សកម្មជន​បក្ស​ប្រឆាំង​លោក តោ និមល ថា លោក​ត្រូវ​បាន​សមត្ថកិច្ច​បង្ខំ​ឱ្យ​សារភាព

ដោយ សុ ជីវី
2019-12-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក តោ និមល សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។
លោក តោ និមល សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុក Rin Roth

សកម្មជន​គណបក្សប្រឆាំង​ម្នាក់​ដែល​តែងតែ​ទម្លាយ​ឯកសារ​សម្ងាត់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ថា សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​លោក និង​ភរិយា​ពី​ប្រទេស​ថៃ ទៅ​កម្ពុជា​បង្ខំ​ឱ្យ​លោក​សារភាព​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថា សកម្មជន​បក្ស​ប្រឆាំង​លោក តោ និមល ជា​មនុស្ស​ខ្វះ​ការទទួលខុសត្រូវ ហើយ សម្ដី​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​មិន​អាច​យក​ជា​ការ​បាន​នោះ​ឡើយ។

ក្នុង​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ លោក តោ និមល ចោទ​ប្រកាន់​ថា របប​ក្រុងភ្នំពេញ​បាន​បង្ខិតបង្ខំ​ឱ្យ​លោក​និយាយ​ដោយ​បង្ហោះ​តាម​ប្រព័ន្ធ​ឃោសនា​របស់​របប​ក្រុងភ្នំពេញ​ថា ខ្លួន​ចាញ់បោក​លោក អេង ឆៃអ៊ាង។ លោក តោ និមល អះអាង​ថា លោក​មិនបាន​លក់​ឧត្តមគតិ និង​បដិសេធ​ថា ចម្លើយ​សារភាព​របស់​លោក​ដែល​ចុះផ្សាយ​បង្ហោះ​តាម​ប្រព័ន្ធ​ឃោសនា​របស់​របប​ក្រុងភ្នំពេញ​ធ្វើឡើង​ដោយ​ការ​គំរាមកំហែង៖ «សរុប​រួម​មក​ការ​ធ្វើ​អ្វី​ទាំងអស់​គឺជា​ការ​បង្ខិតបង្ខំ​ពី​ក្រុម​ហ្វ្រេសញូវ (Fresh News) របស់​លោក ហ៊ុន សែន ខ្ញុំ​សូម​បដិសេធ និង​ទាមទារ​រក​យុត្តិធម៌​ដែល​គេ​ចាប់​ខ្ញុំ​ទាំង​បង្ខំ»

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​រូបនេះ​អះអាង​ថា សមត្ថកិច្ច​ខ្មែរ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​លោក​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា និង​រៀបចំ​ឱ្យ​សារភាព​តាម​ការ​ចង់​បាន​របស់​គេ​ទើប​សមត្ថកិច្ច​ដោះលែង​លោក​។ លោក តោ និមល ទាមទារ​រក​យុត្តិធម៌​និង​អះអាង​ថា ខ្លួន​នៅតែ​ស្មោះត្រង់​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល៖ «ប៉ូលិស​ថៃ​ស្លៀកពាក់​ស៊ីវិល ៦​នាក់ បាន​ទៅ​ចាប់​ក្រៀក​ខ្ញុំ​នៅ​ក្នុង​ផ្សារ​ប៊ិសស៊ីសុផានក្វាយ នៅពេលនោះ​ខ្ញុំ​រក​ទូរស័ព្ទ​ទៅ​យូអ៊ិន​គេ​ចាប់​ទូរស័ព្ទ​របស់ខ្ញុំ​ហើយ​គេ​ក្រៀក​ខ្ញុំ​ចូល​ឡាន»

តាមរយៈ​វីដេអូ​នេះ លោក តោ និមល អះអាង​ថា លោក​បាន​រត់​មកដល់​ទីតាំង​មាន​សុវត្ថិភាព​វិញ​ហើយ ប៉ុន្តែ​មិនបាន​បញ្ជាក់​ថា នៅ​ឯណា​ទេ។ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក តោ និមល តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថ្ងៃ​ទី​៤ ខែ​ធ្នូ ប៉ុន្តែ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​បំភ្លឺ​នៅឡើយ​ទេ។

