ស្ថាបនិកគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ និង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានជួបគ្នា ក្នុងកសិដ្ឋានមួយ នៅខេត្តកោះកុង កាលពីថ្ងៃទី៦ វិច្ឆិកា ម្សិលមិញ។
តើមេដឹកនាំគណបក្សទាំងពីរបានជជែកអំពីបញ្ហាអ្វីខ្លះដែរ?
បណ្ឌិត យ៉ង សាំងកុមារ ប្រាប់អាស៊ីសេរីថា ក្នុងជំនួបរវាងលោក និងលោក កឹម សុខា ប៉ុន្មានថ្ងៃនេះគឺលោកជាអ្នកអញ្ជើញលោក កឹម សុខា ឱ្យទៅសិក្សាស្វែងយល់ពីតំបន់ធម្មជាតិភ្នំពេញក្រវាញនិងការដាំដុះកសិកម្មរបស់កសិករនៅតំបន់នេះ។ លោកយល់ថា ជំនួបរវាងលោកនិងលោក កឹម សុខាគឺជារឿងល្អ និងជាមូលដ្ឋានគ្រឹះនៃវិស័យកសិកម្មទៅពេលខាងមុខ៖ « និយាយទៅសំនួរច្រើនជាងចម្លើយ ហើយជាទូទៅយើងមិនបានជជែកគ្នាច្រើនទេ ប៉ុន្តែជារួមខ្ញុំគិតថាការល្អដែរដែលខ្ញុំនិងគាត់ ( លោក កឹម សុខា ) បានជជែកគ្នាស្វែងយល់ពីគ្នា »។
ថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះឱ្យដឹងទៀតថា លោកបានចោទជាសំនួរមួយចំនួនទៅលោក កឹម សុខា ថាបើលោក កឹម សុខា មានសេរីភាពឡើងវិញ តើលោកនឹងគិតយ៉ាងម៉េចចំពោះស្ថានការណ៍ឆ្នាំ២០២២ និងឆ្នាំ២០២៣ ឬត្រូវទុកស្ថានការណ៍ដូចកាលពីឆ្នាំ២០១៨ឬយ៉ាងណា? ប៉ុន្តែលោកថា កឹម សុខា មិនបានបញ្ចេញយោបល់អ្វីឡើយ ។ លោក យ៉ង សាំងកុមារ ឱ្យដឹងទៀតថា ចំពោះទស្សនៈលោកផ្ទាល់គឺលោកនឹងចូលរួមការបោះឆ្នោតឆ្នាំ២០២២និងឆ្នាំ២០២៣ ដើម្បីជាការជម្រុញឱ្យមានពហុបក្សចូលរួមក្នុងការបោះឆ្នោតនៅកម្ពុជា៖ « តើអាចមានសេណារីយោអីខ្លះទៅណា សេណារីយោដូចឆ្នាំ២០១៨ សេណារីយោចូលរួមបោះឆ្នោតក្នុងរូបភាពយ៉ាងម៉េចៗ ប៉ុន្តែគាត់ ( លោក កឹម សុខា ) មិនបញ្ចេញយោបល់អីទេ គ្រាន់តែជាការគិតហើយណាមួយខ្ញុំយល់ពីបញ្ហារបស់គាត់យើងមិនបង្ខំឱ្យគាត់ឆ្លើយទេ ប៉ុន្តែជារួមយើងត្រូវតែចាប់ផ្ដើមគិតព្រោះយើងមិនអាចទុក នេះជាទស្សនៈខ្ញុំទេណា »។
ទាក់ទឹងនឹងជំនួបនេះ មន្ត្រីខុទ្ទកាល័យ លោក កឹម សុខា លោក មុត ចន្ថា ឱ្យអាស៊ីសេរីដឹងថា ការធ្វើដំណើររបស់លោក កឹម សុខា គឺដើម្បីស្វែងយល់ដកពិសោធអំពីវិស័យកសិកម្ម និងកសិឧស្សាហកម្ម។
