ភរិយារបស់អតីតមន្ត្រីបក្សប្រឆាំងនៅខេត្តព្រះសីហនុសង្ឃឹមថា ស្វាមីរបស់លោកស្រីដែលកំពុងជាប់ឃុំនឹងអាចរួចផុតពីការចោទប្រកាន់ពីតុលាការក្រោយពេលអភិបាលរងខេត្តព្រះសីហនុលោក ស្រ៊ុន ស្រ៊ន់ ត្រូវគេដកមុខតំណែងនោះ។ ការបង្ហាញជំនឿ និងក្តីសង្ឃឹមបែបនេះ ព្រោះការចោទប្រកាន់ និងការចាប់ខ្លួនស្វាមីលោកស្រីគឺអតីតអភិបាលរងខេត្តនេះ ជាអ្នកបង្កឡើង ដូច្នេះបើមេដឹកនាំក្រុងភ្នំពេញបានដកតំណែងមន្ត្រីរូបនេះហើយ លោកស្រីយល់ថា ថ្នាក់ដឹកនាំផ្សេងទៀត ប្រាកដជាដឹងថា ស្វាមីលោកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់លោក ស្រ៊ុន ស្រ៊ន់ ឡើយ។
ភរិយារបស់លោក ឆាយ រដ្ឋ លោកស្រី សំ សារ៉ាត់ រំពឹងថា តុលាការខេត្តព្រះសីហនុនឹងពិចារណាឡើងវិញក្នុងការទម្លាក់បទចោទលើស្វាមីលោកស្រីដើម្បីឱ្យលោក ឆាយ រដ្ឋ ទទួលបានសេរីភាពឡើងវិញ។ លោកស្រីបញ្ជាក់ថា មូលដ្ឋានគ្រឹះដែលតុលាការឈានដល់ការចោទប្រកាន់ស្វាមីលោកស្រីគឺផ្ដើមដោយអតីតអភិបាលខេត្តព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ព្រោះអតីតអភិបាលរងខេត្តរូបនេះបានយកបញ្ហានយោបាយមកពាក់ព័ន្ធដោយសារស្វាមីលោកស្រីជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ៖ «ខ្ញុំថាតុលាការគាត់នឹងវិនិច្ឆ័យឡើងវិញព្រោះការដកដំណែងលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ សុទ្ធតែនៅក្នុងរឿងដីធ្លីទាំងអស់»។
កាលពីថ្ងៃទី២១ មករា អតីតអភិបាលរងខេត្តព្រះសីហនុលោក ស្រ៊ុន ស្រ៊ន់ បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនលោក ឆាយ រដ្ឋ ក្នុងពេលដែលអតីតចៅសង្កាត់រងទី២ គណបក្សប្រឆាំងរូបនេះដើរមកពីដីរបស់ខ្លួនទៅមើលកន្លែងកើតហេតុ។ ក្នុងពេលនោះដែរសមត្ថិកិច្ចក៏ចាប់ខ្លួនលោក ទេព សុផា ដែលជាសកម្មជនសិទ្ធិការងារនៃ សហជីពការងាររបស់លោក អាត់ ធន់។
កាលស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្នអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ លោក ឆាយ រដ្ឋ បានមកប្រាប់អាស៊ីសេរីថា លោកបានដើរទៅសំពះជំរាបសួរអតីតអភិបាលរងខេត្តព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ប៉ុន្តែលោក ស្រ៊ុន ស្រ៊ន់ បែរជាចង្អុលមុខ និងស្រែកថា ជាមន្ត្រីបក្សប្រឆាំង ដែលលោកតាមរកមុខយូរហើយ។ ប៉ុន្តែកាលពីថ្ងៃទី១ ខែមីនា លោក ហ៊ុន សែន សម្រេចបញ្ចប់មុខតំណែងលោក ស្រ៊ុន ស្រ៊ន់ និងអភិបាលរងខេត្តម្នាក់ទៀតចេញពីតួនាទីជាអភិរងខេត្តព្រះសីហនុពាក់ព័ន្ធនឹងការបង្ក្រាបហិង្សាបណ្ដេញចេញទាំងបង្ខំក្នុងករណីជម្លោះដីធ្លីមួយនៅខេត្តព្រះសីហនុ។
