អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​អតីត​មន្ត្រី​បក្ស​ម្នាក់ និង​សកម្មជន​សិទ្ធិ​ការងារ​ម្នាក់

0:00 / 0:00

អភិបាល​រង​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ម្នាក់ និង​មន្ត្រី​សិទ្ធិ​ការងារ​នៃ​សម្ព័ន្ធ​សហជីព ស៊ីខៅឌូ (C.CAWDU)​ម្នាក់​ក្នុង​តំបន់​ក្បាលឆាយ ដែល​ជា​កន្លែង​មាន​បញ្ហា​ដីធ្លី នៅថ្ងៃទី២១ ខែ​មករា​នេះ។ អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ថា នេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​រូប​លោក ដោយ​លោក​អះអាង​ថា មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​ពលរដ្ឋ​នោះ​ទេ។

ក្រោយ​ការ​ចាប់​ខ្លួន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​នាំ​ខ្លួន​អតីត​មន្ត្រី​បក្ស និង​សកម្មជន​សិទ្ធិ​ការងារ នៃ​សម្ព័ន្ធ​សហជីព​ស៊ីខៅដូ (C.CAWDU) ទាំង​ពីរ​នាក់​ទៅ សាកសួរ​នៅ​ស្នង​ការ​នគរ​បាល ខេត្ត ខេត្ត​ព្រះ​សីហនុ។ ក្នុង​ការ​ចាប់​ខ្លួន ក្រុម​សមត្ថកិច្ច​បាន​រុញ​ច្រាន​ពួក​គេ​ផ្កាប់​មុខ​ទៅ​ដី​ ​និង​​ចាប់​វាយ​ខ្នោះ។

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ចំណុច​ក្រុម១៨ ភូមិ០១ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហនុ ខណៈ​ពលរដ្ឋ​មាន​នៅ​ទី​នោះ​តវ៉ា​ទាមទារ​កុំ​ឲ្យ​អាជ្ញាធរ​កាត់​ដី​ពួក​គេ​ចូល​ក្នុង​តំបន់​អភិរក្ស ដែល​ប្រតិបត្តិការ​នេះ​ដឹក​នាំ​អភិបាល​រង​ខេត្ត​លោក ស្រ៊ុន ស្រ៊ន។

អតីត​មន្រ្តី​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ លោក ឆាយ រ័ត្ន ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​​ឲ្យអាស៊ីសេរីដឹងនៅរសៀលថ្ងៃ២១ ខែ​មករា​ថា ក្នុង​ពេល​កើត​ហេតុ​នៃ​ការ​ទាមទារ​របស់​ក្រុម​ពលរដ្ឋ លោក​បាន​ដើរ​ទៅ​មើល​នៅ​ទីនោះ ស្រាប់​តែ​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន ឃើញ​រូប​លោក​ហើយ​បាន​ស្រែក​សម្លុត​ថា ក្រុម​ប្រឆាំង​នឹង​បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន​ដោយ​ហិង្សា។ លោក​យល់​ថា នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​ចំពោះ​រូប​លោក និង​ស្នើសុំ​ឲ្យ​ដោះ​លែង​រូប​លោក​វិញ៖ «ខ្ញុំ​គិត​ថា អយុត្តិធម៌​ណាស់​សម្រាប់​រូប​ខ្ញុំ ព្រោះ​ខ្ញុំ​អត់​បាន​ប្រឆាំង​អត់​បាន​ធ្វើ​អី​ចំពោះ​រូប​គាត់​ ( អភិបាល​រង​ខេត្ត ) ព្រោះ​ខ្ញុំ​ដើរ​ទៅ​ក្នុង​មាន​ជា​ពលរដ្ឋ​ទៅ​មើល​ស្ថានការណ៍​អី​មួយ»

