សកម្មជនគណបក្សប្រឆាំងម្នាក់ដែលតែងតែទម្លាយឯកសារសម្ងាត់របស់គណបក្សប្រជាជនកម្ពុជាថា សមត្ថកិច្ចរបបក្រុងភ្នំពេញបានចាប់ខ្លួនលោក និងភរិយាពីប្រទេសថៃ ទៅកម្ពុជាបង្ខំឱ្យលោកសារភាព។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចថា សកម្មជនបក្សប្រឆាំងលោក តោ និមល ជាមនុស្សខ្វះការទទួលខុសត្រូវ ហើយ សម្ដីសកម្មជនបក្សប្រឆាំងរូបនេះមិនអាចយកជាការបាននោះឡើយ។
ក្នុងវីដេអូបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៣ ខែធ្នូ លោក តោ និមល ចោទប្រកាន់ថា របបក្រុងភ្នំពេញបានបង្ខិតបង្ខំឱ្យលោកនិយាយដោយបង្ហោះតាមប្រព័ន្ធឃោសនារបស់របបក្រុងភ្នំពេញថា ខ្លួនចាញ់បោកលោក អេង ឆៃអ៊ាង។ លោក តោ និមល អះអាងថា លោកមិនបានលក់ឧត្តមគតិ និងបដិសេធថា ចម្លើយសារភាពរបស់លោកដែលចុះផ្សាយបង្ហោះតាមប្រព័ន្ធឃោសនារបស់របបក្រុងភ្នំពេញធ្វើឡើងដោយការគំរាមកំហែង៖ «សរុបរួមមកការធ្វើអ្វីទាំងអស់គឺជាការបង្ខិតបង្ខំពីក្រុមហ្វ្រេសញូវ (Fresh News) របស់លោក ហ៊ុន សែន ខ្ញុំសូមបដិសេធ និងទាមទាររកយុត្តិធម៌ដែលគេចាប់ខ្ញុំទាំងបង្ខំ»។
សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះអះអាងថា សមត្ថកិច្ចខ្មែរបានសហការជាមួយសមត្ថកិច្ចថៃចាប់ខ្លួនលោកពីទីក្រុងបាងកក ប្រទេសថៃ បញ្ជូនទៅប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៣ ខែវិច្ឆិកា និងរៀបចំឱ្យសារភាពតាមការចង់បានរបស់គេទើបសមត្ថកិច្ចដោះលែងលោក។ លោក តោ និមល ទាមទាររកយុត្តិធម៌និងអះអាងថា ខ្លួននៅតែស្មោះត្រង់នឹងគណបក្សសង្គ្រោះជាតិដដែល៖ «ប៉ូលិសថៃស្លៀកពាក់ស៊ីវិល ៦នាក់ បានទៅចាប់ក្រៀកខ្ញុំនៅក្នុងផ្សារប៊ិសស៊ីសុផានក្វាយ នៅពេលនោះខ្ញុំរកទូរស័ព្ទទៅយូអ៊ិនគេចាប់ទូរស័ព្ទរបស់ខ្ញុំហើយគេក្រៀកខ្ញុំចូលឡាន»។
តាមរយៈវីដេអូនេះ លោក តោ និមល អះអាងថា លោកបានរត់មកដល់ទីតាំងមានសុវត្ថិភាពវិញហើយ ប៉ុន្តែមិនបានបញ្ជាក់ថា នៅឯណាទេ។ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺបន្ថែមពីលោក តោ និមល តាមបណ្ដាញសង្គមហ្វេសប៊ុក ថ្ងៃទី៤ ខែធ្នូ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយបំភ្លឺនៅឡើយទេ។
ជុំវិញការចោទប្រកាន់ថា សមត្ថកិច្ចខ្មែរសហការជាមួយថៃដើម្បីចាប់ខ្លួនលោក តោ និមល នេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរី ថា លោកមិនទាន់បានដឹងរឿងនេះនៅឡើយទេ ប៉ុន្តែលោកថា នឹងស្រាវជ្រាវករណីនេះ៖ «ឥឡូវអញ្ចេះទុកពេលឱ្យខ្ញុំជ្រាវស្រាវ»។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅ ប្រព័ន្ធឃោសនារបស់របបក្រុងភ្នំពេញ បានបង្ហោះវីដេអូដែលមានលោក តោ និមល និងភរិយា មានរយៈពេលជាង១០នាទីសារភាពថា ពួកគាត់ចាញ់បោកអនុប្រធានគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង នៅកំឡុងពេលពួកគេស្នាក់នៅប្រទេសថៃ ដោយលោក អេង ឆៃអ៊ាង ឱ្យលោកកៀរគរពលករចូលរួមធ្វើមាតុ ភូមិនិវត្តន៍ថ្ងៃទី០៩ ខែវិច្ឆិកា និងបង្ហោះព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គមហ្វេសប៊ុក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបថា សមត្ថកិច្ចមិនបានបង្ខំឱ្យលោក តោ និមល សារភាពនោះទេ។ លោក សុខ ឥសាន ចោទប្រកាន់ថា លោក តោ និមលជាមនុស្សបោកប្រាស់ខ្វះការទទួលខុសត្រូវហើយសម្ដីលោក តោ និមល មិនអាចយកជាការបាននោះទេ៖ «គ្មានអ្នកដែលបង្ខិតបង្ខំគេចូលមកសារភាព គគោកនេះ ជាមនុស្សបោកប្រាសចូលមកសារភាពក្លែងក្លាយដើម្បីគេចខ្លួននេះជាមនុស្សដែលមិនអាចយកជាការបាន»។
ក្រោយរាំងខ្ទប់ផែនការចូលស្រុកលោក សម រង្ស៊ី បានជោគជ័យ លោក ហ៊ុន សែន បានអំពាវនាវឱ្យសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេស រួមទាំងអ្នកមានដីកាចាប់ខ្លួន ឬកោះហៅពាក់ព័ន្ធនឹងនយោបាយឱ្យវិលត្រលប់ទៅប្រទេសកម្ពុជាវិញ ដោយគ្មានការធ្វើទុក្ខបុកម្នេញអ្វីទាំងអស់។ ប៉ុន្តែទោះមានការអំពាវនាវបែបនេះ ឃើញមានសកម្មជនគណបក្សសង្គ្រោះជាតិតិចតួចណាស់ដែលបានចូលសារភាពតាមការចង់បានរបស់លោក ហ៊ុន សែន។
សកម្មជនគណបក្សសង្គ្រោះជាតិលោក ឃិន ជំរឿន ដែលកំពុងភៀសខ្លួននៅប្រទេសថៃ និងធ្លាប់រស់នៅជិតលោក តោ និមល ឱ្យអាស៊ីសេរីដឹងថា លោក តោ និមល ក៏ដូចរូបលោកដែរ គឺរស់នៅប្រទេសថៃដោយខុសច្បាប់ដោយផុតទិដ្ឋាការ ប៉ុន្តែពួកត្រូវបានឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNCHR)ទទួលស្គាល់ជាជនភៀសខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។