ជុំវិញ​ការ​ចោទប្រកាន់​ថា សមត្ថកិច្ច​ខ្មែរ​សហការ​ជាមួយ​ថៃ​ដើម្បី​ចាប់ខ្លួន​លោក តោ និមល នេះ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី ថា លោក​មិនទាន់​បាន​ដឹង​រឿង​នេះ​នៅឡើយ​ទេ ប៉ុន្តែ​លោក​ថា នឹង​ស្រាវជ្រាវ​ករណី​នេះ៖ «ឥឡូវ​អញ្ចេះ​ទុក​ពេល​ឱ្យ​ខ្ញុំ​ជ្រាវ​ស្រាវ»

កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​កន្លង​ទៅ ប្រព័ន្ធ​ឃោសនា​របស់​របប​ក្រុងភ្នំពេញ បាន​បង្ហោះ​វីដេអូ​ដែល​មាន​លោក តោ និមល និង​ភរិយា មាន​រយៈពេល​ជាង​១០​នាទី​សារ​ភាព​ថា ពួកគាត់​ចាញ់បោក​អនុប្រធាន​គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង នៅ​កំឡុង​ពេល​ពួកគេ​ស្នាក់នៅ​ប្រទេស​ថៃ ដោយ​លោក អេង ឆៃអ៊ាង ឱ្យ​លោក​កៀរគរ​ពលករ​ចូលរួម​ធ្វើ​មាតុ ភូមិ​និវត្តន៍​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា និង​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ថា សមត្ថកិច្ច​មិនបាន​បង្ខំ​ឱ្យ​លោក តោ និមល សារភាព​នោះ​ទេ​។ លោក សុខ ឥសាន ចោទ​ប្រកាន់​ថា លោក តោ និមល​ជា​មនុស្ស​បោកប្រាស់​ខ្វះ​ការទទួលខុសត្រូវ​ហើយ​សម្ដី​លោក តោ និមល មិន​អាច​យក​ជា​ការបាន​នោះ​ទេ៖ «គ្មាន​អ្នក​ដែល​បង្ខិតបង្ខំ​គេ​ចូល​មក​សារភាព​ គគោក​នេះ ជា​មនុស្ស​បោក​ប្រាស​ចូល​មក​សារភាព​ក្លែងក្លាយ​ដើម្បី​គេចខ្លួន​នេះ​ជា​មនុស្ស​ដែល​មិន​អាច​យក​ជា​ការ​បាន»

ក្រោយ​រាំង​ខ្ទប់​ផែន​ការ​ចូល​ស្រុក​លោក សម រង្ស៊ី បាន​ជោគជ័យ លោក ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស រួម​ទាំង​អ្នកមាន​ដីកាចាប់ខ្លួន ឬ​កោះហៅ​ពាក់ព័ន្ធ​នឹង​នយោបាយ​ឱ្យ​វិល​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​គ្មាន​ការ​ធ្វើទុក្ខបុកម្នេញ​អ្វី​ទាំងអស់។ ប៉ុន្តែ​ទោះ​មានការ​អំពាវនាវ​បែបនេះ ឃើញ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​តិចតួច​ណាស់​ដែល​បាន​ចូល​សារភាព​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​លោក ឃិន ជំរឿន ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ និង​ធ្លាប់​រស់នៅ​ជិត​លោក តោ និមល ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក តោ និមល ក៏​ដូច​រូបលោក​ដែរ គឺ​រស់នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ដោយ​ផុត​ទិដ្ឋាការ ប៉ុន្តែ​ពួក​ត្រូវ​បាន​ឧត្ដមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNCHR)​ទទួល​ស្គាល់​ជា​ជនភៀសខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល