​ហ្នឹង បើ​នៅ​ធ្វើ​សកម្មភាព​ទៀត​ខ្ញុំ​យល់​ថា​បើ​គាត់​ធ្វើ​សកម្មភាព ៤នាក់ ៥នាក់ អា​ហ្នឹង ក៏​បាន​ដែរ​មិន​ទៅ​ជា​ស្អី គណបក្ស​ខ្លះ​គេ​មាន​សមាជិក​តិច គេ​ធ្វើ​សកម្មភាព​ក៏​មើល​ឃើញ​ថា​ជា​សកម្មភាព​នយោបាយ​ដែរ​ឱ្យ​តែ​គាត់​ធ្វើ ប៉ុន្តែ​ឱ្យ​ថា​ឈ្នះ​គេ​នោះ​វា​អត់​ឈ្នះ​ទេ»។

ទោះយ៉ាងណាក្ដី ប្រទេស​ប្រជាធិបតេយ្យ​ធំៗ រួម​មាន សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី និង​សហភាព​អឺរ៉ុប​ជាដើម​បាន​ប្រតិកម្ម និង​ទាមទារ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​ពីព្រោះ​គណបក្ស​មួយ​ដែល​មិន​អាច​ចុះបញ្ជី​ចូលរួម​ការ​បោះ​ឆ្នោត​បាន នោះ​មិនមែន​ជា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ កន្លងទៅ​សហភាព​អឺរ៉ុប​ក៏​បាន​ព្រមាន​កាត់​ប្រពន្ធ័​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិន​បើ​រដ្ឋាភិបាល ហ៊ុន សែន មិន​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើងវិញ​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកនាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ធ មើល​ឃើញ​ថា សមាជិក​មួយ​ចំនួន ដែល​ប្រកាស​ចាកចេញ​ពី​គណបក្ស​បាន​ក្លាយ​ជា​ទម្លាប់​នៅ​មុន​រដូវ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​លោក​យល់​ថា និន្នាការ​បែបនេះ​ពុំ​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​បាត់​សំឡេង​គាំទ្រ​ទេ ពីព្រោះ​គោលដៅ​​គណបក្ស​ភ្លើង​ទៀន​ចង់​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ស្របតាម​ច្បាប់​ក្នុង​ការ​កសាង​ប្រទេស និង​ការពារ​ពលរដ្ឋ​ទូទៅ។ លោក​ថា ការងារ​បន្ត​ទៀត គឺ​គណបក្ស​ត្រូវ​ធ្វើ​សកម្មភាព​ចុះ​ជួប​ជាមួយ​សកម្មជន និង​ជួប​ជាមួយ​អង្គទូត​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ឬ​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ស្នើ​ជួយ​តាម​ដាន​ស្ថានការណ៍​វិវឌ្ឍ​នៃ​នយោបាយ​កម្ពុជា​នៅ​ពេល​បោះឆ្នោត​ខាងមុខ​ទៀត។

លោក គីមសួរ ភីរិទ្ធ៖ «ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ថា​បោះឆ្នោត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​មិន​បាន​ចូលរួម​ប្រកួត​ប្រជែង ពួកគាត់​ពិត​ជា​មាន​ការ​សោកស្ដាយ គាត់​ដឹង​ហើយ គាត់​នឹង​រក្សា​ទឹកចិត្ត ចំពោះ​គណបក្ស​ណា ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ។ ខ្ញុំ​ជឿជាក់​ថា បើសិន​គេ(គណបក្ស​ប្រជាជន​កម្ពុជា)មិន​ខ្លាច​យើង​ទេ បើ​ចង់​ដឹង​អាច​បើក​ឱកាស​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួត​ប្រជែង​ឥឡូវ​ទៅ ពេល​ហ្នឹង​យើង​នឹង​ដឹង​ថា​ទឹកចិត្ត​របស់​ប្រជា​ពលរដ្ឋ អ្នកគាំទ្រ​នៅ​សល់​ប៉ុន្មាន ឬ​បាត់បង់​ដូច​អ្វី ដែល​គេ​គិត​ទេ»។

មុន​ពេល គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ សម្រេច​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ក្នុង​ការបោះឆ្នោត​ខាង​មុខ​នេះ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ​កម្ពុជា មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​បង្កើន​កម្ដៅ​នយោបាយ និង​ព្យុះភ្លៀង​បោក​បក់​ទៅ​លើ​គណបក្ស​ប្រឆាំង​តាម​គ្រប់​រូបភាព មាន​ទាំង​ការ​គំរាម​កំហែង និង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​អាវុធ។ ក្នុង​នោះ​រួមមាន​ការ​ប្ដឹង​ផ្ដល់​ទារ​សំណង​ជំងឺ​ចិត្ត​រាប់​សែន​ដុល្លារ​ពី​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ការ​រឹបអូស​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ និង​ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា កាល​ពី​ពេល​ថ្មីៗ នេះ​ជា​ដើម។

អ្នកឃ្លាំមើល​យល់​ថា​ការ​ធ្វើទុក្ខ​បុក​ម្នេញ​របស់​គណបក្ស​កាន់​អំណាច ទៅលើ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន មិន​អាច​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​មួយ​នេះ​ចុះ​ញ៉ម និង​បោះបង់​ការ​តស៊ូ​បាន​ឡើយ ផ្ទុយទៅវិញ​បញ្ហា​នេះ​គណបក្ស​ប្រឆាំង​កាន់តែ​រឹងមាំ​បន្ថែម​ទៀត។ ចំណែក​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ទទួល​រង​សម្ពាធ​ធ្ងន់ធ្ងរ​ពី​អន្តរជាតិ​នៅ​ក្រោយ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ដ​នៅ​ខែកក្កដា​ខាង​មុខ ដែល​គ្មាន​គណបក្ស​ភ្លើង​ទៀន​ចូល​រួម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។