គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ

ដោយ ហេង រស្មី
2019-07-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​គង់ រ៉ៃយ៉ា (ស្ដាំ) ពេល​សមត្ថកិច្ច​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១១ កក្កដា ២០១៩ និង​លោក សួង នាគព័ន្ធ (ឆ្វេង) ពេល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​ការាស់សាំងកាល់តិច​ កាល​ពី​ថ្ងៃ​ទី១០ កក្កដា ២០១៩។
យុវជន​គង់ រ៉ៃយ៉ា (ស្ដាំ) ពេល​សមត្ថកិច្ច​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១១ កក្កដា ២០១៩ និង​លោក សួង នាគព័ន្ធ (ឆ្វេង) ពេល​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​ការាស់សាំងកាល់តិច​ កាល​ពី​ថ្ងៃ​ទី១០ កក្កដា ២០១៩។
Photo courtesy

គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោល​ទោស​យ៉ាង​ដាច់​​អហង្ការ​ចំពោះ​របប​ក្រុង​ភ្នំពេញ​​ដែល​បាន​ចាប់​ខ្លួន​យុវជន​​ពីរ​នាក់​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ និង​សម្ដែង​ការ​ដឹងគុណ​ចំពោះ​បណ្ឌិត កែម ឡី។ គណបក្ស​នេះ​ក៏​បាន​ថ្កោល​ទោស ចំពោះ​ទង្វើ​​រារាំង​របស់​អាជ្ញាធរ​មិន​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ ដាក់​កម្រង​ផ្កា​នៅមុខ​ ស្តារម៉ាត (Star Mart) ស្តុប​បូក​គោ​ ក្នុង​ថ្ងៃ​ខួប​ ៣ឆ្នាំ​នៃ​ឃាតកម្ម​​បណ្ឌិត កែម ឡី នោះ​ផង​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ​ទាម​​ទារ​របប​លោក ហ៊ុន សែន ឱ្យ​ដោះ​លែង​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ជា​បន្ទាន់ និង​ដោយ​ឥត​​លក្ខខណ្ឌ ពីព្រោះ​​ពួក​​គេ​មិន​បាន​​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​ឡើយ។

គណបក្ស​នេះ​បញ្ជាក់​នៅ​ក្នុង​​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី១១ កក្កដា​ថា ទង្វើ​​របស់​អាជ្ញាធរ​ទៅលើ​យុវជន​​ទាំង​ពីរ​រូប​ និង​​ទៅ​​លើ​ក្រុម​អង្គការ​សង្គម​​ស៊ីវិល​​នោះ ស​បញ្ជាក់​​ឱ្យ​​ឃើញ​ថា មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​ធ្វើ​ពុត​​ជា​​មាន​​ចិត្ត​​សប្បុរស​ ផ្ដល់​ថវិកា​ជួយ​សាង​​​សង់​​ចេតិយ​បណ្ឌិត កែម ឡី និង​ចូល​​បច្ច័យ​បុណ្យ​ខួប ១ឆ្នាំ​របស់​លោក ដើម្បី​​បិទ​​បាំង​​ និង​​លុប​​លាង​អំពើ​អាក្រក់​របស់​ខ្លួន និង​បក្ខ​ពួក​​ ចំពោះ​ករណី​​ឃាតកម្ម​​ក៏​កក្រើក​​មួយ​នេះ។

គណបក្ស​ប្រឆាំង​​បាន​​អំពាវនាវ​​​ឱ្យ​​របប ហ៊ុន សែន បញ្ឈប់​ការ​​ប្រើប្រាស់​កង​​កម្លាំង ដើម្បី​រារាំង​ បង្ក្រាប​ និង​​ចាប់ចង​ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អ្នក​ស្រឡាញ់​គាំទ្រ​​បណ្ឌិត កែម ឡី ដែល​គ្រាន់​តែ​​សម្ដែង​មតិ ការ​​នឹក​រឭក និង​ការ​គោរព​ចំពោះ​វីរភាព និង​​វិញ្ញាណក្ខន្ធ​​របស់​បណ្ឌិត កែម ឡី ក្នុង​រូប​ភាព​បែបនេះ​តទៅទៀត។ ជំនួស​មក​វិញ របបនេះ​ ត្រូវ​ស៊ើបអង្កេត​ដោយ​​​ឯករាជ្យ​ ដើម្បី​វែក​មុខ​​​ចាប់​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម​នេះ​យក​​មក​ផ្ដន្ទាទោស​​តាម​ផ្លូវច្បាប់។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​ទុក​រឿង​នេះ​ឱ្យ​​តុលាការ​​ជា​​អ្នក​ដោះស្រាយ ពី​ព្រោះ​សមត្ថកិច្ច​​ពិនិត្យ​ឃើញ​មាន​បទ​ល្មើស​ ទើប​ឃាត់ខ្លួន​យុវជន​​ទាំង​ពីរ​រូប​នេះ។ លោក​បន្ត​ថា ប្រសិន​បើ​ចង់​​ជួយ​ដល់​​អ្នក​​ទាំងពីរ​មែន ​គណបក្ស​នេះ​គួរ​តែ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ពួក​​គេ​ដើម្បី​​តតាំង​ក្តី​តាម​ផ្លូវ​តុលាការ។