លោក ឆាយ រ័ត្ន ជា​អតីត​ចៅ​សង្កាត់​រង​ទី២ គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ២០១២ ហើយ​ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​រួច​ហើយ​ដោយ​មាន​ការ​ចោទ​ប្រកាន់​ករណី​ជម្លោះ​ដីធ្លី​ពី​តុលាការ​នៃ​របប​ក្រុង​ភ្នំពេញ។ ចំណែក​លោក ទេព សុផា គឺ​បុគ្គលិក​ក្រៅ​ម៉ោង ឬ​សកម្មជន​សិទ្ធិ​ការងារ​នៃ​សម្ព័ន្ធ​សហជីព​ ស៊ីខៅដូ (C.CAWDU) របស់​លោក អាត់ ធន់។

ជុំវិញ​ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​នេះ អាស៊ី​សេរី​មិន​ទាន់​អាច​មាន​ប្រភព ដើម្បី​សុំ​ការ​បំភ្លឺ​ពី​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ លោក ស៊្រុន ស្រ៊ន ដែល​ចុះ​អនុវត្ត​ការងារ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២១ ខែ​មករា ចំណែក​អភិបាល​ខេត្ត​ព្រះ​សីហនុ លោក យន្ត មីន ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល។

ភរិយា​របស់​លោក ឆាយ រ័ត្ន លោកស្រី សំ​សារ៉ាត់ ឲ្យ​ដឹង​ថា ក្រោយ​មាន​ការ​ចាប់​ខ្លួន​ស្វាមី​លោក​ស្រី បាន​ទៅ​ជួប​នៅ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​អង្វរ​សមត្ថកិច្ច​ឲ្យ​ដោះ​លែង​ស្វាមី​លោក​ស្រី ប៉ុន្តែ​សមត្ថកិច្ច​មាន​ស្លាប់​ការ​អង្វរ​នេះ​ទេ។ លោកស្រី​បន្ត​ថា ពេលនេះ​លោក​ស្រី​បន្ត​រង់ចាំ​មើល​ចំណាត់ការ​បន្ត​របស់​សមត្ថកិច្ច៖ «ឥឡូវ​នេះ​កំពុង​តែ​នៅ​សាលា​ខេត្ត ហើយ​ចាំ​មើល​ដំណោះ​ស្រាយ​មាន​ចំណាត់​យ៉ាង​ណា​មិញ គេ​ដាក់​បន្ទុក​អី​ខ្លះ»

អ្នក​សម្របសម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស អាដហុក (Adhoc) នៅ​ក្រុងព្រះសីហនុ លោកស្រី ជៀប សុធាវី ដែល​បាន​ចុះ​ទៅ​ជួប​លោក ឆាយ រត្ន័ និង​លោក ទេព សុផា ក្នុង​ពេល​សមត្ថកិច្ច​បញ្ជូន​ពួក​គេ​មក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​អាស៊ី​សេរី​ដឹង​ថា អ្នក​ទាំង​ពីរ​បាន​ប្រាប់​អ្នកស្រី​ថា ពួក​គេ​មិន​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​តវ៉ា និង​បញ្ហា​ដីធ្លី​នៅ​តំបន់​ក្បាល​ឆាយ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា តំបន់​មាន​បញ្ហា​ដីធ្លី​មាន គឺ​បាន​កើតឡើង​ជាយូរមកហើយ ដូច្នេះ​អ្នក​ស្រី​យល់​ថា អាជ្ញាធរ​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​គួរ​ដោះ​ស្រាយ​ដី​ជម្លោះ​នេះ ​ជា​កន្លែង​ចុង​ក្រោយ ដែល​ត្រូវ​កាត់​ឲ្យ​ពលរដ្ឋ​អាច​រស់នៅ​ស្រប​ច្បាប់​នៅ​ទីនេះ​បាន៖ «អាច​កាត់​ឆ្កៀល​ដី​ឲ្យ​ពួក​គាត់​បាន​អាជ្ញាធរ​គួរ​តែ​កាត់​ឆ្កៀល​ឲ្យ​ពួក​គាត់​ទៅ​ព្រោះ​ការ​រស់​នៅ​ពួក​គាត់​អត់​មាន​ដី​ធំ​ទេ»

ចំណែក​ប្រធាន​សម្ព័ន្ធ​សហជីព ស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ប្រាប់​ថា លោក​បាន​ទទួល​បាន​ព័ត៌មាន​លោក ទេព សុផា ដែល​ជា​បុគ្គលិក​ក្រៅ​ម៉ោង​របស់​សហជីព​លោក ក្នុង​ពេល​សមត្ថកិច្ច​ចុះ​កំណត់​ព្រំ​ដី​មាន​បញ្ហា​ហើយ លោក ទេព សុផា បាន​សំពះ​អង្វរ​សមត្ថកិច្ច​កុំ​ឲ្យ​កាត់​ដី​ពួក​គេ​ចូល​ជា​អភិរក្ស​ការពារ​ក្បាលឆាយ​ពេល​នោះ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ម្តង។ លោក អាត់ ធន់ យល់​ថា អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ដោះ​ស្រាយ​បញ្ហា​ដោយ សន្តិ​វិធី​និង​ត្រូវ​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​នោះ​ទេ៖ «ក្រសួង​ដែន​ដី​គួរ​ចុះ​ពិនិត្យ​មើល​ហើយ ដោះ​ស្រាយ​ធ្វើ​ម៉េច​ឲ្យ​ពួក​គាត់​មក​វិញ ហើយ​បន្ទាប់​មក​ដី​ដោះ​ស្រាយ​ឲ្យ​បាន​សមរម្យ​តិច​ទៅ ដើម្បី​បញ្ចប់​រឿង​កុំ​ឲ្យ​ថ្ងៃ​ណា​ក៏​ឈ្លោះ​គ្នា​រឿង​ដីធ្លី»

ពលរដ្ឋប្រមាណ២០០គ្រួសារ របស់នៅចំណុចក្រុម១៨ ភូមិ០១ សង្កាតលេខ១ ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ ជា​តំបន់​ប្រទាញប្រទង់​គ្នា​ដែល​ត្រូវ​ពលរដ្ឋ​រស់​នៅ និង​ជា​កន្លែង​អាជ្ញាធរ​ខេត្ត​គ្រោង​យក​ដី​តំបន់​នេះ​ធ្វើ​ជា​តំបន់​អភិរក្ស​ការពារ​ក្បាលឆាយ​ជា​កន្លែង ប្រភព​ទឹក​ស្អាត​ដែល​មាន​ទំហំ​ជាង ៩ហិកតា។ ជាង​មួយ​អាទិត្យ​មក​ហើយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ដឹក​នាំ​កម្លាំង និង​គ្រឿងចក្រ​ចុះ​កាយ​ព្រំ​ដី ពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​កាយ​ព្រំ​ដី​ជា​តំបន់​ការពារ​បាន​តវ៉ា​ប្រឆាំង​តវ៉ា​សកម្មភាព​កាយ​ព្រំ​ដី​នេះ៕

លោក ទេព សុផា សកម្មជន​សិទ្ធិ​ការងារ នៃ​សម្ព័ន្ធ​សហជីព ស៊ីខៅឌូ (C-CAWDU) ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាប់​ខ្លួន នៅ​​តំបន់​ជម្លោះដីធ្លី​​ក្បាលឆាយ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០១៩។ រូប៖ CLC
លោក ទេព សុផា សកម្មជន​សិទ្ធិ​ការងារ នៃ​សម្ព័ន្ធ​សហជីព ស៊ីខៅឌូ (C-CAWDU) ដែល​ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាប់​ខ្លួន នៅ​​តំបន់​ជម្លោះដីធ្លី​​ក្បាលឆាយ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០១៩។ រូប៖ CLC

លោក ទេព សុផា សកម្មជន​សិទ្ធិ​ការងារ​នៃ​សម្ព័ន្ធ​សហជីព ស៊ីខៅដូ (C.CAWDU) សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ ដឹក​នាំ​ដោយ​អភិបាល​រង​ខេត្ត លោក ស៊្រុន ស្រន បាន​ឃាត់​ខ្លួន ជា​មួយ​លោក ឆាយ រ័ត្ន អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ​ នៅ​​ព្រឹក​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០១៩។

សូម​រង់ចាំ​ស្ដាប់​​សេចក្ដី​រាយការណ៍​បន្ថែម​ទៀត នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ក្នុង​រាត្រី​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។