ពលករ និងសកម្មជនគណបក្សប្រមាណជិត ១០០នាក់ រៀបចំពិធីញាំនំបញ្ចុកសាមគ្គី ដើម្បីរំលឹកខួប ១ឆ្នាំនៃការធ្វើមាតុភូមិនិវត្តន៍លើកទី១របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ និងបញ្ជាក់ជំហរ ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើមាតុភូមិនិវត្តន៍លើកទី២ ក្នុងពេលឆាប់ៗនេះ។ ចំណែកមន្ត្រីគណបក្សកាន់អំណាចយល់ថា ការប្រារព្ធកម្មវិធីញាំនំបញ្ចុកដែលគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់ គឺជាទង្វើខុសច្បាប់។
ពលករនៅប្រទេសថៃ ដែលបានចូលរួមកម្មវិធីញាំនំបញ្ចុកសាមគ្គីនៅប្រទេសថៃ លោក ជីម សុផាត ឲ្យដឹងថា ការប្រារព្ធពិធីនេះ គឺដើម្បីដាស់តឿនដល់ពលករ និងសកម្មជនទាំងអស់ ឲ្យត្រៀមខ្លួន និងកម្លាំងក្នុងការធ្វើមាតុភូមិនិវត្តជាលើកទី២ជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃទៀត។ លោកបន្តថា មាតុភូមិនិវត្តលើកទី២នេះ លោក និងពលករជាច្រើនទៀត ពុំមានការរុញរា ឬភ័យខ្លាចចំពោះការបង្ក្រាបរបស់អាជ្ញាធរក្រុងភ្នំពេញនោះទេ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលចូលប្រទេសកម្ពុជាវិញ។ លោកលើកឡើងថា រយៈពេលជាច្រើនឆ្នាំមកនេះ លោកបានតស៊ូប្រឆាំងនឹងរបបផ្ដាច់ការ ដោយសារលោកចង់ផ្លាស់ប្ដូររបបនេះចេញ និងចង់បានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាពិតប្រាកដមួយ៖ « ខ្ញុំនឹងត្រៀមខ្លួនជាមួយនឹងថ្នាក់ដឹកនាំ ហើយខ្ញុំសូមផ្ញើសារនេះថា ខ្ញុំមិនខ្លាចកាលដែលរបបក្រុងភ្នំពេញក៏ដូចជាលោក ហ៊ុន សែន ផ្ទាល់ផ្ញើសារគំរាម ដាក់រូបភាព ដាក់កម្លាំងដើម្បីទប់ស្កាត់ រារាំងមកដល់រូបខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំ គឺសម្រាប់ខ្ញុំ គឺខ្ញុំបានប្តេជ្ញាចិត្តហើយ ក្នុងនាមជាខ្មែរម្នាក់ ខ្ញុំនឹងចូលទៅប្តូររបបលោក ហ៊ុន សែន ដើម្បីបញ្ចប់នៃអំណាចផ្ដាច់ការ »។
ពលករមួយរូបទៀត ជាអ្នកម៉ៅការសំណង់នៅប្រទេសថៃ និងជាអ្នករៀបចំកម្មវិធីនេះ ថ្លែងសុំមិនបញ្ចេញឈ្មោះថា លោកចង់ឃើញពលករ និងសកម្មជនគណបក្សសង្គ្រោះជាតិ រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមដំណើរជាមួយគ្នាធ្វើមាតុភូមិនិវត្តន៍លើកទី២ ឲ្យបានជោគជ័យ។ លោកបន្តថា ការប្រារព្ធពិធីនេះឡើង គឺដើម្បីរំលឹកដល់ពលករទាំងអស់ថា ការធ្វើមាតុភូមិនិវត្តលើកទី២នេះមានសារសំខាន់ណាស់ ក្នុងការជួយដល់ពលរដ្ឋខ្មែរជាច្រើនទៀត ឲ្យមានការផ្លាស់ប្ដូរ និងជួយដល់ពលករមិនឲ្យមានការចំណាកស្រុកដ៏ច្រើនលើសលប់បែបនេះទៀត។ ពលកររូបនេះ អះអាងថា ការប្រារព្ធពិធីញាំនំបញ្ចុកសាមគ្គី និងការប្រមូលកម្លាំងធ្វើមាតុភូមិនិវត្តលើកទី២នេះ មិនមែនជាការផ្តួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់របស់គណបក្សកាន់អំណាចនោះទេ តែជាការធ្វើឲ្យមានការចរចា និងផ្សះផ្សាជាតិមួយ ដោយគិតលើផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិជាធំ ដែលពុំមែនជារឿងខុសច្បាប់នោះទេ៖ « មាតុភូមិនិវត្តន៍មិនមែនមានន័យថា ទៅផ្តួលរំលំរបបបច្ចុប្បន្នទេ។ គណបក្សសង្គ្រោះជាតិ ខ្ញុំមើលទៅគោលការណ៍របស់គាត់ គឺគាត់អត់ចង់បានអញ្ចឹងផងហ្នឹង គាត់ចង់ឲ្យតែគាត់ត្រឡប់ចូលទៅស្រុកវិញ អាចនឹងមានការផ្សះផ្សារគ្នា អាចនិយាយគ្នា ត្រូវរូវគ្នា ទៅលើក្នុងករណីដែលគាត់ចង់បានទៅវិញទៅមកអ៊ីចឹងទេ មិនមែនមានន័យថា ការត្រឡប់ចូលមាតុភូមិនិវត្តន៍ យើងទៅបាញ់គ្នា ឬក៏ទៅផ្តួលរំលំរបបរដ្ឋាភិបាលទេ អញ្ចឹងគឺខ្ញុំត្រូវចូលរួម ព្រោះអីខ្ញុំគិតថា មិនខុសទេ មិនខុសច្បាប់ទេ »។