កាលពីថ្ងៃទី០៦ ខែវិច្ឆិកានេះ លោក កឹម សុខា បានបង្ហោះរូបភាពជាច្រើនសន្លឹកពីទិដ្ឋភាពដែលធ្វើដំណើរកាត់ព្រៃនៃជួរភ្នំក្រវាញក្នុងខេត្តកោះកុង និងខេត្តពោធិ៍សាត់ក្នុងរូបភាពនោះក៏ឃើញមានរូបលោក កឹម សុខា និងលោកបណ្ឌិត យ៉ង សាំងកុមារ ពិនិត្យភោគផលកសិកម្មនៅតំបន់នោះដែរ។ លោក កឹម សុខា បានសរសេរលើហ្វេសប៊ុកលោកថា គួរងាកក្រោយសម្លឹងមើលការខុសឆ្គង គឺជាមេរៀនអាក្រក់និងល្អមិនមែនសម្រាប់តែទិតៀនដើម្បីបង្កជម្លោះនោះទេ តែផ្ទុយទៅវិញគួរណាតែនាំគ្នាសម្លឹងនូវភាពវិជ្ជមានគឺកសាងអនាគតឲ្យប្រសើរឡើង។ លោកសរសេរបន្ថែមទៀតថា យើងត្រូវតែរួមគ្នាថែរក្សាការពារធនធានដែលនៅមានទាំងនោះសម្រាប់ជាប្រយោជន៍ជាតិឲ្យបានផលដល់ប្រជាពលរដ្ឋខ្មែរទូទៅ មិនសំដៅតែអ្នកមានលុយ ឬមានអំណាច។ លោក កឹម សុខា ចង់ឃើញសម្បត្តិធម្មជាតិ នៅតែជារបស់ខ្មែរ ដើម្បីខ្មែរ ជាពិសេសទុកជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបណ្ឌិត សេង សារី យល់ថា ជំនួបរវាងលោក កឹម សុខា និងលោក យ៉ង សាំងកុមារ ក៏ជាសញ្ញាល្អរវាងអ្នកប្រជាធិបតេយ្យដែលមានទាំងអ្នកនយោបាយ និងជំនាញកសិកម្ម។ ទោះយ៉ាងណាលោកថា ក្នុងបរិបទដែលលោក កឹម សុខា កំពុងជាប់បម្រាមនយោបាយបែបនេះជំនួបនេះអាចជាការជួបគ្នាក្នុងនាមជាមិត្តចាស់៖ « បើសិនជាក្នុងករណីការជួបគ្នាដោយចៃដន្យ ទោះបីមានផែនការក្ដីជាសញ្ញានៃការរួមគ្នានៃអ្នកប្រជាធិបតេយ្យអាហ្នឹងខ្ញុំមើលទៅជារឿងល្អ គួរតែដល់ពេលអ្នកដែលមាននិន្នាការប្រជាធិបតេយ្យចូលរួមគ្នាទាំងអ្នកបច្ចេកទេសស្រលាញ់ប្រជាធិបតេយ្យ និងទាំងអ្នកនយោបាយស្រលាញ់ប្រជាធិបតេយ្យ »។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិកាលពីឆ្នាំ២០១៧។ ប៉ុន្តែកាលពីឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យខ្លះដោយអនុញ្ញាតឲ្យលោកអាចឱ្យធ្វើដំណើរក្នុងប្រទេស ប៉ុន្តែហាមធ្វើនយោបាយនិងចេញក្រៅប្រទេស។ តុលាការបានពន្យារពេល សវនាការ លោក កឹម សុខា ចាប់តាំងពីដើមឆ្នាំ ២០២០ ហើយ លោក ហ៊ុន សែន អះអាងថា នឹងបន្តពន្យារពេលរហូតដល់ឆ្នាំ២០២៤។ មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគថា ការពន្យារពេលនេះ ជាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ដើម្បីបំបែក លោក សម រង្ស៊ី ប្រធានស្តីទីគណបក្ស និងលោក កឹម សុខា ឲ្យបែកបាក់សាមគ្គី ប៉ុន្តែលោក សម រង្ស៊ី ថា លោក និងលោក កឹម សុខា ជាមនុស្សតែមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។