ក្រុមមេធាវីការពារក្តីឱ្យលោក ឆាយ រដ្ឋ បានស្នើទៅតុលាការឱ្យលោក ឆាយ រដ្ឋ អាចនៅក្រៅ ឃុំបណ្ដោះអាសន្ន ប៉ុន្តែកាលពីកុម្ភៈកន្លងទៅនេះតុលាការខេត្តព្រះសីហនុបានបដិសេធចំពោះ សំណើនេះ។ ចំណែកទាក់ទងការផ្តល់ព័ត៌មានកន្លងមកថា តុលាការខេត្តព្រះសីហនុបានបិទបញ្ចប់ការស៊ើបអង្កេតករណីអតីតមន្ត្រីគណបក្សសង្គ្រោះជាតិលោក ឆាយ រដ្ឋ និងសកម្មជនសិទ្ធិការងារលោក ទេព សុផា នោះ ភរិយារបស់លោក ឆាយ រដ្ឋ លោកស្រី សំ សារ៉ាត់ ឱ្យអាស៊ីសេរីដឹង កាលពីថ្ងៃទី៣ ខែមីនា ថា លោកស្រីផ្តល់ព័ត៌មានច្រឡំទេ គឺតុលាការខេត្តព្រះសីហនុ មិនទាន់បិទបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿងនេះនៅឡើយទេ។
ភរិយាអតីតមន្ត្រីបក្សប្រឆាំងដដែលឱ្យដឹងទៀតថា លោកស្រីគ្រោងប្តឹងទៅសាលាឧទ្ធរណ៍ ប្រឆាំងទាស់នឹងសាលាដំបូងខេត្តព្រះសីហនុដែលបដិសេធសំណើសុំនៅក្រៅឃុំរបស់ស្វាមី លោកស្រីនៅដើមសប្ដាហ៍ក្រោយ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា និយាយថា បើ មានការប្តឹងទាស់ពីសំណាក់មេធាវីលោក ឆាយ រដ្ឋ ទៅសាលាឧទ្ធរណ៍ តុលាការជាន់ខ្ពស់មួយនេះគឺនឹងអនុញ្ញាតឱ្យលោក ឆាយ អាចនៅក្រៅឃុំ។ លោកបន្តថា ការចោទប្រកាន់របស់ តុលាការខេត្តព្រះសីហនុលើអតីតមន្ត្រីបក្សរូបនេះគឺជារឿងអយុត្តិធម៌៖ «លោក ស្រ៊ុន ស្រ៊ន់ ជាអ្នកបញ្ជាសមត្ថកិច្ចឱ្យចាប់ខ្លួនហើយយើងឃើញទាំងប្រជាពលរដ្ឋ និងសង្គមស៊ីវិលបានកត់សម្គាល់ថា គាត់ ( លោក ឆាយ រដ្ឋ និងលោក ពេទ សុផា ) អត់បានប្រព្រឹត្តិអ្វីដូចការចោទប្រកាន់ទេ»។
តុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនលោក ឆាយ រដ្ឋ និងសកម្មជនសិទ្ធិការងារម្នាក់ទៀតបណ្ដោះអាសន្ននិងចោទថាពួកគេបានបោះបង្គោលហ៊ុមព័ទ្ធដី ដាក់សញ្ញាសម្គាល់ក្នុងគោលបំណងកាន់កាប់ជាកម្មសិទ្ធិ និងរារាំង បង្កគ្រោះថ្នាក់របួសស្នាមដល់មន្ត្រីការពារ និងអភិរក្សធម្មជាតិក្នុងការចុះអនុវត្តមុខនាទីនិងភារកិច្ចរបស់ខ្លួន។ ភរិយាលោក ឆាយ រដ្ឋ និងមន្ត្រីសង្គម ស៊ីវិលយល់ថា បើករណីនេះមិនជាប់ពាក់ព័ន្ធនឹងវិបត្តិនយោបាយរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច លោក ឆាយ រដ្ឋ និងសកម្មសិទ្ធិការងារលោក ទេព សុផា នឹងទទួលបានយុត្តិធម៌ពីតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។