អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​របប​លោក ហ៊ុន សែន ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត

ដោយ ទីន ហ្សាការីយ៉ា
2020-09-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អឿ ណារិទ្ធិ ធ្លាប់​ជា​ជំនួយ​ការ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា ពេល​លោក អេង ឆៃ អ៊ាង ជា​ប្រធាន​គណៈកម្មការ​នេះ។
លោក អឿ ណារិទ្ធិ ធ្លាប់​ជា​ជំនួយ​ការ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា ពេល​លោក អេង ឆៃ អ៊ាង ជា​ប្រធាន​គណៈកម្មការ​នេះ។
រូប៖ ហ្វេសប៊ុក

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្កោលទោស​របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​លោក អឿ ណារិទ្ធិ ជា​អតីត​ជំនួយ​ការ​របស់​លោក កាល​ពី​ថ្ងៃ​អាទិត្យ ទី២០ កញ្ញា។

លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា មក​ពេល​នេះ លោក​មិន​ទាន់​បាន​ដឹង​ថា​ តើ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក អឿ ណារិទ្ធិ នេះ ពី​បទ​អ្វី​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក អេង ឆៃអ៊ាង បញ្ជាក់​ថា លោក អឿ ណារិទ្ធិ មិន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទាំង​អស់​តាំង​របប​ឯក​បក្ស​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​ឆ្នាំ២០១៧ មក គឺ​លោក​បាន​ប្រកប​របរ​បើក​ហាង​លក់​កាហ្វេ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។ លោក អេង ឆៃ អ៊ាង បន្ថែម​ថា លោក អឿ ណារិទ្ធិ ធ្លាប់​ជា​ជំនួយ​ការ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​រដ្ឋសភា ដែល​លោក​ជា​ប្រធាន​គណៈកម្មការ​នេះ៖ «

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ​ គឹមឃឿន ដើម្បី​សួរ​អំពី​ការ​ចាប់​ខ្លួន​នេះ បានទេ នៅ​រាត្រី​ថ្ងៃ​ទី២០ កញ្ញា។

នេះ​ជា​លើក​ទី៣ ហើយ អាជ្ញាធរ​ចាប់​ខ្លួន លោក​ អឿ ណារិទ្ធិ។ លើក​ទី១ កាល​ពី​ថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០១៤ ជាមួយ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត ចោទ​ប្រកាន់​ពី​បទ​កុប្បកម្ម​នៅ​ក្បែរ​ស្ពាន​នាគ​ទីលាន​ប្រជាធិបតេយ្យ។ មួយ​សប្ដាហ៍​ក្រោយ​មក តុលាការ​បាន​ដោះ​លែង​លោក​វិញ នៅ​ថ្ងៃ​ទី២២ កក្កដា ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចរចា​ត្រូវ​រ៉ូវ​គ្នា​ផ្នែក​នយោបាយ។

លើក​ទី២ តុលាការ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៨ មិថុនា ឆ្នាំ២០១៥ ក្រោយ​ពី​គណបក្ស​ទាំង​ពីរ​មាន​ជម្លោះ និង​គ្នា​ឡើង​វិញ ដោយ​សើរើ​សំណុំរឿង​ចាស់ គឺ​ចោទ​ប្រកាន់ពី​បទ​ចូលរួម​ និង​ដឹកនាំ​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃ​ទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤។ តុលាការ​បាន​ផ្ដន្ទាទោស​លោក​ចំនួន ២០ឆ្នាំ តែ​ក្រោយ​ពី​បាន​ជាប់​ពន្ធ​នា​គារ​អស់​រយៈ​ពេល​ជាង ៣ឆ្នាំ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​​ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែង​ទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨។

ការ​ចាប់​ខ្លួន​លើក​ទី៣ នៅ​ថ្ងៃ​ទី២០ កញ្ញា ហើយ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ប្រភព​ណា​ម្នាក់​អាច​បញ្ជាក់​ថា សមត្ថកិច្ច​ចាប់​ខ្លួន​លោក ចោទ​ប្រកាន់​ពី​អ្វី​ពិត​ប្រាកដ នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល