គណបក្សសង្គ្រោះជាតិ រិះគន់របបក្រុងភ្នំពេញដែលទិញរថយន្តយោធាពីចិន និងអំពាវនាវឲ្យរបបនេះ បញ្ចេញកញ្ចប់ថវិកាជាតិ និងប្រើប្រាស់ថវិកាជំនួយបរទេស និងសប្បុរសជន មកជួយដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋវិញ។
សេចក្ដីថ្លែងការណ៍គណបក្សចេញនៅថ្ងៃនេះថា ការទិញរថយន្តយោធាដ៏ច្រើនបែបនេះ បង្ហាញថា របបក្រុងភ្នំពេញ មិនយកចិត្តទុកដាក់ខ្វល់ខ្វាយពីទុក្ខវេទនារបស់ពលរដ្ឋរាប់លាននាក់ ដែលកំពុងប្រឈមនឹងវិបត្តិជាច្រើន ជាពិសេសវិបត្តិបំណុល បង្កឡើងដោយជំងឺកូវីដ១៩ ហើយកម្ពុជាក៏កំពុងរងទណ្ឌកម្មពីសហភាពអឺរ៉ុប។ គណបក្សនេះថា របបនេះទិញរថយន្តទាំងនោះ មិនមែនសម្រាប់ពង្រឹងវិស័យយោធា ការពារពលរដ្ឋ និងទឹកដីកម្ពុជានោះទេ ក៏ប៉ុន្តែ គឺដើម្បីតែទុកបង្ក្រាបពលរដ្ឋ ដែលហ៊ានងើបតវ៉ា ក្នុងពេលដែលពួកគេកាន់តែច្រើនឡើង មិនពេញចិត្តចំពោះភាពអសកម្ម និងអសមត្ថភាពរបស់អាជ្ញាធរ។
គណបក្សសង្គ្រោះជាតិ ទទូចឲ្យរបបក្រុងភ្នំពេញបញ្ឈប់ជាបន្ទាន់នូវរាល់ការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនពលរដ្ឋដែលហ៊ានរិះគន់ និងតវ៉ាដោយសន្តិវិធី។ គណបក្សនេះ ក៏ស្នើឲ្យរបបក្រុងភ្នំពេញ ងាកមកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបញ្ចៀសនូវការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប នាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។