ទាក់ទង​នឹង​​ដំណើរការ​រក​យុត្តិធម៌​វិញ អ្នក​នាំ​ពាក្យ​រូប​នេះ​​​បញ្ជាក់​ថា សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ​នេះ ​​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅឡើយ មិន​ទាន់​បិទ​បញ្ចប់​នោះ​ទេ៖ «ទុក​ឱ្យ​ស្ថាប័ន​តុលាការ​ហ្នឹង​ធ្វើការ ប្រសិន​​បើ​គេ​រក​ទៅ​ថា មិន​មាន​បទ​ល្មើស​​​កើតឡើង​ទេ មិន​មាន​​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​ទេ គេ​នឹង​​ដោះលែង​មក​វិញ​ហើយ។ ហើយ​ប្រសិនបើ​គេ​ឃើញ​ថា មាន​បទល្មើស​ រួច​ដំណើរការ​នីតិវិធី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គួរ​តែ​ជួយ​គ្នា​តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ ចូល​រួម​ក្នុង​ដំណើរ​ការ​​នីតិវិធី ដើម្បី​ការ​ពារ​យុវជន​ដែល​ជា​សកម្មជន​របស់​ខ្លួន​ជា​ការ​​ប្រសើរ​ជាង»។

សកម្មជន​សង្គម​លោក គង់ រ៉ៃយ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មួយ​ថ្ងៃ មុន​ថ្ងៃ​ខួប​គម្រប់៣ ឆ្នាំ​បណ្ឌិត កែម ឡី  បន្ទាប់​ពី​លោក​បាន​ប្រកាស​លក់​អាវ​យឺត​ដែល​មាន​រូប​បណ្ឌិត កែម ឡី និង​ប្រសាសន៍​របស់​លោក​ថា “បើ​អ្នក​មិន​ធ្វើ​​អ្វី​សោះ ក៏​គង់​នឹង​រង​គ្រោះ​​​ដែរ គ្រាន់​តែ​មិន​​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ”។ ចំណែក សកម្មជន​សង្គម​មួយ​រូប​ទៀត គឺ​លោក សួង នាគព័ន្ធ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ នៅ​ពេល​លោក​ទៅ​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ទីតាំង​ ស្តារម៉ាត កាល់តិច (Star Mart Caltex) ស្តុប​បូក​គោ ដោយ​រង​ការ​ចោទ​ថា បាន​ចែក​ខិត្តប័ណ្ណ​ញុះញង់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​បណ្ឌិត កែម ឡី។

តុលាការ​នៅ​ថ្ងៃ​ទី១១ កក្កដា បាន​ចោទ​ប្រកាន់​យុវជន គង់ រ៉ៃយ៉ា ពី​បទ “ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍” ហើយ​យុវជន សួង នាគព័ន្ធ ក៏​ទំនង​ជា​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​នេះ​ដូច​គ្នា។

ក្រុម​​អង្គការ​សង្គម​​ស៊ីវិល​បាន​​ចាត់​ទុក​​ចំណាត់​ការ​លើ​សកម្មជន​ទាំងពីរ​រូប​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ជា​ការ​​​បំបិទ​សិទ្ធិ​សេរីភាព​​បញ្ចេញ​​មតិ​​របស់​ប្រជាពលរដ្ឋ។ ពួក​គេ​បាន​ស្នើ​ឱ្យ​របប ហ៊ុន សែន គោរព​សិទ្ធិ​បញ្ចេញ​​មតិ​​របស់​ពល​​រដ្ឋ​ដែល​ធានា​ដោយ​​ច្បាប់ ហើយ​ជាពិសេស​ដោះលែង​យុវជន​​ទាំង​ពីរ​រូប​ឱ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល