មន្ត្រីពន្ធនាគារ បានដោះលែង សកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លោក ប៉ាន សុខសុវណ្ណនី ហើយ នៅថ្ងៃទី៣ សីហា ក្រោយអ្នកទោសនយោបាយរូបនេះ អនុវត្តទោសពន្ធនាគារគ្រប់ចំនួន ១៨ខែ។ លោក ប៉ាន សុខសុវណ្ណនី ហៅការជាប់ឃុំ ១៨ខែនេះ ជាអំពើអយុត្តិធម៌ ដោយសារមិនបានប្រព្រឹត្តិ បទល្មើសជេរប្រមាថ និងញុះញង់ ឲ្យប្រព្រឹត្តិបទល្មើស ដូចការចោទប្រកាន់ឡើយ។
លោក ប៉ាន សុខសុវណ្ណនី ប្រាប់អាស៊ីសេរី នៅពេលបានចេញពីពន្ធនាគារព្រៃសភ្លាមៗ ថា លោកនៅរក្សាជំហរគាំទ្រគណបក្សសង្គ្រោះជាតិដដែល ហើយលោកសោកស្ដាយចំពោះការចោទប្រកាន់ដោយអយុត្តិធម៌កន្លងមកនេះ។ លោកថា ការចោទប្រកាន់អយុត្តិធម៌នេះ បង្កើតជារឿងឈឺចាប់សម្រាប់គ្រួសារលោកទាំងមូល ដោយសារពេលចាប់ខ្លួនលោក គឺភរិយាកំពុងមានផ្ទៃពោះ និងរស់នៅ ភៀសខ្លួន ក្នុងប្រទេសថៃ ឯម្ដាយជរា កំពុងឈឺធ្ងន់ នៅស្រុកកំណើត។ លោកថា ជីវិតក្នុងពន្ធនាគាររយៈពេល ១ឆ្នាំកន្លះមកនេះ ពោរពេញដោយភាព ឈឺចាប់ក្នុងចិត្ត សឹងតែមិនអាចទ្រាំបាន។
លោកត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ៤បទល្មើស គឺ ញុះញង់ ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ជេរប្រមាថរដ្ឋាភិបាល ប្រើប្រាស់អាវុធខុសច្បាប់ និង រួមគំនិតក្បត់។ តែសាលាឧទ្ធរណ៍ សម្រេច ១បទល្មើសវិញ គឺ បទជេរប្រមាថ។
ពេលនេះ កូនប្រុសលោកកើតបានអាយុជាង ១ខួបហើយ។ លោក ប៉ាន សុខសុវណ្ណនី មានបំណង ទៅជួបប្រពន្ធ និងកូន ក្នុងប្រទេសថៃ នៅពេលឆាប់ៗ នេះ ដើម្បីរស់នៅជួបជុំក្រុមគ្រួសារវិញ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។