មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​សៀមរាប​ធុញទ្រាន់​នឹង​ការ​អូស​ទាញ​របស់​អាជ្ញាធរ​បក្ស​កាន់​អំណាច

ដោយ សេក បណ្ឌិត
2017-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​សង្កាត់​សាលាកំរើក ក្រុង​សៀមរាប ខេត្ត​សៀមរាប លោក ជិន សុខង៉េង ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត និង​ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប លោក សៀក ចំណាប់ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧។
(ពី​ឆ្វេង) ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​សង្កាត់​សាលាកំរើក ក្រុង​សៀមរាប ខេត្ត​សៀមរាប លោក ជិន សុខង៉េង ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត និង​ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប លោក សៀក ចំណាប់ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៧។
Photo: RFA

សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​នគរធំ គណបក្ស​ប្រឆាំង នៅ​ក្រុង​សៀមរាប សម្ដែង​ការ​ធុញទ្រាន់​យ៉ាង​ខ្លាំង ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​​សង្កាត់​នេះ​ថា ចេះ​តែ​​តាម​គំរាមកំហែង​ ដើម្បី​ចែចូវ​ពួកគាត់​ឲ្យ​ចុះចូល​គណបក្ស​កាន់​អំណាច ខណៈ​ដែល​ដឹង​ថា គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​រំលាយ​ហើយ​​ក៏​ដោយ។ ប៉ុន្តែ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​នគរធំ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​នគរធំ គណបក្ស​ប្រឆាំង អះអាង​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​មូលដ្ឋាន​ព្យាយាម​​រក​គ្រប់​វិធី ដើម្បី​អូសទាញ​ពួកគាត់​ឲ្យ​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ។

ចៅសង្កាត់​នគរ​ធំ​ក្រុង​សៀមរាប លោក សៀក ចំណាប់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ថា សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​នគរធំ​គណបក្ស​សង្គ្រោះជាតិ​ ដែល​តុលាការ​កំពូល​ទើប​រំលាយ​ថ្មីថ្មោង​នោះ ត្រូវ​បាន​មន្ត្រី​ប៉ូលិស និង​អាជ្ញាធរ​សង្កាត់​មួយ​នេះ​បាន​តាម​ដាន​​ពួកគាត់​ជា​រៀងរាល់ថ្ងៃ។ លោក​ហៅ​ការ​តាម​ពួកគាត់​ដោយ​រដ្ឋអំណាច របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ថា ជា​ការ​គំរាមកំហែង​មក​លើ​ពួកគាត់ ក្រោយ​ពី​អូសទាញ​ឲ្យ​ទៅ​រួម​រស់​ជា​មួយ​គណបក្ស​កាន់​អំណាច​មិន​បាន​សម្រេច៖ «ក៏ប៉ុន្តែ​ជាក់​ស្ដែង​ឆន្ទៈ​របស់​ពួកគាត់​វិញ មិន​មាន​ការ​ភ័យ​ខ្លាច​អី​ទេ​ ដោយ​មាន​ក្រុម​ប្រឹក្សា​ឃុំ​ខ្លះ​គាត់​នឿយ​ណាយ​ជា​មួយ​នឹង​ការ​គំរាមកំហែង និង​ការ​អូសទាញ​នឹង​ទៅ​ គាត់​ក៏​បាន​សម្រេច​ចិត្ត​ទៅ​ធ្វើ​ស្រែ​នៅ​ស្រុក​កំណើត​របស់​គាត់​រៀងៗខ្លួន ចំណែក​ក្រុម​ប្រឹក្សា​ឃុំ​ខ្លះ​ដែល​មិន​ចង់​ប្រឈម​មុន​ជា​មួយ​អាជ្ញាធរ​គាត់​ក៏​បាន​ទៅ​រស់​នៅ​ស្រុក​កំណើត​មួយ​រយៈ​ដែរ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​នគរធំ​លោក យ៉ម យ៉ាត់ ទទួល​ស្គាល់​ថា ក្រុម​ប្រឹក្សា​សង្កាត់​នគរធំ​របស់​គណបក្ស​ពិត​ជា​មាន​ឆន្ទៈ​រឹងមាំ ជាមួយ​គណបក្ស​ខ្លួន​ ដោយ​មិន​ទៅ​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាកដ​មែន ក៏ប៉ុន្តែ​លោក​អះអាង​ថា គ្មាន​រដ្ឋអំណាច​ណា ទៅ​គំរាមកំហែង​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​នោះ​ទេ៖ «មិន​ដឹង​អ្នក​ណា​ទៅ​គំរាមកំហែង​គាត់ បើ​ខ្ញុំ​អ្នក​ការពារ​នៅ​តំបន់​នេះ​ផ្ទាល់ មិន​ដែល​ឃើញ​អ្នក​គំរាមកំហែង​ពួកគាត់​ផង។ ចំពោះ​ខ្ញុំ​អ្នក​ការពារ​វិញ​គឺ​មិន​បាន​ទៅ​ធ្វើ​អ្វី​ទៅ​សម្លុត​គំរាមកំហែង​ពួកគាត់​ទេ មាន​តែ​ការពារ​សុវត្ថិភាព​ជូន​គាត់»

ទោះជា​យ៉ាង​នេះ មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា លើក​ឡើង​ថា មន្ត្រី​រាជការ​ប៉ូលិស ទាហាន​គឺ​ជា​មន្ត្រី​របស់​រដ្ឋ​អំណាច​ដើម្បី​បម្រើ​ពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។ លោក​អះអាង​ថា ករណី​អាជ្ញាធរ​គំរាមកំហែង​ដើម្បី​អូសទាញ​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ប្រឆាំង ឲ្យ​ចុះចូល​គណបក្ស​ណា​មួយ​នោះ​ លោក​ថា​ជា​ទង្វើ​ខុសច្បាប់៖ «ខ្ញុំ​គិត​ថា​ជា​ការ​បំភិតបំភ័យ​នយោបាយ​ ខណៈ​ដែល​គណបក្ស​មួយ​ត្រូវ​បាន​ខូចខាត​យ៉ាង​ដំណំ​ ហើយ​ឆ្លៀត​ឱកាស​ពេល​នេះ​បាន​តាម​ធ្វើ​ទុក្ខបុកម្នេញ​គាត់​ទៀត​ គឺ​ជា​រឿង​អយុត្តិធម៌​កាន់​តែ​ធ្ងន់ធ្ងរ​។ បញ្ហា​នេះ​នឹង​នាំ​ឲ្យ​មាន​ទំនាស់​ក្នុង​សង្គម​កាន់​តែ​ធ្ងន់ធ្ងរ»

សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ ខេត្ត​សៀមរាប​មួយ​ចំនួន​ ក្រោយ​ពី​តុលាការ​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កម្ទេច​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា មក ពួកគាត់​បាន​នាំ​គ្នា​ទៅ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ អ្នក​ខ្លះ​ទៅ​លក់​ការ៉េម និង​ទៅ​​រត់​ម៉ូតូឌុប​ជា​ដើម ដោយ​មិន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Freedom doesn't come to you easily to this present! I'm one of the Khmer who care much about our Khmer country, I urge all the Khmer people in the country to start gathering and expressing your right and voices right now! In all 24 provinces stand up and start doing a demonstration now. You have to stand up for your freedom. You don't have to go to Phnom Penh to do demonstration but starting from you village, district, commune and province!! It's time to stand up now brothers,sister, grandpa, grandma, uncle and aunt...

Nov 22, 2017 12:48 PM

គេហទំព័រ​ទាំងមូល