រីឯ អនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំងកំពុងភៀសខ្លួននៅប្រទេសថៃ លោក ដួង ចាន់ត្រា មានប្រសាសន៍ថា នំបញ្ចុកសាមគ្គីនេះ គឺធ្វើឡើងដើម្បីពង្រឹងស្មារតី និងគោលជំហររបស់ពួកគេ ក្នុងការត្រៀមលក្ខណៈធ្វើមាតុភូមិនិវត្តលើកទី២ ជាមួយគណបក្សសង្គ្រោះជាតិ។ លោកផ្តាំផ្ញើនូវសារមួយទៅកាន់របបក្រុងភ្នំពេញថា រដ្ឋាភិបាលគួរធ្វើការកែតម្រូវ ដោយគោរពតាមការស្នើសុំរបស់សហគមន៍អឺរ៉ុប ដើម្បីបញ្ចប់វិបត្តិសេដ្ឋកិច្ច និងវិបត្តិនយោបាយដែលជាប់គាំងរយៈពេល៣ឆ្នាំមកនេះ និងដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើងវិញ។ លោកប្តេជ្ញាថា ទោះបីជាមានការធ្វើទុកបុកម្នេញពីខាងរដ្ឋាភិបាលក៏ដោយ ក៏លោកត្រូវវិលចូលប្រទេសកំណើតរបស់លោកឲ្យបាន ហើយស្នើឲ្យរដ្ឋាភិបាលបើកច្រកព្រំដែនឲ្យពួកគេវិលចូលស្រុកវិញ៖ «កម្ពុជា មិនមែនជារបស់លោក ហ៊ុន សែន ទេ ហើយការភៀសខ្លួនមកនៅទីនេះ ក៏យើងបានតាំងចិត្តហើយថា យើងមិនមែនភៀសខ្លួនមួយជីវិតទេ យើងភៀសខ្លួនមួយគ្រា ដើម្បីយើងប្រមូលផ្តុំកម្លាំង និងទៅធ្វើការផ្លាស់ប្តូររបបផ្ដាច់ការនេះឡើងវិញ អញ្ចឹងយើងនៅតែព្យាយាម ហើយយើងមិនតក់ស្លុត ហើយនឹងអំពើឃោរឃៅឬក៏ដីការកំប៉ិចកំប៉ុករបស់លោក ហ៊ុន សែន ដែលធ្វើជាល្បែងនយោបាយ ដើម្បីមកគំរាមកំហែងការចូលរួមរបស់ប្រជាពលរដ្ឋទេ»។
ឆ្លើយតបចំពោះបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ព្រមានថា ក្រុមពលករ និងសកម្មជនបក្សប្រឆាំង អាចមានសិទ្ធិជួបជុំគ្នាទទួលទាននំបញ្ចុកនៅក្រៅប្រទេសបាន ប៉ុន្តែប្រសិនបើមានសកម្មភាពនេះនៅក្នុងប្រទេសកម្ពុជាដែលធ្វើឡើងដោយគាំទ្របក្សប្រឆាំង គឺជារឿងខុសច្បាប់ដែលពួកគេត្រូវទទួលខុសត្រូវ។ លោកបន្តថា រដ្ឋាភិបាលពុំបានហាមប្រាមពួកគេមិនឲ្យវិលចូលប្រទេសកម្ពុជាវិញនោះទេ ប៉ុន្តែរដ្ឋាភិបាលមិនអនុញ្ញាតឲ្យពួកគេធ្វើសកម្មភាពនយោបាយគាំទ្របក្សប្រឆាំងក្នុងប្រទេសកម្ពុជាឡើយ។ លោកលើកឡើងថា ការប្រកាសវិលចូលមាតុភូមិនិវត្តន៍លើកទី២នេះ គឺគ្រាន់តែជាការឃោសនានយោបាយបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីរៃអង្គាសថវិកាពីប្រជាពលរដ្ឋប៉ុណ្ណោះ « អ្នកដែលមកចូល អាហ្នឹងជារឿងចូល ក៏ប៉ុន្តែចូលហើយធ្វើសកម្មភាព ដើម្បីគាំទ្រក្រុមខុសច្បាប់ អាហ្នឹងវាត្រូវអ្នកដែលធ្វើហ្នឹង វាត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ហើយអ្នកណាដែលមានដីការបស់តុលាការត្រូវចាប់ខ្លួនហើយ អាហ្នឹងវាត្រូវតែសមត្ថកិច្ចគេអនុវត្តដីកានោះហើយ »។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា មានប្រសាសន៍ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិជួបជុំគ្នាទទួលទាននំបញ្ចុក ហើយលោកស្នើសុំឲ្យរដ្ឋាភិបាល បញ្ឈប់ប្រើវិធានការច្បាប់ដោះស្រាយជម្លោះនយោបាយ។ លោកយល់ថា ករណីជម្លោះនយោបាយបែបនេះ គឺមានតែអ្នកនយោបាយធំៗទាំងពីរ វិលទៅរកចរចាសម្របសម្រួលគ្នា ដោះស្រាយបញ្ហាជាប់គាំងនេះទេ ទើបអាចកាត់បន្ថយស្ថានភាពក្នុងប្រទេសកម្ពុជាឲ្យមានភាពធូរស្រាលបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។